ដោយ៖ ងួន ក្រែង និង ណាត សុភាព | ថ្ងៃពុធ ទី2 កញ្ញា 2015
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ក្លិនស្អុយបានភាយចេញកន្លែងកែច្នៃជ័រកៅស៊ូ មួយកន្លែង ភូមិជ្រុង ស្ថិតនៅភាគឥសានប្រទេសកម្ពុជា។ ក្រៅពីក្លិនស្អុយពិបាកទ្រាំ ក៏កើតមានសត្វមូសផងដែរ។
អ្នកភូមិដែលជនជាតិដើមភាគតិចចារាយ និងជនជាតិខ្មែររស់នៅភូមិជ្រុង ស្រុកបរកែវ ខេត្តរតនគិរី បាននិយាយដូចៗគ្នាថា រយៈពេលជាង១ឆ្នាំហើយដែលពួកគេជួបបញ្ហាសុខភាព និងបរិស្ថានមិនល្អ ដោយសារកន្លែងចម្រាញ់ជ័រកៅស៊ូក្រែប (ដែលមានរាងដូចជាដុំបាយត្រៀប) នៅក្បែរផ្ទះអ្នកភូមិ។
ស្ត្រីវ័យ៥៧ឆ្នាំ អង្គុយចំអិនអាហារលក់ រាងកាយប្រឡាក់ដោយញើសជាប់សំលៀកបំពាក់តិចៗអ្នកស្រី ភិន សុគង់ បានរៀបរាប់ប្រាប់អ្នកយកព័ត៌មានVODថា ម្ចាស់រោងចក្រចំរាញ់ជ័រកៅស៊ូក្រែបនេះ បានបង្ហូរទឹកជ័រកៅស៊ូដែលមានក្លិនស្អុយស្តុកទុកនៅក្នុងស្រះមួយកន្លែង ស្ថិតនៅក្បែរផ្ទះប្រជាពលរដ្ឋប្រមាណ២០០ម៉ែត្រ។ អ្នកស្រីថា ទឹកស្អុយដែលស្តុកទុកនោះ ក៏បានជ្រាបចូលទឹកអណ្តូង របស់អ្នកភូមិប្រើប្រាស់ ហើយបង្កឲ្យមានសត្វមូស នឹងជះក្លិនស្អុយ ប៉ះពាល់សុខភាព និងបរិស្ថាន។ អ្នកស្រីបញ្ជាក់ថា៖ “អណ្តូងប្អូនខ្ញុំនេះស្អុយហើយនេះ ប្រើលែងកើត ខ្ញុំទៅទិញទឹកគេតើ វាធំក្លិនដូចទឺកយើងទុកចោលក្នុងពាងយូរអ៊ីចឹង វាប៉ះពាល់សុខភាព វាទៅជាឈឺ ម្នាក់ៗមកព្យួរសារ៉ូមឡើងកកកុញ ពេញផ្ទះសម្បែង រាល់តែយប់ រាល់តែថ្ងៃហ្នឹង។ សំខាន់មូស និងក្លិនស្អុយហ្នឹងតែម្តង អ្នកស្រុកមិនដឹងទៅរកប្រលោះណា បើមានដីនៅឯណា គ្នាចៀសហើយនេះ ប៉ុន្តែគ្នាទៅវាមិនរួច បើកន្លែងគ្នារស់នៅកន្លែងហ្នឹងមួយជីវិតទៅហើយ”។
អ្នកស្រីបញ្ជាក់ថា បញ្ហាសុខភាពដែលប្រជាពលរដ្ឋប៉ះពាល់នោះរួមមាន កើតរម៉ាស់ ជំងឺសួត(ប៉ះពាល់ផ្លូវដង្ហើម) ជំងឺគ្រុនឈាម ឈឺក្បាល និងបញ្ហាផ្សេងៗទៀត។
អង្គុយនៅក្រោមផ្ទះ ភ្នែកទាំងគូសម្លឹងទៅរោចក្រចំរាញ់ជ័រកៅស៊ូក្រែប ស្ថិតនៅភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី លោក ម៉េង ហួតគីមចែន បានរៀបរាប់ថា លោកមិនហាមឃាត់រោងចក្រចម្រាញ់កៅស៊ូនោះទេ។ ប៉ុន្តែលោកស្នើទៅឲ្យអាជ្ញាធរ និងស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍ដល់រោងចក្រឲ្យទៅធ្វើនៅឆ្ងាយពីភូមិ ឬបញ្ឈប់ ដើម្បីកុំឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋនៅតំបន់នោះ។ លោកថា៖ “ចំណែកខ្ញុំផ្ទាល់ គឺចង់ឲ្យបញ្ឈប់ដំណើរការ ដូចថាពេលចំហុយជ័រ កិនតទៅទៀត បើអាចចេញឆ្ងាយពីភូមិកាន់តែល្អ ព្រោះបើវានៅហ្នឹង ប៉ះពាល់សុខភាព បរិស្ថានប្រជាជននៅជុំវិញហ្នឹងប៉ះពាល់ទាំងអស់ហ្នឹង។ បើចំពោះគ្រួសារខ្ញុំធ្លាប់ជួបប្រទះផ្នែកផ្លូវដង្ហើម គ្រុនឈាម និងរលាកបំពង់ក ដែលធ្វើឲ្យយើងពិបាករស់នៅ”។

ពលរដ្ឋម្នាក់ចង្អុលអណ្តូងទឹកដែលខូចខាត ដោយសារប៉ះពាល់ពីរោងចក្រចម្រាញ់កៅស៊ូ
ស្ត្រីវ័យ៣២ឆ្នាំ ដែលមានផ្ទៃពោះគ្រប់ខែផងនោះ អ្នកស្រី សឹម ណន ប្រាប់ថា សុខភាពគាត់ និងកូនៗ៣នាក់នៅក្នុងបន្ទុក មិនសូវល្អនោះទេ ចាប់ពីរោងចក្រចំរាញ់ជ័រកៅស៊ូក្រែបបង្កើតឡើងជាង១ឆ្នាំមកនេះ។ អ្នកស្រីបង្ហាញការព្រួយបារម្ភប៉ះពាល់សុខភាពខ្លួន និងកូននៅពេលកើត បើអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមិនជួយទប់ស្កាត់រោងចក្រនោះទេ។ អ្នកស្រីបញ្ជាក់ថា៖ “ព្រួយបារម្ភដែររាល់ថ្ងៃ ខ្ញុំពិបាកណាស់ ពោះធំផង ធំក្លិនមកម្តងៗចង់រកប្រកាច់ម្តងៗ ហើយទម្រំខ្ញុំកូនខ្ចីទៀតមិនដឹងយ៉ាងណាទេ ខ្ញុំខ្លាចអ៊ីចឹង”។
ជនជាតិដើមភាគតិចចារ៉ាយ លោក ស៊ី ម៉ៅ ព្រមានថា បើអាជ្ញាធរនិងស្ថាប័នពាក់ព័ន្ធមិនពន្លឿនដោះស្រាយបញ្ហានេះឲ្យមានប្រសិទ្ធភាពទេ នោះពួកគេនឹងប្រមូលផ្តុំគ្នាធ្វើបាតុកម្មនៅថ្ងៃខាងមុខនេះ។ លោកថា៖ “ប្រសិនជាករណីមិនដោះស្រាយ មានតែវិធីមួយ មានតែពិគ្រោះនិងប្រជាពលរដ្ឋមានតែបាតុកម្មមួយ ដើម្បីស្នើសុំឲ្យថ្នាក់លើចុះមកអន្តរាគមន៍ឲ្យដល់កន្លែង ឲ្យឃើញផ្ទាល់នឹងភ្នែកតែម្តង”។
មេភូមិជ្រុង ឃុំកក់ ស្រុកបរកែវ ខេត្តរតនគិរី លោក ជាន់ ចិន មានប្រសាសន៍ថា គាត់បានជូនដំណឹងនេះទៅស្រុក និងខេត្តឲ្យជួយដោះស្រាយករណីនេះដែរ ប៉ុន្តែមិនមានប្រសិទ្ធភាពនោះទេ។ ទោះយ៉ាងណាលោកថា លោកនឹងប្រជុំសុំយោបល់បន្ថែមពីប្រជាពលរដ្ឋនៅក្នុងភូមិ ដើម្បីធ្វើពាក្យប្តឹងទៅស្ថាប័នពាក់ព័ន្ធ ឲ្យចាត់វិធានការលើរោងចក្រចំរាញ់ជ័រកៅស៊ូក្រែបនោះ។ លោកថា៖ “…ធ្វើជាច្រើន ហើយសម្រាប់ឃុំមួយ សម្រាប់ស្រុកមួយ សម្រាប់ខេត្តមួយ ហើយយើងគ្រោងទុកទៀតសម្រាប់ថ្នាក់លើទៀតមួយ ដើម្បីឲ្យគេច្បាស់លាស់ក្នុងពាក្យបណ្តឹង ឲ្យគេយល់អំពីការប៉ះពាល់ប្រជាពលរដ្ឋ”។

រណ្តៅផ្ទុកទឹកស្អុយពីរោងចក្រចម្រាញ់កៅស៊ូ
អ្នកនាំពាក្យសាលាខេត្តរតនគិរី លោក ម៉ឹង ស៊ីនាថ មានប្រសាសន៍ថា សាលាខេត្តបានសហការជាមួយក្រសួងកសិកម្មនិងបរិស្ថានឲ្យចុះធ្វើកិច្ចការនេះដែរ ប៉ុន្តែលោកថា លោកមិនទាន់ទទួលបានលទ្ធផលនៅឡើយ។ លោកបញ្ជាក់ថា៖ “ឯកឧត្តមអភិបាលខេត្ត លោកមានវិធានការហ្នឹងឲ្យមន្ត្រីជំនាញបរិស្ថានក៏ដូចជាកសិកម្មចុះទៅសិក្សាវាយតម្លៃដើម្បីធ្វើការកែល្អឡើងវិញហើយបង… ក៏ប៉ុន្តែឯកសារហ្នឹងមិនទាន់ឃើញមកដល់សាលាខេត្ត ឬយ៉ាងម៉េចនៅឡើយទេ ចាំមើលខ្ញុំឆែកជាមួយឯកសាររដ្ឋបាលខ្ញុំសិន បើសិនយ៉ាងម៉េចខ្ញុំជំរុញកិច្ចការនេះជាបន្ទាន់”។
VOD មិនសុំការបំភ្លឺពីអ្នកទទួលខុសត្រូវកន្លែងចម្រាញ់ជ័រកៅស៊ូក្រែប ដែលអ្នកភូមិប្រាប់ថា ឈ្មោះលោក ស៊ី ប៊ុនម៉ៅ បានទេ។
មន្ត្រីសមសម្រួលនៃសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រចាំខេត្តរតនគិរី លោក ឆាយ ធី សង្កេតឃើញថា ចាប់ពីមានប្រជាពលរដ្ឋចំណូលថ្មីចូលទៅធ្វើការអភិវឌ្ឍនៅភូមិជ្រុង ស្រុកបរកែវនោះ ធ្វើឲ្យប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងបរិស្ថាន ជាពិសេសធ្វើឲ្យប៉ះពាល់ដល់វប្បធម៌ប្រពៃណីពួកគេថែមទៀត។ លោកយល់ថា ដើម្បីទប់ស្កាត់បញ្ហានេះឲ្យមានប្រសិទ្ធភាព ស្ថាប័នពាក់ព័ន្ធត្រូវចុះសិក្សាផលប៉ះពាល់នោះឡើងវិញ។ លោកថា៖ “កុំឲ្យប៉ះពាល់ហ្នឹងទាល់តែខាងម្ចាស់រោងចក្រឬក៏ក្រុមហ៊ុន ស្ថាប័នផ្សេងៗហ្នឹងត្រូវតែចូលរួមសិក្សាអំពីផលប៉ះពាល់ដល់ជនជាតិដើមភាគតិច ហើយត្រូវតែស្វែងយល់ និងគោរពទៅលើសិទ្ធិរស់នៅ តាមបែបប្រពៃណីពួកគាត់ បើយើងធ្វើបែបនេះ គឺអាចចៀសនូវការប៉ះពាល់ដល់ពួកគាត់បាន”។
ប្រជាពលរដ្ឋអះអាងថា កាលពីឆ្នាំ២០១៣ ប្រធានរោងចក្រចំរាញ់ជ័រកៅស៊ូក្រែប លោក ស៊ី ប៊ុនម៉ៅ បានបង្កើតរោងចក្រនេះឡើង ព្រមទាំងបានជីកអណ្តូងស្តុកទឹកស្អុយចម្រាញ់ជ័រកៅមួយកន្លែងក្បែរផ្ទះអ្នកភូមិ ដែលអណ្តូងនោះមានទទឹង១០ម៉ែត្រ បណ្តោយ២០ម៉ែត្រ និងជម្រៅ១០ម៉ែត្រ។ ពួកគេបញ្ជាក់ថា ជាង១ឆ្នាំនេះ ទឹកក្នុងស្រះនោះមានក្លិនស្អុយ ហើយបានសាយភាយពេញភូមិ ធ្វើឲ្យប៉ះពាល់សុខភាពប្រជាពលរដ្ឋ១១៩គ្រួសារ ឈឺទៅពេទ្យបន្តបន្ទាប់។ ប្រភពដែលបញ្ជាក់ថា កាលពីឆ្នាំ២០១៤ ក៏មានប្រជាពលរដ្ឋ៧នាក់ស្លាប់ ដោយសារប៉ះពាល់សុខភាពនេះផងដែរ៕
សូមសរសេរមកលោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com
