Tue, 1 September 2015
ស៊ូ វុទ្ធី
ភ្នំពេញប៉ុស្តិ៍
បន្ថែមពីភាពភ្ញាក់ផ្អើលបានផ្ទុះឡើងកក្រើតនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក រំលេចពីហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍បង្កពីពិធីការិនីរាងតូចច្រឡឹងនិងជាប្អូនស្រីបង្កើតកញ្ញា ឌួង ហ្សូរីដា គឺកញ្ញា ឌួង ហ្សូរីម៉ា បើកឡានបុកស្រីម្នាក់បែកក្បាល និងមានវីដេអូបង្ហាញពីកាយវិការដ៏អសីលធម៌នោះ បានធ្វើឲ្យបងស្រីបង្កើត ដែលល្បីទាំងជំនួញនិងទាំងការងារសិល្បៈ កញ្ញា ឌួង ហ្សូរីដា ចេញមកបដិសេធថា ប្អូនស្រីខ្លួនមិនមែនជាមនុស្សបែបហ្នឹងទេ។
កញ្ញា ឌួង ហ្សូរីម៉ា ទទួលស្គាល់ថា ខ្លួនពិតជាបានបើកឡាន បង្កឲ្យមានស្រ្តីម្នាក់រងរបួសមែន ប៉ុន្តែនាងក៏បានបដិសេធថា ស្រ្តីរងរបួសនោះ មិនបានបែកក្បាលដូចព័ត៌មានចេញផ្សាយមុននេះទេ និងអះអាងថា ចំពោះហេតុការណ៍នេះ នាងក៏បានសងថ្លៃព្យាបាលរួចរាល់ហើយដែរ គឺអស់ចំនួន ២០០ ដុល្លារ។
នៅរសៀលថ្ងៃទី ១ ខែកញ្ញានេះ កញ្ញា ឌួង ហ្សូរីដា ក៏បានចេញសារខ្លីបញ្ជាក់ពីភាពទទួលខុសត្រូវរបស់ប្អូនស្រី និងការពារចរិកស្អាតស្អំរបស់ប្អូនស្រីនាងបន្ថែមទៀត បន្ទាប់ពីមានវីដេអូបង្ហាញពីកាយវិការហាក់មិនគប្បីចំពោះអ្នករងគ្រោះ។
គួរបញ្ជាក់ថា នៅវេលាម៉ោង ០៨ និង ១៥ នាទីយប់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ២០១៥ នៅចំណុចមុខវត្តទួលទំពូង តាមបណ្ដោយផ្លូវម៉ៅសេទុង រថយន្តកូរ៉ូឡាពណ៌ស្ករពាក់ស្លាកលេខភ្នំពេញ 2D-3354 បើកបរដោយនារីម្នាក់ ដែលត្រូវគេស្គាល់ថា ជាតារាសម្ដែងរឿងនិងខារ៉ាអូខេ កញ្ញា ដួង ហ្សូរីម៉ា បើកបរក្នុងទិសដៅបញ្ច្រាសទិសគ្នា។
ក្នុងសាររបស់ កញ្ញា ឌួង ហ្សូរីដា បានរៀបរាប់ថា៖ «សូមជំរាបជូន ដល់អ្នកថតនិងបោះព័ត៌មានជូនដល់បណ្តាព័ត៌មានតាមកញ្ចក់ទូរទស្សន៍និងមហាជនផងថា ហ្សូរីម៉ា ប្អូនស្រីនាងខ្ញុំអត់បានជិះលឿន ដូចការដែលគាត់អានទេ ហើយការជិះរបស់គាត់គឺការបត់ឆ្លងផ្លូវត្រលប់ទៅផ្លូវម្ខាងទៀតតែដោយម៉ូតូដែលបើកបរដោយបុរសម្នាក់និងឌុបស្រ្តីចំណាស់ម្នាក់ទៀតគាត់ជិះមកវាក់ ហើយគេចឡានក៍ជ្រុលប៉ះឡានកំពុងតែបត់ហើយធ្វើឲ្យគាត់ដួលប៉ះចំក្បាលពកបន្តិចនិងរបួសស្នាមខ្លះៗ។
ក្នុងសារដដែល កញ្ញា ឌួង ហ្សូរីដា រៀបរាប់បន្តថា «ប៉ុន្តែ រីម៉ា ក៏បានចុះទៅសួរនាំគាត់ហើយគ្រៀរ គាត់ដឹកទៅពេទ្យ (មើលក្នុង Video រីម៉ាគ្រៀរស្រ្តីនោះឡើងឡាន) គាត់អត់មានសន្លប់ទេ»។
អះអាងថា រីម៉ា បានសុំទោសស្រ្តីរងគ្រោះនិងក្រុមគ្រួសារហើយបានយកគាត់ទៅស្កេនខួរក្បាលនៅពេទ្យកាល់ម៉ែត្រនិងជួបពិគ្រោះដោះស្រាយអស់ហើយ គឺអត់មានអីធ្ងន់ធ្ងរទេ ហើយយើងក៏បានដោះស្រាយថ្លៃចាយវាយមន្ទីរពេទ្យរួចរាល់ហើយដែរនោះ ។
ដោយទទូច សុំមេត្តាកុំផ្សាយបន្លើសនិង បំប៉ោងព័ត៌មានឲ្យហួសពីការពិតនោះ កញ្ញា ឌួង ហ្សូរីដា ក៏បញ្ជាក់ទៀតថា «ក្នុងនាមយើងខ្ញុំនិងក្រុមគ្រួសារជាបុគ្គលដែលគោរពច្បាប់និងមានទំនួលខុសត្រូវរាល់បញ្ហាដែលកើតមាន ..! ហើយរូបភាពស្រ្តីឈរចង្អូលខាងក្រោមនេះក៏មិនមែនជារីម៉ាទេព្រោះចរិកគាត់មិនច្រឡោងខាងបែបនេះឡើយ»៕
