ជនជាតិ​ដើម​ភាគតិច​​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ក្នុង​ការ​តស៊ូ​មតិ​នៅ​​ឆ្នាំ​២០១៥

ដោយ សេក បណ្ឌិត
2015-09-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ជន​ជាតិ​ដើម​ភាគ​តិច ព្រះវិហារ ៦២០
ជនជាតិ​ដើម​ភាគ​តិច​ដែល​ភាគ​ច្រើន​មក​ពី​សហគមន៍​មាន​ជម្លោះ​ដី​ធ្លី ក្នុង​ខេត្ត​ព្រះវិហារ ចូល​រួម​ប្រារព្ធ​ទិវា​ជនជាតិ​ដើម​ភាគ​តិច​ពិភពលោក​លើក​ទី​២១ នា​ទីរួម​ខេត្ត​ព្រះវិហារ នៅ​ថ្ងៃ​ទី​៩ សីហា ឆ្នាំ​២០១៥។ RFA/Sek Bandith


មន្ត្រី​សង្គម​ស៊ីវិល​ប្រចាំ​ខេត្ត​ព្រះវិហារ កត់សម្គាល់​ឃើញ​ថា ជនជាតិ​ដើម​ភាគ​តិច​មាន​សន្ទុះ​កាន់​តែ​ខ្លាំង​ក្នុង​ការ​តស៊ូ​មតិ​ក្នុង​ឆ្នាំ​២០១៥ នេះ។

បញ្ហា​ដែល​ធ្វើ​ឲ្យ​ពួកគាត់​ផ្លាស់ប្ដូរ​ឥរិយាបថ​ពី​ការ​រស់​នៅ​ដោយ​ភាព​ស្ងៀមស្ងាត់​តាម​ជ្រលង​ព្រៃភ្នំ​ប្រកប​របរ​ជា​ប្រពៃណី​ពី​ដូនតា​របស់​គាត់​នោះ ភាគច្រើន​គឺ​ដោយសារ​មាន​ការ​រំខាន​ពី​ក្រុមហ៊ុន​វិនិយោគ​លើ​ដី​សម្បទាន​សេដ្ឋកិច្ច​ដែល​ប៉ះពាល់ដល់​ផលប្រយោជន៍​ ការ​រស់​នៅ​សុខសាន្ត​តាម​ប្រពៃណី​ដូន​តា​គាត់។

ការវិវឌ្ឍន៍​នៃ​សង្គម ការ​ជ្រួតជ្រាប​អំពី​មេរៀន​សិទ្ធិមនុស្ស ការឈឺចាប់​ដោយ​រំលោភបំពាន​សិទ្ធិ​របស់​ជនជាតិ​ដើម​ភាគតិច​ដោយ​ពុំ​មាន​ដំណោះស្រាយ ជា​កត្តា​រួមផ្សំ​មួយ​យ៉ាង​សំខាន់​ធ្វើ​ឲ្យ​ជនជាតិ​ដើម​ភាគតិច​ងើប​ឡើង​តវ៉ា​ព្រមៗ​គ្នា។

ស្ត្រី​ជនជាតិ​ដើម​ភាគតិច​កួយ​ម្នាក់ ក្នុង​ខេត្ត​ព្រះវិហារ បាន​ថ្លែង​នៅ​ក្នុង​ទិវា​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​កាល​ពី​ដើម​ខែ​សីហា នេះ​ថា ពួកគាត់​អត់ធ្មត់ ស៊ូទ្រាំ​ឈឺ​ចាប់​ច្រើន​ឆ្នាំ​មក​ហើយ​ក្នុង​រឿង​រំលោភ​ដីធ្លី ផ្ទះសម្បែង​ក្នុង​សហគមន៍​គាត់​ដែល​ធ្លាប់​តែ​រស់នៅ​សុខសាន្ត​កាល​ពី​មិន​ទាន់​មាន​ក្រុមហ៊ុន​មក​អភិវឌ្ឍន៍៖ «កាល​ពី​មុន​យើង​អត់​មាន​កម្មវិធី​លើក​ស្ទួយ​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​ទេ យើង​ដូចជា​ខ្លាច​អំណាច​រដ្ឋាភិបាល ភូមិ ឃុំ អី យើង​អត់​ហ៊ាន​តវ៉ា អត់​ហ៊ាន​សំដែង​មតិ​អី​ទេ ឥឡូវ​យើង​មាន​សិទ្ធិ​តវ៉ា​នូវ​អ្វី​ដែល​យើង​ចង់​បាន»

ក្រុម​ជនជាតិ​ដើម​ភាគតិច​កួយ​ផ្សេង​ទៀត​បាន​ឲ្យ​ដឹង​ដែរ​ថា ការ​តវ៉ា​នេះ​បាន​ផ្ដើម​ចេញ​ពីរ​ទ្រង់ទ្រាយ​តូច​តាម​ភូមិ​ដែល​មាន​បញ្ហា​ជម្លោះ​ដីធ្លី រហូត​ដល់​ឃុំ ស្រុក ខេត្ត ហើយ​បន្ត​ឡើង​មក​ដល់​ភ្នំពេញ ទាំង​ពួកគាត់​ខ្លះ​មាន​អាយុ​ជាង​ពាក់​កណ្ដាល​ជីវិត​ហើយ​មិន​ដែល​ស្គាល់​រាជធានី​យ៉ាង​ដូច​ម្ដេច​នោះ​ផង។

​ទីកន្លែង​ដែល​ពេញ​និយម​ជាង​គេ​ដែល​ពួកគាត់​ច្រើន​មក​ពឹង​អាស្រ័យ​នោះ គឺ​នៅ​មុខ​រដ្ឋសភា និង​មុខ​ផ្ទះ​នាយករដ្ឋមន្ត្រី។

ទិដ្ឋភាព​ទាំង​នេះ​ខាង​មន្ត្រី​រដ្ឋាភិបាល​មើល​ឃើញ​ថា ជា​ការ​រីកចម្រើន​នៃ​ការ​យល់​ដឹង​អំពី​សិទ្ធិមនុស្ស ជាពិសេស​សិទ្ធិ​របស់​ជន​ជាតិ​ដើម​ភាគតិច និង​ការ​បើក​ទូលាយ​នូវ​សិទ្ធិ​បញ្ចេញ​មតិ។ ចំណែក​មន្ត្រី​សង្គម​ស៊ីវិល​វិញ​ក៏​មើល​ឃើញ​ដូចគ្នា​ដែរ ប៉ុន្តែ​លើស​ពី​នេះ​ទៀត ពួកគាត់​កំពុង​ជួប​បញ្ហា​ប្រឈម​ធ្ងន់ធ្ងរ គឺ​ការ​បាត់បង់​ដីស្រែ ចម្ការ​ដែល​ជា​អាយុ​ជីវិត​គ្រួសារ។

​ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​សិទ្ធិ​ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ព្រះវិហារ លោក ប៉ឹក សោភ័ណ្ឌ។ លោក​មាន​ប្រសាសន៍​ថា តំបន់​មាន​ជនជាតិ​ដើម​ភាគតិច​ច្រើន​ជាង​គេ​គឺ​នៅ​ឃុំ​ប្រមេរ ហើយ​តំបន់​កំពុង​មាន​បញ្ហា​ប្រឈម​ក្នុង​រឿង​ជម្លោះ​ដីធ្លី​ជាមួយ​ក្រុមហ៊ុន​ដោយ​ដី​អាស្រ័យ​ផល និង​ព្រៃ​ប្រើប្រាស់​របស់​គាត់​ត្រូវ​បាន​ក្រុមហ៊ុន​ដី​សម្បទាន​សេដ្ឋកិច្ច ឈូស​ឆាយ​រំលោភ​យក​ដោយ​មិន​បាន​ពិគ្រោះ ឬ​ពិភាក្សា​ពី​ផល​ប៉ះពាល់​ជាមុន​នោះ​ឡើយ ជាង​នេះ​ទៅ​ទៀត​ដី​អាស្រ័យ​ផល​សាប​ស្រូវ​រួច​ហើយ ក្រុមហ៊ុន​បាន​យក​ត្រាក់ទ័រ​ទៅ​ឈូស​ចោល​ធ្វើ​ឲ្យ​ពួកគាត់​ជួប​ទុក្ខ​លំបាក​គ្រប់​គ្នា។ បញ្ហា​នេះ​ហើយ​ដែល​ធ្វើ​ឲ្យ​ពួកគាត់​នាំគ្នា​តវ៉ា​ប្រឆាំង​នឹង​សកម្មភាព​ទាំង​នេះ។

លោក ប៉ឹក សោភ័ណ្ឌ៖ «នៅ​ឆ្នាំ​២០១៥ គឺ​មាន​សន្ទុះ​ខ្លាំងក្លា ដោយសារ​ជនជាតិ​ដើម​ភាគតិច​ទូទាំង​ខេត្ត​ចាប់​ផ្ដើម​យល់​អំពី​សិទ្ធិ​របស់​គាត់ ហើយ​និង​តួនាទី​ភារកិច្ច​របស់​គាត់​ដើម្បី​ចូលរួម​ការពារ​ធនធាន​ធម្មជាតិ ដោយ​បង្កើត​ជា​បណ្ដាញ​ក្នុង​ខេត្ត​ដើម្បី​ជួយ​គ្នា​ទៅ​វិញ​ទៅ​មក»

​បញ្ជាក់​បន្ថែម​លើ​ករណី​ដដែល​នេះ យុវជន លូត សាំង ជា​ជនជាតិ​កួយ​នៅ​ខេត្ត​ព្រះវិហារ ក៏​បាន​រៀបរាប់​អំពី​ស្ថានភាព​លំបាក​នៅ​ក្នុង​សហគមន៍​ជនជាតិ​ដើម​ភាគតិច​ក្នុង​ខេត្ត​នេះ​ដែល​បាន​អូស​បន្លាយ​ជា​ច្រើន​ឆ្នាំ​មក​ហើយ ប៉ុន្តែ​គ្មាន​ដំណោះស្រាយ៖ «ការ​ប្រឈម​ខ្លាំង​មែនទែន​ទាក់ទង​នឹង​រដ្ឋាភិបាល​ផ្តល់​ដី​សម្បទាន​សេដ្ឋកិច្ច​ទៅ​ឲ្យ​ក្រុមហ៊ុន​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច​ដែល​គាត់​កំពុង​ប្រើប្រាស់​អាស្រ័យ​ផល ទាក់ទង​ការ​ធ្វើ​ស្រែ ចម្ការ​វិលជុំ កន្លែង​ប្រមូល​ផ្សិត ឱសថ​បុរាណ ជាពិសេស​កន្លែង​ជនជាតិ​ដើម​ភាគតិច​កួយ នៅ​ឃុំ​ប្រមេរ ដែល​មាន ៣​ភូមិ គឺ​ទាក់ទង​នឹង​ក្រុមហ៊ុន​ឡានហ្វេង រួយហ្វេង ដែល​មក​វិនិយោគ​ដាំ​អំពៅ»

​យុវជន​រូប​នេះ​បន្ត​ថា ការ​ស្វែង​រក​ដំណោះស្រាយ​ស្ដីពី​ជម្លោះ​ដីធ្លី​នៅ​ក្នុង​តំបន់​ជនជាតិ​ដើម​ភាគតិច​នោះ តាំង​ពី​អាជ្ញាធរ​មូលដ្ឋាន រហូតដល់​ថ្នាក់​ជាតិ គឺ​មាន​ការ​សន្យា​តែ​មាត់ ឬ​ជា​ការ​សន្យា​ខ្យល់ និង​មាន​ការ​រើសអើង​ពួកគាត់​ថែម​ទៀត​ផង៖ «ហើយ​ចំណុច​ដែល​រដ្ឋាភិបាល​កំពុងតែ​ធ្វើ​ខុស​សព្វថ្ងៃ​នេះ គឺ​មុន​ធ្វើការ​វិនិយោគ​នៅ​តំបន់​ជនជាតិ​ដើម​ភាគតិច គឺ​អត់​មាន​ពិគ្រោះ​យោបល់​ជាមួយ​ពួកគាត់​ជាមុន​នោះ​ទេ ហើយ​ក្រុមហ៊ុន​មក​ឈូស​ឆាយ​ស្ងាត់ៗ ហើយ​ពេល​ជនជាតិ​ដើម​ភាគតិច​ចេញ​មក​តវ៉ា​ចោទ​ថា ធ្វើ​ការ​តវ៉ា​ខុស​ច្បាប់»

​ឆ្លើយ​តប​បញ្ហា​នេះ អភិបាល​រង​ខេត្ត​ព្រះវិហារ លោក ស៊ូ សេរី មាន​ប្រសាសន៍​ថា អាជ្ញាធរ​ខេត្ត​តែង​តែ​ទទួល​យក​បញ្ហា​របស់​ពួកគាត់​មក​ដោះស្រាយ​ជានិច្ច ដូចជា​ពេល​នេះ​អាជ្ញាធរ​កំពុង​ពន្លឿន​ដំណើរការ​ចុះ​បញ្ជី​ដីធ្លី​សមូហភាព​សហគមន៍​តាម​សំណើ​របស់​ពួកគាត់ ប៉ុន្តែ​អ្វី​ដែល​ពិបាក​ក្នុង​ការ​ដោះស្រាយ ឬ​ដោះស្រាយ​ទៅ​យឺត​នោះ​ដោយសារ​មាន​អ្នក​នយោបាយ និង​មន្ត្រី​សង្គម​ស៊ីវិល​មួយ​ចំនួន​ព្យាយាម​លូកដៃ​ចូល​ក្នុង​រឿង​នេះ​រហូត​ញុះញង់​ឲ្យ​មាន​ការ​តវ៉ា​ផ្ទុះ​ឡើង​មិន​ចេះ​ចប់។

លោក ស៊ូ សេរី៖ «បើ​សិន​មាន​អ្នក​នយោបាយ ឬ​សង្គម​ស៊ីវិល​ទាញ​ងាក​ចូល​នយោបាយ​បន្តិច វា​អាច​ពិបាក​ដោះ បើ​ដោះ​តែ​បញ្ហា​ដីធ្លី​តែម្ដង​មិន​ពិបាក​ទេ ពីព្រោះ​យើង​មាន​អ្នក​ជំនាញ មាន​ផែនទី ផែនដី​ស្រាប់ ប៉ុន្តែ​ចេះ​តែ​មាន​អង្គការ​សង្គម​ស៊ីវិល​មួយ​ចំនួន​ចេះតែ​ញុះញង់​គាត់​ឲ្យ​ធ្វើ​អញ្ចេះ​ធ្វើ​អញ្ចុះ​ទៅ​នាំ​ឲ្យ​ពិបាក»

​ប្រធាន​កម្មវិធី​តស៊ូ​មតិ និង​សិទ្ធិ​ជន​ជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ព្រះវិហារ លោក ប៉ឹក សោភ័ណ្ឌ បាន​ច្រានចោល​ការ​លើក​ឡើង​របស់​អាជ្ញាធរ​ខេត្ត​ដោយ​បញ្ជាក់​ថា ក្រុម​អង្គការ​សង្គម​ស៊ីវិល​មាន​តែ​ជួយ​សម្រួល​ដល់​ការងារ​របស់​អាជ្ញាធរ​ក្នុង​ការ​ដោះស្រាយ​ជម្លោះ​នោះ​ទៅ​វិញ​ទេ៖ «ការ​ពិត​គឺ​ដោយសារ​តែ​ពួកគាត់​ហ្នឹង​មាន​ការ​ឈឺ​ចាប់​ពី​ការ​រំលោភ​ប៉ះពាល់​ដល់​បេះដូង អ៊ីចឹង​មិន​បាច់​ស្ថាប័ន​ណា​ទៅ​ជំរុញ ទៅ​បង្ខំ​គាត់​ទេ គឺ​ពួក​ពុំ​កញ្ជ្រោល ឈឺ​ចាប់​ដោយ​ខ្លួន​ឯង ពួកគាត់​ចេញ​មក​តវ៉ា​ជាមួយ​ជា​អាជ្ញាធរ ដូច​បាន​ធ្វើ​កន្លងទៅ​នៅ​ថ្នាក់​ក្រោម​ជាតិ នៅ​មុខ​រដ្ឋសភា​ជាដើម»

​ទោះ​យ៉ាង​ណា មន្ត្រី​អង្គការ​សិទ្ធិ​មនុស្ស​នៃ​សមាគម​អាដហុក (ADHOC) ប្រចាំ​ខេត្ត​ព្រះវិហារ លោក ឡោ ចាន់ មាន​ប្រសាសន៍​ថា ការ​តស៊ូ​មតិ​របស់​ក្រុម​ជន​ជាតិ​ដើម​ភាគតិច កំពុង​គំរាមកំហែង​ដោយ​ប្រព័ន្ធ​តុលាការ។

លោក​បង្ហាញ​ថា ចាប់​ពី​ដើម​ខែ​មករា រហូត​ដល់​ដើម​ខែ​សីហា ឆ្នាំ​២០១៥ មាន​ជនជាតិ​ដើម​ភាគតិច​ជាប់​ពន្ធនាគារ​ព្រោះតែ​រឿង​តវ៉ា​ក្នុង​ជម្លោះ​ដីធ្លី ២​ករណី គឺ​តុលាការ​បាន​ចាប់​ឃុំ​ប្ដី​ប្រពន្ធ​ដែល​សកម្ម​ក្នុង​ការ​តវ៉ា​ជាង​គេ ហើយ​រហូត​មក​ដល់​ពេល​នេះ ប្រពន្ធ​ត្រូវ​ដោះលែង​មក​វិញ​ហើយ ចំណែក​ប្ដី​នៅ​ជាប់​ឃុំ​នៅ​ឡើយ៖ «ខាង​ក្រុមហ៊ុន​គាត់​ចេះតែ​បន្ត​ការ​ប្ដឹងផ្ដល់ ប្រជាពលរដ្ឋ​ឡើង​ទៅ​តុលាការ ឥឡូវ​ក្រុមហ៊ុន​តែងតែ​យក​ប្រព័ន្ធ​តុលាការ​មក​ធ្វើជា​គំនាប​គំរាមកំហែង​បំបាក់​ស្មារតី​ដល់​អ្នក​តវ៉ា​ជា​ជនជាតិ​ដើម​ភាគតិច និង​ប្រជាពលរដ្ឋ​ខ្មែរ​ទូទៅ»

​លោក​បន្ត​ថា ក្រៅ​ពី​ករណី​ចាប់​ខ្លួន នៅ​មាន​ប្រជាពលរដ្ឋ​ជាង ១០​នាក់​ផ្សេង​ទៀត​កំពុង​ជាប់​បណ្ដឹង​នៅ​តុលាការ​នៅ​ឡើយ។

​បញ្ហា​នេះ​បាន​ជំរុញ​ឲ្យ​ស្ថានភាព​ជម្លោះ​ដីធ្លី​ក្នុង​តំបន់​ជនជាតិ​ខេត្ត​ព្រះវិហារ មាន​សភាព​ធ្ងន់ធ្ងរ​ទៅៗ ហើយ​សន្ទុះ​នៃ​ការ​តវ៉ា​របស់​ពួកគាត់​កាន់​តែ​រីក​រាលដាល​ពី​សហគមន៍​មួយ​ទៅ​សហគមន៍​មួយ​ទៀត​នៅ​ក្នុង​ខេត្ត​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles