សង្គម​ស៊ីវិល​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លើ​ច្បាប់​អង្គការ​ថា​រំលោភ​ច្បាប់

ដោយ ម៉ម មុនីរតន៍
2015-08-12
RFA

សុន ឆ័យ ៦២០
តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ ផ្ដល់​បទសម្ភាសន៍​ដល់​អ្នក​កាសែត​នៅ​ថ្ងៃ​ទី​១២ ខែ​សីហា ឆ្នាំ​២០១៥។ RFA/Morm Moniroth


អង្គការ​មិន​មែន​រដ្ឋាភិបាល បង្ហាញ​ការ​សោកស្ដាយ​នូវ​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ អំពី​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម ដោយ​ចាត់​ទុក​ថា ជា​សេចក្ដី​សម្រេច​ដែល​បង្ក​ឲ្យ​មាន​ភាព​ចម្រូងចម្រាស​បន្ថែម​ទៀត​នៅ​ពេល​ខាង​មុខ។

ប្រតិកម្ម​របស់​អង្គការ​សង្គម​ស៊ីវិល​នៅ​ពេល​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​កិច្ច​ប្រជុំ​ពេញ​អង្គ នៃ​ក្រុមប្រឹក្សា​ធម្មនុញ្ញ បាន​ឯកភាព​ថា ច្បាប់​ស្ដីពី​អង្គការ និង​សមាគម​នេះ មាន​ភាព​ត្រឹមត្រូវ និង​ជា​សេចក្តី​សម្រេច​ស្ថាពរ ហើយ​មាន​អនុភាព​អនុវត្ត​ទៅ​លើ​អំណាច​ទាំងអស់​ដែល​មាន​ចែង​ក្នុង​រដ្ឋធម្មនុញ្ញ។

ក្រុមប្រឹក្សា​ធម្មនុញ្ញ​ដែល​ជា​ស្ថាប័ន​កំពូល បាន​សម្រេច​ភ្លាមៗ​ក្រោយ​ពី​បិទ​បញ្ចប់​កិច្ច​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន​តែ​ប៉ុន្មាន​នាទី​ប៉ុណ្ណោះ ដោយ​ចាត់​ទុក​ថា ច្បាប់​អង្គការ និង​សមាគម ដែល​រដ្ឋសភា​បាន​អនុម័ត​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​១៣ កក្កដា នោះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ពុំ​មាន​អ្វី​ត្រូវ​កែប្រែ​ទៀត​ឡើយ និង​បិទ​ផ្លូវ​តវ៉ា។

បញ្ហា​នេះ អង្គការ​មិន​មែន​រដ្ឋាភិបាល ហៅ​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​នៅ​ពេល​នេះ​ថា គឺ​ជា​ការ​អនុវត្ត​ផ្ទុយ​ពី​រដ្ឋធម្មនុញ្ញ និង​បទដ្ឋាន​អន្តរជាតិ។

លោក អំ សំអាត មន្ត្រី​ជាន់​ខ្ពស់​អង្គការ​លីកាដូ (Licadho) រិះគន់​ការ​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ទៅ​លើ​ច្បាប់​អង្គការ និង​សមាគម​នៅ​ពេល​នេះ ថា​វា​ជា​ការ​រំលោភ​លើ​ច្បាប់​កំពូល​របស់​ជាតិ គឺ​រដ្ឋធម្មនុញ្ញ។ ជាង​នេះ​ទៀត ប្រទេស​កម្ពុជា គឺ​ពុំ​បាន​អនុវត្ត​ឲ្យ​បាន​ពេញលេញ​ទាល់​តែ​សោះ​ពី​បទដ្ឋាន​គតិយុត្តិ​ជា​អន្តរជាតិ ដែល​ធានា​ពី​ការ​ការពារ និង​គោរព​សិទ្ធិ​មនុស្ស​ជា​មូលដ្ឋាន ជាពិសេស​សិទ្ធិ​ក្នុង​ការ​បង្កើត​អង្គការ ឬ​សមាគម។ លោក អំ សំអាត បង្ហាញ​ការ​សោកស្ដាយ​ជុំវិញ​សេចក្ដី​សម្រេច​នេះ ដោយ​ចាត់​ទុក​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​ធ្វើ​សេចក្ដី​សម្រេច​ទាំង​ប្រថុយប្រថាន។ លោក​បន្ត​ថា «បើ​សិន​ជា​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ ហើយ​ថា​ច្បាប់​ទាំងអស់​នេះ​វា​ស្រប​តាម​រដ្ឋធម្មនុញ្ញ បទដ្ឋាន​អន្តរជាតិ អា​នេះ​យើង​នៅ​តែ​មាន​ការ​សោកស្ដាយ។ ការ​អនុវត្ត​នៅ​ពេល​ក្រោយ និង​បញ្ហា​ដ៏​ចម្រូងចម្រាស»

បើ​ទោះ​ជា​យ៉ាង​នេះ​ក៏ដោយ​ចុះ សេចក្ដី​ជូន​ដំណឹង​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ចុះ​ថ្ងៃ​ទី​១២ សីហា តែ​ប៉ុន្មាន​នាទី​ក្រោយ​ពី​កិច្ច​ប្រជុំ​ពេញ​អង្គ​បាន​បិទ​បញ្ចប់ ឲ្យ​ដឹង​ថា ច្បាប់​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​រដ្ឋសភា​បាន​អនុម័ត និង​ព្រឹទ្ធសភា​បាន​ពិនិត្យ​រួច​នេះ គឺ​ស្រប​នឹង​រដ្ឋធម្មនុញ្ញ​ដែល​ពុំ​មាន​អ្វី​ត្រូវ​កែប្រែ​ទៀត​ឡើយ។

សេចក្ដី​សម្រេច​ទៅ​លើ​ច្បាប់​គ្រប់គ្រង​សមាគម និង​អង្គការ​មិន​មែន​រដ្ឋាភិបាល​នៅ​ពេល​នេះ​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ ធ្វើ​ឡើង​បន្ទាប់​ពី​ស្ថាប័ន​កំពូល បាន​ស្ដាប់​ការ​បំភ្លឺ​តំណាង​រដ្ឋាភិបាល​កាល​ពី​ថ្ងៃ​ទី​១១ សីហា និង​មួយ​ថ្ងៃ​បន្ទាប់​ពី​បាន​ស្ដាប់​ការ​បកស្រាយ​របស់​តំណាង​គណបក្ស​ជំទាស់ កាល​ពី​ព្រឹក​ថ្ងៃ​ទី​១២ សីហា។

ច្បាប់​អង្គការ សហជីព ៦២០
សកម្មភាព​កង​កម្លាំង​អាជ្ញាធរ​រារាំង​ក្បួន​ដង្ហែ​របស់​អង្គការ​សង្គម​ស៊ីវិល និង​សកម្មជន​ដីធ្លី ប្រឆាំង​សេចក្ដី​ព្រាងច្បាប់​អង្គការ-​សមាគម និង​ច្បាប់​សហជីព តាម​ដង​ផ្លូវ​ក្នុង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​៣០ មិថុនា ឆ្នាំ​២០១៥។ RFA/Sek Bandith

លោក សុន ឆ័យ តំណាង​រាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​បាន​ចូល​បំភ្លឺ​ដោយ​ផ្ទាល់​មាត់ ប៉ុន្មាន​ម៉ោង​មុន​សេចក្ដី​សម្រេច​នេះ​ចេញ​ជា​ផ្លូវ​ការ លោក​មាន​សុឆន្ទៈ​ថា ក្រុមប្រឹក្សា​ធម្មនុញ្ញ​នេះ​នឹង​ពិចារណា​ដោយ​ម៉ត់ចត់​ទៅ​លើ​សំណើ​របស់​ខ្លួន ដែល​បាន​ស្នើ​ឲ្យ​ពិនិត្យ​អំពី​ធម្មនុញ្ញភាព​នៃ​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ។ បន្ថែម​ពី​លើ​នេះ លោក សុន ឆ័យ ថ្លែង​ថា ការ​ចំណាយ​ពេល​បកស្រាយ និង​ឆ្លើយ​បំភ្លឺ​អំពី​សំណើ​មិន​តិច​ជាង ១៨​មាត្រា ដែល​គណបក្ស​ជំទាស់​បាន​ស្នើ​ឡើង​នោះ គឺ​ប្រធាន​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ឯក សំអុល សន្យា​ពិនិត្យ​ដោយ​ផ្ចិតផ្ចង់​អំពី​ច្បាប់​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ។ លោក​បន្ត​ថា «តាម​ការ​បញ្ជាក់​ពី​ឯកឧត្ដម ឯក សំអុល លោក​ថា​លោក​នឹង​មិន​មើល​លេង​សើច​ទេ។ ខ្ញុំ​កត់​ពាក្យ​របស់​លោក​ច្បាស់​ណាស់ លោក​បាន​បញ្ជាក់​អ៊ីចឹង​ថា នឹង​យក​ចិត្ត​ទុក​ដាក់​ជា​ខ្លាំង»

ជុំវិញ​រឿង​នេះ មន្ត្រី​នាំ​ពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ លោក ព្រហ្ម ញាណវិចិត្រ បកស្រាយ​យ៉ាង​ខ្លី​ថា សេចក្ដី​សម្រេច​ដែល​ក្រុមប្រឹក្សា​ធម្មនុញ្ញ​អនុម័ត​រួច​ហើយ​នេះ គឺ​មាន​លក្ខណៈ​វិនិច្ឆ័យ​ដ៏​ត្រឹមត្រូវ​នៅ​ក្នុង​សម័យ​ប្រជុំ​ពេញ​អង្គ​របស់​ខ្លួន។ ម្យ៉ាង​វិញ​ទៀត រាល់​ទម្រង់​ខ្លឹមសារ​នៃ​ច្បាប់​អង្គការ និង​សមាគម​នេះ គឺ​មាន​លក្ខណៈ​គ្រប់គ្រាន់​ស្រប​នឹង​រដ្ឋធម្មនុញ្ញ ដែល​អាច​ឲ្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​ពិចារណា​ជា​ផ្លូវ​ការ​បាន។ លោក​បន្ត​ថា «ព្រឹក​មិញ​ស្ដាប់​ខាង​ឯកឧត្ដម សុន ឆ័យ បន្ទាប់​ពី​ចប់​ទៅ យើង​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​ក៏​បើក​កិច្ច​ប្រជុំ​ពេញ​អង្គ។ កាល​ណា​ប្រជុំ​ចប់ គឺ​មាន​សេចក្ដី​សម្រេច​មួយ»

ច្បាប់​ស្ដីពី​ការ​គ្រប់គ្រង​អង្គការ និង​សមាគម​នេះ មាន ៩​ជំពូក និង ៣៩​មាត្រា។ ច្បាប់​ដែល​ព្រឹទ្ធសភា​បាន​ពិនិត្យ​រួច​ហើយ​កាល​ពី​ថ្ងៃ​ទី​២៤ កក្កដា បន្ទាប់​រដ្ឋសភា​បាន​អនុម័ត​ដោយ​ឯកច្ឆន្ទ ដោយ​ក្រុម​តំណាង​រាស្ត្រ​ពី​ខាង​រដ្ឋាភិបាល ដឹក​នាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា គឺ​ជា​ច្បាប់​ដែល​ពោរពេញ​ដោយ​ការ​តវ៉ា​ដ៏​ចម្រូងចម្រាស​ពី​ក្រុម​មាន​ជម្លោះ​ដីធ្លី អង្គការ សមាគម សហជីព និង​ពី​វិស័យ​ដទៃ​ទៀត។

បើ​ទោះ​ជា​បែប​ណា កាល​ពី​ថ្ងៃ​ទី​១០ សីហា កន្លង​ទៅ​នេះ គណបក្ស​ទាំង​ពីរ​ដែល​មាន​សំឡេង​នៅ​ក្នុង​រដ្ឋសភា បាន​សន្យា​ថា នឹង​យក​ច្បាប់​នេះ​ទៅ​ពិនិត្យ​ម្ដង​ទៀត ហើយ​បើ​រក​ឃើញ​ថា មាន​ចំណុច​ដែល​ប៉ះពាល់​ដល់​សិទ្ធិ​សេរីភាព​ប្រជាពលរដ្ឋ​នោះ គេ​នឹង​ធ្វើ​វិសោធនកម្ម​លើ​មាត្រា​ខ្លះ​ជា​ថ្មី​ឡើង​វិញ ក៏ប៉ុន្តែ​អង្គការ​មិន​មែន​រដ្ឋាភិបាល​ដែល​តស៊ូ​មតិ​លើ​រឿង​នេះ យល់​ឃើញ​ថា ជា​ការ​សន្យា​ដែល​គ្មាន​ន័យ​នោះ​ឡើយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles

8 Responses to "សង្គម​ស៊ីវិល​ចាត់​ទុក​សេចក្ដី​សម្រេច​របស់​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លើ​ច្បាប់​អង្គការ​ថា​រំលោភ​ច្បាប់"

  1. បរិមី ព្រះវិហារ says:

    បិទផ្លូវតវ៉ា និងយកច្បាប់នេះទៅអនុវត្តន៍!

  2. សែន សម្បូរ says:

    ឲតវា៉ខ្យល់ទៅ ត្រូវតែអនុវត្តន៍ច្បាប់!

  3. Bol says:

    សុំបកស្រាយថា សង្គមស៊ីវីលជាស្អី គឺមានន័យដូចខាងក្រោម ៖

    ក្រុមប្រឹក្សាឃ្លាំមើលកម្ពុជា ជាស្អី? កើតចេញពីណា? មានមនុស្សប៉ុន្មាននាក់? មានប្រភពមកពីណា?តំណាងឲ្យនរណាខ្លះ? មានការទទួលស្គាល់ពីច្បាប់ណាខ្លះ ? រដ្ឋាភិបាល ឬ អសប. ឬ ប្រទេសមហាអំណាចណាមួយ? តើប្រជាជនកម្ពុជាប៉ុន្មាននាក់ដែលស្គាល់ក្រុមប្រឹក្សានេះ? ឬក៏មានតែមួយនាក់ ក៏តាំងខ្លួនឯងជាក្រុមប្រឹក្សាដែរ? ស្អី យើងធ្លាប់ឮ គេហៅថា « អ្នកវិភាគឯករាជ្យ » ស្អី « សង្គមស៊ីវីល » មិនដឹងថា អ្នកទាំងអស់គ្នានោះមានមនុស្សប៉ុន្មាននាក់ តំណាងឲ្យផលប្រយោជន៍អ្វីខ្លះ? តែនាំគ្នារាប់ថា ជាកម្លាំងប្រឆាំង តវ៉ាទៅនឹងច្បាប់, ហើយថា មានអ្នកប្រឆាំង ។ តាមពិត គឺមនុស្សតែប៉ុន្មានក្បាលដែលវាតតាំងដើម្បីការពារប្រយោជន៍របស់វា។
    សុំឲ្យក្រុមប្រឹក្សាស្អីគេនេះ បកស្រាយសំនួរខាងលើ ឲ្យប្រជាជនកម្ពុជាស្គាល់ផង។
    ពាក្យថាឃ្លាំនើលកម្ពុជា តើមានន័យថាយ៉ាងម៉េច?
    មានន័យថា ជាអ្នកឲ្យពិន្ទុកម្ពុជា សម្រាប់ការសម្រេចរបស់មហាអំណាចណាមួយក្នុងការទាក់ទងកម្ពុជា អញ្ចឹងឬ? មានន័យថា បើក្រុមប្រឹក្សាថា « ល្អ » គឺបាន តែបើថាមិនល្អ គឺ « មិនបាន» មែនទេ?
    ល្មមហើយ កុំឲ្យកម្ពុជា មានចៅហ្វាយច្រើនពេក!! ប្រជាជនកម្ពុជាមានតំណាងនៅក្នុងសភារួចហើយ តាមរយៈការបោះឆ្នោត។

  4. Bol says:

    អ្នកតំណាងសម្លេងភាគច្រើន និងសម្លេងភាគតិចក្នុងរដ្ឋសភា បានជជែកគ្នាហើយកាលពីល្ងាចថ្ងៃទី ១១ សីហា។ គេនឹងធ្វើវិសោធនកម្ម!
    ទៅ ត្រូវតែគោរពច្បាប់ ! សុនឆ័យ អើយសុនឆ័យ!! ពីដើមស្មានតែសុនឆ័យនេះ វាជាមនុស្សគ្រាន់បើ ! ដលើតែស្គាល់ ទើបដឹងថា ជាមនុស្សអន់ជាងនាយក្រិន កន្តឿផង!

  5. Hun Nal says:

    ទៅប្តឹងប៉ូលីសអោយចាប់ចោរ អត់ដឹងថា ប៉ូលីសហ្នឹង គឺចោរជាអ្នកបង្កើត…???
    យ៉ាងណាមិញ ប្រធានក្រុមប្រឹក្សាធម្មនុញ្ញជាអ្នកណា?
    ជាកូនចៅ របស់ហុ៑ន សែន សោះ ចឹងប្តឹងអោយបកស្រាយបានប្រយោជន៍ស្អី?
    ប៉ូលីសនឹងចោរ ជាបក្សពួកតែ១…???

  6. អាជ្រូកកូនអាណាល់ says:

    ថាហើយ​ ថាទៀតកុំឲ្យចូលសភា នៅតែចូល បើទុកឲ្យជាប់គាំងនយោបាយ ០២ឆ្នាំទៅ នោះនឹងមានការបោះឆ្នោតសារជាថ្មីហើយ។ អញ្ចឹងមិនបាច់ស្រែកឲ្យរាស្រ្តជួយទេ។ ទ្រាំងាប់តាមកម្ម និងជៅគវាសនាទៅ។ បោះឆ្នោតឆ្នាំ ២០១៨ ទាំង CPP និង CNRP លែងមានរាស្រ្តគាំទ្រទៀតហើយ

  7. បរិមី ព្រះវិហារ says:

    បោះឆ្នោត២០១៨ ទុកតែសមាជិកបក្សCPPបោះឆ្នោតគាំទ្រCPPបានហើយ រីឯសមាជិកបក្សCNRP ឈប់បោះឆ្នោតគាំទ្របក្សCPP និងCNRPទៅ!?

  8. បរិមី ព្រះវិហារ says:

    ម្យ៉ាងដែរអ្នកកំពូលច្បាប់ថាត្រឹមត្រូវតាមច្បាប់ រីឯអ្នកមិនយល់ពីច្បាប់ថាខុសច្បាប់? ឆ្កួតទាំងមេ ឆ្កួតទាំកូនទេដឹង តើជម្ងឺឆ្កួតមានឆ្លងទេ?