​ក្រសួង​វប្បធម៌ថា​ខ្លួន​មិន​ដែល​ហាម​ការ​បញ្ចាំង​ខ្សែភាពយន្ត​ថៃ​នោះទេ​​

ដោយ៖​ ឡាយ សា​មាន​ | ថ្ងៃចន្ទ ទី31 សីហា 2015, 04:48 PM​
http://vodhotnews.com


លោក គង់ កន្តា​រ៉ា អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ (រូបថត៖ ទេព សូនី)


​មន្ត្រីជាន់ខ្ពស់​នៃ​ក្រសួង​វប្បធម៌ នៅ​ថ្ងៃ​ចន្ទ​នេះបញ្ជាក់ថា ក្រសួង​មិន​ដែល​ហាមឃាត់​ការ​នាំចូល និង​ចាក់​បញ្ចាំងភាពយន្ត​ថៃ​នៅ​តាម​កញ្ចក់​ទូរទ្សសន៍​របស់​កម្ពុជា​នោះ​ទេ​។​

​ក្នុង​ពិធី​បើក​សិក្ខាសាលា​ថ្នាក់ជាតិ​ស្តីពី សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នៅ​ព្រឹក​ថ្ងៃទី៣១ ខែសីហា​នេះ អនុរដ្ឋលេខាធិការ​ក្រសួង​វប្បធម៌ និង​វិច​ត្រ​សិល្បៈ​ លោក គង់ កន្តា​រ៉ា បញ្ជាក់ថា ក្រោយពី​មាន​ចលនា​ដុត​ទូត​ថៃ​កាលពី​ឆ្នាំ២០០៣មក ក្រសួង​វប្បធម៌​មិន​ដែល​ហាមឃាត់​ការចាក់​បញ្ចាំងភាពយន្ត​ថៃ​លើ​កញ្ចក់​ទូរ​ស​ទ្សន៍​នោះទេ​។ លោក​បន្តថា ក្រោយ​ពី​ហេតុការណ៍​នោះ ម្ចាស់​ស្ថានីយទូរទស្សន៍​មិន​ហ៊ាន​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថៃ ដោយ​ខ្លួនឯង​ប៉ុណ្ណោះ ពោល​ខ្លាច​មាន​បាតុកម្ម​នៅ​មុខ​ស្ថានីយ​ទូរទស្សន៍​របស់ខ្លួន​។

​តែ​លោកបញ្ជាក់ថា ការនាំ​ចូល​រឿង​ភាគ​ថៃ​ត្រូវតែ​មាន​ច្បាប់ និង​ទិដ្ឋ​ការពី​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចំណែក​ការចាក់​បញ្ចាំងភាពយន្ត​ថៃ​នៅ​តាម​ទូរទស្សន៍​វិញ ជា​សិទ្ធិ​គ្រប់គ្រង​របស់​ក្រសួង​ព័ត៌មាន​។ លោក​ឲ្យដឹង​ទៀតថា បច្ចុ​ប្បន្ន​ក្រសួង​កំពុង​ចុះ​បង្ក្រាប​ការនាំ​ចូល​រឿង​ភាគ​យន្ត​ថៃ​មួយចំនួន ​ដែល​មិន​មាន​ទិដ្ឋ​ការពី​ក្រសួង​វប្បធម៌​។​

ទោះជា​យ៉ាងណា​ក៏ដោយ កាលពីដើមឆ្នាំ​២០១៤ រដ្ឋលេខាធិការ​ប្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ លោក ថៃ នរ​សត្យា បាន​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់ ទៅលើ​ស្ថានីយ៍ទូរទស្សន៍​ក្នុង​ស្រុក​ណាដែល​ចាក់​បញ្ចាំង​ខ្សែភាពយន្ត​ភាគ​ថៃ​។ លោក​បាន​មានប្រសាសន៍​ប្រាប់​វី​អូ​ឌី​ថា ក្រសួង​មិន​បាន​ចេញ​សេចក្តីណែនាំ ឬ​អនុញ្ញាត​ឲ្យ​ស្ថានីយ៍ទូរទស្សន៍​ក្នុងស្រុកចាក់​បញ្ចាំង​ខ្សែភាពយន្ដ​របស់​ថៃ​ទេ​។ លោក​ថា បើ​មាន​ករណី​នេះ​កើតឡើង គឺជា​រឿង​ខុស​ទៅ​នឹង​បទ​បញ្ញាតិ​របស់​ក្រសួង ហើយ​ក្រសួង​នឹង​ចាត់វិធានការ​ផ្លូវ​ច្បាប់​ទៅ​លើ​ស្ថានីយ៍​ទូរ​ទស្សន៍​នោះ​។​

​អ្នកនិពន្ធ​ប្រលោមលោក និង​រឿងនិទាន​កុមារ លោកស្រី កែម លី​ហៀ​ង ដែល​ចូលរួម​ក្នុង​សិក្ខា​ថ្នាក់​ជាតិ​នៅ​ថ្ងៃ​ចន្ទ​នេះ មានប្រសាសន៍ថា ការ​នាំចូល​រឿងភាពយន្ត​ពី​ក្រៅប្រទេស គឺ​សុទ្ធតែ​ប៉ះពាល់​ដល់​វប្បធម៌​កម្ពុជា មិនថាតែ​ភាពយន្ត​ថៃ​នោះ​ទេ​។ ករណី​នេះ​លោកស្រី​ពន្យល់ថា ក្រសួង​ពាក់ព័ន្ធ​ត្រូវមាន​វិធានការ​ទប់ស្កាត់​ការចាក់​បញ្ចាំងភាពយន្ត​បរទេស ជាពិសេស​ម៉ោង​មាស​(​ម៉ោង​ដែល​មាន​មនុស្ស​មើល​ច្រើន​ចន្លោះ​ពី​ម៉ោង៦ ​ដល់៨​ល្ងាច​) ពោល​គួរ​ចាក់​ភាពយន្ត​ខ្មែរ​នៅ​ម៉ោង​មាស​នេះ ដើម្បី​ឲ្យ​ភាពយន្ត​ខ្មែរ ដែល​បង្កើត​ដោយ​ស្នាដៃ​ខ្មែរ​ត្រូវបាន​ផ្សព្វផ្សាយ​លើ​កញ្ចក់​ទូរទស្សន៍​។ លោកស្រីទទួលស្គាល់ថា បើ​ប្រៀបធៀប​ភាពយន្ត​បរទេស និង​ភាពយន្ត​ខ្មែរ​នោះ ផលិតករ​របស់​ខ្មែរ​ពិតជា​មាន​ភាពទន់ខ្សោយ​ជាង​គេ​ពិតមែន​។

​យ៉ាងនេះ​ក្តី​លោក​ស្រីជំរុញ​ឲ្យ​ផលិតករ​ខ្មែរ ខិតខំ​ពង្រឹង​សមត្ថភាព​បន្ថែមទៀត​ក្នុង​ការផលិត​ភាពយន្ត ដើម្បី​ប្រកួតប្រជែង​ជាមួយ​ភាពយន្ត​បរទេស​។ 

​គួរបញ្ជាក់​ថា រយៈពេល​ជាង​១០​ឆ្នាំ​មកហើយ នៅលើ​កញ្ចក់​ទូរទស្សន៍​ខ្មែរ មិនឃើញ​មាន​ការចាក់​បញ្ចាំង​ខ្សែភាពយន្ត​ថៃ​នោះទេ បន្ទាប់ពី​មាន​ការដុត​ស្ថានទូត​ថៃ​កាលពី​ឆ្នាំ ២០០៣ ក្រោយ​ពី​តារា​ភាពយន្ត​ថៃ​ម្នាក់អះអាង​ថា​ប្រាសាទ​អង្គរវត្ត​ជា​របស់​ថៃ​។ តែ​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ ភាពយន្ត​ថៃ​ត្រូវ​បាន​ចាក់​បញ្ចាំង​លើក​កញ្ចក់​ទូរទស្សន៍​ខ្មែរ​វិញ​ស្ទើរ​គ្រប់​ប៉ុស្តិ៍៕

សូមសរសេរមកលោក ឡាយ សា​មាន តាមរយៈ samean@vodhotnews.com

What Next?

Recent Articles

3 Responses to "​ក្រសួង​វប្បធម៌ថា​ខ្លួន​មិន​ដែល​ហាម​ការ​បញ្ចាំង​ខ្សែភាពយន្ត​ថៃ​នោះទេ​​"

  1. ទេពីរូ says:

    គិតយូរៗទៅ ស្រុកខ្មែរ លែងមានរឿងចាក់ផ្សាយខ្លួនឯងហើយ សព្វកំពុងតែខ្ចីវប្បធម៌របស់ថៃ មកសាបព្រោះមកលើកូនខ្មែរបន្ថែមទៀត លែងមានម្ចាស់ការខ្លួនឯងហើយ៕ សៀមគេចង់កប់ខ្មែរឲ្យបាត់ តាមរយៈការសាបព្រោះវប្បធម៌នេះឯង បើចឹងទៀត នឹងរលាយជាបន្តបន្ទាប់…….ហើយ…..

  2. Khmer says:

    ស្រុកខ្មែរមិនមែនមានសុទ្ធតែមនុស្សល្ងង់ទេ។សូមពិចារណា។

  3. Battambang says:

    រឿងភាពយន្តក៏ទិញរឺនាំចូលពីប្រទេសថៃ គ្រឿងសំភារៈប្រើប្រាស់គិតទាំងម្ហូបអាហារផងក៏នាំចូល ពីប្រទេថៃដែរភាគច្រើន។ តើមកពីមូលហេតុអ្វី? បើខ្មែរផលិតរបស់បានដូចគេ ហើយមានគុណភាពល្អ ដូចគេនោះ ប្រជាជនខ្មែរច្បាស់ជាប្រើរបស់ខ្មែរ មើលរបស់ខ្មែរហើយ។