ដោយ៖ ស៊ុន ណារិន | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com
អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា ជួបគ្នានៅល្ងាចនេះ (រូបថតដោយ ទេព សូនី)
មន្រ្តីគណបក្សប្រជាជនកម្ពុជានិងគណបក្សសង្រ្គោះជាតិបានអះអាងថាគណបក្សទាំងពីរបានឯកភាពគ្នាក្នុងការពិនិត្យនិងពិភាក្សាជាបន្តបន្ទាប់ទៀតលើការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតថ្នាក់ជាតិនិងឃុំសង្កាត់។
កាលពីល្ងាចថ្ងៃចន្ទ អនុប្រធានគណបក្សប្រជាជនកម្ពុជា លោក ស ខេង និងអនុប្រធានគណបក្សសង្រ្គោះជាតិ លោក កឹម សុខា បានជួបគ្នាតាមការគ្រោងទុកនៅវិមានរដ្ឋសភា ដើម្បីដោះស្រាយបញ្ហានយោបាយដែលកើតឡើងនាពេលចុងក្រោយនេះ។
តំណាងឲ្យគណបក្សប្រជាជនកម្ពុជា លោក សក់ សេដ្ឋា បានថ្លែងទៅកាន់អ្នកសារព័ត៌មានថាថ្នាក់ដឹកនាំទាំងពីរបានឯកភាពគ្នាក្នុងការពិភាក្សានិងពិចារណាកាលបរិច្ឆេទនៃការបោះឆ្នោត ដោយផ្អែកលើមូលដ្ឋាននៃរដ្ឋធម្មនុញ្ញនិងច្បាប់បច្ចុប្បន្នដែលមានស្រាប់។ ចំណែកតំណាងឲ្យគណបក្សសង្រ្គោះជាតិ លោក អេង ឆៃអ៊ាង មានប្រសាសន៍ថាគណបក្សប្រជាជនកម្ពុជាចង់រក្សាទុកពេលវេលានៃការបោះឆ្នោតជាតិនៅខែកក្កដា ឆ្នាំ២០១៨ និងការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ឆ្នាំ២០១៧។ ប៉ុន្តែលោកថាគណបក្សសង្រ្គោះជាតិទាមទារកុំឲ្យការបោះឆ្នោតថ្នាក់ជាតិចំខែវស្សា។ លោកបញ្ជាក់ថាគណបក្សទាំងពីរនឹងយកបញ្ហានេះទៅពិភាក្សារៀងៗខ្លួន ដោយធ្វើយ៉ាងណាកុំឲ្យប៉ះពាល់ទិដ្ឋភាពច្បាប់។
កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៥ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសថាការបោះឆ្នោតជាតិសម្រាប់អាណត្តិក្រោយ នឹងត្រូវធ្វើឡើងនៅក្នុងខែកក្កដា ឆ្នាំ២០១៨ មិនមែនក្នុងខែកុម្ភៈ ឆ្នាំ២០១៨ ដូចធ្លាប់បានឯកភាពជាគោលការណ៍កាលពីការចរចាកន្លងទៅ។ លោកបានប្រកាសថា៖”ការបោះឆ្នោតឆ្នាំ២០១៨ គឺនឹងធ្វើនៅអាទិត្យទី៤ ថ្ងៃអាទិត្យ ខែកក្កដា ២០១៨ដដែល អត់មានមុន អត់មានក្រោយ។ មូលហេតុអី? មកពីពួកលោកឯងវាភ្លើតើ។ ខ្ញុំបានគិតវាធាតុអាកាសអីចេសចុះ…”។ លោក ហ៊ុន សែន បានថ្លែងបែបនេះ ខណៈពេលលោកប្រតិកម្មនឹងគណបក្សសង្រ្គោះជាតិ ករណីចោទរដ្ឋាភិបាលប្រើប្រាស់ផែនទីក្លែងក្លាយនិងការលួចបន្លំសន្លឹកឆ្នោត។
លោក ហ៊ុន សែន បានលើកឡើងពីមាត្រា៧៨នៃរដ្ឋធម្មនុញ្ញដែលបានទុកឱកាសសម្រាប់រដ្ឋាភិបាលក្នុងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោតជាតិ។ លោកបន្តថាគណបក្សប្រជាជនកម្ពុជានឹងមិនធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ។
មាត្រា៧៨នៃរដ្ឋធម្មនុញ្ញចែងថានីតិកាលរបស់រដ្ឋសភាមានកំណត់៥ឆ្នាំ ហើយត្រូវផុតកំណត់នៅពេលដែលរដ្ឋសភាថ្មីចូលកាន់តំណែង។ រដ្ឋសភាមិនអាចត្រូវបានរំលាយមុនផុតអាណត្តិបានឡើយ វៀរលែងតែក្នុងករណីដែលរាជរដ្ឋាភិបាល ត្រូវបានទម្លាក់ពីរដងក្នុងរយៈពេល១២ខែ។ ចំណែកមាត្រា៣នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តចែងថាការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តត្រូវធ្វើឡើងរៀងរាល់៥ឆ្នាំម្តង។ កាលបរិច្ឆេទនៃការបោះឆ្នោតត្រូវកំណត់និងប្រកាសដោយនាយករដ្ឋមន្រ្តី តាមសំណើរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ។
អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត(គ.ជ.ប) លោក ហង្ស ពុទ្ធា ធ្លាប់មានប្រសាសន៍ថាបើតាមច្បាប់ នាយករដ្ឋមន្រ្តីមានសិទ្ធិក្នុងការកំណត់កាលបរិច្ឆេទនៃការបោះឆ្នោត។
គួរបញ្ជាក់ថាកន្លងមក គណបក្សប្រជាជនកម្ពុជានិងគណបក្សសង្គ្រោះជាតិ ធ្លាប់បានព្រមព្រៀងគ្នាជាគោលការណ៍ថាការបោះឆ្នោតលើកក្រោយនឹងត្រូវលើកពេលមកធ្វើអំឡុងខែកុម្ភៈ ដោយសារតែនៅខែកក្កដាជាខែវស្សាដែលមានភ្លៀង ហើយក៏នៅតាមតំបន់ខ្លះជួបគ្រោះទឹកជំនន់ពិបាកក្នុងការរៀបចំការបោះឆ្នោត៕
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodohotnews.com
An acceptable while shaking hand with dishonest to each others.
In US, if you shake hands, you must use your eyes contact with face to face
with each others. If you’re not, it means, you are not faithful to each others
that they cannot trust to each others at all.