​រដ្ឋ​ចំណាយ​ជាង​៧៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ​សម្រាប់​អតីតយុទ្ធជន​​

ដោយ៖​ ឆុង ស៊ីណាន​ | ថ្ងៃអង្គារ ទី1 កញ្ញា 2015, 06:27 PM​
http://vodhotnews.com

​រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​ន ឲ្យដឹងថា រដ្ឋាភិបាល​ចំណាយ​ប្រាក់​ជាង ៣០០​ពាន់​លាន​រៀល ឬ​ស្មើនឹង​ប្រមាណ​៧៣​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំ សម្រាប់​ជា​ប្រាក់​របប​គោលនយោបាយ​ផ្ដល់​ឲ្យ​អតីតយុទ្ធជន ដើម្បី​ដោះស្រាយ​ជីវភាព​រស់នៅ​។

​នៅ​ក្នុង​មហាសន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​កម្ពុជា​ទូទាំង​ប្រទេស​លើក​ទី​២ ធ្វើឡើង​ទីស្ដីការក្រសួង​នៅ​ថ្ងៃ​អង្គារ​នេះ រដ្ឋមន្ត្រី​ក្រសួង​សង្គមកិច្ច​លោក វង សូ​ត បាន​ថ្លែងថា គិត​ត្រឹម​ខែមិថុនា ឆ្នាំ​២០១៥​នេះ មាន​អតីតយុទ្ធជន​សរុប​ចំនួន ៨៧ ២៨៥​នាក់ និង​អ្នក​នៅ​ក្នុង​បន្ទុក​ចំនួន ១៤០ ៥២៨​នាក់ និង​ត្រូវ​ចំណាយ​ថវិកា​សរុប​ជាង​៣០០​ពាន់​លាន​រៀល​។ លោក​បន្តថា ប្រាក់​របប​គោលនយោបាយ​នេះ​ត្រូវបាន​កែសម្រួល​ជា​បន្តបន្ទាប់ ស្រប​តាម​ការ​ការដំឡើង​ប្រាក់បៀវត្ស​មន្ត្រីរាជការ និង​កងកម្លាំងប្រដាប់អាវុធ​។​

​លោក វង សូ​ត បន្តទៀតថា នៅក្នុង​ឆ្នាំ​២០១៤​ ក្រសួង​បាន​កែសម្រួល​ប្រាក់បៀវត្ស​មូលដ្ឋាន​ជូន​ជនពិការ និវត្ត​ជន និង​ជន​បាត់បង់​សមត្ថភាព​ការងារ​មុន​ឆ្នាំ​២០០៧ និង​ក្រោយ​ឆ្នាំ​២០០៧ ដើម្បី​ឲ្យ​តុល្យភាព​គ្នា ហើយ​ក្នុងនោះ​ដែរ​ក៏​បាន​កែសម្រួល​បង្កើន​ប្រាក់​ជូន​ជនពិការ​ក្នុង​មួយ​នាក់ ៤៥ ០០០​រៀល​ក្នុង​មួយខែ​។​

​រដ្ឋ​មន្ត្រី​រូប​នេះ​ឲ្យដឹង​ដែរថា ក្រសួង​បាន​កែសម្រួល​បន្ថែម​ប្រាក់​របប​សន្តិសុខ​សង្គម​ជូន​ជនពិការ និវត្ត​ជន និង​ជន​បាត់បង់​សមត្ថភាព​ការងារ​ទៅ​តាម​កម្រិត​៦​ផ្សេងៗ​គ្នា ដែល​ក្នុងនោះ ប្រាក់​របប​ប្រចាំខែ​អប្បបរមា​ត្រូវបាន​ដំឡើង​ដល់​៣០០ ០០០​រៀល ដែល​លោកថា ត្រូវបាន​ដាក់ឲ្យ​អនុវត្ត​ចាប់ពី​ខែ​មេសា ឆ្នាំ​២០១៥​នេះ​មក​។​

​លោក វង សូ​ត ឲ្យដឹងទៀតថា សមាគម​អតីតយុទ្ធជន​កម្ពុជា​ត្រូវបាន​បង្កើតឡើង​៨​ឆ្នាំ​មកហើយ មាន​សមាជិក​ទូទាំងប្រទេស​ចំនួន ៧៥ ២៥៨​នាក់​។ លោក​ថា សមាគម​ក៏​បាន​រៀបចំ​ឲ្យមាន​បេឡា​មរណសង្គ្រោះ ដើម្បី​ជួយ​ដល់​សមាជិក​ដែល​បាន​ទទួលមរណភាព​ផងដែរ​៕

​សរសេរ​មកកាន់ លោក ឆុង ស៊ីណាន តាមរយៈ ​Chhong.sinan@yahoo.com

What Next?

Recent Articles