ដោយ ឡេង ម៉ាលី
2015-09-02
RFA

ដើមបណ្ដឹងរដ្ឋប្បវេណីឈ្មោះ មាន លឿយ ដែលអតីតជាពលករកងចល័តនៅការដ្ឋានលើកទំនប់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ ថ្លែងពីទុក្ខសោកជូនអង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥។ Photo courtesy of ECCC
អង្គជំនុំជម្រះសាលាដំបូងនៃសាលាក្ដីខ្មែរក្រហម នៅថ្ងៃពុធ ទី២ កញ្ញា បន្តធ្វើសវនាការស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងរដ្ឋប្បវេណីពីររូប ទាក់ទងនឹងការបង្ខំឲ្យធ្វើការងារ។ ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបឈ្មោះ មាន លឿយ ដែលអតីតជាពលករកងចល័តនៅការដ្ឋានលើកទំនប់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ សុំឲ្យចៅក្រមដាក់គុកជនជាប់ចោទ នួន ជា និង ខៀវ សំផន អស់មួយជីវិត។
ការស្នើសុំឲ្យចៅក្រមដាក់គុកជនជាប់ចោទទាំងពីរនាក់អស់មួយជីវិត គឺដើមបណ្ដឹងរដ្ឋប្បវេណី មាន លឿយ ធ្វើឡើងបន្ទាប់ពីការថ្លែងទុក្ខសោកវេទនារបស់លោក ដែលបាត់បង់គ្រួសារ ១២នាក់៖ «សំណូមពររបស់ខ្ញុំបាទ គឺសុំឲ្យលោកប្រធានតុលាការដាក់ទោសឧក្រិដ្ឋជនជនជាប់ចោទ ដាក់គុកងងឹតអស់មួយជីវិត ហើយនិងសុំទាមទារសំណងតាមការទាមទាររបស់យើងខ្ញុំ»។
លោក មាន លឿយ ជម្រាបអង្គជំនុំជម្រះថា លោកត្រូវអង្គការខ្មែរក្រហមបង្ខំឲ្យរៀបការជាក្រុម។ នៅចុងឆ្នាំ១៩៧៨ ប្រពន្ធ និងគ្រួសារសាច់ញាតិប្រពន្ធលោកជាងដប់នាក់ ត្រូវពួកខ្មែរក្រហមយកទៅសម្លាប់ ដោយចោទឪពុកក្មេកលោកថាជាអតីតអ្នករដ្ឋការរបបចាស់៖ «បាទ! គេចាប់យកទៅទិសខាងជើង គេហៅភូមិថ្លាត ពេលនោះគេយកទៅសម្លាប់ចោល។ សូម្បីតែក្មេងអាយុ ២ឆ្នាំ ក៏មិនគិតថាអត់ទោស ឬទុកឲ្យរស់បានដែរ។ ដូច្នេះបងប្អូនគ្រួសារខ្ញុំទាំងអស់ ១២នាក់ ដែលស្លាប់ ម្នាក់រត់រួច។ នៅក្នុងនោះមានគ្រួសារខ្ញុំហ្នឹងមួយ ហើយគ្រួសារខ្ញុំហ្នឹងមិនដឹងថាមានផ្ទៃពោះ ឬក៏អត់ទេ។ យើងបានគ្នាជាប្ដីប្រពន្ធប្រហាក់ប្រហែលជាបីខែដែរ បានរួមរស់ជុំគ្នា។ ហើយប្អូនស្រីបង្កើតរបស់គ្រួសារខ្ញុំហ្នឹងម្នាក់ ម្ដាយមីងស្រីពីរនាក់ ហើយបងស្រី និងកូនមួយ ប្អូនប្រុសពីរនាក់ ហើយប្អូនជីដូនមួយបួននាក់ទៀត។ ក្នុងនោះមានកុមារអាយុ ២ឆ្នាំហ្នឹងម្នាក់ អាយុ ៥ឆ្នាំម្នាក់។ គេសុទ្ធតែអារក»។
លោកអះអាងថា កម្មាភិបាលមូលដ្ឋានឈ្មោះ រ៉េត និង អឿន ជាអ្នកទទួលខុសត្រូវក្នុងការបញ្ជាឲ្យចាប់សមាជិកគ្រួសាររបស់លោកយកទៅសម្លាប់។ លោកថា អ្នកទាំងពីរ គឺម្នាក់ជាគណៈស្រុក និងម្នាក់ទៀតជាគណៈយោធានៅតំបន់នោះ។
មេធាវីការពារក្ដីរបស់ជនជាប់ចោទ ខៀវ សំផន គឺលោក គង់ សំអុន មិនទទួលយកការស្នើសុំរបស់ដើមបណ្ដឹងរដ្ឋប្បវេណី មាន លឿយ នោះទេ៖ «ទាក់ទងសំណូមពររបស់ដើមបណ្ដឹងរដ្ឋប្បវេណីអម្បាញ់មិញនេះ ដែលគាត់ស្នើសុំថា ឲ្យដាក់គុកងងឹតអស់មួយជីវិត។ ខ្ញុំយល់ថា ការស្នើសុំនេះវាមិនស្របតាមផ្លូវច្បាប់ទេ»។
សវនាការនៅថ្ងៃទី២ កញ្ញា អង្គជំនុំជម្រះស្ដាប់ដើមបណ្ដឹងរដ្ឋប្បវេណីបានពីររូប ទាក់ទងនឹងការធ្វើការងារនៅទំនប់អាងត្រពាំងថ្ម។ ដើមបណ្ដឹងរដ្ឋប្បវេណីមួយរូបទៀត គឺលោក សម ស័ក្ដិ ក៏ជម្រាបអង្គជំនុំជម្រះអំពីស្ថានភាពលំបាកនៅការដ្ឋាននោះ។ លោកថា មានមនុស្សជាប្រជាជនថ្មី ១៧ មេសាជាច្រើននៅទីនោះ ស្លាប់ដោយភាពឃ្លាន និងជំងឺ។
លោកឲ្យដឹងថា កងកម្លាំងធ្វើការងារនៅទំនប់អាងត្រពាំងថ្ម គឺជាមនុស្សពេញវ័យ ចាប់ពី ១៦ ទៅ ៤០ឆ្នាំប្លាយ។ មានមនុស្សដែលបង្ខំឲ្យធ្វើការនោះច្រើន លោកមិនអាចប៉ាន់ស្មានបានទេ។ ពលករនៅអាងត្រពាំងថ្ម ត្រូវគេកំណត់ឲ្យលើកដីពី ២ ទៅ ៣ម៉ែត្រគូបក្នុងមួយថ្ងៃ។
បន្ទាប់ពីស្ដាប់ការថ្លែងទុក្ខសោករបស់ជនរងគ្រោះជាដើមបណ្ដឹងរដ្ឋប្បវេណីចំនួន ៤រូបនេះ ប្រធានអង្គជំនុំជម្រះសាលាដំបូង លោកចៅក្រម និល ណុន ប្រកាសថា អង្គជំនុំជម្រះនឹងបន្តសវនាការពិនិត្យលើការដាក់ឯកសារគន្លឹះ ទាក់ទងនឹងការដ្ឋានការងារបី ចាប់ពីថ្ងៃទី៣ ដល់ថ្ងៃទី៧ កញ្ញា។ ការដ្ឋានទាំង៣ គឺទី១ ការដ្ឋានទំនប់ ១មករា ខេត្តកំពង់ធំ។ ទី២ វាលយន្តហោះខេត្តកំពង់ឆ្នាំង និងទី៣ ទំនប់អាងត្រពាំងថ្ម ខេត្តបន្ទាយមានជ័យ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សាលាក្ដីខ្មែរក្រហមស្ដាប់ការថ្លែងទុក្ខសោករបស់ដើមបណ្ដឹងទាក់ទងនឹងការបង្ខំឱ្យធ្វើការងារ
- សាលាក្ដីខ្មែរក្រហមបញ្ចប់នីតិវិធីប្រឆាំងជនជាប់ចោទ អៀង ធីរិទ្ធ
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការម្ដងទៀតដោយសារបញ្ហាពហិការមិនទាន់ដោះស្រាយ
- សាលាក្ដីខ្មែរក្រហមផ្អាកសវនាការដោយសារមេធាវីការពារក្ដីជនជាប់ចោទធ្វើពហិការ
- សាក្សីទី១០ថ្លែងពីការឈឺចាប់និងបាត់បង់គ្រប់យ៉ាងនៅការដ្ឋានទំនប់អាងត្រពាំងថ្ម
- សាក្សីទី៩អតីតមេកងចល័តថាអ្នកធ្វើការនៅការដ្ឋានអាងត្រពាំងថ្មធ្លាក់ខ្លួនឈឺរាល់ថ្ងៃ
- មន្ត្រីនាំពាក្យថាមរណភាពរបស់ជនជាប់ចោទ អៀង ធីរិទ្ធ នឹងមិនប៉ះពាល់ដល់ការជំនុំជម្រះទេ
- ប្រវត្តិសង្ខេបរបស់ជនជាប់ចោទ អៀង ធីរិទ្ធ
- ជនជាប់ចោទ អៀង ធីរិទ្ធ ទទួលមរណភាព