ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចាត់ទុកអ្នកធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញជាជនក្បត់​ជាតិ​

ដោយ៖​ ស៊ុន​ ណារិន​ | ថ្ងៃពុធ ទី12 សីហា 2015
http://vodhotnews.com

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាដែលមានមូលដ្ឋាននៅប្រទេសន័រវែសបានលើក​ឡើង​ថា​គម្រោង​ធ្វើ​វិសោធនកម្មរដ្ឋធ​ម្មនុញ្ញ​ត្រង់​មាត្រា២ជាការធ្វើឡើងដើម្បីតម្រូវតាមសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ​២០០៥​ ដោយចាត់ទុកអ្នក​ចូល​រួ​ម​ធ្វើវិសោ​​ធនកម្មរដ្ឋធម្មនុញ្ញ”ជាជនក្បត់ជាតិ”​

មាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជាចែងថាបូរណភាពទឹកដីរបស់ព្រះរាជាណាចក្រកម្ពុជាមិនអាចរំលោភបានដាច់ខាតក្នុងព្រំដែនរបស់ខ្លួនដែលមានកំណត់ក្នុងផែនទីខ្នាត១/១០០.០០០ធ្វើនៅចន្លោះឆ្នាំ១៩៣៣-១៩៥៣ ហើយដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅចន្លោះឆ្នាំ១៩៦៣-១៩៦៩។

សេចក្តីថ្លែងការណ៍របស់ក្រុមប្រឹក្សាចេញផ្សាយនៅថ្ងៃទី១២ខែសីហានេះ ឲ្យដឹងថាគណៈកម្មាធិការព្រំដែនកម្ពុជា​និងរាជបណ្ឌិត្យសភាកម្ពុជាបានផ្ទៀងផ្ទាត់ផែនទីពី៤ប្រភពផ្សេងៗគ្នា(រដ្ឋាភិបាល គណបក្សសង្រ្គោះជាតិ បណ្ណាល័យបារាំងនិងបណ្ណាល័យអាមេរិក) ហើយឃើញថា”ដូចគ្នា” ដោយពុំមានវត្តមានផែនទីពីអង្គការ​សហប្រជាជាតិ។ សេចក្តីថ្លែងការណ៍បញ្ជាក់ថា៖ ”គោលដៅនៃការផ្ទៀងផ្ទាត់នេះ រដ្ឋាភិបាលកម្ពុជាមានបំណងជំរុញទៅរកការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ដើម្បីតម្រូវតាមខ្សែបន្ទាត់ព្រំដែនដែលបានបោះបង្គោលជាមួយភាគីវៀតណាម៨៣ភាគរយរួចហើយ ដោយផ្អែកលើសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០​០៥និងផែនទីUTMខ្នាត១/៥០.០០០”

បើតាមសេចក្តីថ្លែងការណ៍ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានបដិសេធមិនទទួលស្គាល់ជាដាច់ខាតនូវរាល់ការ​យកផែនទីទាំងឡាយណាមកបញ្ជាក់ពីភាពត្រឹមត្រូវរបស់រដ្ឋាភិបាលក្នុងការបោះបង្គោលព្រំដែនជាមួយ​​ភាគីវៀតណាមដោយគ្មានវត្តមានផែនទីដើមនៅអង្គការសហប្រជាជាតិ។ សេចក្តីថ្លែងការណ៍បន្តថា​៖ ”រដ្ឋាភិបាលត្រូវតែយកយន្តការតាមកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ និងយន្តការតុលាការអន្តរជាតិ ដើម្បីដោះស្រាយជម្លោះព្រំដែនជាំមួយវៀតណាម

ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាបានបញ្ជាក់បន្ថែមថា៖ ”ករណីមានការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២មានន័យ​ថាធ្វើជាតិប្រហារ។ ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាសូមចាត់ទុកថាជាជនក្បត់ជាតិ នូវជនទាំងឡាយណាដែលនឹ​ងចូ​លរួមអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២នោះ

កាលពីថ្ងៃចន្ទ ប្រធានក្រុមស្រាវជ្រាវបញ្ហាព្រំដែននៅរាជបណ្ឌិតសភាកម្ពុជា លោក សុខ ទូច បាន​ស្នើទៅតំណាងរាស្រ្តដែលមានអាសនៈនៅក្នុងរដ្ឋសភាពិចារណាការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញមាត្រា២ ក្រោយពីការបោះបង្គោលព្រំដែនជាមួយវៀតណាមចប់សព្វគ្រប់។ លោកអះអាងថាបើតាមរដ្ឋធម្មនុញ្ញដែលចែងថាផែនទីយកតាមចន្លោះឆ្នាំ១៩៣៣-១៩៥៣ កម្ពុជានឹងបាត់ដីនៅតំបន់ដាក់ហូតក្នុងខេត្តរតនគិរី ដោយសារតំបន់នោះធ្វើឡើងនៅឆ្នាំ១៩១៤។ លោកបន្ថែមថាតំបន់ដាក់ហូតមានបង្គោលសរសេរជា៣ភាសា គឺភាសាខ្មែរ វៀតណាមនិងបារាំង។ លោកបញ្ជាក់បន្ថែមថាបើតាមផែនទីដែលចែងក្នុងរដ្ឋធម្មនុញ្ញ តំបន់ដាក់ដាំដែលជាតំបន់មួយទៀតក្នុងខេត្តមណ្ឌលគិរី មានតែបន្ទាត់ តែមិនមានបង្គោលនោះទេ។

លោក សុខ ទូច បានបញ្ជាក់ថា៖ ”ហើយក្រោយពីបោះបង្គោលហើយ បើអត់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញទេ អាបង្គោលបោះហ្នឹងក៏អត់មានន័យដែរ ព្រោះវាអត់មានចងច្បាប់។ អញ្ចឹងអ្នកដែលជេរខ្ញុំ សូមឲ្យពិនិត្យឡើងវិញ។ រាល់ការដែលមិនចងច្បាប់ មានន័យថាខំធ្វើ ខំជជែកគ្នា គឺអត់មានន័យទេ។ អ្នកឡើងកាន់អំណចមកក្រោយ ថាអត់មានក្នុងរដ្ឋធម្មនុញ្ញ ផងរលាយអស់។ កុំភ្លេចគេសប្បាយចិត្ត នៅពេលដែលយើងអត់ចងច្បាប់ គេរីករាយណាស់ នឹងរំលោភយើងបន្តទៀត

កាលពីថ្ងៃទី០៣ខែសីហា ឆ្នាំ២០១៥ លោក ហ៊ុន សែន បានថ្លែងថាលោកនឹងលុបចោលកិច្ចព្រមព្រៀងជាមួយវៀតណាម ប្រសិនបើមានការវិសោធនកម្មរដ្ឋធម្មនុញ្ញ ដោយចែងជំនួសថាកម្ពុជាប្រើប្រាស់ផែនទីខ្នាត១/៥០.០០០វិញ។ លោកបញ្ជាក់ថា៖ ”បើសិនជារដ្ឋធម្មនុញ្ញបានចែងថាផែនទីនៃព្រះរាជាណាចក្រកម្ពុជាប្រើប្រាស់ផែនទីខ្នាត១/៥០.០០០ ខ្ញុំព្រះករុណាក៏សុខចិត្តលុបចោលកិច្ចព្រមព្រៀងសន្ធិសញ្ញាជាមួយវៀតណាមដែរ។ តែមាត្រាទី២នៃរដ្ឋធម្មនុញ្ញគេឲ្យប្រើថាផែនទីអធិបតេយ្យរបស់កម្ពុជាមានចែងនៅក្នុងផែនទីខ្នាត១/១០០.០០០ បោះពុម្ពក្នុងចន្លោះឆ្នាំ១៩៣៣-៥៣ ដែលអន្តរជាតិទទួលស្គាល់៦៣-៦៩”។ លោក ហ៊ុន សែន បន្តថាកាលពីឆ្នាំ១៩១៤ អគ្គទេសាភិបាលឥណ្ឌូចិនបានចេញសេចក្តីសម្រេចមួយថាព្រំដែនកម្ពុជាត្រូវដើរតាមទន្លេដាក់ហូត តែលោកថាបារាំងបានគូសផែនទីទៅតាមដាក់ដាំ។ លោកបន្តថាប្រសិនបើកម្ពុជាប្តឹងទៅតុលាការអន្តរជាតិ កម្ពុជានឹងមិនទទួលជ័យជម្នះហើយនឹងបាត់បង់ទឹកដីជាង៥០គីឡូម៉ែត្រការ៉េ។ លោកបញ្ជាក់ថា៖ “…យើងប្តឹងទៅអង្គការសហប្រជាជាតិថាអាមេរិកបានទម្លាក់គ្រាប់​បែក​នៅម្តុំដាក់ដាំ ដល់ទៅផែនទីដើរតាមដាក់ហូត អញ្ចឹងបានសចក្តីថាសម័យនោះ រដ្ឋមន្រ្តីការបរទេសជំនាន់នោះ  អ្នកស៊ីញ៉េលើផែនទីជំនាន់នោះ បានប្រគល់ទឹកដី៥១គីឡូម៉ែត្រការ៉េឲ្យទៅវៀតណាមរួចស្រេចទៅហើយ”

កន្លងទៅ ប្រធានគណៈកម្មាធិការទទួលបន្ទុកកិច្ចការព្រំដែន លោក វ៉ា គឹមហុង បានថ្លែងថាសន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ដែលរដ្ឋាភិបាលកម្ពុជានិងវៀតណាមបានចុះហត្ថលេខារួមគ្នា អនុញ្ញាតឲ្យភាគីទាំងពីរគូសចម្លងខ្សែព្រំដែនពីផែនទីបោន១/១០០.០០០មកលើផែនទីUTM១/៥០.០០០ ដើម្បីជាជំនួយដល់ក្រុមបច្ចេកទេសយកមកអនុវត្តនៅលើដីជាក់ស្តែង។

តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ លោក អ៊ុំ សំអាន ដែលអះអាងថាកម្ពុជាបាត់បង់ទឹកដីឲ្យវៀតណាម មានប្រសាសន៍ថាកម្ពុជាមិនចាំបាច់ធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញនោះទេ ដោយអាចយកសារាចររបស់អគ្គទេសាភិបាលឥណ្ឌូចិនមុនឆ្នាំ១៩៣៣មកប្រើបានទាក់ទងនឹងតំបន់ដាក់ហូតដាក់ដាំ ដោយថារដ្ឋធម្មនុញ្ញកម្ពុជាបានចែងតែការប្រើប្រាស់ផែនទីតែប៉ុណ្ណោះ៕

សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com

What Next?

Recent Articles

3 Responses to "ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជាចាត់ទុកអ្នកធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញជាជនក្បត់​ជាតិ​"

  1. Bol says:

    វាមិនដែលមាន​វិសោធនកម្មរដ្ឋធម្មនុញ្ញ ក៏ក្បត់ជាតិ នោះទេ! អាណាក៏សាហាវម៉េះ? តំណាងរាស្ត្រណា៎ !!! ត្រូវដឹងថា រដ្ឋសភា កើតពីការបោះឆ្នោត! ជាសម្លេងរាស្ត្រ! តែកាលណាគេក្នុងអាណត្តិរបស់គេ គេអាចពិនិត្យលើច្បាប់ ពិនិត្យបញ្ហារបស់ជាតិ ។ ហើយបើមានអ្វីដែលគួរតែសម្រួល គេត្រូវតែវិសោធនកម្ម។
    និយាយថា ក្បត់ជាតិ! អាណាហ្នឹង ក៏វាអ្នកចេះ អីក៏ចេះម៉េះ? តើអាហ្នុង ជាអាណា? អ្នកដែលអាចនិយាយថា « ក្បត់ជាតិ» គឺបានតែ សភា ទេ ដែលនិយាយបាន ហើយក៏ពុំមែនតំណាងរាស្ត្រ ដែរ គឺសភាទាំងមូល ហើយក៏អាចនិយាយបានតែក្នុងអ្វីដែលមានចែងក្នុងច្បាប់ ។ បើត្រឹមអង្គការមួយ ឬច្រើន ក៏ពុំមានសិទ្ធនិយាយចោទនរណាម្នាក់ថាក្បត់ជាតិ ដែរ ។
    ត្រូវឈប់និយាយពាក្យក្បត់ជាតិ ទៀតទៅ! ខុសហើយ។
    ទម្រាំដល់ការប្រើពាក្យក្បត់ជាតិនេះ វាត្រូវជាសកម្មភាពមួយដែល យើងអាចនិយាយថា ដូចលោកសេនាប្រមុខលន់នល់ ទៅចុះ ដែលធ្វើរដ្ឋប្រហារទម្លាក់សម្តេចតា ហើយនាំអាមេរិកចូលស្រុក! ទោះប៉ុណ្ណេះ ក៏យើងមិនទាន់និយាយថា ក្បត់ជាតិផង៕

  2. រាស្ត្រធម្មតាម្នាក់ក៌អាចហៅមន្ត្រីណាម្នាក់ជាជនក្បត់ជាតិ
    បានដែរនៅពេលគាត់យល់ថាមន្ត្រីនោះប្រព្រឹត្តកំហុសធំៗ
    ចំពោះជាតិ៕លោកសុខ ទូចចាប់ផ្ដើមលែងស្គាល់ខុសត្រូវ
    ពេលបានតំណែងប្រធានបណ្ឌិតសភាស្រាវជ្រាវព្រំដែន៕
    ហេតុអីជាង30ឆ្នាំមិននាំគ្នាកែ?ពេលបក្សប្រឆាំងដេញដោល
    រឿងផែនទី ទើបស្រវេស្រវាចង់កែ៕គោលបំណងកែមាត្រា
    ទី2នេះដើម្បីតម្រូវផែនទីរដ្ធាភិបាលប្រើសព្វថ្ងៃ៕

  3. បរិមី ព្រះវិហារ says:

    ស្រណោះខែ្មរ ពិតជាមិនយល់មែន ឬក៏ខ្វះសតិពិចារណា ថាតើអ្នកមកបោកពួកឯងឱយកែ គឺជាមេកោយឯង សម រង្សី នឹងហើយ! មើលសារសម រង្សីរផ្ញើមកហ៊ុន សែន សុំឱយហ៊ុន សែនចូលជាមួយខ្លួនកែរដ្ឋធម្មនុញ្ញ!!!