ដោយ៖ មាឃ ចាន់ | ថ្ងៃពុធ ទី12 សីហា 2015, 06:02 PM
http://vodhotnews.com
កុមារខ្មែរចំនួន៨នាក់ត្រូវបានស្ថានឯកអគ្គរាជទូតកកម្ពុជានិងក្រសួងអភិវឌ្ឍន៍សង្គមនៃប្រទេសថៃជួយសង្រ្គោះ ក្រោយពីពួកគេត្រូវបានឪពុកម្តាយឲ្យទៅធ្វើជាអ្នកសុំទាននៅប្រទេសថៃ។
សេចក្តីជូនដំណឹងរបស់ក្រសួងការបរទេសចេញផ្សាយនៅថ្ងៃពុធនេះ ឲ្យដឹងថាកុមារទាំង៨នាក់ អាយុពី០៧-១៣ឆ្នាំ នឹងត្រឡប់មកកម្ពុជាវិញតាមច្រកព្រំដែនអន្តរជាតិប៉ោយប៉ែត នៅថ្ងៃទី១៣ខែសីហាឆ្នាំ២០១៥ វេលាម៉ោង១១:៣០ នាទីថ្ងៃត្រង់។
អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជា លោក ជុំ សុន្ទរី មានប្រសាសន៍ថា៖ “ខ្ញុំសូមធ្វើការអំពាវនាវដល់ពលរដ្ឋខ្មែរពិសេសអាណាព្យាបាលទាំងឡាយដែលមានកូនតូចៗក្នុងបន្ទុក សូមគិតគូរឲ្យបានម៉ត់ចត់កុំបណ្តែតបណ្តោយឲ្យកុមារទាំងនោះទៅធ្វើជាអ្នកសុំទានមិនថានៅក្នុងឬនៅក្រៅប្រទេសនិងប្រើប្រាស់ពលកម្មកុមារ ដើម្បីបម្រើផលប្រយោជន៍ផ្ទាល់ខ្លួន ពីព្រោះកុមារគឺជាជនងាយរងគ្រោះនិងជាជនងាយប្រឈមនឹងការជួញដូរ មនុស្ស។ គួរផ្តល់ឱកាសឲ្យកុមារទាំងនោះ បានទៅសាលាដើម្បីរៀនសូត្រប្រសើរជាង”។
អ្នកសារព័ត៌មាននិងជាអ្នកស្រាវជ្រាវសង្គមនៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលសារព័ត៌មានប្រះឆាថៃ លោក Kongpob Areerat ធ្លាប់ប្រាប់វីអូឌី(VOD)ថាផ្អែកតាមការស្រាវជ្រាវរបស់លោកនៅសាកលវិទ្យាល័យ Mahidol អ្នកសុំទានខ្មែរដែលមកសុំទាននៅប្រទេសថៃមានពីរប្រភេទ ទី១ គឺអ្នកមករកការងារធ្វើនៅប្រទេសថៃ តែដោយមិនមានការងារធ្វើ ពួកគេក៏សម្រេចចិត្តសុំទាន ហើយទី២គឺអ្នកដែលមកសុំទានតាមរយៈការជួញដូរមនុស្ស។ លោកមានប្រសាសន៍ថា៖ “ខ្ញុំគិតថាមានពលរដ្ឋថៃមួយចំនួនធ្វើដំណើរទៅព្រំដែនកម្ពុជា ហើយគេបង់ប្រាក់ឲ្យអាជ្ញាធរ ឲ្យនគរបាលដើម្បីរត់ពន្ធពលរដ្ឋខ្មែរពីប្រទេសកម្ពុជាឲ្យយកទៅសុំទាននៅប្រទេសថៃរយៈពេលមួយខែឬពីរខែ ហើយនៅចុងបញ្ចប់នៅពេលដែលពួកគេបានទទួលប្រាក់កម្រៃហើយនោះ ពួកគេបញ្ជូនអ្នកសុំទានទាំងនោះត្រឡប់ទៅប្រទេសដើមវិញ” ។
របាយការណ៍របស់អាមេរិកប្រចាំឆ្នាំ២០១៥ស្តីពីការជួញដូរមនុស្សបានដាក់កម្ពុជាក្នុងចំណាត់ថ្នាក់មួយដែលមិនទាន់គោរពតាមស្តង់ដារអប្បបរមានៃច្បាប់ការពារជនរងគ្រោះដោយការជួញដូរ(TVPA)ដោយលើកឡើងថាកម្ពុជានៅមានជនរងគ្រោះច្រើននៃការជួញដូរ។ របាយការណ៍របស់អាមេរិកឲ្យដឹងថាកម្ពុជាជាប្រភពនិងកន្លែងដែលបុរស ស្រ្តី និងក្មេងបានរងគ្រោះនៃពលកម្មដោយបង្ខំនិងការជួញដូរមនុស្ស។ របាយការណ៍ក៏បានរៀបរាប់ពីការចំណាកស្រុករបស់មនុស្សពេញវ័យនិងក្មេងៗដែលងាយរងគ្រោះនឹងការរំលោភបំពានផ្លូវភេទនិងពលកម្មដោយបង្ខំជាដើម។
គួរបញ្ជាក់ថា កាលពីដើមខែកក្កដា ឆ្នាំ២០១៥ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បានថ្លែងថាក្នុងចំណោមប្រជាពលរដ្ឋខ្មែរប្រមាណ១លាននាក់ដែលទៅធ្វើការនៅក្រៅប្រទេស៧០ភាគរយកំពុងបានទទួលរងការប្រថុយប្រថានធ្វើការងារគ្មានច្បាប់អនុញ្ញាត ការកេងប្រវ័ញ្ចនិងអំពើជួញដូរមនុស្ស។ លោកបានស្នើឲ្យអាជ្ញាធរថ្នាក់ខេត្តនិងអ្នកពាក់ព័ន្ធនានានៅថ្នាក់មូលដ្ឋានត្រូវរួមគ្នាចូលរួមអប់រំណែនាំប្រជាពលរដ្ឋនិងទប់ស្កាត់អំពើជួញដូរមនុស្ស៕
សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com
