ដោយ អ៊ុំ រង្សី
2015-08-13
RFA

សហភាពសហព័ន្ធសហជីពកម្ពុជា ជាង ៣០ស្ថាប័ន បានបង្ហាញក្តីព្រួយបារម្ភជាថ្មីទៀតលើសេចក្តីព្រាងចុងក្រោយនៃច្បាប់សហជីព។ ក្រុមសហជីព នៅតែចាត់ទុកថា សេចក្តីព្រាងច្បាប់នេះ បង្កើតឡើងគ្រាន់តែជាចេតនានយោបាយ បម្រើផលប្រយោជន៍តែនិយោជក និងរឹតត្បិតសិទ្ធិសេរីភាពរបស់សហជីពកម្មករនៅកម្ពុជា ប្រសិនបើរដ្ឋាភិបាលពុំទទួលយក ឬបញ្ចូលមតិយោបល់របស់ពួកគេ។ សហជីពទាំងនេះ ស្នើទៅរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បង្ហាញសេចក្តីព្រាងច្បាប់ចុងក្រោយ។
សហភាពសហព័ន្ធសហជីពដែលធ្វើការក្នុងវិស័យការងារនៅក្នុងប្រទេសកម្ពុជា ជាង ៣០ស្ថាប័ន ទាមទារឲ្យរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង លាតត្រដាងសេចក្តីព្រាងច្បាប់សហជីពចុងក្រោយ ដើម្បីធានាថា ក្រសួងពិតជាដាក់បញ្ចូលនូវសំណើរួមរបស់សហជីព។
ការទាមទាររួមគ្នារបស់សហភាពសហព័ន្ធសហជីពកម្ពុជា ជាង ៣០ស្ថាប័ននៅពេលនេះ ធ្វើឡើងនៅក្នុងសន្និសីទកាសែតស្ដីពីជំហររបស់ខ្លួន លើសេចក្តីព្រាងច្បាប់ស្ដីពីសហជីព ដែលរៀបចំឡើងនាមជ្ឈមណ្ឌលអប់រំច្បាប់សម្រាប់សហគមន៍ នៅថ្ងៃទី១៣ សីហា។
ថ្លែងក្នុងសន្និសីទកាសែត ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ យល់ថា លោកមិនជំទាស់ទេ បើសិនរដ្ឋាភិបាលពិនិត្យលើសំណើរបស់សហជីពជាង ៤០ចំណុច លើសេចក្ដីព្រាងច្បាប់នេះ ដែលបានដាក់ជូនក្រសួងការងារ ជុំវិញក្ដីបារម្ភលើច្បាប់នេះកាលពីថ្ងៃទី១៤ កក្កដា កន្លងទៅ។ លោកថា មានចំណុចមួយចំនួនក្នុងច្បាប់នេះ រឹតត្បិតសេរីភាពរបស់សហជីព ហើយចំណុចដែលរឹតត្បិតខ្លាំង តម្រូវឲ្យមានលក្ខខណ្ឌតឹងតែងនៃការចុះបញ្ជិកាសហជីព ការផ្តល់អំណាចជ្រុលហួសហេតុដល់អធិការការងារក្នុងការព្យួរ និងមានសិទ្ធិសម្រេចថាកូដកម្មស្របច្បាប់ ឬមិនស្របច្បាប់ ការកំណត់ចំនួនកម្មករពី ២៥% សម្រាប់បង្កើតសហជីព និងការពិន័យថ្នាក់ដឹកនាំសហជីព ព្រមទាំងការរាយការណ៍ពីសកម្មភាពចំណូលចំណាយរបស់សហជីព៖ «ខ្ញុំមិនជំទាស់ទេ បើច្បាប់នេះធ្វើយ៉ាងណាស្របទៅតាមអនុសញ្ញាអន្តរជាតិ ស្របតាមរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា វាអាចនឹងប្រសើរ តែបើវាមានចំណុចខ្វះចន្លោះ ច្បាប់នេះនឹងប៉ះពាល់ស្ទើរគ្រប់វិស័យនៅកម្ពុជា ពិសេសកម្មករដែលមានចំណូលតិចតួច។ មិនតែប៉ុណ្ណោះ វានឹងប៉ះពាល់ដល់សហជីពឯករាជ្យនៅកម្ពុជា»។
ទន្ទឹមគ្នានេះ សហព័ន្ធសហជីពកម្មករចំណីអាហារ និងសេវាកម្មកម្ពុជា លោក ស ម៉ូរ៉ា បានដាក់ការសង្ស័យដែរថា កិច្ចប្រជុំបិទទ្វាររបស់ក្រសួងការងារ កាលពីថ្ងៃទី២៨ កក្កដា កន្លងទៅ ក្រសួងការងារ មិនបានបង្ហាញនូវសេចក្តីព្រាងច្បាប់ចុងក្រោយ ដោយគ្រាន់តែធ្វើបទបង្ហាញ និងមិនមានពិគ្រោះយោបល់ ហាក់ដូចជាមានចេតនាដាក់បាំង។ លោក ស ម៉ូរ៉ា បន្តថា ក្រុមសហជីពទាំងអស់ស្នើឲ្យក្រសួងការងារ លាតត្រដាងការពិតពីសេចក្តីព្រាងច្បាប់សហជីពចុងក្រោយ ដើម្បីឲ្យមានតម្លាភាព៖ «ខ្ញុំ និងក្រុមសហជីពយល់ថា ការបង្កើតច្បាប់នេះ គឺជាមធ្យោបាយទប់ស្កាត់សិទ្ធិសមូហភាពរបស់សហជីពឯករាជ្យ ក្នុងការចូលរួមយុទ្ធនាការទាមទារប្រាក់ឈ្នួលសមរម្យជូនកម្មករ»។
សេចក្តីថ្លែងការណ៍រួមគ្នារបស់សហភាពសហព័ន្ធសហជីពកម្ពុជា ដែលចេញផ្សាយនៅថ្ងៃទី១៣ សីហា ប្រកាសថា ការបិទបាំងរបស់ក្រសួងការងារ លើសេចក្តីព្រាងច្បាប់ស្ដីពីសហជីពចុងក្រោយ គឺច្បាស់ណាស់ថា សេចក្តីព្រាងច្បាប់នោះគ្មានអ្វីកែសម្រួលឲ្យប្រសើរឡើង តាមការស្នើសុំរបស់សហជីពនោះឡើយ។ ជាងនេះទៀត រដ្ឋាភិបាលកំពុងតែបង្ហាញពីការប្រើអំណាចលើសលប់ ដើម្បីចូលខ្លួនយ៉ាងជ្រៅដល់កិច្ចការសម្រេចផ្ទៃក្នុងរបស់សហជីព។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងរដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង ដើម្បីឆ្លើយតបជុំវិញការទាមទាររបស់ក្រុមសហជីពបាននៅឡើយ នៅថ្ងៃទី១៣ ខែសីហា។ ប៉ុន្តែ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងទៅ ក្រោយកិច្ចប្រជុំត្រីភាគីលើសេចក្ដីព្រាងច្បាប់សហជីពនៅឯទីស្ដីការក្រសួង រដ្ឋមន្ត្រីក្រសួងការងារ លោក អ៊ិត សំហេង បានប្រាប់អ្នកសារព័ត៌មានថា សេចក្ដីព្រាងច្បាប់សហជីពមានប្រមាណជិត ១០០មាត្រា កំពុងស្ថិតនៅក្នុងដៃក្រសួងការងារ នៅឡើយ ហើយនឹងត្រូវដាក់ទៅកាន់ទីស្ដីការគណៈរដ្ឋមន្ត្រីក្នុងខែសីហា នេះ។ ជាងនេះទៀត ក្រសួងការងារ រំពឹងថា បើគ្មានអ្វីប្រែប្រួលទេ ច្បាប់នេះនឹងអាចដាក់ជូនរដ្ឋសភាអនុម័តយ៉ាងយូរបំផុតចុងឆ្នាំ២០១៥។
សហភាពសហព័ន្ធសហជីពកម្ពុជា នៅតែស្នើឲ្យក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ផ្តល់សេចក្តីព្រាងច្បាប់ចុងក្រោយ និងស្នើឲ្យក្រសួង រៀបចំកិច្ចពិគ្រោះយោបល់ដោយបើកទូលាយពីសំណាក់អ្នកពាក់ព័ន្ធ មុនពេលរដ្ឋាភិបាលបញ្ជូនទៅរដ្ឋសភាអនុម័ត។ ជាងនេះទៀត នៅព្រឹកថ្ងៃទី១៤ សីហា សហជីពទាំងជាង ៣០ស្ថាប័ន នឹងប្រមូលផ្តុំគ្នានៅខាងមុខក្រសួងការងារ ដើម្បីបង្ហាញពីជំហរខ្លួន ព្រមទាំងដាក់សេចក្តីថ្លែងការណ៍រួមគ្នាទៅកាន់ក្រសួងការងារ និងអង្គការអន្តរជាតិខាងការងារ (ILO)៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមាជិកភាគច្រើននៃជីម៉ាក់ថាមិនមានលទ្ធភាពដំឡើងប្រាក់ខែគោលជូនកម្មករ
- ពលករខ្មែរ១៣នាក់ដែលចាញ់បោកមេខ្យល់ត្រូវសមត្ថកិច្ចថៃចាប់បញ្ជូនមកកម្ពុជា
- ពលការិនីរាប់រៀបពីទុក្ខលំបាកនិងការរំលោភបំពានពេលធ្វើការនៅម៉ាឡេស៊ី
- ពលការិនី៤នាក់ដែលទើបមកដល់កម្ពុជាផ្ដាំផ្ញើកុំឲ្យអ្នកផ្សេងទៅធ្វើការនៅម៉ាឡេស៊ី
- លោក ឈូក បណ្ឌិត ត្រូវសមត្ថកិច្ចចាប់ខ្លួន
- អ្នកបើកបររថយន្តក្រុងក្រុមហ៊ុនកាពីតូលព្រមចូលធ្វើការវិញ
- USAID ជឿជាក់ថាមូលនិធិក្រុមប្រឹក្សាអាជ្ញាកណ្ដាលនឹងបន្តលើកកម្ពស់សិទ្ធិកម្មករ
- អ្នកសេដ្ឋកិច្ចបារម្ភពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងវៀតណាមនិងសហគមន៍អឺរ៉ុប
- USAID និងរដ្ឋាភិបាលកម្ពុជាគ្រោងសម្ពោធកម្មវិធីលើកស្ទួយនិងការពារសិទ្ធិកម្មករ