ដោយ ម៉ែន សុធីរ
2015-09-02
RFA

ព្រះរាជដំណាក់ស្ដេចដែលជាដីព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ឋិតនៅក្រុងស្ទឹងត្រែង ខេត្តស្ទឹងត្រែង។ រូបថតថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥ (RFA/Men Sothyr)
អតីតអភិបាលខេត្តស្ទឹងត្រែង រងការរិះគន់ថា បានរំលោភយកដីព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ តាមបណ្តោយអូរខាងកើត ឋិតនៅក្រុងស្ទឹងត្រែង។ ការរិះគន់នេះ ធ្វើឡើងបន្ទាប់ពីអាជ្ញាធរមូលដ្ឋាន បានជូនដំណឹងឲ្យពលរដ្ឋប្រមាណ ៣គ្រួសារ រុះរើលំនៅឋានចេញពីដីចំណីអូរ និងនៅក្នុងបរិវេណដីព្រះរាជទ្រព្យកាលពីឆ្នាំ២០១២ ដោយសំអាងថា យកដីទីតាំងនោះជាកន្លែងអភិវឌ្ឍន៍។ ដោយឡែកមន្ត្រីសង្គមស៊ីវិល ចាត់ទុកករណីរំលោភយកដីព្រះរាជទ្រព្យនេះ ថាជាទង្វើល្មើសច្បាប់។
ពលរដ្ឋរស់នៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្រុងស្ទឹងត្រែង ឲ្យដឹងនៅថ្ងៃទី១ កញ្ញា ថា អតីតអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត បានធ្វើរបងស៊ីម៉ងត៍ព័ទ្ធលួសនៅបែកខាងជើងជាប់ទន្លេ បន្ទាប់ពីចាក់ដីតាមជម្រាលអូរដើម្បីពង្រីកផ្ទៃដីអស់ប្រហែលជាង ១ម៉ឺនឡាន កាលពីឆ្នាំ២០១២។ ការចាក់ដី និងព័ទ្ធរបងលួសនេះ ត្រូវបានអ្នកភូមិចាត់ទុកថា អតីតអភិបាលខេត្តស្ទឹងត្រែង លោក ឡូយ សុផាត បានយកដីមួយផ្នែកនៃព្រះរាជដំណាក់ជាប់មាត់អូរ ធ្វើជាកម្មសិទ្ធិឯកជន។
តំណាងពលរដ្ឋម្នាក់ដែលសុំមិនបញ្ចេញឈ្មោះរៀបរាប់នៅថ្ងៃទី១ កញ្ញា ថា លោកធ្លាប់រស់នៅខេត្តស្ទឹងត្រែង តាំងពីតូចដល់ធំ ពីដើមឡើយលោកគ្រាន់តែដឹងថា ដីដែល លោក ឡូយ សុផាត បោះបង្គោលរបងយកនោះ គឺជាដីចំណីមាត់អូរក្នុងបរិវេណដីដំណាក់ស្ដេច ហើយកាលពីឆ្នាំ២០១២ លោកឃើញមានពលរដ្ឋចំនួន ៣គ្រួសារ ដែលតាំងទីលំនៅទីនេះអស់ប្រមាណជាង ១០ឆ្នាំមកហើយ ដោយប្រកបរបរចិញ្ចឹមជីវិតដាំបន្លែលើដីដំណាក់ស្ដេចនេះ តែត្រូវបានអាជ្ញាធរបណ្ដេញចេញដោយផ្តល់ដីសម្បទានសង្គមកិច្ចនៅតំបន់ផ្សេងឆ្ងាយពីទីរួមខេត្តស្ទឹងត្រែង។ លោកថា ការបណ្ដេញពលរដ្ឋចេញភ្លាមៗ លោកនឹកស្មានតែគម្រោងអភិវឌ្ឍន៍របស់រដ្ឋាភិបាលនៅកន្លែងដំណាក់ស្ដេចនេះ និងនឹកស្មានមិនដល់ថាចាក់ដីដើម្បីឆ្លៀតឱកាសយកដីព្រះរាជទ្រព្យព្រះមហាក្សត្រ។ ដោយឡែកពលរដ្ឋទីទ័លក្រពិតប្រាកដ មិនត្រូវបានគេអនុញ្ញាតឲ្យដាំបន្លែជាលក្ខណៈគ្រួសារលើដីដែលជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រនោះឡើយ៖ «ដីហ្នឹងដីស្ដេច ប្រជាពលរដ្ឋនៅ ដល់រដ្ឋត្រូវការអ៊ីចឹងក៏ជម្លៀសប្រជាជនចេញពីហ្នឹងបាត់ទៅ។ ដីរបស់ស្ដេច ក៏ប៉ុន្តែ ឡូយ សុផាត អភិបាលខេត្តហ្នឹងគេចាក់ ប៉ុន្តែគេចាក់យ៉ាងម៉េច? គេចាក់សម្រាប់ជាផលប្រយោជន៍រដ្ឋ ឬមួយក៏សួនតួរបស់គាត់ អាហ្នឹងអត់ដឹងដែរ»។
ទោះបីជាយ៉ាងណាក៏ដោយ អតីតអភិបាលខេត្តស្ទឹងត្រែង និងជាតំណាងរាស្ត្រមណ្ឌលស្ទឹងត្រែង លោក ឡូយ សុផាត ឲ្យដឹងនៅថ្ងៃទី១ កញ្ញា ថា ទីតាំងដែលលោកចាក់ដីនោះជាតំបន់ទឹកលិច ដែលពុំធ្លាប់មានពលរដ្ឋរស់នៅឡើយ។ លោកថា ដីនោះពីដើមឡើយមានទំនាបជាប់រហូតដល់មាត់ទន្លេ មិនអាចឆ្លងចូលផ្លូវថ្នល់ទៅម្ខាងបានទេ។ នេះ ជាដីទំនេរ។ ចំណែកចំណីមាត់អូរនៅតែជាអូរដដែល ហើយការចាក់ដីនេះ ក៏មិនធ្វើឲ្យប៉ះពាល់ដល់ចរន្តទឹកហូរ និងប៉ះពាល់ដល់ពលរដ្ឋណានោះដែរ។ យ៉ាងណាក៏ដោយ លោកចាត់ទុកពលរដ្ឋដែលមានចម្ងល់ចំពោះការចាក់ដី និងគ្រប់គ្រងដីរបស់លោក ថាជាពលរដ្ឋខិលខូច៖ «ព្រោះដីហ្នឹងពីដើមមិនអាចឆ្លងទៅផ្លូវថ្នល់បានទេ ពីព្រោះវាទំនាបទៅជាប់ផ្លូវមាត់ទន្លេតែម្តង ហើយប្រជាជនគាត់មកមានរឿងមានអីនៅត្រង់ហ្នឹង ខ្ញុំមិនយល់ដែរ។ ប្រជាពលរដ្ឋឆ្ងល់វាមិនសូវសមហេតុផល អាការឆ្ងល់វាអត់មានប៉ះពាល់អីទៅអ្នកណាទាំងអស់ បើនិយាយទៅវាអត់មានទេ»។
វិទ្យុអាស៊ីសេរី មិនអាចទាក់ទងសុំការអធិប្បាយករណីនេះពីនាយខុទ្ទកាល័យព្រះបរមរាជវាំង លោក អ៊ុំ តារ៉ាវុធ ដើម្បីបញ្ជាក់រឿងនេះបានទេនៅថ្ងៃទី១ កញ្ញា ដោយទូរស័ព្ទហៅចូល តែពុំមានអ្នកទទួល។
ទាក់ទងបញ្ហានេះដែរ ប្រធានការិយាល័យភូមិបាលក្រុងស្ទឹងត្រែង លោក សេង សុផាត បញ្ជាក់យ៉ាងខ្លីថា ដីដែល លោក ឡូយ សុផាត ព័ទ្ធរបងខាងមុខ និងបានចាក់ដីនោះ លោកធ្លាប់ឃើញមានលិខិតស្នើសុំចេញប្លង់កម្មសិទ្ធិដែលមានឈ្មោះកូនរបស់ លោក ឡូយ សុផាត។ តែទោះជាយ៉ាងណាក៏ដោយ លោកថា មន្ត្រីជំនាញសុរិយោដីមិនអាចចេញប្លង់កម្មសិទ្ធិបានទេ ព្រោះវាជាដីមាននៅក្នុងប្លង់ព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ។ ហេតុនេះ ការសាងសង់អ្វីមួយនៅលើដីតំបន់នោះ ត្រូវបានហាមឃាត់៖ «បុគ្គលឯកជនទេធ្វើហ្នឹង ធ្វើហ្នឹងក៏អត់សាងសង់អីបានដែរ»។
ព្រះរាជដំណាក់ស្ដេចឋិតនៅភូមិព្រែក សង្កាត់ស្ទឹងត្រែង ក្នុងស្ទឹងត្រែង បែរមុខទៅទិសខាងជើងទល់មុខទៅមានទន្លេមេគង្គដែលប្រសព្វគ្នា។ នៅខាងមុខដំណាក់ មានជណ្ដើរចុះទន្លេ ដែលអ្នកភូមិអាចចុះមុជទឹកនៅអែបច្រាំងទន្លេនៅរដូវប្រាំងបាន។ ដោយឡែកទំហំដីដែល លោក ឡូយ សុផាត ចាក់ដីនៅជាប់មាត់អូរចាប់ពីផ្លូវថ្នល់ខាងត្បូងរហូតដល់ថ្នល់មាត់ទន្លេ មានប្រវែងប្រហែលក្បាលជាង ៥០ម៉ែត្រ និងបណ្តោយជាង ១០០ម៉ែត្រ ហើយបច្ចុប្បន្ន ដីនេះនៅមិនទាន់មានការកសាងអ្វីទាំងអស់ បើក្រៅពីធ្វើរបងលួស និងបង្គោលថ្មនៅប៉ែកខាងមាត់ទន្លេ។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក ខេត្តស្ទឹងត្រែង លោក ហូ សំអុល សម្ដែងការសោកស្ដាយ ខណៈដែលព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ ត្រូវបានអ្នកមានអំណាចឆ្លាតឱកាសយក។ លោកថា ការឆកល្វែងបែបនេះ គឺជាសញ្ញាអវិជ្ជមានមួយស្ដែងចេញពីការអាក់អន់ចិត្តសម្រាប់ពលរដ្ឋដែលធ្លាប់ដាំបន្លែនៅទីនោះ ត្រូវបានអាជ្ញាធរហាមឃាត់ និងហាមមិនឲ្យសង់ទីលំនៅជាបណ្ដោះអាសន្ននៅទីនោះ បែរជាយកដីសម្រាប់ជាកម្មសិទ្ធិរបស់បុគ្គលឯកជនទៅវិញ។ លោកអំពាវនាវឲ្យក្រសួងព្រះបរមរាជវាំង មេត្តាអភិវឌ្ឍ និងថែទាំព្រះរាជដំណាក់ដែលជាព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រ និងស៊ើបអង្កេតពីហេតុផលនាំឲ្យមានការយកដីនៅតំបន់នោះដោយអ្នកមានអំណាច៖ «របស់ព្រះមហាក្សត្រតាំងពីដើម អ្នកស្ទឹងត្រែង មករហូតមក អ៊ីចឹងគាត់គួរតែទុកអភិវឌ្ឍ អភិរក្ស ទោះបីគាត់មិនបានគង់នៅ មិនបានមានមនុស្សមកនៅ យើងត្រូវតែអភិរក្ស ឬអភិវឌ្ឍទៅទៀត មិនមែនមករំលោភយកអ៊ីចឹងទេ»។
ប្រធានផ្នែកអង្កេតនៃសមាគមអាដហុក (ADHOC) លោក ឡាត់ គី យល់ឃើញថា ដីតាមជម្រាលអូរ គឺត្រូវបានចាត់ទុកចូលជាដីសាធារណៈរបស់រដ្ឋ តែបើមានការរំលោភយកដោយបុគ្គលណាក្តី គឺជាទង្វើខុសច្បាប់ មានន័យថា រដ្ឋចង់ដកហូតវិញពេលណាក៏បាន។ លោកថា រដ្ឋមានតួនាទីថែទាំដីដែលជាព្រះរាជទ្រព្យ ប៉ុន្តែបើការថែទាំមិនបានដិតដល់ ធ្វើឲ្យព្រះរាជទ្រព្យរបស់ព្រះមហាក្សត្រនឹងទៅជាទ្រព្យសម្បត្តិឯកជននោះ គឺជាកំហុសរបស់អាជ្ញាធរខេត្តស្ទឹងត្រែង៖ «វានៅជាប្រយោជន៍សាធារណៈ ទាល់តែទ្រព្យសម្បត្តិទាំងអស់ហ្នឹងក្លាយជាឥតប្រយោជន៍សាធារណៈ ទើបមានសិទ្ធិធ្វើអនុប្រយោគ ប្រែក្លាយប្រភេទនៃទ្រព្យសម្បត្តិសាធារណៈរបស់រដ្ឋហ្នឹង ក្លាយជាទ្រព្យសម្បត្តិឯកជនរបស់រដ្ឋសិនបាន ទើបមានសិទ្ធិក្នុងការវិនិយោគ ឬមួយមានសិទ្ធិក្នុងការដោះដូរអីផ្សេងៗ»។
ទីតាំងដីព្រះរាជដំណាក់ស្ដេច គឺជាឈ្មោះមួយដែលអ្នកភូមិច្រើនតែហៅថា ដីដំណាក់ស្ដេចដែលព្រះបរមរតនកោដ្ឋ ធ្លាប់ស្នាក់អាស្រ័យនៅទីនេះកាលពីសម័យបារាំង និងសម័យ ប៉ុល ពត។ ទំហំដីព្រះរាជដំណាក់ប្រហែលជាង ៤ហិកតារ ខាងលិចជាប់ផ្លូវ និងខាងត្បូងជាប់ផ្លូវ ចំណែកខាងកើតជាប់នឹងអូរ ខាងមុខទល់ទន្លេ។ បច្ចុប្បន្ន ដីព្រះរាជដំណាក់ហាក់នៅមិនទាន់មានការអភិវឌ្ឍឲ្យបានជាដុំកំភួនឡើយ នៅសល់តែអគារធំៗដែលមានសភាពចាស់ទ្រុឌទ្រោមតាំងពីជំនាន់បារាំង។ អគារនៅខាងកើត ត្រូវខូចទាំងស្រុង ចំណែកអគារខាងលិច មានសភាពរឹងមាំធម្មតា ដែលត្រូវគេដាក់ចោលពុំមានមានអ្នកថែទាំ។ ចាស់ទុំដែលដឹងពីរឿងរ៉ាវដំណាក់នេះ បានឲ្យដឹងថា ព្រះរាជដំណាក់នេះ គឺជាទីតាំងសំណាក់របស់សម្ដេចតា ដែលទ្រង់ធ្លាប់ភៀសព្រះកាយកាលពីសម័យសង្គ្រាម មកគង់ស្នាក់អាស្រ័យនៅព្រះរាជដំណាក់នេះ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ប៉ូលិសស្រុកពោធិ៍រៀងរងការចោទថាប្រើដំបងឆក់និងកាំភ្លើងគំរាមពលរដ្ឋរឿងសង់ប៉ុស្តិ៍
- សហគមន៍កំពង់ក្រសាំងខេត្តព្រះវិហារបារម្ភខ្លាចបាត់បង់ដីព្រៃសហគមន៍
- ជនជាតិដើមភាគតិចមានសន្ទុះកាន់តែខ្លាំងក្នុងការតស៊ូមតិនៅឆ្នាំ២០១៥
- មន្ត្រីសង្គមស៊ីវិលជំរុញឲ្យអាជ្ញាធរខេត្តក្រចេះបែងចែកដីធ្លីជូនពលរដ្ឋឲ្យមានតម្លាភាព
- អាជ្ញាធរចុះរុះរើផ្ទះពលរដ្ឋ២ខ្នងដែលប៉ះពាល់គម្រោងពង្រីកផ្លូវនៅខណ្ឌព្រែកព្នៅ
- តំណាងរាស្ត្រគ្រោងស្នើក្រសួងមហាផ្ទៃបញ្ឈប់គម្រោងសាងសង់ប៉ុស្តិ៍ប៉ូលិសនៅខេត្តព្រៃវែង
- ពលរដ្ឋ៣៧គ្រួសារនៅខេត្តសៀមរាបទាមទារពន្លឿនការដោះស្រាយជម្លោះដីធ្លី
- ពលរដ្ឋខេត្តកំពង់ធំចោទអាជ្ញាធរឃុំនិងស្រុកថាឃុបឃិតគ្នារំលោភយកដីសមូហភាព
- នាយករដ្ឋមន្ត្រីចាត់ឲ្យរដ្ឋមន្ត្រីក្រសួងដែនដីឆ្លើយបំភ្លឺនៅសភាតាមសំណើបក្សប្រឆាំង
រឿងនេះ យើងគិតថា រាជរដ្ឋាភិបាល ក្រសួងទេសចរណ៍ និងអាជ្ញាធរដែនដី គួរតែគិតឡើងវិញ។
បណ្តាទីតាំងដូចនេះ គេអាចអភិរក្សការពារអភិវឌ្ឍន៍រៀបចំដើម្បីធ្វើឲ្យក្លាយជាសារមន្ទីរប្រវត្តិសាស្ត្រដើម្បីទាក់ទាញទេសចរណ៍បាន យ៉ាងមានតម្លៃ។
ទង្វើរដូចលោកឡូយសុផាត ដូចនេះ មានន័យស្មើនឹងការប្រមាថចេស្តាព្រះមហាក្សត្រ និងកជាការឆក់ប្លន់ទ្រព្យសម្បត្តិជាតិដែរ។
គួរចាត់ទុកថា អ្វីៗទាំងអស់ជាកម្មសិទ្ធិរបស់ឥស្សរជនចាស់ ៗ ពីជំនាន់មុន គឺសុទ្ធតែមានតម្លៃជាប្រវត្តិសាស្ត្រ ដែលរដ្ឋត្រូវដាក់បញ្ចូលទៅក្នុងទ្រព្យសម្បត្តិជាតិ។ ដូចជាប៉ុន្មានខែមុន ដែលលោកនាយករដ្ឋមន្ត្រី បានបញ្ជាឲ្យរឹបអូសផ្ទះ ដាបឈួន ចូលជាសម្បត្តិរដ្ឋអញ្ចឹង។
យើងមិនគួរលោភលន់យ៉ាងនេះទេ៕
នេះហើយជាក្រុមរបស់បង