ក្រសួងអប់រំមិន​​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​នយោបាយ​ក្នុង​បរិវេណគ្រឹះស្ថាន​អប់រំ​

ដោយ៖​ ស៊ុន ណារិន​ | ថ្ងៃអង្គារ ទី11 សីហា 2015
http://vodhotnews.com


ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីណែនាំមួយ ដោយហាមមិនឲ្យអង្គការនិង​សមាគមណាមួយ​ធ្វើសកម្មភាពនៅក្នុងគ្រឹះស្ថានអប់រំ ដោយពុំមានការអនុញ្ញាតពីក្រសួងនោះ​ទេ​ ក្រោម​ហេតុ​ផល​ថា​​ក្រសួង​​បារម្ភពីសកម្មភាព​នយោបាយ​ណាមួយ​ដែល​អាច​កើត​ឡើង។​

សេចក្តីណែនាំរបស់ក្រសួងអប់រំចុះហត្ថលេខាដោយរដ្ឋមន្រ្តីក្រសួងអប់រំ លោក ហង់ ជួន ណារ៉ុន នៅថ្ងៃទី១១​ខែសីហា ឲ្យដឹងថាកន្លងមកក្រសួងបានសង្កេតឃើញថានៅតាមគ្រឹះស្ថានសិក្សាទាំងសាធារណៈទាំងឯកជន មានសមាគម អង្គការ បុគ្គលិកអប់រំ និងគ្រូបង្រៀនជាប់កិច្ចសន្យាមួយចំនួនបានធ្វើសកម្មភាពមិនប្រក្រតី ដោយបានផ្សព្វផ្សាយបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំរបស់សមាគម អង្គការទាំងនោះនិង”ឃោស​នាបំ​ផុសគំនិតឲ្យបុគ្គលិកអប់រំចូលរួមសកម្មភាពជាមួយ”។ សេចក្តីណែនាំបន្តថាសមាគម អង្គការខ្លះបានបង្កើតឲ្យមានជាសាខានៅគ្រឹះស្ថានសិក្សាទាំងសាធារណៈ ទាំងឯកជន ដោយបានធ្វើសកម្មភាពជ្រៀតជ្រែកការងារគ្រប់គ្រងអប់រំថែមទៀតផង។

បើតាមសេចក្តីណែនាំ ក្រសួងបានចាត់ទុកថា៖ "សកម្មភាពទាំងនេះបានធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់ក្នុងគ្រឹះស្ថានសិក្សាដែលផ្ទុយនឹងគោលការណ៍អព្យាក្រឹត្យភាពរបស់គ្រឹះស្ថានសិក្សាជាពិសេសផ្ទុយពីច្បាប់ស្តីពីការអប់រំ។ យោងតាមសេចក្តីណែនាំ ក្រសួងអប់រំមិនអនុញ្ញាតឲ្យសមាគម អង្គការ ឬភ្នាក់ងារណាមួយធ្វើសកម្មភាពនៅក្នុងគ្រឹះស្ថានសិក្សាដោយគ្មានការអនុញ្ញាតពីក្រសួងអប់រំឡើយ។ ក្រសួងក៏មិនអនុញ្ញាតឲ្យធ្វើសកម្មភាពនយោបាយនិងការឃោសនានយោបាយឲ្យគណបក្សនយោបាយណាមួយនៅក្នុងគ្រឹះស្ថានសិក្សាសាធារណៈឬស្ថាប័នអប់រំឡើយ ដែលស្របតាមមាត្រា៣៤នៃច្បាប់ស្តីពីការអប់រំ។ សេច​ក្តី​ណែនាំឲ្យដឹងទៀតថាត្រូវមានការអនុញ្ញាតពីអាជ្ញាធរមានសមត្ថកិច្ចឬក្រសួងអប់រំ ស្របតាមមាត្រា៤២​នៃច្បា​ប់ស្តីពីការអប់រំ ក្នុងការស្នើសុំទីតាំងគ្រឹះស្ថានសិក្សាសាធារណៈនិងការផ្សព្វផ្សាយព័ត៌មានអប់រំគ្រប់រូបភាពណាក៏ដោយ នៅក្នុងបរិវេណគ្រឹះស្ថានសាធារណៈ។

សេចក្តីណែនាំរបស់ក្រសួងបានលើកឡើងពីការពិន័យមួយចំនួនតាមច្បាប់ស្តីពីការអប់រំ ដូចជាបុគ្គលិកអប់​រំណាបំពាន​ការណែនាំនេះនឹងត្រូវពិន័យជាប្រាក់ចាប់ពី១លានរៀលទៅ៥លានរៀល។ ចំណែកនីតិបុគ្គល​ត្រូវពិន័យជាប្រាក់ពី១០លានរៀលទៅ២០លានរៀល។

តំណាងសម្ព័ន្ធ​គណនេយ្យភាពសង្គមអាស៊ីបូព៌ានិងប៉ាស៊ីហ្វិកប្រចាំនៅកម្ពុជា លោក សន ជ័យ មានប្រសាសន៍ថាលោ​កបារម្ភពីការបកស្រាយ​លើ​ពាក្យ​”សកម្មភាព​នយោបាយ”សម្រាប់​សង្គមស៊ីវិលដែលធ្វើសកម្មភាពនៅតាមគ្រឹះស្ថានអប់រំ។ លោកលើ​ក​ជា​ឧទាហរណ៍ថា​ការនិយាយរបស់សិស្សឬគ្រូពី​ការអប់រំមិន​មាន​គុណភាពនិង​បញ្ហា​ទឹកភ្លៀង​បង្កជា​ទឹក​ជំនន់ មិនមែនមានន័យ​ថាជាសកម្មភាពនយោបាយដែលសេចក្តី​ណែនាំសំដៅនោះទេ។ លោកបន្ថែម​ថាក្រសួងត្រូវតែពិន័យចំពោះថ្នាក់ដឹកនាំគ្រឹះស្ថាន​អប់រំ​ណា​ដែលប្រ​មូលសិស្សនិស្សិតឲ្យក្លាយជាសមាជិកគណបក្សនយោបាយ ឬតម្រូវឲ្យសិស្សឬគ្រូធ្វើជាសមាជិករបស់​គណ​បក្សណាមួយ៕​

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com  

What Next?

Recent Articles

2 Responses to "ក្រសួងអប់រំមិន​​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​នយោបាយ​ក្នុង​បរិវេណគ្រឹះស្ថាន​អប់រំ​"

  1. ថា says:

    មិន​ត្រឹម​តែ​ក្នុង​បរិវេណគ្រឹះស្ថាន​អប់រំ​ប៉ុណ្ណោះ​ទេ ថែមទាំងក្នុង​បរិវេណគ្រឹះស្ថាន​ ស្ថាប័ន​សា​ធារ​ណៈ​នា​នា(ក្រសួង​អប់​រំ​ខ្លួន​ឯង ក្រសួង​មន្ទីររបស់​ជាតិ។ល។) ក៏​មិន​ត្រូវ​ឲមាន​សកម្មភាព​នយោបាយ​ដែរ ។ ថាឲគេ​ មើ​ល​ខ្លួន​ឯង​ផង!

  2. ព្រះរាជាណាចក្រដំរីក៏ខ្វាក់ទ្រមាក់ក៏ឆ្គួត says:

    សំដីពួកម្មុយនិស្តនិយាយដូរស្តោះទឹកមាត់លើទ្រូងឯង!!!!មានតែCCPទេដែលបង្កើតបណ្តាញនិងរចនា
    សម្ពន័្ធបក្សសិស្សនិងគ្រូប្រចាំសាលានោះ។