ឪពុក​យុវជន​ដែល​បាត់​ខ្លួន​ពេលសមត្ថកិច្ច​​បាញ់ប្រហារ​​​នៅ​ផ្លូវ​វ៉េង​ស្រេងទទូច​រក​​យុត្ដិធម៌ដល់កូន​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃចន្ទ ទី31 សីហា 2015, 02:40 PM​
http://vodhotnews.com


រូបយុវជន ខឹម សុផាត ក្នុង​ថ្ងៃ​គោរពវិញ្ញាណក្ខន្ធជន​រង់គ្រោះបាត់បង់​ជីវិត​នៅផ្លូវ​វ៉េងស្រេង


ឪពុក​របស់​យុវជន​ ខឹម សុផាត ដែល​បាន​បាត់​ខ្លួន​ក្នុងពេល​សមត្ថកិច្ច​បាញ់ប្រហារ​ទៅ​លើ​​កម្មករ​រោងចក្រ​ ​កាល​ពី​ថ្ងៃ​ទី​៣ ខែមករា ឆ្នាំ​២០១៤ នៅ​ផ្លូវ​វ៉េង​ស្រេង អំពាវនាវ​ឲ្យ​សមត្ថកិច្ច​និង​មន្ដ្រី​ពាក់​ព័ន្ធ​ជួយ​បង្ហាញ​ភស្ដុ​តាង​​និង​ផ្ដល់យុត្តិធម៌​ចំពោះ​ការ​បាត់ខ្លួន​កូនប្រុស​​របស់​លោក។

កម្ម​ករ​៤នាក់បានស្លាប់និង​ជាង​៣០នាក់ទៀត​ បានរង​របួស ​ដោយសារការបាញ់ប្រហាររបស់កម្លាំង​​សមត្ថកិច្ចទៅ​លើកម្មករ កាលពីថ្ងៃទី០៣ខែមករា ឆ្នាំ២០១៤ នៅគ្រា​ពួកគេតវ៉ា​ទាម​ទារ​ការ​ដំឡើ​ង​ប្រា​ក់ឈ្នួល​​​។ យុវជន​ម្នាក់ អាយុ១៧ឆ្នាំ ឈ្មោះ ខឹម សុផាត បានបាត់ខ្លួនរហូតមកដល់​ពេល​នេះ។

ឪពុក​ជន​រងគ្រោះ លោក ខឹម សឿន បាន​ប្រាប់​វីអូឌី(VOD)នៅ​ថ្ងៃ​ចន្ទ​នេះ​ថា​កូន​ប្រុស​របស់​លោក​ ឈ្មោះ ខឹម សុផាត បាន​បាត់​ខ្លួន​ក្រោយ​ពេល​មា​ន​ផ្ទុះហិង្សា​នៅ​ផ្លូវ​វ៉េង​ស្រេង ខណៈ​កូន​របស់​លោក​ទៅ​ឈរ​មើល​ការ​ប្រ​តាយ​ប្រ​តប់​គ្នា​រវាង​មន្ដ្រី​សន្ដិ​សុខនិង​កម្ម​ករ​រោងចក្រ​។ លោកបន្ដ​​ថារហូត​មក​ដល់​ពេល​នេះ​ គ្មាន​ដំណឹង​អ្វី​មួយ​អំពី​កូន​គាត់​ឡើយ ហើយ​លោក​ក៏​ថាគ្មាន​​សមត្ថកិច្ច​ឬ​ក៏​អ្នក​ជំនាញ​របស់​រដ្ឋាភិបា​លណាមួយ​​​ចុះ​ទៅ​សួរ​នាំ​លោក​អំពី​ករណី​បាត់​ខ្លួន​កូនរបស់​លោក​ផង​ដែរ។ លោក​ថាបើ​ទោះ​បី​ជា​កូន​រប​ស់លោក​​មាន​រឿង​អ្វី​មួយ​កើត​ឡើងឬស្លាប់ក៏​ដោ​យ​ ក៏លោក​សុំ​ស្នើ​ឲ្យ​មន្ដ្រី​មាន​សមត្ថ​កិច្ច​រក​យុត្តិធម៌​តា​ម​​រយៈ​ការ​បង្ហាញ​ភស្ដុតាង​និងមូល​ហេតុ​បញ្ជាក់​ពី​ការ​បាត់​ខ្លួន​​ឲ្យ​បាន​ពិត​ប្រាកដ។

លោក ខឹម សឿន បាន​រៀប​រាប់ទាំងក្តុកក្តួល​ថា៖ “បាទខ្ញុំអំពាវនាវឲ្យជួយទាំងអស់អង្គការ​​ អ្នកថ្នាក់លើៗឲ្យជួយដោះស្រាយ រកយុត្ដិធម៌ឲ្យកូនខ្ញុំកុំ​​ឲ្យវាងាប់ទៅដូចខ្មោចដូច​​ឆ្កែអញ្ចឹង​​ បើវាស្លាប់ឲ្យឃើញសាក​សពអីផងទៅ

ជាការ​ឆ្លើយ​តប អ្នក​នាំ​ពាក្យ​ក្រសួង​មហាផ្ទៃ​ លោក ខៀវ សុភ័គ បាន​លើក​ឡើង​ថាក្រសួង​មហាផ្ទៃ​នៅ​តែ​បន្ដ​ស្វែង​រក​មូល​ហេតុ​នៃ​ការ​បាត់​ខ្លួន​របស់​យុវជន ខឹម សុផាត​ ប៉ុន្ដែ​លោក​ថាហាក់​មិន​មានតំរុ​យ​​​អ្វី​មួយ​បញ្ជាក់​ថាតើ​យុវជន​ សុផាត​នោះ បាន​បាត់​ខ្លួនពិត​ឬយ៉ាងណា​នោះ​ទេ។

លោក ខៀវ សុភ័គ មាន​ប្រសាសន៍​ថា៖ “ឥឡូ​វយើងមានការសោកស្ដាយណាស់ចំពោះការបាត់ខ្លួនហ្នឹង ហើយមិនថារកនៅទីណាដែរកន្លងមកឃើញថាយកទៅដុតនៅទីណាដល់ទៅមើល​​ទៅមិនមែនទេ… ​នៅកន្លែងកើតហេតុហ្មងវាមិនដឹងជាអាថ៌កំបាំងដែរ ព្រោះកាលនោះតួលេខយើងដឹងទាំងអស់គ្នាតែម្ដងមានចាប់ខ្លួន២៣នាក់ ស្លាប់បួននាក់ របួសប៉ុន្មាននាក់អីចឹងទៅ ប៉ុន្ដែដល់ពេលស្លាប់៦នាក់ដូចអត់មានកត់​ត្រាទុកនៅក្នុងអ្វីដែលយើងឃើញនោះទេ

ឪពុក​ជន​រងគ្រោះ ឈ្មោះ លោក ខឹម សឿន


លោក​បន្ដ​ថាលោក​ក៏​សុំ​អំពាវ​នាវ​ឲ្យអ្នក​ដែល​បាន​ឃើញ​ហេតុការណ៍​ដែល​ថាយុវជន​​ ខឹម សុផាត ដួល​នៅ​ផ្លូវ​ រាយ​ការណ៍ទៅ​សមត្ថកិច្ច​ផង​ដែរ​ ដើម្បី​សមត្ថកិច្ច​ធ្វើ​ការ​ស្រាវ​ជ្រាវ​បន្ដ។

កាល​ពី​ថ្ងៃ​អាទិត្យ​ទី​៣០ខែសីហា​ ​ ក្នុង​ទិវា​អន្ដ​រ​ជាតិ​ជន​រង​គ្រោះ​នៃ​បាត់​ខ្លួន​ដោយ​បង្ខំ​ មជ្ឈ​មណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា(CCHR) ​បាន​ចេញ​សេច​ក្ដី​ថ្លែង​ការ​ណ៍​មួយ​ដោយ​អំពាវ​នាវ​ឲ្យ​រដ្ឋាភិបាល​កម្ពុជា ធ្វើ​ការ​ស៊ើប​អង្កេត​ឲ្យបាន​ត្រឹម​ត្រូវ​លើការ​បាត់ខ្លួន​របស់​​យុវ​ជន​ម្នាក់​ ឈ្មោះ​ ខឹម សុផាត។

របាយ​ការណ៍​របស់​CCHRបញ្ជាក់​ថាយុវជន​ ខឹម សុផាត ត្រូវ​បាន​ឃើញ​ចុង​ក្រោយ​នៅ​កន្លែង​កូដ​កម្ម​ នៅ​ពេល​ដែ​ល​រូប​លោក​ដួល​នៅ​លើ​ដី​ដោយ​សារ​ត្រូវ​គ្រាប់​កាំ​ភ្លើង ហើយ​ក្រោយ​មក​ក៏​បាត់​ខ្លួន​តែម្ដង។ របាយការណ៍​ ​បាន​ដាក់​ការ​សង្ស័យ​ថាការបាត់​ខ្លួន​នោះអាច​ជា​មូល​ហេតុ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។

របាយ​ការណ៍​នោះ​លើកឡើង​ថា “ម.ស.ម.ក (មជ្ឈមណ្ឌ​ល​សិទ្ធិ​មនុស្ស​កម្ពុជា) មាន​ការ​ព្រួយ​បារម្ភ​ថា ការបាត់​ខ្លួន​របស់​យុវជន​ ខឹម សុផាត គឺ​មិន​ត្រឹម​តែ​ជា​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​នោះ​ទេ ប៉ុន្ដែ​វា​ជាការ​បារម្ភ​ផ​ង​ដែរ​ដែល​រដ្ឋាភិបាល​បរា​ជ័យ​ក្នុង​ការ​បពេញ​កាតព្វកិច្ច​ដែល​ខ្លួ​ន​បាន​ព្រម​ព្រៀង​នៅ​ក្នុង​អនុសញ្ញា​អន្ដរជាតិ ស្ដី​ពី​ការ​ការ​ពារ​ជន​គ្រប់​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ។ ក្នុង​ទិ​វាជន​រង​គ្រោះ​អន្ដរ​ជាតិ​នៃ​ការ​បាត់ខ្លួន​ដោយ​បង្ខំ​នេះ ម.ស.ម.ក សូម​រំឭក​​ដល់​រដ្ឋាភិបាល​កម្ពុជា​អំពី​កាតព្វ​កិច្ច​អន្ដរជាតិ​ក្នុង​ការ​ស៊ើប​អង្កេត​ទៅ​លើ​ករណី​ដែល​ត្រូវ​បាន​ចោទ​ថា​ជា​ការ​បាត់​ខ្លួន​ដោយ​បង្ខំ ហើយ​ប្រសិន​បើ​ករណី​នេះ​ជា​ការពិត​ សិទ្ធិ​ទទួល​បាន​ការ​ពិត​និង​ផ្ដល់​សំណង​ដល់​គ្រួសារ​ជន​រង​គ្រោះ​គួ​រ​ត្រូវ​បាន​ធានា”។

របាយការ​ណ៍​នោះ​ក៏​បាន​បញ្ជាក់​ផង​ដែរ​ថាអាជ្ញា​ធរបាន​អះ​អាង​ថាខ្លួន​បាន​ធ្វើ​ការ​ស៊ើប​អង្កេត​លើករណី​បាត់​ខ្លួន​នេះ ដោយ​បាន​ធ្វើ​កោសល្យ​វិច័យ​ទៅ​លើ​ភស្ដុតាង​ដេល​គេ​បាន​រក​ឃើញ ប៉ុន្ដែ​អាជ្ញា​ធរ​បាន​បញ្ជាក់​ថាអ្វី​ដែល​គេ​បាន​រក​ឃើញ​នោះ​មិន​មែន​ជា​រូប​របស់​យុវជន ខឹម សុផាត​នោះទេ។ របាយ​ការណ៍​នោះ​បន្ដ​ថា រដ្ឋាភិបាល​ក៏​មិន​បាន​បង្ហាញ​ពី​ព័ត៌មាន​លម្អិត​ទាក់​ទង​នឹង​ការ​ស៊ើប​អង្កេត​នោះ​ផង​ដែរ។

មន្ដ្រី​សម្រប​សម្រួល​គម្រោង​ការ​ពារ​សិទ្ធិ​សេរី​ភាព​មូលដ្ឋាននៃ​មជ្ឈមណ្ឌល​សិទ្ធិ​មនុស្ស​កម្ពុជា កញ្ញា ឆាយ ឈុនលី លើក​ឡើង​ថារដ្ឋាភិបាល​កម្ពុជា​បាន​ព្រម​ព្រៀង​ទៅ​លើ​កិច្ច​ព្រម​ព្រៀង​ស្ដី​ពី​អនុសញ្ញា​អន្ដរជាតិ​ស្ដី​ពី​ការ​ការ​ពារ​ជន​គ្រប់​រូប​ពី​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​រួ​ច​ហើយ។ ​កញ្ញា​ថាអនុសញ្ញា​នេះ​តម្រូវ​ឲ្យ​រដ្ឋាភិបាល​ចាត់​វិធាន​ការ​សម​ស្រប​ណាមួយ​ដើម្បី​ស៊ើប​អង្កេត​រក​មូល​ហេតុ​នៃ​ការ​បាត់​ខ្លួន​ដោយ​បង្ខំ​ឲ្យ​ឃើញ​ហើយ​នាំ​យក​ជន​ល្មើស​ទៅ​ផ្ដន្ទា​ទោស​។ ប៉ុន្ដែកញ្ញា​ថាប្រសិន​បើ​រដ្ឋាភិបាល​មិន​បាន​ដោះ​ស្រាយ​ចំពោះ​បញ្ហា​នេះ​ទេ នោះ​វា​បង្ហាញ​ថារដ្ឋាភិបាល​មិន​មាន​ខុស​ត្រូវ​លើ​អ្វី​ដែល​បាន​កើត​ឡើង​នោះ​ឡើយ។

កញ្ញា ឆាយ ឈុន​លី មាន​ប្រសាសន៍​ថា៖ “ខ្ញុំអាចនិយាយបានថាអាហ្នឹងវាអាស្រ័យលើឆន្ទៈរបស់រដ្ឋាភិបាល​ដែរណា ហេតុអីបានជារឿងហ្នឹងនៅកបចោលយូម្ល៉េះ ហើយហេតុអីបានមិនមានព័ត៌មានបើសិនជាស៊ើបអ​ង្កេត​ទៅមិនបញ្ជាក់ថាជាខឹម​ សុផាត អីអញ្ចឹងប៉ុន្តែយ៉ាងហោចណាស់គួរផ្តល់ព័ត៌មានណាលម្អិត​តិចដែរ ថាមូលហេតុអីហេតុអី”។

គួរ​បញ្ជាក់​ថា​ក្រសួងការបរទេសសហរដ្ឋអាមេរិកបាន​ចេញផ្សាយ​របាយការណ៍មួយស្តីពីបញ្ហាសិទ្ធិមនុស្សនៅ​កម្ពុជា​សម្រាប់​ឆ្នាំ២០១៤ ដោយបារម្ភពីបញ្ហានិទណ្ឌភាពនៃ​ការបាញ់សម្លាប់កម្មករនៅផ្លូវវ៉េង​ស្រេង៕

សរសេរមក​កាន់​លោក យ៉ា រសាត់ តាម​រយៈ rorsart@vodhotnews.com

What Next?

Recent Articles