ក្រសួងព្រមាន​ចាត់វិធានការ​លើ​អ្នក​លួច​ចម្លង​ស្នាដៃ​សិទ្ធិ​អ្នកនិពន្ធ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃចន្ទ ទី31 សីហា 2015, 03:44 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

សិក្ខាសាលាដែលរៀបចំនៅក្រសួង​វប្បធម៌ កាលពីព្រឹកមិញ (រូបថត៖ ទេព សូនី​)


មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​វប្បធម៌ ព្រមាន​ចាត់វិធានការ​ជាថ្មី លើ​អ្នក​ដែល​លួច​ចម្លង​ពី​សិទ្ធិ​អ្នកនិពន្ធ ដោយ​ចាត់ទុកថា​ការលួចចម្លង​នោះ ធ្វើឲ្យប៉ះពាល់​ដល់​អ្នក​ដែល​ខិតខំប​ង្កើ​ត​ស្នាដៃ​ថ្មី និង​ប៉ះពាល់​ដល់​សង្គម​។​

​ការព្រមាន​នេះ ធ្វើឡើង​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នៅ​ទីស្តីការក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ នា​ព្រឹក​ថ្ងៃទី​៣១ ខែ​សីហា​នេះ​។​

អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ លោក គង់ កន្តា​រ៉ា ថ្លែងថា អ្នក​ដែល​លួច​ចម្លង​សិទ្ធិ​អ្នកនិពន្ធ នឹង​ប្រឈម​ចំពោះ​មុខ​ច្បាប់​។ លោក​បន្តថា បច្ចុប្បន្ន​ក្រសួង​វប្បធម៌​មាន​គណៈកម្មការ​អន្តរក្រសួង​មួយ ដើម្បី​បង្ក្រាប​បទល្មើស​នៃ​ការលួចចម្លង​សិទ្ធិ​អ្នកនិពន្ធ​។ លោក​សង្កត់ធ្ងន​ថា ការលួចចម្លង​នោះ​ពិតជា​ធ្វើឲ្យប៉ះពាល់​ដល់​គំនិត​ប្រាជ្ញា និង​ប៉ះពាល់​ដល់​ថវិកា​របស់​អ្នកនិពន្ធ​ថែមទៀត ពោល​អ្នកនិពន្ធ​ចំណាយ​ពេលវេលា​ច្រើន និង​ថវិកា​ក្នុង​បង្កើត​ស​ស្នាដៃ​ថ្មី​។ លោក​ថា​៖ “​ការចម្លង ច្បាប់​យើង​មានចែង​រួច​អស់ហើយ ហើយ​បើសិនណា​អ្នក​លួច​ចម្លង​ស្នាដៃ​របស់​គេ គាត់​ត្រូវ​មានទោស ហើយ​ចំពោះ​ការលួចចម្លង​នេះ ក្រសួង​វប្បធម៌​យើង​មាន​គណៈកម្មការ​អន្តរក្រសួង​មួយ ដើម្បី​បង្ក្រាប​បទល្មើស​ហ្នឹង​។ កន្លងមក ដូច​អស់លោក​អ្នកកាសែត​បាន​ជ្រាប​ស្រាប់​ហើយ​ថា គណៈកម្មការ​អន្តរក្រសួង​ចុះទៅ​បង្ក្រាប​ការលួចចម្លង​របស់​គេ​ហ្នឹង​”​។​

យ៉ាងណាក៏ដោយ លោក​លើកទឹកចិត្ត​ដល់​អ្នក​ដែល​មាន​គំនិត​បង្កើត​ស្នាដៃ​និពន្ធ ព្រមទាំង​បង្កើត​ច្បាប់​ការពារ​អ្នក​ទាំងនោះ​ទៀត​ផង​។ បើ​តាម​លោក គង់ កន្តា​រ៉ា តាំងពី​ឆ្នាំ​២០០០ រហូតមក​ទល់​បច្ចុប្បន្ន​មាន​ការបង្ក្រាប​បទល្មើស​អ្នក​លួច​ចម្លង​ជាច្រើន តែ​លោក​មិន​អាច​បញ្ជាក់​ទិន្នន័យ​បានទេ​។​

​អ្នកនិពន្ធ​ប្រលោមលោក និង​រឿងនិទាន​កុមារ លោកស្រី កែម លី​ហៀ​ង ដែល​ចូលរួម​ក្នុង​សន្និសីទ​នោះ មានប្រសាសន៍ថា ក្រសួង​គួរតែ​ចាត់វិធានការ​ឲ្យមាន​ប្រសិទ្ធភាព និង​តឹងរឹង​លើ​អ្នកចម្លង​ពី​គេ​ដោយ​ពិន័យ​ជា​ទឹកប្រាក់ ឬ​ត្រូវ​ប្រឈម​ចំពោះ​មុខ​ច្បាប់​។ លោកស្រី​ឲ្យដឹង​ទៀតថា ការលួចចម្លង​ពី​គេ​ធ្វើឲ្យ​ចំណេញ​ពេលវាលា និង​ថវិកា​។ ប៉ុន្តែ​ចំណុច​អាក្រក់​ធ្វើឲ្យប៉ះពាល់​ដល់​សិទ្ធិ​អ្នក​ដទៃ ជាពិសេស​វប្បធម៌​លួច​ចម្លង​នៅតែ​កើតមាន​ក្នុង​សង្គម​ខ្មែរ ដែល​ធ្វើឲ្យ​យុវជន​ជំនាន់​ក្រោយ​យក​គំរូ​តាម​។ លោកស្រី​បញ្ជាក់​ថា​៖ “​យើង​ត្រូវតែ​ដាក់ទោស ពីព្រោះ​ប្រសិនជា​យើង​ពិន័យ​គាត់ មិន​ដាក់ទោស​គាត់​ទេ វប្បធម៌​ហ្នឹង​នៅតែ​មាន​ជា​ដដែលៗ ហើយ​បង​ជឿថា ខ្មែរ​យើង​គឺ​មាន​ចរិត​មួយ​អាច​កែប្រែបាន ប្រសិនបើ​ច្បាប់​តឹង​។ បង​យល់ថា ប្រជា​ពលរដ្ឋ​ខ្មែរ យុវជន​ខ្មែរ មិនមែន​រឹងទទឹង​រហូតដល់​ពិបាក​ក្នុង​ការអប់រំ​នោះទេ ងាយ​នឹង​អប់រំ ប៉ុន្តែ​សួរ​ថា តើ​អ្នក​អប់រំ​ហ្នឹង អប់រំ​ត្រូវ​ចំនុច​ឬ​អត់ ដូច​ឪពុកម្តាយ​អប់រំ​កូន​អ៊ីចឹង​។ ពេលខ្លះ​ដឹងថា កូន​ខុស យក​កូន​មក​វ៉ៃ យក​កូន​មក​ស្តី អត់​បាន​ប្រាប់​ពី​កំហុស​ថា ប៉ា​វ៉ៃ​កូន​ឯង ឬ​ស្តីបន្ទោស​កូន​ឯង​ដោយសារ​កំហុស​មួយ​នេះ​។ អ៊ីចឹង​រដ្ឋាភិបាល ក៏ដូចជា​ក្រសួង​ក៏​ដូចគ្នា​ដែរ ប្រសិនបើ​យើង​បន្ទោស​ទៅ​លើ​បុគ្គល Copy ឬ​លួច​ចម្លង​ស្នាដៃ​គេ​អ៊ីចឹង យើង​បញ្ជាក់​ប្រាប់​គាត់ យើង​ពិន័យ​គាត់​ក្នុង​ស្នាដៃ​មួយ​ប៉ុន្មាន​រៀល ប៉ុន្មាន​ដុល្លារ​”​។​

នាយិកា​ផ្នែក​អភិវឌ្ឍន៍​សិទ្ធិ​អ្នកនិពន្ធ​នៃ​អង្គការ​កម្មសិទ្ធិបញ្ញា​ពិភពលោក​(WIPO) លោកស្រី កៅ ហាំង មានប្រសាសន៍​តាមរយៈ​បកប្រែ​ថា សិទ្ធិ​អ្នកនិពន្ធ​មាន​សារៈសំខាន់​ក្នុង​ការរួមចំណែក ដល់​ការរីកចម្រើន​ចំណូល​ដុល​របស់​ប្រជាជន​ម្នាក់ៗ​ក្នុង​១​ឆ្នាំ (GDP)​និង​ផ្តល់​ការងារ​ធ្វើ​ផងដែរ​។ លោកស្រី​ថ្លែងថា​៖ “​នៅក្នុង​ប្រទេស​អភិវឌ្ឍន៍ ប្រទេស​កំពុងអភិវឌ្ឍន៍ ប្រព័ន្ធ​សិទ្ធិ​អ្នកនិពន្ធ​ត្រូវបាន​ប្រើប្រាស់​ជា​ឧបករណ៍​មួយ ដើម្បី​ផ្តល់ និង​ការពារ​ការសម្តែង​ផ្នែក​វប្បធម៌​ដែល​ប្រទេស​ទាំងអស់​បាន​ធ្វើ​កន្លង​មក​”​។​

​ច្បាប់​ស្តីពី​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល ក្នុង​មាត្រា​៦៤ ចែងថា ការរំលោភបំពាន​លើ​សិទ្ធិ​អ្នកនិពន្ធ​តាមរយៈ​ការ​ផលិត​ឡើង​វិញ ឬ​សម្តែង​ឡើងវិញ​ត្រូវ​ពិន័យ​ជា​ប្រាក់​ពី​៥​លាន​រៀល ទៅ​២៥​លាន​រៀល និង​ត្រូវ​ផ្តន្ទាទោស​ដាក់​ពន្ធនាគារ​ពី​៦​ខែ ទៅ​១​ឆ្នាំ​៕

​សូម​សរសេរ​មក​លោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com


ក្រសួងវប្បធម៌ព្រមានចាត់វិធានការលើអ្នកលួចចម្លងស្នាដៃសិទ្ធិអ្នកនិពន្ធ (វីដេអូ)​

ដោយ៖​ ឧស្សាហ៍​ | ថ្ងៃចន្ទ ទី31 សីហា 2015, 05:44 PM​
http://vodhotnews.com

ក្រសួងវប្បធម៌ព្រមានចាត់វិធានការលើអ្នកលួចចម្លងស្នាដៃសិទ្ធិអ្នកនិពន្ធ


What Next?

Recent Articles