​មេធាវី​ប្តឹងទៅ​ឧទ្ធរណ៍​ករណី​សកម្មជន​បក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​នាក់​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com

​មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​១១​រូប​ឲ្យដឹងថា ខ្លួន​បាន​ដាក់ពាក្យ​ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ ដែល​កាត់ទោស​ឲ្យ​កូនក្ដី​របស់​ខ្លួន​ទាំង​១១​រូប​ជាប់ពន្ធនាគារ​ពី​៧​ទៅ​២០​ឆ្នាំ ពាក់ព័ន្ធ​នឹង​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ឆ្នាំ​២០១៤​។​

​កាលពី​ថ្ងៃ​ទី​២១ ខែកក្កដា សាលាដំបូង​រាជធានី​ភ្នំពេញ​បាន​ផ្ដន្ទាទោស​សកម្មជន​គណ​បក្ស​សង្គ្រោះ​ជាតិ ១១​នាក់​ឲ្យ​ជាប់​ពន្ធនាគារ​ពី​៧​ឆ្នាំទៅ​២០​ឆ្នាំ​ពី​បទ​ដឹកនាំ និង​ចូលរួម​ក្នុង​ចលនា​កុប្បកម្ម នាំឲ្យ​មាន​ហិង្សា​នៅ​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃ​ទី​១៥ ខែកក្កដា ឆ្នាំ​២០១៤​។​

​តំណាង​មេធាវី​ការពារ​ក្ដី​ឲ្យ​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​ទាំង​១១​រូបលោក ជួង ជូ​ងី បាន​ប្រាប់​វី​អូ​ឌី (VOD)​នៅ​ថ្ងៃ​អង្គារ​នេះ​ថា លោក​បាន​ដាក់ពាក្យ​ប្ដឹង​ឧទ្ធរណ៍​កាលពី​ចុងខែ​កក្កដា ឆ្នាំ​២០១៥ រួចរាល់​ហើយ ដោយ​ជំទាស់​ទៅ​នឹង​សាលក្រម​របស់​សាលា​ដំបូង​ដែល​លោក​ថា បាន​កាត់ក្ដី​មិន​ត្រឹមត្រូវ​តាម​នីតិវិធី​ច្បាប់​លើ​កូនក្ដី​របស់​លោក​ទាំង​១១​រូប​។ 

​លោក ជួង ជូ​ងី បន្ដថា លោក​បាន​ដាក់​ពាក្យបណ្ដឹង​ពីរ ដោយ​ទីមួយ​លោក​ជា​មេធាវី​តំណាង​ឲ្យ​សកម្មជនស​ង្គ្រោះ​ជាតិ​ទាំង​១១​រូប ប្ដឹង​ឧទ្ធរណ៍​ជំទាស់​នឹង​សាលក្រម​របស់​សាលាដំបូង និង​បណ្ដឹង​ទី​ពីរ លោក​ប្ដឹង​ក្នុងនាម​មេធាវី​ការពារ​ឲ្យ​ជន​ត្រូវ​ចោទ បដិសេធ​ចំពោះ​ដំណើរការ​សវនាកា​រកា​លពី​ថ្ងៃទី​២១ ខែ​កក្កដា​ដោយ​លោក​ចាត់ទុកថា ធ្វើឡើង​ដោយ​បំពាន​នីតិវិធី​ច្បាប់​។ 

​លោក ជួង ជូ​ងី មានប្រសាសន៍ថា “​យើង​ប្ដឹង​ពីរ ទី​មួយ​យើង​ប្ដឹង​ឧទ្ធរណ៍​ករណី​ក្ដី​ហ្នឹង​យើង​យល់​ថា​អយុត្តិធម៌ ករណី​ទី​ពីរ​យើង​ប្ដឹង​មោឃភាព​នីតិវិធី​គឺ​បានន័យថា​យើង​ប្ដឹង​បដិសេធ​នីតិវិធី​សវនាការ​ថ្ងៃ​២១​ខែកក្កដា​ឆ្នាំ​២០១៥ ពីព្រោះ​យើង​សង្កេតឃើញថា សវន​ការ​ថ្ងៃ​២១ ខែកក្កដា ឆ្នាំ​២០១៥​ហ្នឹង​គឺ​ធ្វើ​បំពាន​នីតិវិធី អញ្ចឹង​យើង​ប្ដឹង​មោឃភាព​នីតិវិធី​”​។​

​វី​អូ​ឌី (VOD)​ទាន់​មិនអាច​សុំ​ការអត្ថាធិប្បាយ​ពី​អ្នកនាំពាក្យ​សាលាដំបូង​រាជធានី​ភ្នំពេញ​លោក លី ផាន់​ណា បាន​នៅឡើយ​ទេ ដោយ​លោក​អះអាងថា​លោក​កំពុង​ប្រជុំ​។​

​ក្រោយ​កិច្ចប្រជុំ​រវាង​ថ្នាក់ដឹកនាំ​គណបក្ស​ទាំង​ពីរ​កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រជាជន​កម្ពុជា​លោក សក់ សេដ្ឋា បាន​មានប្រសាសន៍ថា គណបក្ស​ជាប់​ឆ្នោត​ទាំងពីរ បាន​ឯកភាពគ្នា​ថា នឹង​ជួយ​ផ្តល់​គំនិត​គ្នា​ទៅវិញទៅមក​រក​ដំណោះស្រាយ​រួម​គ្នា ចំពោះ​ករណី​សកម្មជន​បក្សប្រឆាំង​ដែល​ជាប់​ឃុំ​នោះ​។ តែ​លោក​បញ្ជាក់ថា ទោះជា​មាន​ការជួយ​ផ្តល់​គំនិត​គ្នា​ទៅវិញទៅមក​ក៏ដោយ ក៏​ការផ្តល់​យោបល់​នោះ នឹង​មិន​ប៉ះពាល់​ដល់​នីតិវិធី​ច្បាប់ និង​មិន​ប៉ះពាល់​ដល់​សមត្ថកិច្ចរ​បស់​តុលាការ​ឡើយ​។  យ៉ាងនេះក្តី លោក​សង្កត់ធ្ងន់​ថា ការឃុំ​ខ្លួន​សកម្មជន​គណបក្សប្រឆាំង​ទាំង​១១​នាក់​នោះ ជា​សមត្ថកិច្ច​របស់​តុលាការ ហើយ​ភាគី​ទាំង​ពីរ​មិន​អាច​ជ្រៀតជ្រែក​ប្រព័ន្ធ​តុលាការ​បាន​ទេ​។​

​ការកាត់ទោស​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ​នា​ពេល​ថ្មីៗ​នេះ ធ្វើឡើង​ស្របពេល​ដែល​ស្ថានភាព​នយោបាយ​ឡើង​កម្ដៅ បន្ទាប់ពី​ក្រុម​តំណាងរាស្ត្រ​បក្សប្រឆាំង​ចុះ​ពិនិត្យ​ព្រំដែន​ជាមួយ​ប្រទេស​វៀ់​ត​ណា​ម​។ ចំណាត់ការ​តក់ក្រហល់​នេះ ត្រូវបាន​សង្គម​ស៊ីវិល​ជាតិ និង​អន្តរជាតិ រួម​ទាំង​អ្នកវិភាគ​នយោបាយ​ផង​នោះ ចាត់ទុកថា​ជា​រឿង​នយោបាយ ដើម្បី​គំរាម​ដល់​គណបក្ស​ប្រឆាំង​កុំ​ឲ្យ​ចុះ​ពិនិត្យ​ព្រំដែន​កម្ពុជា​-​វៀតណាម ៕

​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles