ក្រសួង​អប់រំ​ថា​សិស្ស​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ​ឆ្នាំ​នេះ​សង្ឃឹម​ជាប់​ច្រើន

ដោយ អ៊ុំ រង្សី
2015-08-11
RFA

ប្រឡង​ឌីប្លូម ៦២០
បេក្ខជន​ចូល​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ មណ្ឌល​វិទ្យាល័យ ឥន្ទ្រទេវី នៅ​ថ្ងៃ​ទី​១១ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Um Rainsey


សិស្សានុសិស្ស​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ ហៅ​ថា​ឌីប្លូម លើក​ឡើង​ថា ប្រឡង​ឆ្នាំ​នេះ ក្រសួង​អប់រំ បាន​រឹត​បន្តឹង​វិន័យ​ប្រឡង​បាន​ល្អ មាន​របៀប​រៀបរយ និង​មិន​មាន​ការ​លួច​មើល​សំណៅ​វិញ្ញាសា​នោះ​ទេ។ ទន្ទឹម​គ្នា​នេះ សិស្សានុសិស្ស​ទាំង​នោះ​សង្ឃឹម​ជាប់​ច្រើន ខណៈ​រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ប្រកាស​ថា​អាច​មាន​អ្នក​ជាប់​រហូត​ជាង ៩០​ភាគរយ។

សិស្សានុសិស្ស​ប្រឡង​មធ្យម​សិក្សា​បឋម​ភូមិ ឌីប្លូម នៅ​តាម​មណ្ឌល​ប្រឡង​វិទ្យាល័យ​មួយ​ចំនួន​នៅ​ក្នុង​រាជធានី​ភ្នំពេញ មាន​សង្ឃឹម​ជាប់​ច្រើន ខណៈ​វិញ្ញាសា​ប្រឡង​មិន​សូវ​តឹង​តែង។

បេក្ខជន​ម្នាក់​មក​ពី​មណ្ឌល​វិទ្យាល័យ បាក់​ទូក បេក្ខជន ជា សុថារិទ្ធ បាន​ឲ្យ​ដឹង​ថា ប្រឡង​ឌីប្លូម​រយៈពេល ២​ថ្ងៃ ចាប់​ពី​ថ្ងៃ​ទី​១០ រហូត​ដល់​ថ្ងៃ​ទី​១១ សីហា គ្រូ​អនុរក្ស​រឹត​បន្តឹង​មិន​ឲ្យ​បើក​សំណៅ​វិញ្ញាសា​នោះ​ទេ ចំណែក​វិញ្ញាសា​វិញ ក៏​មិន​មាន​បែក​ធ្លាយ​នោះ​ដែរ។ យុវជន​រូប​នេះ​និយាយ​ទាំង​ទឹក​មុខ​ញញឹម​បន្ត​ថា លោក​ជឿជាក់​ទាំង​ស្រុង​ថា នឹង​ប្រឡង​បាន​និទ្ទេស​ល្អ ហើយ​លោក​ស្នើ​ឲ្យ​ក្រសួង​អប់រំ បន្ត​រឹត​បន្តឹង​ការ​ប្រឡង​បន្ត​ទៀត ដើម្បី​ចម្រាញ់​យក​គុណភាព​សិស្ស៖ «មុខវិជ្ជា​ស្ទើរ​ទាំងអស់ ខ្ញុំ​អាច​ធ្វើ​បាន​ទាំង​មុខ​គណិតវិទ្យា រូបវិទ្យា ជីវវិទ្យា ដែល​ជា​មុខវិជ្ជា​ពិបាក ក៏​ខ្ញុំ​ធ្វើ​បាន​ដែរ ដូច្នេះ​ខ្ញុំ​សង្ឃឹម ៨០% ថា​ខ្ញុំ​បាន​និទ្ទេស​ល្អ»

ជា​បេក្ខជន​ប្រឡង​នៅ​មណ្ឌល​វិទ្យាល័យ បាក់​ទូក ម្នាក់​ទៀត កញ្ញា សំ ភាផាឌី បាន​និយាយ​ដែរ​ថា បើ​ទោះ​ជា​ការ​ប្រឡង​រឹត​បន្តឹង​ក្តី តែ​វិញ្ញាសា​ប្រឡង​មិន​សូវ​តឹង​តែង​នោះ​ទេ បង្ក​ភាព​ងាយ​ស្រួល​ឲ្យ​សិស្ស​ភាគ​ច្រើន​ធ្វើ​រួច​រាល់​ស្ទើរ​តែ​គ្រប់​គ្នា។

ចំណែក​ឯ​បេក្ខជន​ប្រឡង​មក​ពី​មណ្ឌល​ប្រឡង​សន្ធរ​មុខ ឯណោះ​វិញ កញ្ញា ហេង អៀងណា បាន​ឲ្យ​ដឹង​ថា ការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ ក្រសួង​មិន​អនុញ្ញាត​ឲ្យ​យក​សំណៅ​ឯកសារ និង​ឧបករណ៍​អេឡិចត្រូនិក​ទៅ​ក្នុង​បន្ទប់​ប្រឡង​ទេ។ លើស​ពី​នេះ មិន​មាន​ការ​ចំណាយ​លុយ​ទៅ​លើ​អនុរក្ស​នោះ​ដែរ៖ «គ្រូ​អនុរក្ស​មុន​ពេល​ចូល​មណ្ឌល​ប្រឡង​គេ​ឆែក ពេល​ទៅ​បន្ទប់​ប្រឡង​គេ​ឆែក​ទៀត គេ​មិន​ឲ្យ​មើល​គ្នា ឬ​យក​ទូរស័ព្ទ​ចូល​នោះ​ទេ»

ជា​អាណាព្យាបាល​ម្នាក់​ដែល​បាន​មក​ចាំ​ទទួល​កូន​នៅ​វិទ្យាល័យ បាក់​ទូក លោក ទិត្យ បុរី បាន​និយាយ​ថា លោក​មិន​សូវ​ព្រួយ​បារម្ភ​ពី​លទ្ធផល​ប្រឡង​របស់​កូន​លោក​នោះ​ទេ។ លោក ទិត្យ បុរី បាន​ឲ្យ​ដឹង​ទៀត​ថា ការ​ប្រឡង​រយៈពេល​ពីរ​ថ្ងៃ​នេះ ឃើញ​ថា​មាន​សភាព​ស្ងប់ស្ងាត់ មិន​សូវ​រញ៉េរញ៉ៃ​ដូច​ឆ្នាំ​មុនៗ​នោះ​ទេ ដោយសារ​តែ​ប្រឡង​ឆ្នាំ​នេះ​វិញ្ញាសា​តាម​មុខវិជ្ជា​នីមួយៗ​ងាយ​ស្រួល​ជាង​មុន៖ «ឆ្នាំ​នេះ​មិន​ឃើញ​មាន​អ្នក​ណា​បោះ​ប្រ៊ុយយ៉ុង គេ​យាម​បាន​ល្អ មិន​ដូច​ឆ្នាំ​មុនៗ​ទេ ឃើញ​ថា​មាន​សណ្ដាប់ធ្នាប់​ល្អ»

ទន្ទឹម​គ្នា​នឹង​សិស្សានុសិស្ស​ប្រឡង​ឌីប្លូម សង្ឃឹម​ជាប់​ច្រើន​នេះ​ដែរ រដ្ឋមន្ត្រី​ក្រសួង​អប់រំ លោក ហង់ ជួនណារ៉ុន ប្រាប់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​១១ សីហា ថា ការ​ប្រឡង​ឌីប្លូម​ដែល​ទើប​នឹង​បិទ​បញ្ចប់​នៅ​ថ្ងៃ​ទី​១១ សីហា មិន​មាន​បញ្ហា​មិន​ប្រក្រតី​ណា​មួយ​កើត​ឡើង​នោះ​ទេ ព្រោះ​ថា​ចាប់​ពី​ឆ្នាំ​២០១៤ មក ក្រសួង​អប់រំ បាន​ប្រគល់​សិទ្ធិ​អំណាច និង​ការ​ទទួល​ខុស​ត្រូវ​ទាំង​ស្រុង​ជូន​គ្រឹះស្ថាន​មធ្យម​សិក្សា​នីមួយៗ រៀបចំ​ការ​ប្រឡង ដោយ​រាប់​ទាំង​ពី​ការ​រៀបចំ​ប្រធាន​វិញ្ញាសា ដំណើរ​ការ​សំណេរ កំណែ​ស្រង់​បូក​ពិន្ទុ និង​ប្រកាស​លទ្ធផល។

លោក ហង់ ជួនណារ៉ុន បាន​ឲ្យ​ដឹង​ទៀត​ថា លទ្ធផល​ដែល​ទទួល​បាន​អាច​ប្រហាក់​ប្រហែល​នឹង​ឆ្នាំ​មុន ដែល​មាន​អ្នក​ជាប់​រហូត​ជាង ៩០​ភាគរយ (៩៥%) ប៉ុន្តែ​លោក​ថា យ៉ាង​ណា​ក៏ដោយ ក្រសួង​នឹង​ធ្វើ​ការ​វាយ​តម្លៃ​លទ្ធផល​ដែល​ទទួល​បាន ដើម្បី​ជំរុញ​ឲ្យ​ការ​ប្រឡង​លើក​ក្រោយ​កាន់​តែ​ប្រសើរ​ឡើង៖ «ប្រឡង​ឌីប្លូម​ឆ្នាំ​នេះ វា​មិន​មាន​អ្វី​ដែល​គួរ​ឲ្យ​ព្រួយ​បារម្ភ​នោះ​ទេ អាច​នឹង​ជាប់​រហូត​ដល់ ៩០% ប៉ុន្តែ​ក្រសួង​នឹង​ប្រមូល​លទ្ធផល ឬ​បញ្ហា​ប្រឈម​ទៅ​ធ្វើ​ការ​វាយ​តម្លៃ ដើម្បី​ស្វែងរក​ចំណុច​ខ្លាំង ឬ​ចំណុច​ខ្សោយ ធ្វើ​យ៉ាង​ពង្រឹង​គុណភាព​អប់រំ​បន្ត​ទៀត»

ប្រឡង​សញ្ញាបត្រ​បឋម​ភូមិ​ទូទាំង​ប្រទេស​នៅ​ឆ្នាំ​២០១៥ នេះ មាន​បេក្ខជន​ចូលរួម​ប្រឡង​មាន​ជាង ១០​ម៉ឺន​នាក់ និង​ចែក​ជា ១.៥៧៣​មណ្ឌល​ប្រឡង៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles