ដោយ៖ សាន សែល | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com
បណ្តាញសហគមន៍ព្រៃឡង់ដែលចូលល្បាតព្រៃបានរកឃើញគំនរឈើប្រមាណ២០ម៉ែត្រគូប ព្រមទាំងគល់ឈើដែលគេអារហើយមួយចំនួន នៅត្រង់ចំណុចដំណាក់សន្តាន់ ក្នុងខេត្តព្រះវិហារ។
លោក សេង សុខហេង អ្នកសម្របសម្រួលលេខាដ្ឋានបណ្តាញសហគមន៍ព្រៃឡង់ប្រាប់វីអូឌី(VOD)នៅថ្ងៃអង្គារនេះថា ប្រភេទឈើដែលប្រជាសហគមន៍បានប្រទះឃើញ ជាប្រភេទឈើទាល ប៊ូចែម និងកកោះ។ លោក សុខហេង បានឱ្យដឹងទៀតថា អ្នកល្បាតព្រៃ មិនបានជួបអ្នកអារឈើនោះទេ។
យ៉ាងណាក៏ដោយ លោក សុខហេង បានធ្វើការសន្និដ្ឋានថា អ្នកដែលចូលអារឈើ មិនមែនដើម្បីកាប់ឈើប្រើជាលក្ខណៈគ្រួសារទេ ភាគច្រើនអារទុកលក់ឱ្យថៅកែដែលចាំទិញ។
នៅមិនទាន់មានព័ត៌មានថ្មី ពីលទ្ធផលរបស់សកម្មភាពអ្នកល្បាតព្រៃ នៅខេត្តកំពង់ធំ ខេត្តស្ទឹងត្រែង និងខេត្តក្រចេះ នៅឡើយទេ ដោយមិនអាចទំនាក់ទំនងពួកគាត់បាន។
យ៉ាងនេះក្តី បណ្តាញសហគមន៍ព្រៃឡង់ជាង៣០០នាក់ មកពីខេត្តចំនួនបួនរួមមានខេត្តកំពង់ធំ ព្រះវិហារ ស្ទឹងត្រែង និងខេត្តក្រចេះ បាននិងកំពុងចុះល្បាតព្រៃ ដើម្បីទប់ស្កាត់និងអប់រំបទល្មើសព្រៃឈើនៅក្នុងតំបន់ព្រៃឡង់។ យុទ្ធនាការនេះធ្វើឡើងរយៈពេល៥ថ្ងៃ ចាប់ពីថៃ្ងទី១០ ដល់ថ្ងៃទី១៤ ខែសីហា ឆ្នាំ២០១៥។
យោងតាមរបាយការណ៍របស់អង្គការអភិរក្សអន្តរជាតិ Conservation International ហៅកាត់ថា CI ព្រៃឡង់គឺជាព្រៃដ៏ធំមួយ ដែលនៅសេសសល់ចុងក្រោយក្នុងប្រទេសកម្ពុជា និងតំបន់ឥណ្ឌូ-ភូមា។ ព្រៃឡង់ជាតំបន់មានជីវៈចម្រុះសំខាន់ៗចំនួន១០នៅលើពិភពលោក ហើយមានប្រជាជនប្រហែល២៥ម៉ឺននាក់រស់នៅ។
បើតាមសកម្មជនព្រៃឈើ នារយៈពេល១០ឆ្នាំចុងក្រោយនេះ ព្រៃឡង់កំពុងរងនូវការកាប់បំផ្លាញ និងរងការគំរាមកំហែងពីគម្រោងអភិវឌ្ឍដីសម្បទានសដេ្ឋកិច្ច សម្បទានរ៉ែ និងការកាប់ឈើខុសច្បាប់។
កន្លងទៅ ប្រមុខរដ្ឋាភិបាលបានដាក់ចេញនូវវិធានការតឹងរ៉ឹង និងបានព្រមានដកមន្ត្រីរដ្ឋាភិបាលទាំងឡាយណា ដែលពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើ៕
សរសេរមកលោក សាន សែល តាមរយៈ sel@vodhotnews.com
