ដោយ៖ សេង វណ្ណៈ | ថ្ងៃព្រហស្បតិ៍ ទី13 សីហា 2015
http://vodhotnews.com
សមត្ថកិច្ចខេត្តឧត្តរមានជ័យឲ្យដឹងថាមនុស្សយ៉ាងតិច១២នាក់បានស្លាប់និងជាង២០នាក់ទៀតបានរងរបួស ដោយសារឧបទ្ទវហេតុគ្រោះថ្នាក់ចរាចរណ៍មួយដែលកើតឡើងនៅវេលាម៉ោងប្រមាណ១១និង៣០នាទីក្នុងស្រុកអន្លង់វែង។
ស្នងការនគរបាលខេត្តឧត្តរមានជ័យ លោក ម៉ែន លី ប្រាប់វីអូឌី(VOD)ថាហេតុការណ៍គ្រោះថា្នក់ចរាចរណ៍នោះបានបណ្តាលឲ្យមនុស្សស្លាប់១២នាក់និងរងរបួស២៤នាក់។ លោកបន្តថារថយន្តដែលរងគ្រោះថ្នាក់នោះជារថយន្តដឹកអ្នកដំណើររបស់ឯកជនមួយ។ លោកបញ្ជាក់ថារថយន្តនោះបានបើកបរហួសល្បឿននៅត្រង់ផ្លូវបំបែក។
បើតាមស្នងការខេត្ត រថយន្តនោះធ្វើដំណើរពីរាជធានីភ្នំពេញ ហើយជួបប្រទះគ្រោះថ្នាក់ត្រង់ផ្លូវបំបែកឡើងទៅច្រកជាំ ក្នុងភូមិជើងភ្នំ ឃុំត្រពាំងប្រិយ៍ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។ លោក ម៉ែន លី បន្តថាអ្នករបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅក្នុងខេត្តសៀមរាប។ លោកបន្ថែមថាអ្នកបើកបរថយន្តនោះបានរងរបួសធ្ងន់។
មេឃុំត្រពាំងប្រិយ៍ លោក ស៊ូ ណាត ប្រាប់វីអូឌីថារថយន្តគ្រោះថ្នាក់ជារថយន្តឈ្នួល៣៥កៅអី ម៉ាកហ៊ីយ៉ុនដាយពណ៌លឿង ស្លាកលេខ ភព.៣C៤៦១៣ ដែលរថយន្តនោះធ្វើដំណើរពីរាជធានីភ្នំពេញ ហើយជួបប្រទះគ្រោះថ្នាក់ចរាចរណ៍នៅម្ដុំព្រៃស។ លោកបន្តថារថយន្តមានអ្នកដំណើរសរុប៣៥នាក់ ក្នុងនោះស្លាប់១៦នាក់ របួស១៩នាក់។
បើតាមវេបសាយរបស់អគ្គស្នងការដ្ឋាននគរបាលជាតិដែលបានដកស្រង់សម្តីសមត្ថកិច្ចជំនាញ រថយន្តដែលជួបគ្រោះថ្នាក់ចរាចរណ៍នោះបានដឹកអ្នកដំណើរមកពីសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ហើយបំណងហែទៀនវស្សាទៅកាន់វត្តប្រាសាទតាមាន់នៅថ្ងៃទី១៤ខែសីហា។ វេបសាយបន្តថារថយន្តបានដឹកអ្នកដំណើរទាំងនោះទៅលេងនៅច្រកជ្រាំស្រងុំា តាមព្រំដែនថៃ ហើយពេលធ្វើដំណើរត្រឡប់មកវិញក៏បានក្រឡាប់ធ្លាក់ពីលើភ្នំ។
បើតាមរបាយការណ៍របស់អគ្គស្នងការនគរបាលជាតិ គ្រោះថ្នាក់ចរាចរណ៍ក្នុងឆ្នាំ២០១៤ បណ្តាលឲ្យមនុស្សស្លាប់ជាង២០០០នាក់ កើនលើសឆ្នាំ២០១៣ជាង២០០នាក់។ អ្នកជំនាញខាងចរាចរណ៍អះអាងថាគ្រោះថ្នាក់ចរាចរណ៍ភាគច្រើនបណ្តាលមកពីអ្នកបើកបរមិនគោរពស្លាកសញ្ញាចរាចរណ៍និងបើកបរដោយមានជាតិស្រវឹង៕
សរសេរមកកាន់លោក សេង វណ្ណៈ តាមរយៈsengvannakdmc@gmail.com