ដោយ៖ បូ សាវី | ថ្ងៃអង្គារ ទី11 សីហា 2015, 04:48 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋនៅភូមិសែនជ័យ ឃុំកន្ទួត ក្នុងខេត្តសៀមរាបអះអាងថា ទាហានយោធភូមិភាគទី៤ ប្រចាំការនៅចំណុចអូរទី៤ក្នុងស្រុកស្វាយលើគំរាមកំហែង និងរារាំងពួកគាត់មិនឲ្យធ្វើស្រែចម្ការ ខណៈដល់រដូវវស្សាបង្កបង្កើនផល។
តំណាងពលរដ្ឋលោក ស្វាយ ជុំ ប្រាប់VODនៅថ្ងៃអង្គារនេះថា ក្រុមយោធានៃយោធភូមិភាគទី៤ ប្រចាំការនៅអូរទី៤ក្នុងស្រុកស្វាយលើ ប្រមាណ១០នាក់ប្រដាប់ដោយអាវុធ ដែលលោកអះអាងថាដឹកនាំដោយលោកឧត្ដមសេនីយ៍ ទេព រួន និងឈ្មោះ ហូវ ហឺយ បានដើរបោះបង្គោល និងបាញ់ថ្នាំពណ៌ក្រហមលើដីពួកគាត់ ដោយអះអាងថា ជាដីកម្មសិទ្ធិយោធា។ លោក ស្វាយ ជុំ បន្ដថា ក្រុមយោធាទាំងនោះ ក៏បានបំផ្លាញដំណាំ និងគំរាមកំហែងពួកគាត់មិនឲ្យធ្វើស្រែចម្ការផងដែរ នៅក្នុងរដូវវស្សានេះ។
មេភូមិសែនជ័យ លោក ខាន់ ផល ឲ្យដឹងថា ប្រជាពលរដ្ឋជាង១០០គ្រួសារបានដាក់ពាក្យបណ្ដឹង ដើម្បីជំរុញទៅអាជ្ញាធរពាក់ព័ន្ធ ឲ្យជួយដោះស្រាយជាថ្មីទៀត បន្ទាប់ពីពួកគាត់ស្វែងរកអន្តរាគមន៍ពីស្ថាប័នរដ្ឋមួយចំនួននៅតែមិនមានដំណោះស្រាយ។ លោកថា អ្នកភូមិទាំងនោះនឹងប្រឈមការខ្វះខាតស្បៀងអាហារនៅពេលខាងមុខ បើសិនក្រុមកងទ័ពនៅតែបន្ដហាមឃាត់ពួកគាត់។
លោក ខាន់ ផល បន្ថែមថា ប្រជាពលរដ្ឋបានរស់នៅទីនោះតាំងពីមុនឆ្នាំ២០០៦មកម្លេះ ខណៈលោកថា យោធាទើបទៅកាន់កាប់រយៈពេល៣ឆ្នាំប៉ុណ្ណោះ។ សំឡេង៖
VOD មិនអាចសុំការបំភ្លឺពីលោកឧត្ដមសេនីយ៍ ទេព រួន ដែលពលរដ្ឋចោទថាបានដឹកនាំយោធាទៅបំផ្លាញដំណាំពួកគាត់ទេ ដោយលោកផ្ដាច់ទូរស័ព្ទ បន្ទាប់ពីសួរសំណួររឿងពលរដ្ឋនៅភូមិសែនជ័យ។
អ្នកឃ្លាំមើលការរំលោភសិទ្ធមនុស្សនៃអង្គការលីកាដូប្រចាំខេត្ដសៀមរាបអ្នកស្រី ឈុយ វណ្ណថា មានប្រសាសន៍ថា អ្នកស្រីធ្លាប់បានទទួលបណ្ដឹងពីប្រជាពលរដ្ឋពាក់ព័ន្ធនឹងបញ្ហានេះដែរ។ អ្នកស្រីថា អាជ្ញាធរគួរមានវិធានការដោយផ្អាកសកម្មភាពយោធាជាបណ្ដោះអាសន្ន និងរកដំណោះស្រាយសមស្របជូនពួកគាត់ ជៀសវាងជម្លោះកាន់តែអូសបន្លាយ។
គួររំឭកថា កាលពីដើមឆ្នាំ២០១៥ តំណាងរាស្ត្រមណ្ឌលសៀមរាបមកពីគណបក្សសង្គ្រោះជាតិ លោកស្រី កែ សុវណ្ណរតន៍ បានស្នើទៅប្រធានរដ្ឋសភា លោក ហេង សំរិន ឲ្យអន្ដរាគមន៍ទៅក្រសួងការពារជាតិឲ្យបញ្ឈប់គ្រឿងចក្រឈូសឆាយធ្វើទំនប់ទឹកកាត់អូរទី៤ នៅភូមិសែនជ័យ ឃុំកន្ទួត ស្រុកស្វាយលើ ដែលពលរដ្ឋ៧៥គ្រួសារអះអាងថា ការធ្វើទំបន់ទឹកនេះបណ្ដាលឲ្យទឹកជន់លិចលំនៅឋាន និងដំណាំកសិផលរបស់ពួកគេ។
នៅដើមខែមេសា រដ្ឋមន្ដ្រីក្រសួងការពារជាតិ លោក ទៀ បាញ់ បានចេញលិខិតបកស្រាយមួយច្បាប់ដោយបដិសេធមិនដោះស្រាយជម្លោះនេះ ដោយអះអាងថា ការចោទយោធាធ្វើទុកបុកម្នេញលើពលរដ្ឋនោះជារឿងមិនពិត។ លិខិតនោះអះអាងថា ករណីវិវាទទាំងពីរភាគីនេះ មិនមែនជារឿងឯកជនទេ។ លោក ទា បាញ់ អះអាងនៅក្នុងលិខិតរបស់លោកថា ប្រជាពលរដ្ឋទាំងនោះជាជនចំណាកស្រុកមកពីខេត្ដផ្សេងៗ ទើបចូលទៅរស់នៅឆ្នាំ២០១២ប៉ុណ្ណោះ ។ លិខិតដដែលបន្ថែមថា យោធាភូមិភាគទី៤បានអញ្ជើញពលរដ្ឋ ដែលរងផលប៉ះពាល់ចូលខ្លួនដោះស្រាយជាច្រើនលើក ប៉ុន្ដែពួកគេមិនចូលខ្លួនដោះស្រាយឡើយ៕
សរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com