សមាគមរោងចក្រកាត់ដេរ​ថា​រោង​ចក្រ​ភាគ​ច្រើន​មិន​ចង់ដំឡើង​ប្រាក់ឈ្នួល​​ឲ្យ​កម្ម​ករ​នៅ​ឆ្នាំ​២០១៦​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃពុធ ទី12 សីហា 2015, 05:40 PM​
http://vodhotnews.com


សមាគមរោង​ចក្រ​កាត់​កាត់​ដេរ​កម្ពុជា (GMAC) បាន​ឲ្យ​ដឹង​ថា​តាមរយៈ​ការ​ស្ទង់មតិ បណ្ដា​រោង​ចក្រ​ជាច្រើន​​ក្នុង​ប្រ​ទេស​កម្ពុជា​មិន​ចង់​ដំឡើង​ប្រាក់​ខែ​គោល​អប្បបរមា​ឲ្យ​កម្ម​ករ​សម្រាប់​ឆ្នាំ​២០១៦។

អគ្គលេខាធិការ​GMAC លោក ខេន លូ ប្រាប់​វីអូឌី(VOD)នៅថ្ងៃពុធនេះ​ថាសមាគម​រោង​ចក្រកាត់​ដេរ​កម្ពុជាតំណាង​ឲ្យ​រោង​ចក្រ​នាំ​ចេញ​ផលិត​ផល​កាត់​ដេរចំនួន​៥៦០​និងរោង​ចក្រ​​ស្បែក​ជើងចំនួន​៥៦ បានស្ទង់មតិ​ក្នុង​ចំណោម​រោងចក្រ​ជាង​២០០អំពី​ការ​ដំឡើង​​​ប្រាក់​ឈ្នួល​​ឲ្យ​កម្ម​ករ​នៅ​ឆ្នាំ​២០១៦លើសពី​​ប្រាក់​ឈ្នួល​គោល​​បច្ចុប្បន្ន១២៨ដុល្លារ​។ លោក​​​បន្ត​ថាជា​លទ្ធផល មាន​រោង​ចក្រ​ជាង​៦០ភាគ​រយ​បញ្ជាក់​ថាពួក​គេ​គ្មាន​លទ្ធ​ភាព​ដំឡើង​​ប្រាក់​ខែ​ឲ្យ​កម្ម​ករ​នោះ​ទេ ប៉ុន្ដែ​មាន​​រោង​ចក្រ​២៦ភាគ​រយ ឯកភាព​​ដំឡើង​ប្រាក់​ឈ្នួល​ឲ្យ​កម្ម​ករ​​ចាប់​ពី​១ដុល្លារដល់៥ដុល្លារសម្រាប់​ឆ្នាំ​២០១៦​។

លោក​មានប្រសាសន៍ថា៖“ មាន​រោង​ក្រ​ជាង​៦០​ភាគរយ​ គេ​មិន​អាច​ដំឡើង​​ប្រាក់​ខែ​ឲ្យ​កម្ម​ករ​នៅ​ឆ្នាំ​២០១៦​នោះ​ទេ ដោយ​សារ​គេ​(ម្ចាស់​រោង​ចក្រ)ថាអត់​មាន​លទ្ធភាព ទំនិ​ញ(ផលិត​បាន)​អត់​កើន​ឡើង​ អត់​មាន​ចំណូលណា​ទៅ​ដំឡើង​​ប្រាក់​ខែ​ឲ្យ​កម្ម​ករ”។

លោក ខេន លូ ​បន្ដ​ថាសមាគមរោងចក្រកាត់ដេរ​នឹង​យក​លទ្ធផល​ដែល​ខ្លួន​រក​ឃើញ​នេះ ចង​ក្រង​ជា​របាយ​ការណ៍​ដាក់​ទៅ​រដ្ឋា​ភិបាលនិង​សហជីព ​ដើម្បី​ធ្វើ​ការ​ពិចារណា​ក្នុង​កិច្ច​ប្រ​ជុំ​ត្រី​ភាគីក្នុង​ខែ​កញ្ញាខាងមុខ អំពី​ការដំឡើង​​ប្រាក់​ឈ្នួល​​គោល​ឲ្យ​កម្មករ​នៅ​ឆ្នាំ​២០១៦ខាង​មុខ​។  

ប្រធាន​សហភាព​ការងារ​កម្ពុជា​ លោក អាត់ ធន់ បាន​បញ្ជាក់​ថាការ​លើក​ឡើង​របស់​សមាគម​រោង​ចក្រកាត់ដេរ​គ្រាន់​តែ​”ល្បិច​បញ្ឆោត​របស់​ថៅ​កែ​រោង​ចក្រ”​ ដែល​លោក​ថាពួក​គេ​ទាំង​នោះ​​មិន​ចង់​ដំឡើង​ប្រាក់ឈ្នួល​គោល​​ឲ្យ​កម្ម​ករ នៅ​ខណៈ​ពេល​ដែល​ការ​ចរចាត្រី​ភាគី​លើ​​ប្រាក់​ឈ្នួល​នៅ​ឆ្នាំ​២០១៦ខិត​ជិត​មក​ដល់។

លោក អាត់ ធន់ មាន​ប្រសាសន៍​ថា “នេះគ្រាន់តែជាយុទ្ធសាស្ត្ររបស់ខាងសមាគមនិយោជក ដែលគាត់មិនចង់ឲ្យការដំឡើង​​ប្រាក់ឈ្នួលហ្នឹងខ្ពស់ពេក។ ជាទូទៅគឺវាមានន័យថាឡើងកម្រិតទាប កម្រិតមធ្យម និងកម្រិតខ្ពស់។ ប្រសិនបើ​គាត់និយាយមធ្យមវាអាចនឹងឡើង​ដល់កម្រិតខ្ពស់ អញ្ចឹងគាត់និយាយកម្រិតសូន្យ​ដើ​ម្បីឲ្យឡើ​ងខ្ពស់បំផុតត្រឹមមធ្យមអីចឹងទៅនេះជាយុទ្ធសាស្ត្រ។ ហើ​យខ្ញុំមិនដែលឃើញ​GMACចង់ឡើ​ងប្រាក់ខែកម្មករទេតាំងពីឆ្នាំ២០០០មក ទោះបីថាកម្មករគាត់ធ្វើ​ការដួលសន្លប់ហត់ហេវឬក៏មានអ្នកឈឺដោយសារតែការងារច្រើន​យ៉ាងណាក៏ដោយ គាត់ដែលនិយាយថាគាត់ចំណេញអី​ គឺគាត់ចង់គិតគូរពីកម្មករប៉ុណ្ណឹង”។

លោក អាត់ ធន់ ​បន្ដថា ក្នុង​ជំនួប​ត្រីភាគី​នៅខែកញ្ញាខាងមុខនេះ​​ សហជីព​នឹង​ស្នើ​សុំ​ឲ្យ​ភាគី​រោង​ចក្រ​ដំឡើង​​​ប្រាក់​ខែ​កម្មករ​អប្ប​បរមាចំនួន​១៧៧ដុល្លារ ដើម្បី​ឲ្យ​កម្ម​ករ​ទាំង​អស់​អាច​ទទួល​បានស្ថាន​ភាព​រស់នៅសម​រ​ម្យ​។

គួរ​រំឭកថា កាល​ពី​ថ្ងៃ​ទី​០៣ ខែ​សីហា កន្លងទៅ សមា​គមរោងច​ក្រ​កាត់ដេរ​នៅ​កម្ពុជាបាន​ចេ​ញ​សេចក្ដីថ្លែងការណ៍​មួយ​ដោយ​អះ​អាង​ថាវិស័យឧ​ស្សាហកម្ម​កាត់​ដេរ​កម្ពុ​ជា​កំពុង​ជួបប្រទះ​ការលំបាក​ក្នុង​ការប្រកួតប្រជែង​​ជាមួយ​ប្រទេសជិតខាងនិង​ក្នុង​តំបន់ ដោយសារ​តែ​ផលិតភាព​ទាប ចលាចល​ការងារនិង​សម្ពាធ​ប្រាក់​​ឈ្នួល​។ សមាគម​ក៏​បាន​អះអាង​ថាកត្តា​សំខាន់ៗ​ដែល​រាំងខ្ទប់​ដល់​ផលិតភាព​ឧស្សាហកម្ម​កាត់ដេរ​កម្ពុ​ជា​​នោះ​​គឺ​កត្តា​ចំនួន​ថ្ងៃ​ឈប់សម្រាក​ច្រើននិង​តម្លៃ​ថាមពល​អគ្គិសនី​ខ្ពស់​។ សមាគម​បន្ត​ថា​ការចំណាយ​​លើ​ថ្លៃ​ថា​ម​ពល​អគ្គិសនី​សម្រាប់​រោងចក្រ​នៅ​កម្ពុជា​ខ្ពស់ជាង​វៀតណាមនិង​ឥណ្ឌូនេស៊ី​១៥០​ភាគរយនិង​ខ្ពស់ជាង​បង់​ក្លា​ដេស​៣៣​ភាគរយ​៕

សរសេរមក​កាន់​លោក យ៉ា រសាត់ តាម​រយៈ rorsart@vodhotnews.com

What Next?

Recent Articles