​អ្នកសារព័ត៌មាន​ជាង​៣០​នាក់​ប្រចាំ​ខេត្ត​រតនគិរី​ចោទ​អភិបាលខេត្ត​នេះ​ថា​គំរាម​ពួកគេ​​

ដោយ៖​ យ៉ា រសាត់​ | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 02:27 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​អ្នកសារព័ត៌មាន​ជាង​៣០​នាក់ ដែល​ប្រចាំក្នុង​ការ​យក​ព័ត៌មាននៅក្នុង​ខេត្ត​រតនគិរី ស្វែងរក​អន្ដរាគមន៍​ពី​ក្លឹប​អ្នកកាសែត​កម្ពុជា ករណី​ដែល​ពួកគេ​ចោទថា អភិបាល​ខេត្ត​នេះ​បាន​ផ្ញើ​សារ​គំរាម​ដល់​ក្រុមគ្រួសារ​អ្នកយក​ព័ត៌មាន និង​សេរីភាព​សារព័ត៌មាន​។​

​លិខិត​រួម​អ្នកសារព័ត៌មាន​ចំនួន​៣២​រូប ប្រចាំការ​យក​ព័ត៌មាន​នៅ​ខេត្ត​រតនគិរី ផ្ញើ​ជូន​ក្លិប​អ្នកកាសែត​កម្ពុជា លើកឡើងថា កាលពី​ថ្ងៃ​ទី​២៤ ខែ​សីហា អភិបាលខេត្ត​រតនគិរី លោក ថង សាវុន បាន​ផ្ញើ​សារ​តាម​បណ្ដាញ​សង្គម​ឡា​ញ​(Line) ឲ្យ​អ្នកយក​ព័ត៌មាន​ទូរទ​ស្សន៍​ក្នុងស្រុក​មួយ​រូប​។ ពាក្យបណ្ដឹង​នោះ​បាន​ដកស្រង់​ខ្លឹមសារ​នៃ​សារ​របស់​អភិបាលខេត្ត​រូបនោះ​ថា​៖ “​ខ្ញុំ​ឃើញ​អ្នកសារព័ត៌មាន​រាល់ថ្ងៃ ហាក់ដូចជា​យក​បញ្ហា​បទល្មើស​ធ្វើជា​អាជីព​ដូច​ជា​បទល្មើស​ព្រៃឈើ មាន​ក្រុមខ្លះ​ដើរ​ល្បាត​ចាប់​ម៉ូតូ​ដឹកឈើ រថយន្ដ​មួយ​ចំនួន​បើ​គេ​មិន​បង់​ឲ្យ ធ្វើ​ការចុះផ្សាយ ហ្នឹង​ក្រុម​ខ្លះ​ដើរ​យក​ព័ត៌មាន​ដែល​ពាក់ព័ន្ធ​អាច​ផ្ដល់​នូវ​ប្រយោជន៍​ឲ្យ​ខ្លួន ធ្វើ​អ្នកសារព័ត៌មាន​របៀប​នេះ គឺ​ធ្វើឲ្យ​ខ្លួន​ឃ្លាតឆ្ងាយ​ពី​សង្គម​ហើយ​អ្នក​ដែល​ទទួលរង​ផលប៉ះពាល់​គឺ​ប្រពន្ធ​កូន​របស់​ខ្លួន​”​។​

សារ​ដដែល​របស់​អភិបាលខេត្ត​រូបនោះ​បន្ថែមថា​៖ “​បញ្ហា​ខាងលើ​នេះ ខ្ញុំ​មិន​អនុញ្ញាត​ឲ្យ​ក្រុម​កាសែត​ដែល​ធ្វើអំពើ​ខុស​ច្បាប់​សម្រាប់​ក្រពះ យក​ស្លាក​កាសែត​ធ្វើ​អញ្ចឹង​ទៅ​ទៀត​ទេ វា​មិន​សម​អាជីព​ជា​អ្នកសារព័ត៌មាន​គ្រប់​ជ្រុងជ្រោយ​"​។ 

​អ្នកយក​ព័ត៌មាន​របស់​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ប្រចាំការ​នៅ​ខេត្ត​រតនគិរី លោក កេត សុធី ប្រាប់​វី​អូ​ឌី​(VOD)​នៅ​ថ្ងៃ​នេះ​ថា ក្រុម​អ្នក​យក​ព័ត៌មាន​ប្រចាំ​នៅ​ខេត្ត​រតនគិរី មាន​ការព្រួយបារម្ភ​អំពី​ការប្រកប​របរ​វិជ្ជាជីវៈ​របស់​ពួកគេ ដោយ​លោក​ថា ក្រៅពី​សារ​របស់​អភិបាលខេត្ត អ្នកកាសែត​នៅ​ក្នុង​ខេត្ត​នេះ​តែង​ប្រឈម​នឹង​ការរារាំង​មិន​ឲ្យ​យក​ព័ត៌មាន និង​ឃាត់ខ្លួន​នៅ​ពេល​ចុះ​យក​ព័ត៌មាន​ជាដើម​។ លោក​បន្តថា ក្រុម​អ្នកកាសែត​របស់​លោក គឺ​ចង់ឲ្យ​តែ​អាជ្ញាធរ​ខេត្ត​រតនគិរី​ផ្ដល់​សេរីភាព​ក្នុង​ការចុះ​យក​ព័ត៌មាន​ប៉ុណ្ណោះ មិន​ទាមទា​រការ​ឈ្នះ​ចាញ់​អ្វី​ជាមួយ​អភិបាលខេត្ដ​នោះទេ​។​

​លោក កេត សុធី មានប្រសាសន៍ថា​៖ “​គោលដៅ​សំខាន់​របស់​ពួក​ខ្ញុំ​ចង់​បាន​ប៉ុណ្ណឹង​ទេ មិន​មែន​ថា​ចង់​ប្តឹង​យកឈ្នះ​យក​ចាញ់​អី​ជាមួយ​ឯកឧត្តម​អភិបាលខេត្ត​ហ្នឹង​ទេ គ្រាន់តែ​ថា​សុំឲ្យ​មាន​សេរីភាព​ក្នុង​ការ​យក​ព័ត៌មាន​ក្នុង​ការបញ្ចេញមតិ​កុំ​ឲ្យមាន​ភាពភ័យខ្លាច​ណាបង​”​។​

​អ្នកនាំពាក្យ​សាលា​ខេត្ដ​រតនគិរី លោក មឹង ស៊ី​នាថ មានប្រសាសន៍ថា ការផ្ញើ​សារ​របស់​អភិបាលខេត្ត​ទៅ​អ្នកសារព័ត៌មាន​នេះ គឺ​អភិបាលខេត្ត​មាន​គោលបំណង​គិតគូរ​ពី​សុវត្ថិភាព​អ្នកសារព័ត៌មាន ក្នុងអំឡុង​ចុះ​អនុវត្ត​ការងារ​របស់​ខ្លួន​។ លោក​អះអាង​ថា អ្នកយក​ព័ត៌មាន​ក្នុង​ខេត្ត​នោះ​កំពុង​លូកដៃ​ចូល​កិច្ចការងារ​របស់​សមត្ថកិច្ច​ច្រើន តាមរយៈ​ការរាយការណ៍​បទល្មើស​ផ្សេងៗ​។ លោក​ថា​៖ “​សកម្មភាព​របស់​គាត់​ហ្នឹង មាន​ការប្រមូលផ្តុំ​ដូច​គាត់​ហ្នឹង​លូក​ដៃ​ក្នុង​សមត្ថកិច្ច​ច្រើន ដូចជា​គាត់​មាន​សិទ្ធិ​គ្រប់គ្រាន់​ក្នុង​ការបង្ក្រាប​បទល្មើស​ព្រៃឈើ ដេញ​តាម​គេ កាលណា​ថត​គេ​បាន​គំរាម​យក​លុយ​គេ ដល់​តែ​គេ​មិនឲ្យ​(​លុយ​) ចុះ​ផ្សាយ​តាម​ទំព័រ​កាសែត ឬ​តាម​វ៉ិបសាយ អាហ្នឹង​វា​អ៊ីចឹង​”​។​

​ប្រធាន​ក្លឹប​អ្នកកាសែត​កម្ពុជា លោក ប៉ែន បូ​ណា លើកឡើងថា លោក​បាន​ចាត់តាំង​មន្ដ្រី​របស់​លោក​ធ្វើការ​សិក្សា​អំពី​អ្វី​ដែល​កើតឡើង​ចំពោះ​ក្រុមអ្នកកាសែត​នៅ​រតនគិរី​នេះហើយ​។ លោក​ថា ប្រសិនបើ​ការស្រាវជ្រាវ​រកឃើញ​ការពិត នោះ​ក្លឹប​អ្នកកាសែត​នឹង​ស្នើឲ្យ​អភិបាល​ខេត្ដរតនគិរី​បកស្រា​យ​ចំពោះ​ករណី​នោះ​។ លោ​បន្ដថា ទោះបី​អ្នកកាសែត​ធ្វើឲ្យ​មាន​កំហុសឆ្គង​អ្វី​ក៏ដោយ លោក​ថា​អាជ្ញាធរ​ត្រូវ​បង្ហាញ​ភស្ដុតាង និង​ចាត់វិធានការ​ទៅតាម​ផ្លូវច្បាប់​។ លោក​ថា​៖ “​យ៉ាងណាក៏ដោយ បើសិនជា​មាន​ការខុស​ឆ្គង​អ្វី អាជ្ញាធរ​គួរតែមាន​វិធានការ ឬ​មាន​អ្វី​ដែល​ជាក់ស្តែង​ដែល​ទៅតាម​ផ្លូវច្បាប់​នៃ​ការ​គំរាម​។ កាលណា​ធ្វើ​អ្វីមួយ​ដែល​ធ្វើឲ្យប៉ះពាល់​ដល់​អាជីព​អ្នកកាសែត ដោយ​មិន​សមរម្យ អាហ្នឹង​វា​ជា​រឿង​ខុសឆ្គង​មួយ​។ យើង​ចង់​ឲ្យ​ទាំងអស់គ្នា​គោរព​ច្បាប់ គោរព​វិជ្ជាជីវៈ គោរព​គ្នា​ទៅវិញទៅមក ទាំង​អ្នកកាសែត និង​អាជ្ញាធរ​”

​សរសេរ​មកកាន់​លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com

What Next?

Recent Articles