ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ថា​ច្បាប់​អង្គការ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​និង​បិទផ្លូវ​តវ៉ា​

ដោយ៖​ ទូច សុខា​ | ថ្ងៃពុធ ទី12 សីហា 2015, 05:28 PM​
http://vodhotnews.com


ក្រុម​​ប្រឹក្សា​ធម្មនុញ្ញ​សម្រេច​ថាសេចក្តីព្រាង​ច្បាប់​ស្តី​ពី​សមាគមនិង​អង្គការ​មិន​មែន​រដ្ឋា​ភិ​បាលដែល​រដ្ឋ​សភាបាន​អនុម័តនិង​ព្រឹទ្ធបានពិនិត្យនិង​ឯកភាព​ទាំង​ស្រុង​កាល​ពី​ពេល​កន្លង​មក​នោះ​ គឺ​ស្រប​តាមរដ្ឋ​ធម្ម​នុញ្ញ ទោះ​បីជា​មាន​ការ​មិន​គាំ​ទ្រ​ពី​គណបក្សសង្រ្គោះជាតិ​និង​សង្គម​ស៊ីវិល​មួយ​ចំនួន​ក៏​ដោយ។

នៅ​រសៀល​ថ្ងៃ​ពុធនេះ​ ក្រុម​ប្រឹក្សាធម្មនុញ្ញបាន​ប្រ​ជុំ​ពេញ​អង្គនិង​សម្រេច​ថាសេចក្តីព្រាង​ច្បាប់នេះស្របទៅ​តាម​រដ្ឋ​ធម្មនុញ្ញកម្ពុជា។  សេចក្តី​សម្រេចនេះធ្វើ​ឡើង​បន្ទាប់ពីសមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញបាន​ស្តាប់​របស់​តំណាង​​រដ្ឋា​ភិ​បាលកាលពី​ថ្ងៃ​អង្គារ​និង​ស្តាប់​មតិ​ជំទាស់​​របស់​តំណាង​រាស្រ្ត​គណបក្ស​ប្រ​ឆាំង លោក សុន ឆ័យ​ កាល​ពី​ព្រឹក​មិញ។

សេចក្តីសម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញក៏​បញ្ជាក់​ដែរថាការ​សម្រេច​ស្ថាពរនេះបិទផ្លូវ​តវ៉ា ហើយ​មាន​អនុ​ភាព​អ​នុវត្តទៅលើ​អំណាច​ទាំង​អស់​ដែលមាន​ចែង​រដ្ឋ​ធម្មនុញ្ញនិង​ត្រូវចុះ​ផ្សាយ​ក្នុង​រាជ​កិច្ច។

អ្នក​នាំ​ពាក្យ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ មាន​ប្រ​សាសន៍​ក្រោយ​ពី​ការ​ចេញ​សេចក្តី​សម្រេច​នេះថាសមាជិកក្រុម​ប្រឹក្សា​ធម្មនុញ្ញមិន​ត្រូវ​អនុញ្ញាតឲ្យ​មាន​ការ​បក​ស្រាយ​អ្វី​ទាក់​ទង​នឹង​សេចក្តី​សម្រេច​​នេះ​ទេ។ លោក​ថាសេចក្តី​សម្រេចនេះ​ជា​ការ​សម្រេច​រួម​របស់​សមាជិក​ទាំង​៩​រូប។​ ​ លោក​បន្ថែម​ថា ​៖ “តាម​គោល​ការណ៍​ខ្ញុំ​ជម្រាប​ក្មួយ​អ៊ីចេះ  កាល​ណា​សេចក្តី​សម្រេច​ចេញ​ហើយ​អ៊ីចឹង សមាជិក​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ទាំង​៩រូប​នេះគ្មាន​សិទ្ធិ​ធ្វើ​Comment(ផ្តល់​ជា​យោបល់)អ្វី​ទេ ហើយ​ក៏​គ្មាន​សិទ្ធិ​បកស្រាយ​អ្វី​ដែរ  ព្រោះសេចក្តីសម្រេចនេះ​ជា​បញ្ញាញាណរួម​របស់​កិច្ចប្រ​ជុំ”

តំណាងរាស្រ្តគណបក្ស​សង្គ្រោះជាតិដែល​ដាក់​លិខិតទៅ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ឲ្យ​ពិនិត្យ​ទៅធម្ម​នុញ្ញ​ភាពរបស់​ច្បាប់​នេះ លោក សុន ឆ័យ មាន​ប្រ​សាសន៍​ថាលោក​មិន​ទាន់​បាន​ឃើញ​សេចក្តី​សម្រេច​នេះ​នៅ​ឡើយ​​។ លោកក៏មិន​បាន​បញ្ចេញ​យោបល់​អ្វី​ទាក់ទង​នឹង​សេចក្តី​សម្រេច​នេះ​ទេ ដោយ​លោក​ថានេះ​ជាការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ។ ទោះ​យ៉ាង​ណា លោក​ថាលោក​ចង់​មើល​ចម្លើយ​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញទា​ក់​ទង​ទៅ​នឹង​លិខិត​របស់​លោក​ផង​ដែរ។

លោក​ សុន ឆ័យ ឲ្យ​ដឹង​ដែរ​ថាលោក​នឹង​បន្ត​ស្នើ​ឲ្យ​មាន​ការ​ធ្វើ​វិសោធនកម្ម​លើ​​ច្បាប់​សមាគមនិង​អង្គការមិនមែន​រដ្ឋា​ភិ​បាល បន្ទាប់​ពី​ច្បាប់​​នេះ​ចូល​ជា​ធរមាន។​លោក​បន្ថែម​ថា៖ “​បាទ​ដូច​ជា​មាន​វិធី​តែ​មួយ​ទេ គឺធ្វើ​សំណើ​វិសោធនកម្ម​ច្បាប់​ហ្នឹង​នៅ​ពេល​ច្បាប់​ហ្នឹងចូលជា​ធរមាន​បាទ”

មន្ត្រីឃ្លាំមើការរំលោសិទ្ធិមនុស្សនៅអង្គការលីកាដូ  លោក អំ សំអាត មានប្រ​សាសន៍​ថាលោក​សោក​ស្តាយ​ចំពោះ​សេចក្តី​សម្រេច​របស់​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​នេះ ដោយ​លោក​ថាច្បាប់នេះ​មាន​ភាព​ចម្រូង​ចម្រាសរវាង​​រដ្ឋា​ភិ​បាលជាមួយ​អង្គការសមាគមជាតិ​និង​អន្តរជាតិ។ ទោះ​យ៉ាងណា លោក​ថាការ​សម្រេច​នេះក៏មិន​មែន​អ្វី​ប្លែ​ក​នោះទេ ដោយ​លោក​ថាការ​អះអាង​របស់​គណបក្សទាំង​ពីរកាលពី​ថ្ងៃ​ទី​១០ខែ​សីហាក្នុងជំនួប​នៅ​វិមាន​រដ្ឋសភា ហាក់​បាន​បើក​ផ្លូវ​ដល់ការ​សម្រេច​នេះ​រួច​ជា​ស្រេចទៅហើយ។

លោក​បន្ថែមថា៖ “(គណបក្ស​ទាំង​ពីរ)​បានព្រម​ព្រៀង​គ្នា​ថា បើ​ច្បាប់នេះអនុវត្តទៅ​ហើយ​មាន​ការប៉ះពាល់​ដល់​សិទ្ធិសេរីភាព​ដល់​ប្រ​ជា​ពល​រដ្ឋ​​រំលោភ​សិទ្ធិមនុស្សនឹង​ធ្វើ​វិសោធនកម្ម អាហ្នឹង​ជា​សញ្ញា​មួយសម្រាប់​ក្រុម​ប្រឹក្សា​ធ្វើការ​សម្រេច​នេះ”

កាលពី​ថ្ងៃទី​៣០ខែ​កក្កដា ឆ្នាំ​២០១៥ តំណាងរាស្រ្តគណបក្ស​សង្រ្គោះជាតិ​១៣រូបបាន​ស្នើ​ឲ្យ​ក្រុមប្រឹក្សាធម្មនុញ្ញ ​ពិនិត្យ​មើល​​​ធម្មនុញ្ញ​ភាព​នៃ​ច្បាប់​នេះ ដោយ​ចាត់ទុក​ថា​វា​​ផ្ទុយ​នឹង​រដ្ឋធម្មនុញ្ញនិង​ច្បាប់អន្តរជាតិ។​ លិខិត​របស់តំណាងរាស្រ្តដែល​បាន​ដាក់ទៅក្រុម​ប្រឹក្សាធម្មនុញ្ញបាន​លើក​ឡើង​ពី​មា​ត្រា​មួយ​ចំនួន​នៃ​ច្បាប់​អង្គការ​ដែល​ពួក​គេ​យល់​ថា​​រឹតត្បិតសិទ្ធិសេរីភាព ដូចជា​ការ​​ទាម​ទារឲ្យបុគ្គល​​មាន​អាយុ​គ្រប់​១៨ឡើង​ទៅ ​ទើប​អាច​បង្កើត​សមាគម​ឬ​អង្គការ​ ការ​តម្រូវ​ឲ្យ​​ចុះ​បញ្ជី ការតម្រូវ​ឲ្យ​​ចុះ​បញ្ជីនៅក្រសួងមហាផ្ទៃ ​ ការ​តម្រូវ​​ឲ្យ​ប្រកាន់ជំហរអព្យា​ក្រឹតចំពោះ​គណបក្ស​​ន​យោបាយនិង​ការត្រួតពិនិត្យ​និង​សវនកម្ម​លើ​​សមាគម​ឬ​អង្គការ។

​គួរ​បញ្ជាក់​ថា ថ្មីៗនេះ គណបក្ស​ប្រជាជន​កម្ពុជានិង​គណបក្ស​សង្គ្រោះ​ជាតិធ្លាប់​អះអាងថានឹង​ធ្វើ​វិសោធនកម្ម​ច្បាប់នេះ​ ប្រសិនបើ​ច្បាប់​នោះ​អនុវត្ត​ទៅ មាន​ការប៉ះពាល់​ដល់​សិទ្ធិសេរីភាពនិង​ប្រយោជន៍​របស់​ប្រជាពលរដ្ឋ​៕

សូមសរសេរ​មក​កាន់​លោក ទូច សុខា តាម​រយៈ​sokha@vodhotnews.com  


លោក សុន ឆ័យ ស្នើឲ្យកែច្បាប់ NGO ខណៈក្រុមប្រឹក្សាធម្មនុញ្ញបិទផ្លូវតវ៉ា (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃពុធ ទី12 សីហា 2015, 06:37 PM​
http://vodhotnews.com

លោក សុន ឆ័យ ស្នើឲ្យកែច្បាប់NGOខណៈក្រុមប្រឹក្សាធម្មនុញ្ញបិទផ្លូវតវ៉ា


What Next?

Recent Articles