ដោយ៖ សាន សែល | ថ្ងៃចន្ទ ទី31 សីហា 2015, 03:31 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
កម្មករជាង១០០នាក់ ដែលថៅកែរត់ចោលនោះ បាននាំគ្នាតវ៉ាដុតកង់ឡាននៅមុខរោងចក្រដេរខោខោប៊ូយឈ្មោះ ធានធាន ស្ថិតក្នុងខេត្តកណ្តាល នៅព្រឹកថ្ងៃទី៣១ ខែសីហានេះ ដើម្បីទាមទាររកដំណោះស្រាយលើប្រាក់ខែចុងក្រោយ។
កម្មការនី ឌុត សុភ័ក្ត្រ ដែលចូលរួមការតវ៉ានេះបានឲ្យដឹងថា កម្មករបានដាក់ពាក្យបណ្តឹងទៅតុលាការខេត្តកណ្តាល បន្ទាប់ពីថៅកែរោងចក្របានលួចរត់ចោលកម្មករ ហើយតុលាការបានចេញដីកា ឲ្យដាក់លក់ឡៃឡុងនូវសម្ភាររោងចក្រ ដើម្បីយកប្រាក់ទូទាត់ឲ្យកម្មករ។
ក៏ប៉ុន្តែបើតាមកម្មការនីរូបនេះ ជាងមួយខែបន្ទាប់ពីមានដីកាពីតុលាការ គឺមិនទាន់ឃើញមានដំណោះស្រាយជូនកម្មករនៅឡើយទេ។ កញ្ញាបញ្ជាក់ថា៖ "ឥឡូវនេះជាងមួយខែហើយ មួយខែជិតពីរខែហើយ ចូលក្បាលពីរខែហើយ គាត់អត់មានធ្វើអីបានទេ។ ពួកខ្ញុំទូរស័ព្ទទៅសួរគាត់ព្រឹកមិញ គាត់ថា គាត់អត់ទាន់ធ្វើអីបានផង ហើយគាត់សន្យាជាមួយពួកខ្ញុំ តាំងពីថ្ងៃអង្គារសប្តាហ៍មុន គាត់ថា គាត់ជួយចុះមកថ្ងៃចន្ទហ្នឹង គាត់ជួយសម្រេចឲ្យបានថ្ងៃចន្ទហ្នឹង។ ហើយឥឡូវ Call ទៅគាត់ គាត់បិទទូរស័ព្ទ។ គាត់លើកនិយាយមួយមាត់ គាត់ថាមិនទាន់បានធ្វើអី ហើយគាត់បិទទូរស័ព្ទរបស់គាត់ លែងនិយាយជាមួយកម្មករ។ អ៊ីចឹងពួកខ្ញុំគិតថា មានតែធ្វើវិធីអស់ហ្នឹងហើយ"។
ទោះជាយ៉ាងណា នៅមិនមានការប្រឈមដោយអំពើហិង្សារវាងអាជ្ញាធរ និងអ្នកតវ៉ានោះទេ។
ទោះជាយ៉ាងណាក៏ដោយ ប្រធានសហព័ន្ធសហជីពសាមគ្គីឯករាជ្យ និងប្រជាធិបតេយ្យ លោក យ៉ត ផានី បានចេញមកណែនាំឲ្យកម្មករផ្អាកការតវ៉ាដុតកង់ឡាននេះ ដោយផ្តល់យោបល់ឲ្យក្រុមកម្មករទៅស្វែងអន្តរាគមន៍ពីតុលាការជាលើកចុងក្រោយ។ លោកថា៖ "ព្រោះដោយសារមានកំហឹង មានការឈឺចាប់របស់គាត់ហើយបន្តអ៊ីចឹងមក ហើយខ្ញុំបានឃាត់ទៅគាត់ ហើយគាត់មិនស្តាប់ទៀត គាត់ចង់គាស់សោគាស់អី យកម៉ាស៊ីនលក់ចែកគ្នា។ នេះខ្ញុំពន្យល់លក្ខណៈផ្លូវច្បាប់ទៅគាត់ ថាទ្រាំបន្តិចទៅ បើបង់ប្អូនចង់បានឲ្យលឿនដល់ទៅសួរព្រះរាជអាជ្ញាហ្នឹងឲ្យហើយទៅ ឲ្យដឹងថាឥឡូវយ៉ាងម៉េច"។
នៅពេលនេះក្រុមកម្មករបានផ្អាកការតវ៉ា ហើយនាំគ្នាទៅតុលាការដើម្បីរកដំណោះស្រាយ។
ព្រះរាជអាជ្ញាតុលាការខេត្តកណ្តាល ដែលកាន់សំណុំរឿងនេះ បានបដិសេធមិនធ្វើការអត្ថាធិប្បាយ ដោយបានប្រាប់ថាជាប់រវល់ ហើយក៏បានបិទទូរស័ព្ទ ខណៈមិនទាន់បានស្គាល់ឈ្មោះផង៕
សូមសរសេរមកលោក សាន សែល តាមរយៈ sel@vodhotnews.com