ពលរដ្ឋ​-សកម្មជន​​បរិស្ថាន​ជាង​១០០​នាក់​បន្ត​តវ៉ា​ឲ្យ​តុលាការ​ដោះលែង​យុវជន​៣​នាក់

ដោយ ដែន អយុធ្យា
2015-09-01
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

តវ៉ា​ដោះលែង យុវជន កោះកុង ៦២០
ពលរដ្ឋ​ដើរ​ហែ​ក្បួន​ក្នុង​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​នេះ ដោះលែង​យុវជន​ការពារ​បរិស្ថាន ៣​នាក់​ពី​ពន្ធនាគារ កាល​ពី​ព្រឹក​ថ្ងៃ​ទី​២៥ ខែ​សីហា ឆ្នាំ​២០១៥។ Photo: LICADHO


ប្រជាពលរដ្ឋ និង​សមាជិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​បាន​បន្ត​ប្រមូល​ផ្តុំ​គ្នា​ដើរ​ហែ​ក្បួន និង​លើក​បដា​តវ៉ា​ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​កោះកុង ដោះលែង​យុវជន ៣​នាក់ ដែល​តុលាការ​ខេត្ត​នេះ​ចាប់​ដាក់​ពន្ធនាគារ ដោយសារ​ហ៊ាន​ចេញ​មុខ​តវ៉ា​ការពារ​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន។

​ទន្ទឹម​គ្នា​នេះ អាជ្ញាធរ​ខេត្ត​កោះកុង ក៏​បាន​ចេញ​លិខិត​ជា​លើក​ទី​៣ តម្រូវ​ឲ្យ​ពលរដ្ឋ​មក​ពី​ស្រុក​ចំនួន ៥ នា​មូលដ្ឋាន​ខេត្ត​ជាប់មាត់​សមុទ្រ​មួយ​នេះ បំបែក​ការ​ប្រមូល​ផ្តុំ និង​រំសាយ​ការ​តវ៉ា​ចេញ​ពី​មុខ​តុលាការ​សាលាដំបូង​ខេត្ត​កោះកុង ជាដាច់ខាត​នៅ​ល្ងាច​ម៉ោង ៥ ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា។

​​តំណាង​ប្រជាពលរដ្ឋ​មក​ពី ៥​ស្រុក នា​ខេត្ត​កោះកុង និង​សហគមន៍​ដែល​មាន​ជម្លោះ​ដីធ្លី​ពី​រាជធានី​ភ្នំពេញ​ផង បាន​ប្រមូល​ផ្តុំ​លើក​បដា​ដើរ​ហែ​ក្បួន​នៅ​តាម​ផ្លូវ​សំខាន់​នានា ក្នុង​ទីប្រជុំជន​ខេត្ត​កោះកុង ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ខេត្ត​នេះ​ដោះលែង​សមាជិក​របស់​អង្គការ​ចលនា​មាតា​ធម្មជាតិ ៣​នាក់ ដែល​ត្រូវ​តុលាការ​ចាប់​ដាក់​ពន្ធនាគារ​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា។

មន្ត្រី​សម្របសម្រួល​អង្គការ​លីកាដូ (LICADHO) ខេត្ត​ព្រះសីហនុ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍​ថា សកម្មភាព​តវ៉ា​នេះ គឺ​ធ្វើ​ឡើង​នៅ​ក្រោម​ភ្លៀង​ជាប់​មក​មិន​ដាច់ ហើយ​គិត​មក​ដល់​ថ្ងៃ​អង្គារ ទី​១ ខែ​កញ្ញា មាន​រយៈពេល ១៤​ថ្ងៃ​ហើយ៖ «ស្នើ​ឲ្យ​អាជ្ញាធរ​ខេត្ត​កោះកុង ពិនិត្យ​មើល​ឥរិយាបថ​របស់​គាត់​ឡើង​វិញ ដែល​បាន​ចេញ​ប្រកាស​កន្លង​មក ហើយ​ក៏​ស្នើ​ដល់​តុលាការ​ពិចារណា​អំពី​វិធានការ​តាម​ផ្លូវ​ច្បាប់​របស់​ខ្លួន ដើម្បី​ឈាន​ដល់​ពិនិត្យ​ដោះលែង និង​លើកលែង​ការ​ចោទ​ប្រកាន់​យុវជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ»

​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​សីហា តុលាការ​បាន​ចាប់​ខ្លួន​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ​ទាំង ៣​នាក់ ដោយ​ចោទ​ពី​បទ​គំរាមកំហែង និង​ធ្វើ​ឲ្យ​ខូចខាត​ដែល​ភ្ជាប់​នូវ​បញ្ជា​អ្វី​មួយ ខណៈ​ពួកគេ​ចុះ​ធ្វើការ​នៅ​ក្នុង​សហគមន៍​ប្រជាពលរដ្ឋ​ក្នុង​ឃុំ​កណ្ដោល និង​ឃុំ​អណ្ដូងទឹក ស្រុក​បុទុមសាគរ កាល​ពី​​ថ្ងៃ​ទី​១៧ ខែ​សីហា ដើម្បី​ប្រឆាំង​សកម្មភាព​បូម​ខ្សាច់​របស់​ក្រុមហ៊ុន។ យុវជន​ទាំង ៣​នាក់​មាន​ឈ្មោះ លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ឹម សំណាង។

​ទាក់ទង​បញ្ហា​នេះ កាល​ពី​ថ្ងៃ​ទី​៣១ ខែ​សីហា ​សាលាដំបូង​ខេត្ត​កោះកុង ក៏​បាន​ចេញ​ដីកា​សម្រេច​មិន​ឲ្យ​សកម្មជន​បរិស្ថាន​ដែល​ជា​សមាជិក​ចលនា​មាតា​ធម្មជាតិ បាន​​នៅ​ក្រៅ​ឃុំ​ទៅ​តាម​លិខិត​មេធាវី​ការពារ​ក្តី​របស់​យុវជន​ទាំង ៣​នាក់​ទេ។ ត្រង់​ចំណុច​នេះ តុលាការ​ខេត្ត​កោះកុង បាន​លើក​ហេតុផល​ចំនួន ៣​ចំណុច ដែល​សម្រេច​មិន​ឲ្យ​យុវជន​ទាំង ៣​នាក់​បាន​នៅ​ក្រៅ​ឃុំ។ ហេតុផល​ទី​១ គឺ​ដើម្បី​រក្សា​ជន​ត្រូវ​ចោទ​ទុក​ឲ្យ​តុលាការ​ដំណើរការ​តាម​នីតិវិធី​ច្បាប់។ ហេតុផល​ទី​២ ដើម្បី​បញ្ចប់​បទល្មើស និង​ហេតុផល​ទី​៣ បង្ការ​ទប់ស្កាត់​បទល្មើស​កុំ​ឲ្យ​កើត​ឡើង​ជា​ថ្មី។

​សមាជិក​នៃ​អង្គការ​ចលនា​មាតា​ធម្មជាតិ លោក សន ចាន់ដារ៉ា និង​តំណាង​សហគមន៍​មួយ​ចំនួន​ទៀត បាន​ឲ្យ​ដឹង​ថា ការ​ប្រមូល​ផ្តុំ​គ្នា​លើក​បដា​តវ៉ា ឬ​ដើរ​ហែ​ក្បួន​របស់​តំណាង​សហគមន៍ ប្រជាពលរដ្ឋ និង​សកម្មជន​ការពារ​បរិស្ថាន នៅ​ថ្ងៃ​ទី​១ ខែ​កញ្ញា គឺ​បាន​ដាក់​ញត្តិ​ស្នើ​ដោះលែង​យុវជន​ទាំង ៣​នាក់ ជូន​មន្ត្រី​សាលាខេត្ត​ព្រះសីហនុ និង​បន្ត​ដាក់​ញត្តិ​ជូន​តុលាការ​ខេត្ត​នេះ​ទៀត នៅ​ល្ងាច​ថ្ងៃ​ទី​១ ខែ​កញ្ញា ប៉ុន្តែ​មន្ត្រី​តុលាការ​មិន​ទាន់​ទទួល​យក​ទេ​គិត​ត្រឹម​ម៉ោង ៤​ល្ងាច។

លោក សន ចាន់ដារ៉ា៖ «ព្រឹក​ថ្ងៃ​ទី​១ ខែ​កញ្ញា នៅ​ពេល​ប្រជាពលរដ្ឋ​ដើរ​ហែ​ក្បួន​ចូល​តាម​ផ្លូវ​ទៅ​មុខ​ផ្ទះ​លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង មាន​កម្លាំង​សមត្ថកិច្ច​ជា​ច្រើន​បាន​រារាំង​ពលរដ្ឋ​ទាំង​នោះ​មិន​ឲ្យ​ចូល​ទៅ​ទេ ហើយ​បាន​រុញ​ច្រាន​គ្នា​ទៅ​វិញ​ទៅ​មក ប៉ុន្តែ​មិន​មាន​អំពើ​ហិង្សា​ធ្ងន់ធ្ងរ និង​គ្មាន​ការ​ចាប់​ខ្លួន​ពលរដ្ឋ​ទេ»

​ទាក់ទិន​បញ្ហា​នេះ មន្ត្រី​សង្គម​ស៊ីវិល​ខេត្ត​កោះកុង លោក អ៊ិន គង់ជិត ថ្លែង​ថា ការ​ប្រមូលផ្ដុំ​គ្នា​តវ៉ា​របស់​តំណាង​សហគមន៍​ និង​សកម្មជន​ការពារ​បរិស្ថាន មក​ដល់​ល្ងាច​ថ្ងៃ​អង្គា ទី​១ ខែ​កញ្ញា គឺ​មិន​មាន​ការ​ប៉ះ​ទង្គិច​គ្នា​ធ្ងន់ធ្ងរ​ជាមួយ​កម្លាំង​អាជ្ញាធរ​ទេ ទោះបី​មាន​សកម្មភាព​រុញច្រាន​គ្នា​រវាង​កម្លាំង​សមត្ថកិច្ច​ជាមួយ​ពលរដ្ឋ​ដែល​រារាំង​មិន​ឲ្យ​ពលរដ្ឋ​ដើរ​ឆ្លងកាត់​ផ្លូវ​ចូល​ទៅ​មុខ​ផ្ទះ​លោក ប៊ុន លឺត អភិបាល​ខេត្ត​កោះកុង បែប​ណា​ក្តី។

​បញ្ហា​នេះ លោក ប៊ុន លឺត បាន​ប្រាប់​វិទ្យុ​អាស៊ីសេរី​ថា ករណី​ចាប់​ខ្លួន និង​ឃុំ​ខ្លួន​យុវជន​ការពារ​បរិស្ថាន​ទាំង ៣​នាក់ គឺ​ជា​កិច្ចការ​របស់​តុលាការ និង​មិន​ជាប់​ពាក់ព័ន្ធ​ការងារ​សាលាខេត្ត​ត្រូវ​ដោះស្រាយ​ទេ។

យ៉ាង​ណា​ក៏ដោយ អាជ្ញាធរ​ក្រុង​ខេមរភូមិន្ទ ខេត្ត​កោះកុង បាន​ចេញ​លិខិត​ជា​លើក​ទី​៣ កំណត់​ឲ្យ​ពលរដ្ឋ​រំសាយ​ការ​ប្រមូលផ្ដុំ​តវ៉ា ឬ​ដើរ​ហែ​ក្បួន​ចេញ​ពីមុខ​ទីតាំង​នៃ​វេទិកា​មុខ​បរិវេណ​របស់​សាលាដំបូង​ខេត្ត​កោះកុង ត្រឹម​ម៉ោង ៥ ល្ងាច​ថ្ងៃ​ពុធ ទី​២ ខែ​កញ្ញា បើ​មិន​ដូច្នេះ​ទេ អាជ្ញាធរ​នឹង​មាន​វិធានការ​រដ្ឋបាល​ដើម្បី​រក្សា​សណ្ដាប់ធ្នាប់​សាធារណៈ​ទៅ​តាម​ច្បាប់។

ទោះ​យ៉ាង​ណា តំណាង​សហគមន៍​មក​ពី ៥​ស្រុក នា​មូលដ្ឋាន​ខេត្ត​កោះកុង បាន​អះអាង​ថា នឹង​រក្សា​ជំហរ​ប្រមូលផ្ដុំ​តវ៉ា ដើម្បី​ទាមទារ​ឲ្យ​តុលាការ​ដោះលែង​យុវជន​ទាំង ៣​នាក់ ឲ្យ​មាន​សេរីភាព​វិញ ទើប​ពួកគេ​រំសាយ​ការ​តវ៉ា​ជា​ក្រោយ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles