​សាខា​បក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​​រឿង​ចាប់​មន្ត្រី​បក្សប្រឆាំង​ដាក់ពន្ធនាគារ​​

ដោយ៖​ ឡាយ សាមាន​ | ថ្ងៃពុធ ទី2 កញ្ញា 2015, 06:25 PM​
http://vodhotnews.com

​សាខា​គណបក្ស​សង្គ្រោះ​ជាតិ​នៅ​សហរដ្ឋអាមេរិក​ថ្កោលទោស​អាជ្ញាធរ​កម្ពុជា ករណី​ចាប់​មន្ត្រីជាន់ខ្ពស់​គណបក្ស​ប្រឆាំង​លោក មា​ជ សុវណ្ណារ៉ា និង​លោក  ហុង សុខ​ហួរ ដាក់​ពន្ធនាគារ​ព្រៃ​ស​។​

​សេចក្តីថ្លែងការណ៍​គណបក្ស​សង្គ្រោះ​ជាតិ​សាខា​សហរដ្ឋអាមេរិក​ចេញផ្សាយ​នៅ​ថ្ងៃនេះ លើកឡើងថា ស្ថានភាព​ការរំលោភ​សិទ្ធិមនុស្សរ​បស់​រដ្ឋាភិបាល​ទៅ​លើ​ប្រជាពលរដ្ឋ​ខ្មែរ​កាន់តែ​មាន​ភាព​ធ្ងន់ធ្ងរ​។ សេចក្តីថ្លែការណ៍​បន្តថា ចំណែក​ការចាប់​ពលរដ្ឋ​របស់​ខ្លួន​រួមមាន​ព្រះសង្ឃ មន្ត្រីជាន់ខ្ពស់​គណបក្ស​សង្គ្រោះ​ជាតិ​លោក មា​ជ សុវណ្ណារ៉ា និង​សមាជិក​ព្រឹទ្ធ​សភា​លោក ហុង សុខ​ហួរ ជា​រឿង​អយុត្តិធម៌​បំផុត​។​

​តាមរយៈ​សេចក្តីថ្លែងការណ៍​នេះ គណបក្ស​សង្គ្រោះ​ជាតិ​ថ្កោលទោស​អាជ្ញាធរ​កម្ពុជា និង​អំពាវនាវ​ឲ្យ​រក​ដំណោះស្រាយ​ដោយ​អហិង្សា និង​យុត្តិធម៌​តាម​នីតិវិធី​កិច្ចព្រមព្រៀង​រវាង​គណ​បក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ ២០១៤ ដែល​នៅ​ជា​ធរមាន​។​

​សេចក្តីថ្លែងការណ៍​ដដែល​បន្តថា រដ្ឋាភិបាល​លោក ហ៊ុន សែន បាន​ប្រើប្រាស់​កម្លាំង​ប្រដាប់អាវុធ​វាយប្រហារ និង​យក​តុលាការ​ជា​ឧបករណ៍​នយោបាយ ដែល​សេចក្ដីថ្លែងការណ៍​ចាត់ទុកថា ជា​សញ្ញា​បង្ហាញ​ថា រដ្ឋ​អំណាច​នេះ​នៅតែ​កាន់​របប​ផ្តាច់ការ និង​យោធានិយម ខុស​ទៅ​នឹង​គោលការណ៍​លទ្ធិប្រជាធិបតេយ្យ​។​
​សេចក្ដីថ្លែងការណ៍​បន្ត​ដោយ​ទាមទារ​ឲ្យមាន​ការដោះលែង​លោក មា​ជ សុវណ្ណារ៉ា និង​លោក ហុង សុខ​ហួរ ដោយ​ឥត​លក្ខខណ្ឌ ដើម្បី​ចៀសវាង​វប្បធម៌​ចងគំនុំ​គ្នា គឺ​ទឹក​ឡើង​ត្រី​ស៊ី​ស្រមោច និង​ទឹក​ហោច​ស្រមោច​ស៊ី​ត្រី​។​

​គួរបញ្ជាក់​ថា មន្ត្រី​និង​សកម្ម​ជ​គណបក្ស​សង្គ្រោះ​ជាតិ​ចំនួន​១៥​នាក់​ដែល​រួមទាំង​លោក មា​ជ សុវណ្ណារ៉ា ផង​នោះ ត្រូវ​រង​បទ​ចោទ​ទាក់ទង​ហិង្សា​ក្បែរ​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ខែកក្កដា ឆ្នាំ​២០១៤​។ ចំណែក​សមាជិក​ព្រឹទ្ធសភា​លោក ហុង សុខ​ហួរ រង​បទ​ចោទ​ក្លែង​ឯកសារ​សន្ធិសញ្ញា​ព្រំដែន ឆ្នាំ ១៩៧៩​។ បច្ចុប្បន្ន​អ្នក​ទាំងនោះ​កំពុង​ជាប់​នៅ​ពន្ធនាគារ​ព្រៃ​ស​។​

​មន្ត្រី​អង្គការ​សង្គម​ស៊ីវិល​មួយចំនួន​បានចាត់ទុក​ការចាប់ខ្លួន​មន្ត្រី និង​សកម្មជន​គណបក្ស​ប្រឆាំង​ទាំង​នេះ​ថា ជា​រឿង​នយោបាយ តែ​រដ្ឋាភិបាល​អះអាងថា ជា​អំណាច​របស់​តុលាការ​ក្នុង​ការអនុវត្ត​ច្បាប់​៕

សរសេរ​មក​លោក ឡាយ សា​មាន​ តាម​រយៈ samean@vodhotnews.com

What Next?

Recent Articles

One Response to "​សាខា​បក្ស​សង្គ្រោះ​ជាតិ​នៅ​អាមេរិក​ថ្កោលទោស​រដ្ឋាភិបាល​​រឿង​ចាប់​មន្ត្រី​បក្សប្រឆាំង​ដាក់ពន្ធនាគារ​​"

  1. Bol says:

    ឃើញអត្ថបទភ្លាមចង់ភ័យ!
    ស្មានតែសាខាបក្សគណបក្សប្រជាជនកម្ពុជាស្រុកអាមេរិកថ្កោលទោសរាជរដ្ឋាភិបាល។ តាមពិត គឺពួកនេះទេតើ។ អើបើពួកវា មិនជួយពួកវា តើឲ្យនរណាជួយពួកវា?
    វាខ្លាចតែប្រជាជន អនិកជនខ្មែរទាំងអស់នៅអាមេរិក ។
    កុំភ្លេចថា ទោះជានៅអាមេរិក បារាំង អូស្ត្រាលី នូវែលហ្សេឡង់ដ៍ … គឺសុទ្ធមានប្រជាជនខ្មែរជាច្រើនដែលគាំទ្រគណបក្សប្រជាជន និងរាជរដ្ឋាភិបាល ខ្លាំងណាស់៕