ដោយ៖ ញឹម សុខន | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com
ក្រសួងមហាផ្ទៃអះអាងថានឹងបញ្ជូនក្រុមការងារពិសេសចុះពិនិត្យតាមមណ្ឌលឃុំឃាំងនិងមណ្ឌលស្តានីតិសម្បទានៅទូទាំងប្រទេស ដើម្បីទប់ស្កាត់ការធ្វើទារុណកម្មទៅលើជនដែលត្រូវបានដកហូតសិទ្ធិ ខណៈសង្គមស៊ីវិលរកឃើញថាមណ្ឌលស្តានីតិសម្បទារខ្លះមានរូបភាពរំលោភសិទ្ធិមនុស្ស។
សេចក្តីប្រកាសរបស់ក្រសួងមហាផ្ទៃចុះថ្ងៃទី៧ខែសីហាឆ្នាំ២០១៥ឲ្យដឹងថាក្រុមការងារពិសេសនោះនឹងត្រូវចាត់តាំងឲ្យចុះអង្កេត ត្រួតពិនិត្យនិងធ្វើកិច្ចសម្ភាសន៍ដោយមិនផ្តល់ដំណឹងជាមុននៅកន្លែងឃុំឃាំង ឬមណ្ឌលអប់រំ ពន្ធនាគារ មណ្ឌលស្តានីតិសម្បទានិងកន្លែងព្យាបាលបន្សាបសារធាតុញៀនតាមបណ្តារាជធានី ខេត្ត នៅទូទាំងប្រទេស។
សេចក្តីប្រកាសដែលចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដដែលឲ្យដឹងទៀតថា ការចុះពិនិត្យនិងអង្កេតនេះអនុលោមតាមអនុសញ្ញានិងពិធីសារបន្ថែមរបស់អង្គការសហប្រជាជាតិ ដើម្បីទប់ស្កាត់ការធ្វើទារុណកម្ម អំពើឃោឃៅ អំពើអមនុស្សធម៌ ការធ្វើទុក្ខបុក្ខម្នេញដែលកម្ពុជាជារដ្ឋភាគី។
មន្ត្រីឃ្លាំមើការរំលោសិទ្ធិមនុស្សនៅអង្គការលីកាដូ លោក អំ សំអាត បានស្វាគមន៍ទៅនឹងវិធានការរបស់ក្រសួងមហាផ្ទៃនេះ។ ប៉ុន្តែលោកជំរុញឲ្យក្រសួងនេះត្រូវពង្រឹងយន្តការនេះឲ្យមានប្រសិទ្ធភាព ដើម្បីធានាថាជនសង្ស័យមិនត្រូវបានគេធ្វើទារុណកម្ម បង្ខំឲ្យសារភាពទាំងមិនបានធ្វើខុសនិងយកទៅបង្ខាំងទាំងរំលោភច្បាប់។
លោក អំ សំអាត ឲ្យដឹងទៀតថាជាពិសេសមណ្ឌលស្តានីតិសម្បទាព្រៃស្ពឺ ដែលលោកថានៅតែមានការបង្ខាំងមនុស្ស ដោយមិនបានផ្តល់សេវាសុខភាព ការធ្វើទារុណកម្ម និងការរំលោភសិទ្ធិមនុស្ស បើទោះបីសង្គមស៊ីវិលធ្លាប់ស្នើ ឲ្យបិទមណ្ឌលនោះក៏ដោយ។
អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក បណ្ឌិត មាស នី លើកឡើងថាវិធានការរបស់ក្រសួងមហាផ្ទៃ អាចជាជំហានធ្វើកំណែទម្រង់មួយផ្នែកទៀត ដោយលោកថាកន្លងមកពន្ធនាគារខ្លះបានបង្កើតឲ្យមានបងធំ ដើម្បីធ្វើទារុណកម្មដល់ជនជាប់ចោទណាដែលពួកគេមិនពេញចិត្តឬជនជាប់ចោទដែលតស៊ូមតិប្រឆាំងនឹងរដ្ឋាភិបាលជាដើម។
របាយការណ៍អង្គការលីកាដូចេញផ្សាយថ្ងៃទី២០ខែមករាឆ្នាំ២០១៥ឲ្យដឹងថាជីវិតអ្នករស់នៅក្នុងពន្ធនាគារកម្ពុជានៅតែមានការរំលោភបំពាន ការរើសអើង ការកេងប្រវ័ញ្ចនិងអំពើពុករលួយដែលកំពុងបន្តកើតមានឡើងជាលក្ខណៈប្រព័ន្ធ បើទោះបីជាមានការធ្វើកំណែទម្រង់ក៏ដោយ។ ប៉ុន្តែរបាយការណ៍នោះ ត្រូវបានអគ្គនាយកនៃអគ្គនាយកដ្ឋាពន្ធនាគារច្រានចោល៕
សរសេរមកកាន់លោក ញឹម សុខន តាមរយៈsokhorn@vodhotnews.com
