ពលករ​ខ្មែរ​១៧​នាក់​ចាញ់​បោក​មេ​ខ្យល់​ដើរ​ពី​ខេត្ត​ឈុនបុរី​ប្រទេស​ថៃ​ត្រឡប់​មក​កម្ពុជា

ដោយ ហ៊ុំ ចំរើន
2015-09-02
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ពលករ​ធ្វើ​ការ​នៅ​ថៃ ៦២០
ពលករ​ខ្មែរ ១៧​នាក់​ដែល​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ដើរ​ពី​ខេត្ត​ឈុនបុរី ប្រទេស​ថៃ ត្រឡប់​មក​កម្ពុជា វិញ​តាម​ច្រក​របៀង​ខេត្ត​បន្ទាយមានជ័យ កាល​ពី​ថ្ងៃ​ទី​១ ខែ​កញ្ញា ឆ្នាំ​២០១៥។ Photo ADHOC


ពលករ​ខ្មែរ ១៧​នាក់​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ ហើយ​ចាញ់​បោក​មេ​ខ្យល់​ដែល​នាំ​ទៅ​នោះ បាន​នាំ​គ្នា​ដើរ​ពី​ខេត្ត​ឈុនបុរី ត្រឡប់​មក​កម្ពុជា វិញ​ចម្ងាយ​ដី​រាប់​រយ​គីឡូ​ម៉ែត្រ តាម​ច្រក​របៀង​ខេត្ត​បន្ទាយមានជ័យ ប៉ុន្តែ​មេ​បញ្ជាការ​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​បញ្ជាក់​ថា ពលករ​ទាំង​នោះ​ទៅ​ធ្វើ​ការ​ជា​កម្មករ​កាប់​អំពៅ​នៅ​ខេត្ត​ស្រះកែវ ក្បែរ​ព្រំដែន​ខ្មែរ-ថៃ ត្រឡប់​មក​ស្រុក​កំណើត​ជា​រឿង​ធម្មតា​ទេ។

មេ​បញ្ជាការ​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​លេខ​៩១១ ប្រចាំ​ជាយដែន​ខ្មែរ-ថៃ ខេត្ត​បន្ទាយមានជ័យ មាន​ប្រសាសន៍​នៅ​ថ្ងៃ​ទី​២ កញ្ញា ថា ពលករ​ខ្មែរ​ចំនួន ១៧​នាក់​នោះ កាល​ពី​ថ្ងៃ​ទី​១ កញ្ញា បាន​នាំ​គ្នា​ដើរ​ពី​ខេត្ត​ស្រះកែវ ប្រទេស​ថៃ តែ​ពុំ​ដឹង​នៅ​ក្នុង​ស្រុក​ណា​ពិត​ប្រាកដ​នោះ​ទេ ចូល​តាម​ច្រក​របៀង​បឹង​សាគូ សង្កាត់​ប៉ោយប៉ែត ក្រុង​ប៉ោយប៉ែត ខេត្ត​បន្ទាយមានជ័យ។

លោក សូរ ចាន់ណារី មេ​បញ្ជាការ​ប៉ូលិស​វរៈ​ការពារ​ព្រំដែន​លេខ​៩១១ បញ្ជាក់​ថា ពលករ​ទាំង ១៧​នាក់​នោះ​ទៅ​ធ្វើ​ការ​ជា​កម្មករ​កាប់​អំពៅ​នៅ​ខេត្ត​ស្រះកែវ ប្រទេស​ថៃ ទៅ​តាម​រយៈ​គ្នីគ្នា​ដោយ​ខ្លួន​ឯង​អស់​ជាច្រើន​ថ្ងៃ​មក​ហើយ គឺ​ពុំ​មាន​មេ​ខ្យល់​នាំ​ពួក​គាត់​ទៅ​នោះ​ទេ។ លោក​បន្ត​ថា ពលករ​ទាំង ១៧​នាក់​នោះ​ជា​បុរស​ទាំងអស់ ដែល​មាន​ស្រុក​កំណើត​នៅ​ខេត្ត​កំពត ចំនួន ១៤​នាក់ ខេត្ត​កំពង់ស្ពឺ ២​នាក់ និង​ខេត្ត​បាត់ដំបង ម្នាក់ ហើយ​នាំ​គ្នា​វិល​ត្រឡប់​មក​លេង​ស្រុក​កំណើត​វិញ។ យ៉ាង​ណា​ក៏ដោយ លោក​ពុំ​បាន​បញ្ជាក់​អំពី​មូលហេតុ​ដែល​ពួក​គាត់​វិល​ត្រឡប់​មក​ស្រុក​កំណើត​វិញ ដោយ​ថ្មើរ​ជើង​នោះ​ទេ៖ «ខ្ញុំ​អត់​បាន​ដឹង​ទេ ដោយសារ​ការ​សាកសួរ​ពលករ​មុន​ពេល​បាយ​ផង។ ខ្ញុំ​មិន​ដឹង​ថា​គាត់​មក​វិញ​ដោយសារ​បញ្ហា​អី​ទេ ព្រោះ​នៅ​ច្រក​របៀង​នេះ ជាទូទៅ​ពួក​គាត់​តែង​តែ​ធ្វើ​ការ​ចេញ​ចូល​ទៅ​មកៗ​ស្ទើរ​រាល់​ថ្ងៃ​ទៅ​ហើយ»

ទោះ​យ៉ាង​នេះ​ក្ដី មន្ត្រី​សម្រប​សម្រួល​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​អាដហុក (ADHOC) ខេត្ត​បន្ទាយមានជ័យ លោក ស៊ុំ ច័ន្ទគា មាន​ប្រសាសន៍​ថា ពលករ​ខ្មែរ​ទាំង ១៧​នាក់​នោះ​ចាញ់​បោក​មេ​ខ្យល់​ទៅ​ធ្វើ​ការ​ជា​កម្មករ​កាប់​ដើម​ឈើ​នៅ​ខេត្ត​ឈុនបុរី ប្រទេស​ថៃ បាន​ដើរ​ដោយ​ថ្មើរ​ជើង​ពី​កន្លែង​ធ្វើ​ការ ត្រឡប់​មក​កម្ពុជា វិញ។ លោក​បញ្ជាក់​ថា មូលហេតុ​ដែល​ពលករ​សម្រេច​ចិត្ត​នាំ​គ្នា​ដើរ​មក​ស្រុក​កំណើត​នេះ ដោយសារ​ពួក​គាត់​ទៅ​ធ្វើ​ការ​នៅ​ទីនោះ​រយៈពេល​ប្រមាណ ១​ខែ​មក​ហើយ តែ​ថៅកែ​ថៃ ពុំ​បាន​បើក​ប្រាក់​ឈ្នួល​ឲ្យ​នោះ​ទេ ទើប​ពួក​គាត់​សម្រេច​ចិត្ត​ដើរ​វិល​ត្រឡប់​មក​វិញ​ដោយ​ពុំ​មាន​ប្រាក់​ជាប់​នឹង​ខ្លួន៖ «ហើយ​គាត់​ដើរ​មក​វិញ​នេះ មិន​មែន​តិច​គីឡូម៉ែត្រ គឺ​គាត់​ដើរ​ឆ្ងាយ​រាប់​រយ​គីឡូ​ម៉ែត្រ​ឯណោះ ដោយសារ​ពួក​គាត់​គ្មាន​លុយ​ជិះ​ឡាន​ត្រឡប់​មក​វិញ។ ករណី​នេះ ពួក​គាត់​ត្រូវ​បាន​សមត្ថកិច្ច​ឲ្យ​ចុះ​ឈ្មោះ​ធ្វើ​កិច្ចសន្យា​ឈប់​ធ្វើ​ដំណើរ​ទៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់​ទៀត»

លោក ស៊ុំ ច័ន្ទគា បន្ត​ថា ពលករ​ទាំង​នោះ​ទៅ​ធ្វើ​ការងារ​នៅ​ប្រទេស​ថៃ ដោយ​ខុស​ច្បាប់ ដោយសារ​ពួក​គាត់​មាន​ជីវភាព​ក្រីក្រ និង​គ្មាន​ការងារ​ធ្វើ​នៅ​ក្នុង​ស្រុក ទើប​សម្រេច​ចិត្ត​ទៅ​ធ្វើ​ការ​នៅ​ក្រៅ​ប្រទេស។

ទោះ​យ៉ាង​នេះ​ក្ដី សមត្ថកិច្ច​ប៉ូលិស​ការពារ​ព្រំដែន​បញ្ជាក់​ថា ពលករ​ទាំង​នោះ​វិញ​បាន​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ​រៀងៗ​ខ្លួន នៅ​បន្ទាប់​ពី​សួរ​នាំ និង​បំពេញ​បែបបទ​នៅ​ច្រក​ចេញ​ចូល​នោះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles