ដោយ ចេង ម៉េងជូ
2015-08-12
RFA

កម្មកររោងចក្រកាត់ដេរមកពីសហជីពចំនួន១៩ ជួបជុំគ្នានៅសួនកាណាឌីយ៉ា (Canadiana) តាមដងផ្លូវវ៉េងស្រេង ប្រកាសចាប់ផ្ដើមយុទ្ធនាការទាមទារប្រាក់ខែគោល ១៧៧ដុល្លារអាមេរិក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០១៤។ RFA/Uon Chhin
ការស្ទាបស្ទង់មតិធ្វើឡើងដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ហៅកាត់ថា ជីម៉ាក់ (GMAC) បង្ហាញថា ថៅកែរោងចក្រកាត់ដេរភាគច្រើនថាខ្លួនមិនអាចដំឡើងប្រាក់ឈ្នួលអប្បបរមាសម្រាប់ឆ្នាំ២០១៦ ឲ្យច្រើនជាងប្រាក់ខែគោលបច្ចុប្បន្ននោះទេ ខណៈថៅកែរោងចក្រមួយចំនួនតូច ថាខ្លួនអាចដំឡើងបានបន្តិចបន្តួច។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជីម៉ាក់ ឲ្យដឹងនៅថ្ងៃទី១២ សីហា ថា ៦៥% នៃសមាជិករបស់ខ្លួនបានបោះឆ្នោតថា មិនអាចដំឡើងប្រាក់ខែគោលសម្រាប់ឆ្នាំ២០១៦ ជូនកម្មករបន្ថែមលើប្រាក់ខែគោលបច្ចុប្បន្ន ១២៨ដុល្លារបាននោះទេ។ គោលជំហររបស់ជីម៉ាក់ នៅពេលនេះ បានពីការស្ទាបស្ទង់មតិមួយធ្វើឡើងកាលពីថ្ងៃទី៩ សីហា ដោយសមាគមរោងចក្រកាត់ដេរនៅកម្ពុជា ដែលតំណាងឲ្យរោងចក្រកាត់ដេរជាង ៥០០ នៅទូទាំងប្រទេស។
អគ្គលេខាធិការរងនៃសមាគមនេះ លោក កាំង ម៉ូនីកា ឲ្យដឹងថា ក្រៅពី ៦៥% នៃសមាជិកដែលមានគោលជំហរបដិសេធការដំឡើងប្រាក់ខែគោលនេះមាន ២៥% ដែលថា ខ្លួនអាចដំឡើងជូនកម្មករបានរវាងពី ១ដុល្លារទៅ ៥ដុល្លារ ៤% ថាអាចដំឡើងបានពី ៦ដុល្លារទៅ ១០ដុល្លារ និង ២% ថាអាចដំឡើងបានពី ១១ដុល្លារទៅ ១៥ដុល្លារ។ លោកមានប្រសាសន៍ថា លទ្ធផលនៃការស្ទាបស្ទង់មតិនេះ ជាគោលជំហរផ្លូវការរបស់សមាគមរោងចក្រកាត់ដេរ ដែលនឹងត្រូវយកទៅបង្ហាញក្នុងជំនួបពិភាក្សាជាមួយគណៈកម្មការប្រឹក្សាការងារនៅពេលខាងមុខ។
ប្រធានសម្ព័ន្ធសហជីពប្រជាធិបតេយ្យកម្មករកាត់ដេរកម្ពុជា ហៅកាត់ថា ស៊ីខៅឌូ (C.CAWDU) លោក អាត់ ធន់ ចាត់ទុកជំហររបស់សមាគមរោងចក្រកាត់ដេរនៅពេលនេះថា ជាទង្វើដដែលៗរបស់ភាគីថៅកែរោងចក្រ មុនពេលចាប់ផ្ដើមការចរចាពីប្រាក់ខែគោលរបស់កម្មករម្ដងៗ៖ «ជារៀងរាល់ការចរចាឡើងប្រាក់ឈ្នួល គាត់តែងតែធ្វើបែបនេះ ហើយខ្ញុំសូមបញ្ជាក់ថា ការនិយាយបែបនេះ គឺជាការលើកឡើងដើម្បីឲ្យមហាជន ក៏ដូចជាកម្មករយល់ឃើញថា អូ! វាមិនអាចទៅរួចទេអ៊ីចឹងទៅ ហើយក៏លែងតវ៉ាអ៊ីចឹងទៅ ប៉ុន្តែតាមរឿងពិតវាមិនអាចអ៊ីចឹងទេ។ សហជីព និងកម្មករ យើងត្រូវតែធ្វើការតវ៉ាទាមទារឲ្យឡើងដល់កម្រិត ដែលអាចរស់នៅសមរម្យបាន»។
លោក អាត់ ធន់ ឲ្យដឹងដែរថា ការសិក្សាស្រាវជ្រាវដើម្បីកំណត់ប្រាក់ខែគោលថ្មីមួយ ធ្វើឡើងដោយសហជីពក្រោមការពិគ្រោះយោបល់ពីអង្គការអន្តរជាតិខាងការងារ ហៅកាត់ថា អាយឡូ (ILO) នឹងបញ្ចប់នៅចុងខែសីហា នេះ ហើយភាគីសហជីពនឹងផ្អែកលើលទ្ធផលនៃការសិក្សានេះ ក្នុងការចរចាជាមួយភាគីថៅកែរោងចក្រ និងរដ្ឋាភិបាលនៅពេលខាងមុខ។ លោកបន្តថា ប្រាក់ខែគោលថ្មីដែលកម្មករនឹងទាមទារបានតិចជាង ឬក៏ច្រើនជាង ១៧៧ដុល្លារនោះ គឺអាស្រ័យលើលទ្ធផលបានពីការស្រាវជ្រាវដែលពិចារណាពីកត្តាជីវភាពរស់នៅរបស់កម្មករ រួមទាំងកត្តាសេដ្ឋកិច្ច។
សមាគមរោងចក្រកាត់ដេរនៅកម្ពុជា ជីម៉ាក់ បានចេញសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី៣ ខែសីហា លើកឡើងថា ឧស្សាហកម្មនេះកំពុងជួបប្រទះភាពត្រដាបត្រដួសក្នុងការប្រកួតប្រជែង ដោយសារតែផលិតភាពមានកម្រិតទាប ចលាចលការងារ និងសម្ពាធប្រាក់ឈ្នួល។
ឆ្លើយតបនឹងការលើកឡើងរបស់សមាគមរោងចក្រកាត់ដេរ លោកបណ្ឌិត អៀរ សុផល ដែលបានសិក្សាស្រាវជ្រាវពីអភិបាលកិច្ចក្នុងវិស័យឧស្សាហកម្មកាត់ដេរនៅកម្ពុជា មានប្រសាសន៍តាមរយៈសារអេឡិចត្រូនិកថា ឧបសគ្គពិតប្រាកដដែលរារាំងភាពប្រកួតប្រជែងរបស់វិស័យកាត់ដេរកម្ពុជា ជាមួយប្រទេសដទៃ គឺបន្ទុកចំណាយខ្ពស់ទៅលើថ្លៃថាមពល និងហេដ្ឋារចនាសម្ព័ន្ធ។
លោកមានប្រសាសន៍ថា ជំហររបស់សមាគមរោងចក្រកាត់ដេរដែលថា ការបង្កើនប្រាក់ឈ្នួលគោលនឹងប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់វិស័យនេះ គឺជាការលើកឡើងដែលមិនសមហេតុផល ព្រោះថា អ្វីដែលក្រុមហ៊ុនបញ្ជាទិញតែងពិចារណា គឺផលិតផលដែលមិនកើតចេញពីការកេងប្រវ័ញ្ចលើកម្លាំងញើសឈាមរបស់កម្មករ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលករខ្មែរ១៣នាក់ដែលចាញ់បោកមេខ្យល់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជា
- ពលការិនីរាប់រៀបពីទុក្ខលំបាកនិងការរំលោភបំពានពេលធ្វើការនៅម៉ាឡេស៊ី
- ពលការិនី៤នាក់ដែលទើបមកដល់កម្ពុជាផ្ដាំផ្ញើកុំឲ្យអ្នកផ្សេងទៅធ្វើការនៅម៉ាឡេស៊ី
- លោក ឈូក បណ្ឌិត ត្រូវសមត្ថកិច្ចចាប់ខ្លួន
- អ្នកបើកបររថយន្តក្រុងក្រុមហ៊ុនកាពីតូលព្រមចូលធ្វើការវិញ
- USAID ជឿជាក់ថាមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលនឹងបន្តលើកកម្ពស់សិទ្ធិកម្មករ
- អ្នកសេដ្ឋកិច្ចបារម្ភពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហគមន៍អឺរ៉ុប
- USAID និងរដ្ឋាភិបាលកម្ពុជាគ្រោងសម្ពោធកម្មវិធីលើកស្ទួយនិងការពារសិទ្ធិកម្មករ
- នារីផ្សព្វផ្សាយស្រាបៀបាត់វ៉េស័រទទូចឲ្យឧកញ៉ា កុក អាន សងសំណងអតីតភាពការងារ