Sat, 8 August 2015
ភ្នំពេញប៉ុស្តិ៍
ដោយមានចំណង់ចំណូលចិត្តបូករួម និងក្តីស្រឡាញ់ម៉ូតូ និងទេពកោសល្យដែលមានតាំងពីតូចព្រមទាំងមានគំនិតច្នៃប្រឌិតតាមការមើលវីដេអូលើបណ្តាញអ៊ីនធឺណិតខ្លះៗទៀតបានជំរុញឲ្យលោក លាយ សុខ មានគំនិត កែច្នៃម៉ូតូគ្រប់ម៉ាកគ្រប់ស៊េរីមានតាំងពីម៉ូតូម៉ូបូឡែត( Mobylette) វែសស្ប៉ា (Vespa) ជាដើម។
ស្ថិតក្នុងវ័យ ៦៥ ឆ្នាំ លោក សុខ ជាជាងជួសជុលម៉ូតូនៅខាងជើងផ្សារទួលទំពូងតាំងពីឆ្នាំ ១៩៨០ មក។ លោក សុខ បានប្រាប់ពីមូលហេតុដែលលោកកែច្នៃម៉ូតូនេះថា៖ «ខ្ញុំស្រឡាញ់ និងចូលចិត្តម៉ូតូអ្វីដែលប្លែកខុសពីគេ។ ពាក្យដែលថាកែច្នៃម៉ូតូនេះ គឺបើនិយាយទៅយើងធ្វើការផ្លាស់ប្តូររូបរាងឲ្យម៉ូតូយើងធ្វើយ៉ាងណាឲ្យវាមានភាពទាក់ទាញប្លែកភ្នែកចំពោះមនុស្សគ្រប់គ្នា»។
ម៉ូតូដែលលោកបានកែច្នៃដំបូងគេបង្អស់គឺម៉ូតូម៉ូបូឡែតដែលលោកបានកែច្នៃកាលពីឆ្នាំ ២០១៣ ហើយលោកបានលក់ទៅឲ្យជនជាតិបារាំងម្នាក់ក្នុងតម្លៃប្រហែល ៣ ពាន់ដុល្លារអាមេរិក។
លោកក៏បានបញ្ជាក់ដែរថា អតិថិជនរបស់លោកគឺភាគច្រើនជាក្មេងជំទង់ដែលចូលចិត្តម៉ូតូណាបែបប្លែកពីគេហើយក៏មានជនជាតិថៃផងដែរ។
លោកបានបន្តថាចាប់ពីអំឡុងឆ្នាំ ២០១៣ មកលោកបានទទួលកែច្នៃម៉ូតច្រើនហើយការកែច្នៃសុទ្ធតែមានកុងត្រារៀងៗខ្លួនហើយការកែច្នៃត្រូវប្រើរយៈពេលប្រហែល ៣ សប្តាហ៍ទើបរួចរាល់។
ចំពោះការកែច្នៃម៉ូតូភាគច្រើនលោកធ្វើតែម្នាក់ឯងទេជួនកាលលោកត្រូវការកូនជាងម្នាក់ដើម្បីជួយលោក និង កូនប្រុសលោកម្នាក់ទៀត។ លោកមិនមានឧបករណ៏បច្ចេកទេសណាទំនើបៗមកជួយឡើយគឺធ្វើដោយដៃ និងឧបករណ៍មួយចំនួនដែលសាមញ្ញៗដូចជារណាមួយម៉ូទ័រកាត់មួយទេ និងឧបករណ៍ផ្សេងៗ ដែលវាមិនមែនជាឧបករណ៍ទំនើបក្នុងលក្ខណៈជាទ្រង់ទ្រាយធំទេព្រោះតូបរបស់លោកនៅតូចនៅឡើយ។
លោកបានបន្តដោយទឹកមុខញញឹមថា៖ «លោកមិនចាំបាច់គូសម៉ូតអីទេមុនពេលកែច្នៃ គឺរូបភាពនៃម៉ូតូនោះបានលេចចេញមកភ្លាមៗតែម្តងហើយរាល់ម៉ូតូកែច្នៃរបស់ខ្ញុំគឺមានគេពេញចិត្តរហូត។ ការកែច្នៃម៉ូតូត្រូវមានការអត់ធន់រួមផ្សំជាមួយនឹងអារម្មណ៍ត្រូវតែល្អ និងមានភាពច្នៃប្រឌិតខ្ពស់ទើបម៉ូតូដែលយើងធ្វើចេញមកវាមានភាពទាក់ទាញ»។
គួរបញ្ជាក់ផងដែរថា លោកមិនត្រឹមតែកែច្នៃម៉ូតូម៉ូបូឡែតតែមួយមុខទេ គឺលោកកែច្នៃម៉ូតូគ្រប់ប្រភេទដែលអតិថិជនកុម្ម៉ង់។ ម៉ូតូដែលលោកកែច្នៃគឺភាគច្រើនលោកបានទិញមកពីឃ្លាំង។ ដូច្នេះអតិថិជនចូលចិត្តមកកុម្ម៉ង់ឲ្យលោកធ្វើព្រោះគេដឹងថានៅពេលដែលម៉ូតូដែលយកមកពីឃ្លាំងមានគុណភាពល្អ ម៉ាស៊ីននៅល្អដូចនេះកែតែរូបរាងទៅគឺអាចជិះបានដោយមិនខ្លាចឆាប់ខូចម៉ាស៊ីន។
លោក សុខ ពោលថា៖ «មកទល់និងសព្វថ្ងៃលោកបានលក់ និងកែច្នៃម៉ូតូសរុបប្រហែល ២០ គ្រឿងហើយ»។ បើតាម លោកខុសតម្លៃម៉ូតូកែច្នៃគឺស្ថិតនៅលើការកម្មង់របស់អតិថិជន។ ប្រសិនបើអតិថិជនត្រូវការកម្មង់ឲ្យដាក់គ្រឿងតុបតែងច្រើនដែលមានតម្លៃថ្លៃ ឬតម្រូវឲ្យលោកកែច្នៃច្រើនតម្លៃគឺទៅតាមហ្នឹងដែរ។
លោកថា ដូចជាម៉ូតូជាវេស្ប៉ាដែលមានតម្លៃថ្លៃស្រាប់នៅពេលកែច្នៃរួចតម្លៃវានឹងកើនឡើង។ ដូច្នេះតម្លៃអាចមានដល់ទៅ ៥ ពាន់ ឬម៉ឺនដុល្លារក៏មានដែរ៕
អត្ថបទដោយ ចាន់ ជីវ៉ា

