​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​មុខ​អ្នក​ដែល​ទាមទារ​ដក​ប្រាក់​វិញ​​

ដោយ៖​ សេង វណ្ណៈ និង អ៊ឹង ចាន់​ថន​ | ថ្ងៃពុធ ទី2 កញ្ញា 2015, 02:51 PM​
http://vodhotnews.com

ស្តាប់សំឡេង៖​

ចម្លងទុក

​គណបក្ស​សង្គ្រោះ​ជាតិ ស្នើ​ឲ្យ​សមត្ថកិច្ច​ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល រក​មុខ​មនុស្ស​ដែល​អះអាង​ថា ពួកគេ បាន​ផ្តល់​ថវិកា​ដល់​ទូរទស្សន៍​ព្រះអាទិត្យ ហើយ​បាន​ទាមទារ​ដកលុយ​នោះ ឲ្យមក​បើក​ប្រាក់​របស់​ពួកគេ​ទៅវិញ​។ 

​លិខិត​របស់​គណបក្ស​សង្គ្រោះ​ជាតិ នៅ​ថ្ងៃ​ទី​២ ខែកញ្ញា​នេះ ទៅកាន់​អធិការនគរបាល​ស្រុក​កណ្តាលស្ទឹង បាន​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​មុខ​ឈ្មោះ ស សុគណ ដែល​បាន​អះអាងថា ខ្លួន​ជា​តំណាង​ពលរដ្ឋ​៣៥​គ្រួសារ ដែល​បាន​បង់លុយ​ជាង​៥​លាន​រៀល​សម្រាប់​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ​។ ប៉ុន្តែ​ពួកគេ​មិន​សុខចិត្ត​ក៏​បាន​ទាមទារ​ដក​លុយ​ទៅវិញ​។​

គណបក្ស​សង្គ្រោះ​ជាតិ​បានទាមទារ​ឲ្យ​បុគ្គល​នោះ​ត្រូវ​បង្ហាញមុខ និង​បង្ហាញ​វិក្កយបត្រ ដើម្បី​មក​បើក​លុយ​នោះ​ទៅវិញ​។​

ប៉ុន្តែ​អធិការនគរបាល​ស្រុក​កណ្តាលស្ទឹង លោក ម៉ែន ចន្ទរិ​ទ្ធ ប្រាប់​វី​អូ​ឌី (VOD) ថា មិន​មាន​ឈ្មោះ ស សុ​គុណ រស់នៅ​ក្នុង​កណ្តាលស្ទឹង​នោះទេ​៖ “​ខ្ញុំ​ក៏​ជួយ​ស្រាវជ្រាវ​ឲ្យទៅ ប៉ុន្តែរ​កវា​(​ឈ្មោះ ស សុគណ​)​មិនឃើញ​ចេះតែ​ឆ្ងល់​អត់​មាន​ឃើញ​ក្នុង​បញ្ជីស្នាម​របស់​យើង​គ្រប់គ្រង​នៅក្នុង​រដ្ឋបាល​ដែនដី​របស់​យើង​ផង​ហ្នឹង​។ មិន​ដឹង​ឈ្មោះ​ហ្នឹង​មកពី​ខាង​ណា ចេះ​តែ​ឆ្ងល់​ដែរ​”​។​

អ្នកនាំពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ លោក យឹម សុវណ្ណ មានប្រសាសន៍ថា ការ​ដែល​មនុស្ស​មួយ​ក្រុម​អះអាងថា ខ្លួន​បាន​បង់លុយ​ទ្រទ្រង់​ទូរទស្សន៍​គណបក្ស​នេះ ហើយ​មិន​សុខចិត្ត​ក៏​ទាមទារ​លុយ​ទៅ​វិញ​នោះ គឺ​គ្រាន់តែ​ល្បិច​របស់​អ្នកនយោបាយ​ដែល​គេ​រៀបចំឡើង​ដើម្បី​បន្ទុច​បង្អាក់កុំ​ឲ្យ​ពលរដ្ឋ​ចូលរួម​ថវិកា​គាំទ្រ​ទូ​រ​ទស្សន៍​ព្រះអាទិត្យ​។ លោក​ថា​៖ “​បើ​មិន​មាន​ឈ្មោះ​ហ្នឹង មានន័យ​ថា ឯកសារ និង​ព្រឹត្តិការណ៍​ហ្នឹង​ចង់ដៃ​អ្នកណា​ម្នាក់​ដែល​យើង​មិន​អាច​ដឹងបាន ហើយ​ក្នុង​គោលបំណង​ធ្វើឲ្យ​ប្រជាពលរដ្ឋ​បាត់​ជំនឿ​លើ​គណបក្ស​សង្គ្រោះ​ជាតិ​”​។​

ការ​ដែល​មាន​ព័ត៌មាន​ថា សកម្មជន​គណបក្ស​ប្រឆាំង​ទាមទារ​ដក​ប្រាក់​របស់​ខ្លួន​ចេញ​មូលនិធិ​ទ្រទ្រង់​ទូរទស្សន៍​ព្រះអាទិត្យ​នោះ កើតឡើង​ក្រោយ​ពេល​ដែល​លោក ហ៊ុន សែន បាន​ចម្អក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ថា មិន​អាច​បង្កើត​ទូរទស្សន៍​ដោយ​ខ្លួនឯង​បាន គឺ​ត្រូវ​ពឹង​លើ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។ ជាមួយគ្នា​នោះ អាជ្ញាធរ​រដ្ឋាភិបាល ក៏​បាន​ហាម​មិន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ដាក់​ហិប​ប្រមូល​លុយ​នៅ​ទី​សាធារណៈ ដើម្បី​ទ្រទ្រង់​ទូរទស្សន៍​របស់​គណបក្ស​ប្រឆាំង​ឡើយ​៕ 

សូម​សរសេរ​មក​លោក សេង វណ្ណៈ តាមរយៈ sengvannakdmc@gmail.com និង​លោក អ៊ឹង ប៊ុនថន តាមរយៈ chanthorn@vodhotnews.com

What Next?

Recent Articles

4 Responses to "​គណបក្ស​សង្គ្រោះ​ជាតិ​ស្នើ​ឲ្យ​សមត្ថកិច្ច​បង្ហាញ​មុខ​អ្នក​ដែល​ទាមទារ​ដក​ប្រាក់​វិញ​​"

  1. Di Caprio says:

    95% khmer diapora support SUN TV ..

  2. :( says:

    ​លោក ហ៊ុន សែន បាន​ចម្អក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ថា មិន​អាច​បង្កើត​ទូរទស្សន៍​ដោយ​ខ្លួនឯង​បាន គឺ​ត្រូវ​ពឹង​លើ​ការចូលរួម​ពី​ប្រជាពលរដ្ឋ​។ មកនិយាយថាអោយគេមិនមើលខ្លួនឯងសោះ ខ្លួនឯងនឹង
    រាល់ថ្ងៃនឹងធ្វើអីខ្លះបានដោយខ្លួនឯង :)))))

  3. 2015 says:

    ​គណបក្ស​សង្គ្រោះមិន​អាច​បង្កើត​ទូរទស្សន៍​ដោយ​ខ្លួនឯង​បាន មិនដូចគណបក្សប្រជាជនលួចជាតិ ពុករលួយរាល់ថ្ងៃយប់ទេ !

  4. Star says:

    ​អធិការនគរបាល​ស្រុក​កណ្តាលស្ទឹង លោក ម៉ែន ចន្ទរិ​ទ្ធ ប្រាប់​វី​អូ​ឌី (VOD) ថា មិន​មាន​ឈ្មោះ ស សុ​គុណ
    រស់នៅ​ក្នុង​កណ្តាលស្ទឹង​នោះទេ​៖ “​ខ្ញុំ​ក៏​ជួយ​ស្រាវជ្រាវ​ឲ្យទៅ ប៉ុន្តែរ​កវា​(​ឈ្មោះ ស សុគណ​)​មិនឃើញ​ចេះតែ​ឆ្ងល់​អត់​មាន​ឃើញ​ក្នុង​បញ្ជី។
    បើប្រជាជនខ្មែរគិតច្បាស់ នោះនិងឃើញ (​ឈ្មោះ ស សុគណ​)​មាននៅក្នុងបញ្ជីឈ្មោះខ្មោចរបស់គណបក្សប្រជាជនដែលដើរមួលបង្កាច់
    បង្ខូចនិងសំអុយឈ្មោះគណបក្ស​សង្គ្រោះ​ជាតិ​តែប៉ុណ្ណោះឯង !
    ​លោក ហ៊ុន សែន បាន​ចម្អក​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ ពិជាអន់ហើយអាប់ឱនខ្លួនខ្លាំងណាស់ នៅពេលគ្មានភស្ដុតាងបែបនេះ ។