ព្រឹទ្ធសភា​ថា​មិន​ទាន់​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​សមាជិកព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី នៅឡើយទេ​​

ដោយ៖​ សេង វណ្ណៈ​ | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com


អ្នកនាំពាក្យ​ព្រឹទ្ធសភាអះអាង​ថា​រហូត​មក​ដល់ពេលនេះ ព្រឹទ្ធសភា​មិន​ទាន់ទទួល​ឯក​សារ​ផ្លូវ​ការ​ណាមួយ ​ដើម្បី​​ប្រជុំ​សម្រេច​ដកអភ័យ​ឯកសិទ្ធិ​របស់​សមាជិកព្រឹទ្ធសភាគណបក្ស​សម រង្ស៊ី លោក ហុង សុខ​ហួរ នៅ​ឡើយទេ។​

នៅព្រឹក​​ថ្ងៃ​ព្រហស្បតិ៍​នេះ លោកនាយករដ្ឋមន្រ្តី​ ហ៊ុន សែន បាន​បញ្ជា​ឲ្យ​ចាប់ខ្លួន​សមាជិក​ព្រឹទ្ធសភា​មួយរូបមកពី​គណបក្ស សម រង្ស៊ី ដែល​ត្រូវបាន​គេ​ដឹងថា​គឺ​លោក ហុង សុខ​ហួរ​ ដោយ​លោកនាយក​រដ្ឋមន្ត្រីចោទថាមន្ត្រី​គណបក្សប្រឆាំង​រូបនោះ ”​ក្បត់ជាតិ​”​។​ ​ចំណាត់ការ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ទៅ​លើ​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​នៅពេល​នេះ​ធ្វើឡើងបន្ទាប់ពី​លោក ហុង សុខ​ហួរ បាន​ថ្លែង​ទាក់ទង​នឹងសន្ធិសញ្ញា​ស្តីពី​ព្រំដែន​កម្ពុជានិង​វៀតណាម។​

អ្នកនាំពាក្យ​ព្រឹទ្ធសភា លោក ម៉ម ប៊ុននាង​ មានប្រសាសន៍ថា​រហូត​មក​ដល់ពេលនេះ ព្រឹទ្ធសភា​មិន​ទាន់​ទទួល​បានឯក​សារ​ផ្លូវការ​​អ្វីមួយនោះទេ គ្រាន់​តែ​ឭតាម​ប្រព័ន្ធ​សង្គមនិង​ប្រសាសន៍នាយករដ្ឋមន្រ្តី​។ លោក​បន្ត​ថា​ការ​ប្រជុំ​ជា​បន្ទាន់ដើម្បី​ដក​អភ័យ​ឯកសិទ្ធិ ទាល់តែ​​មើល​របៀប​វារៈ​នៃ​ការ​​ដក​អភ័យ​ឯក​សិទ្ធិ ដោយ​​យោង​តាម​ច្បាប់រដ្ឋធម្មនុញ្ញ​ បទបញ្ជាផ្ទៃក្នុង​ និង​លក្ខន្តិកៈ​របស់ព្រឹទ្ធសភា។

រដ្ឋធម្មនុញ្ញ​កម្ពុជា​បាន​ចែង​ថា​​សមាជិក​ព្រឹទ្ធសភា​​រូប​ណា​ក៏​ដោយ​ មិន​អាច​ត្រូវ​បាន​ចោទប្រកាន់​ចាប់​ខ្លួន​ ឃាត់​ខ្លួន​ ឬ​ឃុំ​ខ្លួន​ ដោយ​ហេតុ​​ពី​បាន​សម្តែង​​​យោបល់​ ឬ​បញ្ចេញ​មតិ​ក្នុង​ការ​បំពេញ​មុខងារ​​របស់​ខ្លួន​សោះ​ឡើយ។ ការ​ចោទ​ប្រកាន់​ ការ​​ចាប់​ខ្លួន​ ការ​ឃាត់​ខ្លួន​ ឬ​ការ​ឃុំ​ខ្លួន​សមាជិក​ណា​មួយ​នៃ​ព្រឹទ្ធសភា​ នឹង​​អាច​ធ្វើ​​ទៅ​កើត​លុះ​ត្រា​តែ​​មាន​ការ​យល់​ព្រម​ពី​ព្រឹទ្ធសភា​ ឬ​ពី​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ ក្នុង​​ចន្លោះ​សម័យ​ប្រជុំ​នៃ​ព្រឹទ្ធសភា​ វៀរលែង​​តែ​ក្នុង​ករណី​បទល្មើស​ព្រហ្មទណ្ឌ​ជាក់ស្ដែង។ ក្នុង​ករណី​ចុង​ក្រោយ​នេះ​ ក្រសួង​​មាន​សមត្ថកិច្ច​ត្រូវ​ធ្វើ​សេចក្ដី​រាយការណ៍​ជូន​ព្រឹទ្ធសភា​ឬ​ជូន​គណៈកម្មាធិការ​​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​​ជា​បន្ទាន់​ ដើម្បី​សម្រេច។ សេចក្ដី​សម្រេច​​របស់​គណៈកម្មាធិការ​អចិន្ត្រៃយ៍​របស់​ព្រឹទ្ធសភា​ ត្រូវ​​ដាក់​ជូន​សម័យ​ប្រជុំ​ព្រឹទ្ធសភា​ខាង​មុខ​ ដើម្បី​អនុម័ត​តាម​​មតិ​ភាគ​ច្រើន​ពីរ​ភាគ​បី(៣៩រូប​ក្នុង​ចំណោម​៦១រូប)​​នៃ​សមាជិក​ព្រឹទ្ធសភា​ទាំង​មូល។

បើតាម​រដ្ឋធម្មនុញ្ញ ក្នុង​ករណី​ទាំង​អស់​ខាង​លើ​នេះ​ ការ​ឃុំ​ខ្លួន​ ការ​ចោទប្រកាន់​សមាជិក​ព្រឹទ្ធសភា​​ណា​មួយ​​​ត្រូវ​ផ្អាក​ ប្រសិន​​បើ​ព្រឹទ្ធសភា​បាន​បញ្ចេញ​មតិឲ្យ​​ផ្អាក​តាម​មតិ​ភាគ​ច្រើន​បី​ភាគ​បួន​នៃ​សមាជិក​ព្រឹទ្ធ​សភា​​ទាំង​មូល។

គួរ​បញ្ជាក់​ថា​គណបក្ស​ប្រជាជនកម្ពុជា​មាន​សមាជិកព្រឹទ្ធសភា​ចំនួន​៤៦រូប។

មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ លោក អេង ឆៃអ៊ាង ថ្លែងថាប្រសិន​លិខិត​ដែល​លោក ហុង សុខ​ហួរ បង្ហាញ​នោះ ក្លែងក្លាយ​ដូច​នាយករដ្ឋមន្ត្រី​ចោទប្រកាន់​មែន គឺ​មិន​មាន​ទោស​ដល់​ថ្នាក់​ក្បត់ជាតិ​នោះទេ​។​

​អ្នកវិភាគ​ឯករាជ្យ ​លោក អ៊ូ វីរៈ យល់ថា ចំណាត់ការ​នេះ​ធ្វើឡើង​ដើម្បី​គំរាម​កុំ​ឲ្យ​ពលរដ្ឋ​ឈឺឆ្អាល​តាមដាន​បញ្ហា​ព្រំដែន ហើយ​ថាការចាប់ខ្លួន​នេះ​ធ្វើឡើង​ខុសនី​តិវិ​ធី​ច្បាប់​៕​

សរសេរមកកាន់លោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com

What Next?

Recent Articles

7 Responses to "ព្រឹទ្ធសភា​ថា​មិន​ទាន់​ប្រជុំ​ដក​អភ័យឯកសិទ្ធិ​សមាជិកព្រឹទ្ធសភា​គណបក្ស​ សម រង្ស៊ី នៅឡើយទេ​​"

  1. love cambodia says:

    ឈប់ទៅអាក្បត់ជាតិ ហ៊ុន សែន​

  2. Bol says:

    គណបក្ស CNRP និយាយថា លោកហុងសុខហួរ ប្រើផែនទី មិនផ្លូវការ។ ដឹងដែរឬ? ក្រែងអស់លោកម្នាក់ៗ សុទ្ធតែមហាឪបណ្ឌិតច្បាប់ឬ? ម្តេចក៏ភ្លើប្រើផែនទីមិនផ្លូវការ? ឆ្កួតនេះ ឆ្កួតពេក!
    ប្រាប់ហើយថា ឯកសារ ដែលត្រូវប្រើសម្រាប់និយាយទៅរកនរណាម្នាក់ ទោះបីជានិយាយជាមួយកូនក្មេងក៏ដោយ កយើងត្រូវយកឯកសារដែលពិត ដែលត្រឹមត្រូវ គឺមិនត្រូវយកឯកសារមិនផ្លូវការនោះទេ។
    អានេះ វាមិនខុសពីសម រង្ស៊ី ទៅទិញផែនទីតាមផ្សារ មកផ្សព្យផ្សាយជាផ្លូវការ ន៉ទេ។
    ដល់ទៅនិយាយពីរឿផែនទី ១៦៨ ដុល្លា ទើបយើងដឹងថា ពូជអញគឺអញ្ចឹង ជាពូជបោកប្រាស់!

  3. Hun Nal says:

    គិតទៅ គ្រាន់តែបង្ហោះពាក្យបុ៉ណ្ណឹងគេថា ក្បត់ជាតិ…?តែអាអ្នកកាត់កោះ កាត់ដី លក់ព្រៃ និងអោយយួននៅពេញស្រុកខ្មែរ វាជាអ្នកស្នេហាជាតិទៅវិញ?
    គិតទៅ សម័យឃ្លោកលិច អំបែងអណ្តែត វាយ៉ាងនេះឯង។
    ទោះជាយ៉ាងណា មេឃដឹង ដីដឹង យមរាជកត់ឈ្មោះទុកអស់ហើយ រវាងអ្នកណាក្បត់ជាតិ អ្នកណាស្នេហាជាតិ អ្នកណាស្នេហាជាតិបញ្ញើក្អែកនោះ!?

  4. បរិមី ព្រះវិហារ says:

    បទល្មើសព្រហ្មទណ្ឌ័ជាក់ស្តែងចាប់ខ្លួនសិន ហើយសុំនិតិវិធីអ្វីៗតាមក្រោយ! បើឃើញកំពុងចាប់រំលោភទៅហើយ តើនៅរង់ចាំដល់ណាទៀត ចាប់ឃាត់ខ្លួនហើយសុំដកសិទិ្ធតាមក្រោយ ហើយដើម្បីទប់ស្កាត់តុលាការព្រឹទ្ធិសភាត្រូវការសំលេង២ភាគ៣! និយាយប៉ុណ្ណឹងក្បត់ជាតិដែរអាល្ងង់ ឃើញអេហ្សីប សីុរី លីប៊ី អ៊ុយក្រែនទេ ទុយនេសីុ វាចាប់់ផ្តើមពីចំនុចរសើបតូចមួយហឹ្នងហើយរលាយប្រទេសមកដល់ម៉ោងនេះមានដំណោះស្រាយ ក្រៅពីជីវិតមនុស្សស្លាប់! ម៉េចហ្អែងច់ង់សាកមើលដែរយ៉ាងម៉េច?

  5. Anonymous says:

    good Cambodia

  6. Hun Nal says:

    គិតទៅ អ្នកស្នេហាជាតិបញ្ញើក្អែក កំពុងតែក្អេងក្អាង ឡើងចាងខ្លាំងណាស់ ធ្វើអោយចៅហ្វាយយួនញញឹមបិទមាត់មិនជិតទេ។
    តែសុំកុំអាលអស់សង្ឃឹមខ្មែរអ្នកស្នេហាជាតិពិតប្រាកដ…យមរាជកំពុងតែកត់ឈ្មោះអ្នកបំផ្លាញជាតិ ក្បត់ជាតិ យកទៅបណ្តើៗហើយ មើលចុះ អា សត្យា រក្ស ជា សុីម សុខ គ្រីន…តិចទៀត ដល់វេន មេចោរ ទេវទត្តភ្នែកទោល ឆាប់ៗនេះក៏មិនដឹង?

  7. pingpong says:

    ១. ពិតឬក្លែងក្លាយនៃកិច្ចព្រមព្រៀងនេះ មិនសំខាន់ទេ!! សំខាន់គឺមិនស្របច្បាប់ទាំងពីរ!!
    ២. សំអាងអ្វី ហ៊ានចោទគេថា៖ ក្បត់ជាតិ នៅពេលដែលកិច្ចព្រមព្រៀងនោះគឺជា កិច្ចព្រមព្រៀង ក្បត់ជាតិសោះនោះ!!!
    ៣. មេគណៈបក្សប្រឆាំងថោកទាប ប្រើវិធីសហការជាមួយគេ ដើម្បីកៀបស៊ីកូនចៅខ្លួនឯង ដើម្បីអោយខ្លួនក្លាយខ្លួនជាវីរបុរសវប្បធម៌សន្ទនា!!! តាមពិតយកលុយគេសោះ!!