ដោយ ហ៊ុំ ចំរើន
2015-08-11
RFA

ប្រជាពលរដ្ឋដែលមានទំនាស់ដីធ្លី តវ៉ាមុខសាលាក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥។ Photo Provided
ប្រជាពលរដ្ឋប្រមាណ ៤៣គ្រួសារនៅក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កំពុងព្រួយបារម្ភខ្លាចពុំមានទីស្នាក់អាស្រ័យក្នុងរដូវវស្សាឆ្នាំនេះ។ ក្ដីបារម្ភនេះ កើតមានបន្ទាប់ពីពួកគាត់បានទទួលលិខិតជូនដំណឹងរបស់តុលាការខេត្តបន្ទាយមានជ័យ ដែលបង្ខំឲ្យរុះរើផ្ទះចេញពីដីលំនៅឋាន កាលពីសប្ដាហ៍កន្លងទៅ ដោយពុំបានផ្ដល់សំណងឲ្យប្រជាពលរដ្ឋនោះទេ។
ប្រជាពលរដ្ឋនៅក្រុងប៉ោយប៉ែត អំពាវនាវឲ្យអភិបាលខេត្តបន្ទាយមានជ័យ និងមន្ត្រីពាក់ព័ន្ធ ជួយអន្តរាគមន៍បញ្ឈប់ការបណ្ដេញពួកគាត់ចេញពីដីលំនៅឋាន ឬត្រូវដោះស្រាយដោយផ្ដល់សំណងទៅតាមតម្លៃដីទីផ្សារបច្ចុប្បន្ន។
តំណាងប្រជាពលរដ្ឋម្នាក់ ឈ្មោះ អ៊ិត ស៊ីម រស់នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ថ្លែងនៅថ្ងៃទី១១ សីហា ថា ចៅក្រមអមសាលាដំបូងខេត្តចេញដីកាបង្ខំឲ្យពួកគាត់ចំនួន ៤៣គ្រួសារ រស់នៅភូមិក្បាលស្ពាន១ រុះរើផ្ទះសម្បែងចេញពីដីស្នាក់នៅ ពុំបានផ្ដល់សំណងដល់ប្រជាពលរដ្ឋនោះទេ។ លោកអះអាងថា ផ្ទៃដីដែលតុលាការបញ្ជាឲ្យពួកគាត់រុះរើផ្ទះសម្បែងនោះ ជាដីលំនៅឋានទំហំប្រមាណ ៣០ម៉ែត្រគុណនឹង ១៥០ម៉ែត្រ នៅចំណុចភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ដែលពួកគេបានកាន់កាប់តាំងពីឆ្នាំ១៩៩៥ រហូតមក។ លោកបន្តទៀតថា ប្រជាពលរដ្ឋភាគច្រើនក្រីក្រ រស់នៅអាស្រ័យដោយការលក់កម្លាំងពលកម្ម បានប្រាក់កម្រៃសម្រាប់ដោះស្រាយជីវភាពគ្រួសារក្នុងមួយថ្ងៃៗប៉ុណ្ណោះ៖ «រដូវនេះជារដូវភ្លៀងធ្លាក់ បើឲ្យរុះរើទៅឲ្យពួកខ្ញុំទៅបោះតង់រស់កន្លែងណា? ស្នើទៅរាជរដ្ឋាភិបាលសម្ដេច ហ៊ុន សែន មេត្តាជួយមើលកូនចៅទាំង ៤៣គ្រួសារ ឲ្យបានរស់រានមានជីវិតបន្តទៅមុខទៀតផង»។
លិខិតជូនដំណឹងដែលចុះហត្ថលេខារបស់ លោក ជូន វណ្ណៈ ចៅក្រមអនុវត្តអមសាលាដំបូងខេត្តបន្ទាយមានជ័យ ចុះថ្ងៃទី៣ សីហា សរសេរថា សាលាដំបូងខេត្តសម្រេចអនុវត្តដីកាសម្រេចរក្សាការពារចុះថ្ងៃទី២៣ មិថុនា របស់សាលាដំបូងខេត្តបន្ទាយមានជ័យ។ ជម្រាបដល់ប្រជាពលរដ្ឋចំនួន ៣នាក់ រួមមាន លោក អ៊ិត ស៊ីម លោក ប៊ុន លី និងអ្នកស្រី សុខ ខន ដែលតំណាងឲ្យប្រជាពលរដ្ឋរស់នៅលើដីផ្លូវសាធារណៈ នៅភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ឲ្យរុះរើខ្ទម ដកសសរ និងរបងចេញពីដីផ្លូវសាធារណៈឲ្យបានមុនថ្ងៃទី១៣ សីហា ជាកំហិត។ ក្នុងករណីមិនរុះរើតាមពេលកំណត់ទេ តុលាការនឹងអនុវត្តរុះរើដោយបង្ខំ។
ទាក់ទងនឹងបញ្ហានេះ ចៅសង្កាត់ប៉ោយប៉ែត លោក នុត នី មានប្រសាសន៍ថា អាជ្ញាធរក្រុងប៉ោយប៉ែត កំពុងដំណើរការជួយសម្រួលរកដីផ្ដល់សំណងដល់ប្រជាពលរដ្ឋទាំង ៤៣គ្រួសារនោះហើយ៖ «គាត់នៅលើផ្លូវបិទមុខដីគេ ពេញផ្លូវតែម្ដង ប៉ុន្តែយើងកំពុងតែដោះស្រាយរឿងដី ថាត្រូវដោះស្រាយបែងចែកជាដីឡូឲ្យពួកគាត់នោះយ៉ាងម៉េចអីយ៉ាងម៉េច ចាំមើលខ្ញុំស្នើទៅលោកអភិបាលក្រុងទៀត»។
ទាក់ទងនឹងបញ្ហានេះដែរ មន្ត្រីសម្របសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក (Adhoc) ខេត្តបន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មានប្រសាសន៍ថា ករណីនេះពុំមែនជាកំហុសរបស់ប្រជាពលរដ្ឋដែលទៅរស់នៅលើដីផ្លូវសាធារណៈនោះទេ គឺអាជ្ញាធរទៅវិញទេដែលពុំបានដោះស្រាយឲ្យពួកគាត់នោះ ពីព្រោះថា ប្រជាពលរដ្ឋបានរស់នៅលើដីនោះអស់ច្រើនឆ្នាំមកហើយ៖ «បើសិនជាយើងទទួលស្គាល់ថា អំណាចតុលាការជាអំណាចឯករាជ្យ ហើយអាជ្ញាធរត្រូវខំប្រឹងប្រែងដោះស្រាយឲ្យបាន ថាតើគួរជម្លៀស ឬយកប្រជាពលរដ្ឋទៅដាក់នៅទីកន្លែងណា? ដើម្បីឲ្យពួកគាត់រួចផុតពីទុក្ខលំបាក ដោយសារការបង្ខំរបស់តុលាការនេះ»។
ប្រជាពលរដ្ឋឲ្យដឹងថា កន្លងទៅ ពួកគេបានតវ៉ាឲ្យអាជ្ញាធរក្រុងប៉ោយប៉ែត ដោះស្រាយផ្ដល់សំណងជាច្រើនលើកច្រើនសាមកហើយ ប៉ុន្តែពុំទទួលបានលទ្ធផលទេ។ ប្រជាពលរដ្ឋបញ្ជាក់ទៀតថា ប្រសិនបើអាជ្ញាធរផ្ដល់សំណងសមរម្យទៅតាមតម្លៃទីផ្សារ នោះពួកគេនឹងរុះរើផ្ទះសម្បែងចេញពីដីក្នុងពេលឆាប់ៗ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- មន្ត្រីអាដហុកថាជម្លោះដីធ្លីនៅខេត្តពោធិ៍សាត់អាចនឹងដោះស្រាយចប់នៅចុងឆ្នាំ២០១៥
- អភិបាលខេត្តកំពង់ឆ្នាំងសន្យាដោះស្រាយជម្លោះដីរវាងពលរដ្ឋនិងកងកាំភ្លើងធំ
- ពលរដ្ឋខេត្តក្រចេះចោទក្រុមហ៊ុនកូរ៉េថារំលោភយកដីអ្នកភូមិជាង៤ពាន់ហិកតារ
- ពលរដ្ឋខេត្តកោះកុងអះអាងថាមន្ត្រីរដ្ឋាភិបាលសន្យាដោះស្រាយដីជម្លោះភូមិពយជប៉ុន
- តុលាការខេត្តមណ្ឌលគិរីដោះលែងសកម្មជនការពារដីធ្លីសហគមន៍ព្នងបណ្ដោះអាសន្ន
- ពលរដ្ឋនៅកោះរ៉ុងចោទក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបថាឈូសឆាយដីប៉ះពាល់ដំណាំអ្នកភូមិ
- គណៈកម្មការទី១ព្រឹទ្ធសភាជួបពិភាក្សាជាមួយពលរដ្ឋមានទំនាស់ដីធ្លីនៅខេត្តបាត់ដំបង
- ក្រសួងអភិវឌ្ឍន៍ជនបទគ្រោងរៀបចំទិវាអន្តរជាតិជនជាតិដើមភាគតិចនៅខេត្តកោះកុង
- ពលរដ្ឋខណ្ឌដង្កោប្រមាណ៣០០គ្រួសារមិនព្រមលក់ដីឲ្យក្រុមហ៊ុនអាយ.អិន.ជី ហូលឌីង