ដោយ៖ មាឃ ចាន់ | ថ្ងៃចន្ទ ទី31 សីហា 2015, 03:19 PM
http://vodhotnews.com
ប្រជាពលរដ្ឋនិងក្រុមយុវជនប្រមាណ៥០នាក់នៅព្រឹកថ្ងៃចន្ទនេះ នៅតែបន្តនាំគ្នាតវ៉ាខាងមុខសាលាដំបូងខេត្តកោះកុង និងដើរដង្ហែជាក្បួន ដោយស្នើដោះលែងយុវជននៃចលនាមាតាធម្មជាតិ៣នាក់ដែលសមត្ថកិច្ចបានចាប់ខ្លួនកាលពីពេលកន្លងទៅ។
សកម្មជននៃក្រុមចលនាមាតាធម្មជាតិមួយរូប លោក ម៉ូត គឹមរី បានឱ្យដឹងថានាព្រឹកថ្ងៃចន្ទនេះក្រុមយុវជន និងអ្នកភូមិ រួមទាំងក្រុមអ្នកភូមិបឹងកក់ដែលមកពីភ្នំពេញ បានបន្តតវ៉ានៅពីមុខសាលាដំបូងខេត្តកោះកុង និងមានការដើរហែរក្បួននៅក្នុងក្រុងខេមរៈភូមិន្ទ ដើម្បីសុំឱ្យតុលាការទម្លាក់ការចោទប្រកាន់និងដោះលែងសកម្មជនទាំង៣នាក់ឱ្យមានសេរីភាពវិញ។ សកម្មជនទាំងនោះរួមមាន លោក សាន់ ម៉ាឡា លោក ទ្រី សុវិគា និងលោក ស៊ិម សំណាង។
ប្រជាពលរដ្ឋបានតវ៉ាឲ្យមានការដោះលែងសកម្មជនទាំងនោះចាប់តាំងពីថ្ងៃទី១៩ខែសីហា ឆ្នាំ២០១៥។
អ្នកសម្របសម្រួលបច្ចេកទេសនៃអង្កការលីកាដូ លោក អំ សំអាត បានឱ្យវីអូឌីដឹងដែរថាកាលពីថ្ងៃពុធសប្តាហ៍មុន មេធាវីការពារមកពីអង្គការលីកាដូបានដាក់លិខិតដាក់ទៅតុលាការ ដើម្បីស្នើសុំឱ្យយុវជនទាំង៣នាក់ស្ថិតនៅក្រៅឃុំ។ លោកបន្តថារហូតមកទល់ពេលនេះខាងមេធាវីកំពុងរង់ចាំការឆ្លើយតបពីតុលាការ។ ប្រភពដដែលបានបន្តថានៅថ្ងៃអង្គារ ទី០៨ សប្តាហ៍ក្រោយ ចៅក្រុមស៊ើបសួរនឹងបន្តការសាកសួរយុវជន២នាក់គឺលោក សាន់ ម៉ាឡានិងលោក ទ្រី សុវិគា។
កន្លងទៅយុវជនដែលត្រូវបានចាប់ខ្លួន លោក សាន់ ម៉ាឡា ធ្លាប់ប្រាប់វីអូឌី(VOD)ថាលោកយល់ថាចំណាត់ការតាមប្រព័ន្ធតុលាការនេះ គ្រាន់តែជាការគំរាមកំហែង ដើម្បីឲ្យយុវជនបញ្ឈប់យុទ្ធនាការបណ្តេញសាឡង់បូមខ្សាច់តែប៉ុណ្ណោះ។
គួររំឮកផងដែរថាយុវជនទាំង៣នាក់ត្រូវបានចោទពីបទគំរាមកំហែងតាមមធ្យោបាយណាក៏ដោយថានឹងប្រព្រឹត្តការបំផ្លិចបំផ្លាញ ធ្វើឲ្យទ្រុឌទ្រោមឬការធ្វើឲ្យខូចខាតរបស់អ្វីមួយ តាមមាត្រា៤២៤នៃក្រមព្រហ្មទណ្ឌ ។ យុវជនអាចត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី១ឆ្នាំទៅ២ឆ្នាំ និងពិន័យជាប្រាក់ពី២ទៅ៤លានរៀល៕
សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com
