ដោយ៖ មាឃ ចាន់ | ថ្ងៃពុធ ទី2 កញ្ញា 2015, 04:49 PM
http://vodhotnews.com
កម្មកររោងចក្រភីភី( PPO) នៅក្នុងខណ្ឌដង្កោបាតុកម្មមុខរោងចក្រទាមទារឲ្យថៅកែទូទាត់ប្រាក់បំណាច់ដោយពួកគាត់អះអាងថា បារម្ភបាត់បង់អតីតភាពការងារ ព្រោះរោងចក្របានផ្លាស់ប្ដូរថៅកែ។
កម្មករម្នាក់ដែលចូលរួមតវ៉ា លោក កូវ រ៉ាម៉ូត ឲ្យVODដឹងថា កម្មករប្រមាណ៥០០នាក់បាននាំគ្នាធ្វើការតវ៉ាមុខរោងចក្រនៅព្រឹកថ្ងៃពុធនេះ ទាមទារឲ្យថៅកែចាស់ទូទាត់ប្រាក់បំណាច់ឲ្យពួកគាត់ឲ្យបានដាច់ស្រេច។ លោកឲ្យដឹងដែរថា ថៅកែថ្មីបានចូលគ្រប់គ្រងការងារចាប់ពីថ្ងៃទី ០១ ខែកញ្ញាមក។ លោកបន្តថា៖ “រោងចក្រមានការប្តូថៅកែថ្មី ដូច្នេះខ្ញុំសុំឱ្យថៅកែចាស់ បើកប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំដែលបានធ្វើការរយៈពេល ៣ឆ្នាំឱ្យដោះស្រាយជាមុនសិន” ។
ប្រធានសាហជីពស្មារតីកម្មករខ្មែរលោក យ៉ង់ ប៊ុនធឿន មានប្រសាសន៍ថា កម្មករបារម្ភថាមិនមានអ្នកណាទទួលខុសត្រូវរឿងប្រាក់ខែ និងប្រាក់បំណាច់ឆ្នាំ ដែលលោកថា ថៅកែចាស់មិនទាន់បើកឲ្យពួកគាត់ ទើបកម្មករនាំតវ៉ា។ លោកបន្តថា ភាគីរោងចក្រមិនបានចេញទៅដោះស្រាយជាមួយកម្មករនោះទេសម្រាប់ការតវ៉ានៅថ្ងៃនេះ ហើយកម្មករនឹងបន្តតវ៉ាទៀតនៅថ្ងៃស្អែក។
VODមិនទាន់អាចសុំការបកស្រាយពីភាគីរោងចក្របាននៅឡើយទេ ដោយអ្នកបកប្រែភាសាចិនឲ្យថៅកែរោងចក្រអ្នកនាង អែ ចិន អះអាងថា ជាប់រវល់ ហើយក្រោយមកមិនទទួលទូរស័ព្ទ។
បើតាមកម្មករឲ្យដឹងថា រោងចក្រភីភីអូ ស៊ីប្រស្ពីរឺស មានទីតាំងនៅភូមិព្រៃកំបុត សង្កាត់ពងទឹក ខណ្ឌដង្កោ រាជធានីភ្នំពេញ។ បច្ចុប្បន្នរោងចក្រមានកម្មករសរុបជាង៩០០នាក់ ហើយរោងចក្រនេះផលិតសម្លៀកបំពាក់កាតដេរនាំចេញទៅប្រទេសចិន៕
សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈ chanmeak981@gmail.com