​លោក ហ៊ុន សែន បញ្ជា​ក្រសួង​ពាក់ព័ន្ធ​បើកប្រាក់​ឲ្យ​គ្រួសារសព​អតីតយុទ្ធជ​ន​ឲ្យបាន​មុន​ភ្ជុំ​បិណ្ឌ​​

ដោយ៖​ ទូច សុខា​ | ថ្ងៃពុធ ទី2 កញ្ញា 2015, 05:45 PM
http://vodhotnews.com


លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​ក្នុង​ពិធី​បិទ​សន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​ទូទាំងប្រទេស​លើក​ទី​២ នៅ​ព្រឹក​ថ្ងៃ​ពុធ​នេះ​ (រូបភាព​៖ ទេព សូនី)


​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បញ្ជា​ឲ្យ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ សហការ​ជាមួយ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា ពន្លឿន​ការបើកប្រាក់​ដែល​ក្រសួង​ជំពាក់​មិនទាន់បាន​បើក​ឲ្យ​គ្រួសារ​សាកសព​អតីយុ​ទ្ធ​ឲ្យបាន​មុន​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​។​

​លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​ដាក់បទបញ្ជា​ដូចនេះ​នៅក្នុង​ពិធី​បិទ​សន្និបាត​តំណាង​សមាគម​អតីតយុទ្ធជន​ទូទាំងប្រទេស​លើក​ទី​២ នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ នា​ព្រឹក​ថ្ងៃ​ពុធ​នេះ​។​

​លោកនាយក​រដ្ឋមន្ត្រី​ឲ្យដឹងថា សព្វថ្ងៃ​នេះ​រដ្ឋ​នៅ​ជំពាក់​ប្រាក់​ដែល​ត្រូវ​បើក​ឲ្យ​សាកសព​អតីត​យុទ្ធ​១៥២៣​សព ដែល​លោក​បញ្ជាក់​ទំហំ​ទឹកប្រាក់​នេះ​ថា​ប្រហែលជា​១,៥​លាន​ដុល្លារ​។ លោក​ឲ្យដឹង​ដែរថា រដ្ឋ​មាន​ថវិកា​សម្រាប់​បើក​ឲ្យ​សព​អតីយុទ្ធជន​ទាំងនេះ ហើយ​លោក​បញ្ជា​ឲ្យ​ក្រសួង​ពាក់ព័ន្ធ​ទាំង​២​ពន្លឿន​ការបើប្រាក់​ដល់​ក្រុមគ្រួសារ​សព​ឲ្យបាន​មុនបុណ្យ​ភ្ជុំបិណ្ឌ​។

​លោកនាយក​រដ្ឋមន្ត្រី​បន្ថែមថា​៖ “​ឥឡូវ​ទៅវិញ​ត្រូវ​ធ្វើ​យ៉ាងម៉េច​រាយការណ៍​ដាច់ខាត​ដល់​ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ដោះស្រាយ​ដាច់ខាត​ទៅ​លើ​ករណី​នេះ​…​យើង​មាន​ថវិកា ហេតុ​អី​បាន​មក​ជំពាក់​ថវិកា​សាកសព ឥឡូវ​ធ្វើ​យ៉ាងម៉េច​ក៏​ដោយ​គឺ​ត្រូវ​ធ្វើឲ្យ​លឿន​…​មុន​ភ្ជុំបិណ្ឌ​នេះ ព្រោះ​កុំឲ្យ​ដល់​ថ្នាក់រក​លុយ​ធ្វើបុណ្យ​ឲ្យ​ប្តី​វា​មិន​បាន ឲ្យ​ឪពុក​ម្តាយ​វា​មិន​បាន អត់​បាន​ទេ សុំ​ទៅ​វិញ​ត្រូវ​ធ្វើការ​អាហ្នឹង​ឲ្យ​ស្រូ​ត​"​។

​លោកនាយក​រដ្ឋមន្ត្រី​ឲ្យដឹង​ទៀតថា កន្លងមក​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា បាន​បើក​ប្រាក់​សម្រាប់​សាកសព​អតីតយុទ្ធជន​នេះ​បាន​ចំនួន​៥៥១៣​សព​រួចមកហើយ​។ លោក​បន្តថា ក្នុង​១​ខែ​ជា​មធ្យម​មាន​អតីតយុទ្ធជន​១៥០​នាក់​បាន​ស្លាប់​។ 

​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា លោក តូច ចាន់នី មានប្រសាសន៍ថា មូលហេតុ​ដែល​នាំឲ្យ​មាន​ការយឺតយ៉ាវ​ក្នុង​ការបើកប្រាក់​សម្រាប់​សាកសព​អតីយុទ្ធជន​គឺ​ដោយសារ​តែ​ចំនួន​អ្នកស្លាប់​កើន​លើស​ពី​ចំនួន​រំពឹង​ទុក​របស់​សមាគម​អតីតយុទ្ធជន​កម្ពុជា​។ លោក​ឲ្យដឹងថា ជា​ធម្មការ​សមាគម​តម្រូវឲ្យមា​ជិ​កបង់​វិភាគទាន​សម្រាប់​អ្នក​ស្លាប់​ចំនួន​៣៥០០​រៀល​ក្នុង​មួយខែ ដែល​លោក​ថា សមាគម​រំពឹង​ថា​ក្នុង​មួយ​ខែ​មាន​អតីតយុទ្ធជន​ស្លាប់​តែ​៣៥​នាក់​ប៉ុណ្ណោះ​។​

​លោក តូច ចាន់នី បន្ថែមថា ដោយសា​តែ​ចំនួន​អ្នក​ស្លាប់​កើន​រហូត​ដល់​ជាង​១០០​នាក់​ក្នុង​មួយ​ខែ​ទើប​ធ្វើឲ្យ​ការបើកប្រាស់​សម្រាប់ស​ព​អតីតយុទ្ធជន​មាន​ភាពយឺតយ៉ាវ​។ ទោះ​យ៉ាងណា​លោក​ថា បន្ទាប់​ពី​មាន​បទបញ្ជា​របស់​លោក នាយករដ្ឋមន្ត្រី ហ៊ុន សែន ក្រសួង​នឹង​ដក​យក​ថវិកា​ពី​កញ្ចប់​ថវិកា​សង្គម​សង្គ្រោះ​មក​បើក​ឲ្យ​ក្រុមគ្រួសារ​សព​ឲ្យបាន​មុនបុណ្យ​ភ្ជុំបិណ្ឌ​។ 

​លោក​បន្ថែមថា​៖ “​ចង់​មិនឲ្យ​(​មាន​ការបើកប្រាក់​យឺត​)​នេះ​អ៊ីចឹង​ក៏​បាន​ដែរ ឧបមា​ថា​បើ​ស្លាប់​១៥០(​នាក់​)​អ៊ីចឹង យើង​ប្រមូល​លុយ​១៥០(​នាក់​)​ដែរ​មក​ម្នាក់​បង់​១០០​ៗ ឲ្យ​គ្រប់​១៥ ០០០(​រៀល​)​ដែរ​មក តែ​លុយ​សមាជិក​យើង​តិច​ដែរ អ៊ីចឹង​ប្រាក់ខែ​ក៏​វា​តិច​ដែរ យើង​មិន​ហ៊ាន​ប្រមូល​ច្រើន​ខ្លាច​ប៉ះពាល់​ដល់​ជីវភាព​របស់​គាត់ អ៊ីចឹង​យើង​ឲ្យ​បង់​ត្រឹម​តែ​ចំនួន​ណា​មួយ​សមរម្យ មូលហេតុ​អ៊ីចឹង​ទេ ដែល​វា​នៅ​សល់​មិន​ព្រម​ដោះស្រាយ ដោយសារ​វា​អ៊ីចឹង​”​។ 

​អ្នកសម្របសម្រួល​បណ្ដា​ញ​រួបរួម​ដើម្បី​គណនេយ្យភាព​សង្គម​អាស៊ី​បូ​ព៌ា និង​ប៉ា​ស៊ី​ហ្វិ​ច លោក សន ជ័យ មានប្រសាសន៍ថា ការបើកប្រាក់​សម្រាប់​សាកសព​អតីត​យុទ្ធ​មាន​ភាពយឺតយ៉ាវ​មកពី​ក្រសួង​ពាក់ព័ន្ធ​គ្មាន​យន្តការ​ច្បាស់លាស់ និង​ប្រព័ន្ធ​រដ្ឋបាល​នៅ​មាន​ភាពទន់ខ្សោយ​។ លោក​ថា ការបើកប្រាក់​សម្រាប់​សាកសព​អតីតយុទ្ធជន​មាន​ភាពយឺតយ៉ាវ​បែបនេះ​អាច​ធ្វើឲ្យប៉ះពាល់​ដល់​អារម្មណ៍​ក្រុមគ្រួសារ​សព និង​យុទ្ធជន​ដទៃ​ទៀត​ដែល​នៅរស់ ដោយ​លោក​ថា អ្នក​អ្នកនោះ​អាច​គិត​ថា រដ្ឋ​មិន​គិតគូរ​ពី​ពួកគាត់​។​

​លោក​មានប្រសាសន៍ថា​៖ “​ធ្វើឲ្យ​គេ​មើលឃើញថា គេ​(​រដ្ឋ​)​ត្រូវការ​តែ​ពេល​នៅ​រស់រាន​មានជីវិត​ទេ បានន័យថា​គេ​(​រដ្ឋ​)​ត្រូវការ​តែ​ពេល​ប្រើ ដល់​ពេល​អស់​ការប្រើ​ទៅ ដល់ពេល​ដែល​ស្លាប់​ទៅ​គេ​បំភ្លេចចោល​”​។ 

​បើ​តាម​អ្នកនាំពាក្យ​ក្រសួង​សង្គមកិច្ច​លោក តូច ចាន់នី ឲ្យដឹងថា សមាគម​អតីតយុទ្ធជន​កម្ពុជា​ដំណើរការ​បាន​ជាង​៧​ឆ្នាំ​មកហើយ ដោយ​មាន​សមាជិក​ចូលរួម​ជាង​៧​ម៉ឺន​នាក់​។ លោក​ថា សមាជិក​ដែល​ស្លាប់​ម្នាក់​សមាគម​ផ្តល់​ថវិកា​សម្រាប់​ធ្វើ​បុណ្យ​សព​ចំនួន​៤​លាន​រៀល​៕

​សូម​សរសេរ​មកកាន់​លោក ទូច សុខា តាមរយៈ sokha@vodhotnews.com

What Next?

Recent Articles

One Response to "​លោក ហ៊ុន សែន បញ្ជា​ក្រសួង​ពាក់ព័ន្ធ​បើកប្រាក់​ឲ្យ​គ្រួសារសព​អតីតយុទ្ធជ​ន​ឲ្យបាន​មុន​ភ្ជុំ​បិណ្ឌ​​"

  1. វាសនាខ្ញុុំអនាគតខ្ញុំ says:

    សំដាច់ដេកស៊ីជោរទើបនឹងភ្ញាក់ថា សព្វថ្ងៃ​នេះ​រដ្ឋ​នៅ​ជំពាក់​ប្រាក់​ដែល​ត្រូវ​បើក​ឲ្យ​សាកសព​អតីត​យុទ្ធ​១៥២៣​សព ដែល​លោក​បញ្ជាក់​ទំហំ​ទឹកប្រាក់​នេះ​ថា​ប្រហែលជា​១,៥​លាន​ដុល្លារ​។នេះមកពីមុន ពុំមានគេចាក់ក្រឡេកគាត់ អញ្ជឹងពួកគាត់ដេកលក់អស់ ឬស៊ីដាច់លុយនោះផងមិនដឹង???