ដោយ ថា កិត្យា
2015-09-01
RFA

ផែនទីខេត្តព្រៃវែង។ Photo: RFA
ប្រជាពលរដ្ឋភូមិត្នោត ចោទប្រកាន់ប៉ូលិសនៅឃុំកំពង់ឫស្សី ស្រុកពោធិ៍រៀង ខេត្តព្រៃវែង ថាបានប្រើប្រាស់កាំភ្លើង និងដំបងឆក់ គំរាមកំហែងពួកគាត់ និងរារាំងមិនឲ្យជួបជុំតវ៉ាទាមទារយកដីសាលាឆទាន ដែលប៉ូលិសកំពុងយកទៅសាងសង់ប៉ុស្តិ៍រដ្ឋបាល។ ទោះជាយ៉ាងណា ប៉ូលិសច្រានចោលចំពោះការចោទប្រកាន់នេះ។
តំណាងប្រជាពលរដ្ឋនៅភូមិត្នោត ស្ថិតក្នុងឃុំកំពង់ឫស្សី អះអាងថា ប៉ុន្មានថ្ងៃនេះ ពួកគាត់មិនហ៊ានជួបជុំតវ៉ាទាមទារយកដីសាលាឆទាន ដែលប៉ូលិសដណ្ដើមយកសាងសង់ប៉ុស្តិ៍រដ្ឋបាលនោះទេ ដោយហេតុថា មានប៉ូលិសជាច្រើននាក់ប្រដាប់ដោយកាំភ្លើង និងដំបងឆក់ បានគំរាមកំហែងពួកគាត់៖ «ស្ងប់ស្ងាត់ហ្នឹង គឺដោយសារប៉ូលិសយកខ្នោះ និងដំបងឆក់ ព្រមទាំងកាំភ្លើង គំរាមប្រជាជន តែនិយាយរួមទៅមិនមែនជាការគំរាមកំហែងទេ ព្រោះថ្ងៃមុននេះ គឺឆក់ និងបានវាយតប់ជាមួយប្រជាជនតែម្តង»។
តំណាងអ្នកភូមិដដែលបញ្ជាក់ថា ក្នុងជម្លោះដណ្ដើមដីសាលាឆទានទំហំប្រហែល ៥អារ រវាងប៉ូលិស និងអ្នកភូមិនោះ ក៏បានពើបប្រទះភាពតានតឹងដាក់គ្នាម្តងដែរ កាលពីថ្ងៃទី២៩ ខែសីហា ដោយកាលណោះ មានអ្នកភូមិ ៣នាក់ ពួកគាត់រងរបួសតិចតួច ដោយសារប៉ូលិសវាយ និងឆក់។
ឆ្លើយតបចំពោះការចោទប្រកាន់នេះ អធិការស្រុកពោធិ៍រៀង លោក អ៊ុង ផាន លើកឡើងថា ប្រជាពលរដ្ឋទាំងនោះនិយាយមិនទៀងត្រង់នោះទេ ហើយតាមពិតទៅ ប៉ូលិសដែលបញ្ជូនទៅនោះ គឺគ្មានការគំរាមកំហែងនោះទេ ពោលគឺដើម្បីជួយកាប់ដី និងជីករណ្ដៅប៉ុណ្ណោះ៖ «គាត់ថាធ្វើម៉េចឲ្យមានច្បាប់ គាត់ឈប់រករឿងហើយ ព្រោះខ្លាចយើងលក់ដីនោះ ឲ្យគេបើកហ្គារ៉ាស់សាំង តែដល់ពេលយើងឲ្យច្បាប់មើល គាត់ថាអត់ចេះអក្សរ ហើយដូចជាគ្មានប្រើប្រាស់កាំភ្លើង និងវាយតប់អីទេ»។
អ្នកភូមិរៀបរាប់ថា ពួកគាត់បានកាន់កាប់ និងសាងសង់សាលាឆទាននៅលើដីនោះតាំងពីឆ្នាំ១៩៨៣ ហើយនៅឆ្នាំ១៩៩៧ ប៉ូលិសបានចូលទៅសាងសង់ខ្ទមតូចមួយ ដើម្បីធ្វើជាប៉ុស្តិ៍រដ្ឋបាលនៅលើដីនោះដែរ។ ទោះបីជាបែបនេះក្តី អ្នកភូមិ និងប៉ូលិសមុនៗ បានជួបជុំធ្វើបុណ្យសប្បាយជាមួយគ្នារហូតមក តែនៅពេលប៉ូលិសថ្មីចូលកាន់កាប់ទីនោះ ទើបបញ្ហាកើតឡើងជាបន្តបន្ទាប់ ដោយមិនអនុញ្ញាតឲ្យអ្នកភូមិ បានធ្វើបុណ្យនៅលើដីសាលាឆទាននោះដូចមុនទៀតឡើយ។
ទាក់ទិនបញ្ហានេះដែរ តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ មណ្ឌលព្រៃវែង លោក ឡុង ប៊ុន្នី មានប្រសាសន៍ថា លោកនឹងដាក់លិខិតមួយច្បាប់ជូនរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង នៅថ្ងៃទី២ ខែកញ្ញា ដើម្បីឲ្យចេញបទបញ្ជាដកគម្រោងសាងសង់ប៉ុស្តិ៍រដ្ឋបាលនោះចេញវិញ ដោយលើកគម្រោងនោះទៅសាងសង់នៅលើដីអាកររបស់ឃុំ ដែលមេឃុំចាស់បានអនុញ្ញាតកាលពីមុន។ ម្យ៉ាងវិញទៀត លោកបញ្ជាក់ថា ទីតាំងដែលមេឃុំចាស់បានផ្តល់ឲ្យប៉ូលិសសាងសង់ប៉ុស្តិ៍រដ្ឋបាលនោះ គឺស័ក្ដិសមជាងកន្លែងដែលមានការប្រទាញប្រទង់គ្នានាពេលសព្វថ្ងៃ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សហគមន៍កំពង់ក្រសាំងខេត្តព្រះវិហារបារម្ភខ្លាចបាត់បង់ដីព្រៃសហគមន៍
- ជនជាតិដើមភាគតិចមានសន្ទុះកាន់តែខ្លាំងក្នុងការតស៊ូមតិនៅឆ្នាំ២០១៥
- មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរខេត្តក្រចេះបែងចែកដីធ្លីជូនពលរដ្ឋឲ្យមានតម្លាភាព
- មន្ត្រីអាដហុកសង្ស័យប៉ូលិសក្រុងប៉ោយប៉ែតបាញ់សម្លាប់ជនសង្ស័យលួចម៉ូតូ
- អាជ្ញាធរចុះរុះរើផ្ទះពលរដ្ឋ២ខ្នងដែលប៉ះពាល់គម្រោងពង្រីកផ្លូវនៅខណ្ឌព្រែកព្នៅ
- សមត្ថកិច្ចមិនទាន់រកឃើញយុវជន ឃឹម សុផាត ដែលបាត់ខ្លួនក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេង
- តំណាងរាស្ត្រគ្រោងស្នើក្រសួងមហាផ្ទៃបញ្ឈប់គម្រោងសាងសង់ប៉ុស្តិ៍ប៉ូលិសនៅខេត្តព្រៃវែង
- ពលរដ្ឋ៣៧គ្រួសារនៅខេត្តសៀមរាបទាមទារពន្លឿនការដោះស្រាយជម្លោះដីធ្លី
- ពលរដ្ឋខេត្តកំពង់ធំចោទអាជ្ញាធរឃុំនិងស្រុកថាឃុបឃិតគ្នារំលោភយកដីសមូហភាព