
អ្នកភូមិបឹងកក់ក្នុងថ្ងៃរំឭកខួប ៤ ឆ្នាំនៃការចេញអនុក្រឹត្យកាត់ដីជូនពួកគាត់ពីម្សិលមិញ ។ រូបថត សុភចរិយា
Wed, 12 August 2015
ឃុត សុភចរិយា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ «អនុក្រឹត្យលេខ ១៨៣ បានផ្ដល់នូវក្ដីសង្ឃឹម និងការឈឺចាប់ខ្លោចផ្សាច្រើនរាប់មិនអស់សម្រាប់យើងខ្ញុំទាំងអស់គ្នានៅតំបន់បឹងកក់»។ នេះគឺជាការលើកឡើងរបស់អ្នកស្រី ទេព វន្នី តំណាងពលរដ្ឋរងគ្រោះក្នុងតំបន់បឹងកក់ក្នុងពិធីប្រារព្ធខួបបួនឆ្នាំនៃការចេញអនុក្រឹត្យលេខ ១៨៣ របស់ប្រមុខរាជរដ្ឋាភិបាលចុះថ្ងៃទី ១១ ខែសីហា ឆ្នាំ ២០១១ ដែលបានផ្ដល់ដីទំហំ ១២,៤៤ ហិកតាដល់ពួកគាត់ប្រមាណជាង ៧០០ គ្រួសារដែលនៅសល់ពីការបណ្ដេញចេញ។
អ្នកស្រីបន្តថាក្នុងរយៈពេលបួនឆ្នាំមកនេះអ្នកបឹងកក់មិនភ្លេចនូវគុណូបការៈរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ម្ដងណាឡើយដែលគិតគូរអំពីទុក្ខលំបាករបស់ពលរដ្ឋក្រីក្រក្នុងសហគមន៍បឹងកក់ដោយបានដាក់ចេញនូវអនុក្រឹត្យដើម្បីបញ្ចប់ទំនាស់ដីធ្លីក្នុងតំបន់នេះឲ្យបានឆាប់មានតម្លាភាព និងប្រសិទ្ធភាព។
អ្នកស្រីបានបញ្ជាក់ថា៖ «អនុក្រឹត្យលេខ ១៨៣ នេះបានផ្ដល់ក្តីសង្ឃឹម និងទំនុកចិត្តជាខ្លាំងដល់សហគមន៍បឹងកក់យើងខ្ញុំ។ តាមរយៈអនុក្រឹត្យនេះមានអ្នកបឹងកក់ប្រមាណជាង ៦០០ គ្រួសារហើយដែលទទួលបានប្លង់កម្មសិទ្ធិដីធ្លីពីរដ្ឋបើទោះជាគ្រួសារខ្លះទទួលមិនបានគ្រប់ទៅតាមទំហំដីជាក់ស្ដែងដែលខ្លួនមានក៏ដោយ»។
ទោះជាបែបណាក្ដីអ្នកស្រី ទេព វន្នី ដែលជាម្ចាស់ពានរង្វាន់សន្តិភាពផ្នែកតស៊ូមតិដើម្បីសេរីភាព និងសិទ្ធិមនុស្សនៃកម្មវិធីវឺត្យូលវ៉យ (Virtual Voice )ឆ្នាំ ២០១៣ កន្លងមកនេះបានថ្លៃងរំឭកពីព្រឹត្តិការណ៍សំខាន់មួយចំនួនពាក់ព័ន្ធនឹងភាពអយុត្តិធម៌សង្គមដែលបានកើតមានចំពោះស្ត្រី និងកុមារក្នុងសហគមន៍បឹងកក់ក្រោយពីអនុក្រឹត្យនេះត្រូវបានប្រកាសដោយអតីតអភិបាលរាជធានីភ្នំពេញលោក កែប ជុតិមា។
អ្នកស្រីថ្លែងថាមួយថ្ងៃក្រោយការប្រកាសអនុក្រឹត្យនេះពលរដ្ឋប្រមាណជាង ១០០ គ្រួសារនៅក្នុងភូមិ ១, ភូមិ ៦, ភូមិ ២២ និង ភូមិមួយចំនួនទៀតដែលមានលំនៅឋានជាប់មាត់បឹង និងត្រូវបានក្រុមហ៊ុនស៊ូកាគូអ៊ីនបូមខ្សាច់កប់ពន្លិច និងវាយកម្ទេចផ្ទះចោលត្រូវបានគេប្រកាសកាត់ចេញពីគម្រោងទទួលបានចំណែកដីនៃអនុក្រឹត្យនេះទៅវិញ។ ព្រោះតែដូច្នោះស្ត្រីជាច្រើនបានចេញមុខតវ៉ាជាថ្មីដើម្បីការពារសិទ្ធិលំនៅឋាន និងការពារអនុក្រឹត្យដ៏មានតម្លៃរបស់ប្រមុខរដ្ឋាភិបាលប៉ុន្តែជាលទ្ធផលដ៏គួរឲ្យខ្លោចផ្សាបំផុតនោះស្ត្រីមួយចំនួនត្រូវបានកម្លាំងសមត្ថកិច្ចជាពិសេសក្រុមសន្តិសុខក្រៅក្របខ័ណ្ឌរដ្ឋដែលត្រូវបានជួលដោយអាជ្ញាធរខណ្ឌដូនពេញ និងរាជធានីភ្នំពេញរួមទាំងក្រុមហ៊ុន ស៊ូកាគូអ៊ីន វាយដំច្រំធាក់រហូតដល់រលូតកូន ខ្លះបែកក្បាល បាក់និងថ្លោះគ្រេចជើង ដៃ និងខ្លះទៀតត្រូវចាប់ដាក់ពន្ធនាគារជាច្រើនលើកក្នុងនោះរួមទាំងអ្នកស្រីផងដែរ។
អ្នកស្រីបញ្ជាក់ថា៖ «ការពិតដំណោះស្រាយដីធ្លីនៅបឹងកក់ត្រូវបានដោះស្រាយចប់ជាស្ថាពរតាំងពីឆ្នាំ ២០១២ មកម្ល៉េះប្រសិនបើអាជ្ញាធរមូលដ្ឋានគ្មានការឃុបឃិតប្រព្រឹត្តអំពើពុករលួយ និងអនុវត្តត្រឹមត្រូវតាមខ្លឹមសារនៃអនុក្រឹត្យនោះ។»
អ្នកស្រីបានហៅទង្វើមិនគោរព និងអនុវត្តអនុក្រឹត្យថាជាការ «ជាន់ឈ្លី និងប្រមាថមើលងាយ» ដល់នាយករដ្ឋមន្ត្រី។
ជាមួយគ្នានេះក្រុមអ្នកចូលរួមបាននាំគ្នាអំពាវនាវដល់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ជួយឃ្លាំមើលការអនុវត្តខ្លឹមសារនៃអនុក្រឹត្យនេះរបស់មន្ត្រីថ្នាក់ក្រោមជាតិ និងថ្នាក់កណ្ដាលដោយក្រុមអ្នកភូមិអះអាងថាការយឺតយ៉ាវមិនមែនបង្កឡើងដោយសារពួកគាត់តវ៉ានោះទេប៉ុន្តែមកពីមន្ត្រីអាជ្ញាធរមួយចំនួនមិនគោរពអនុវត្តអនុក្រឹត្យតែម្តង។
អ្នកស្រី ផាន់ ឈុនរ៉េត តំណាងគ្រួសារមួយក្នុងចំណោម ២៧ គ្រួសារដែលមិនទាន់ទទួលបានដំណោះស្រាយនិយាយថា៖ «គិតមកត្រឹមថ្ងៃទី ១១ ខែ សីហាឆ្នាំនេះគឺមានរយៈពេលបួនឆ្នាំហើយតាំងពីអនុក្រឹត្យនេះចេញមកប៉ុន្តែគ្រួសារខ្ញុំនៅមិនទាន់បានប្លង់ដីពីរដ្ឋទេ»។
ពាក់ពន្ធនឹងបញ្ហាទាំងនេះលោក ឡុង ឌីម៉ង់ អ្នកនាំពាក្យសាលារាជធានីភ្នំពេញបានថ្លែងថាបើអាជ្ញាធរគ្មានឆន្ទៈដោះស្រាយនោះម្ល៉េះមិនមានការផ្ដល់ប្លង់កម្មសិទ្ធិស្របច្បាប់ជាង ៦៥០ ប័ណ្ណនោះទេហើយក៏នឹងមិនបើកចំហរកដំណោះស្រាយជាមួយអ្នកនៅសេសសល់ទៀតដែរ។
លោក ឡុង ឌីម៉ង់ ថ្លែងថា៖ «យើងមិនអាចផ្ដល់ដំណោះស្រាយតាមការទាមទារចង់បាននោះទេពោលគឺមិនអាចដោះស្រាយតាមរបៀបដំរីជុះ ជុះតាមដំរីនោះទេ»៕