ដោយ៖ នួន បូរិន | ថ្ងៃព្រហស្បតិ៍ ទី3 កញ្ញា 2015
http://vodhotnews.com
លោក សម រង្ស៊ី ប្រកាសថា ប្រជាពលរដ្ឋខ្មែរនៅប្រទេសអូស្ត្រាលី បានផ្ដល់វិភាគទានសម្រាប់ទ្រទ្រង់ដំណើរការបង្កើតទូរទស្សន៍ព្រះអាទិត្យ ចំនួន១០ម៉ឺនដុលា្លរអាមេរិក ខណៈមេដឹកនាំគណបក្សប្រឆាំងនេះប្រកាសថា បើគណបក្សសង្គ្រោះជាតិមានទូរទស្សន៍នោះ គឺជាប្រវត្តិសាស្ត្រហើយ ពលរដ្ឋកម្ពុជានឹងបានឃើញពីទិដ្ឋភាពពិតៗនៃបញ្ហាសង្គម ដែលមានអំពើអយុត្តិធម៌។
នេះបើតាមការប្រកាសនៅលើទំព័រ Facebook របស់លោក សម រង្ស៊ី នៅថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥នេះ។
លោក សម រង្ស៊ី ប្រធានកណបក្សសង្គ្រោះជាតិ ឱ្យដឹងថាថវិកាទាំងនេះបានមកពីការរៃអង្គាសប្រជាពលរដ្ឋខ្មែរចំនួន៤រដ្ឋ នៅប្រទេសអូស្ត្រាលី ដែលថ្នាក់ដឹកនាំគណបក្សសង្គ្រោះជាតិទាំងពីរ បំពេញទស្សនកិច្ចរយៈពេល២សប្តាហ៍កន្លងមកនេះ។
តែសូមជម្រាបថា ទាំងលោកលោក សម រង្ស៊ី ប្រធាន និងលោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានបញ្ចប់ទស្សនកិច្ចនៅក្នុងប្រទេសអូស្ត្រាលីហើយ និងបានកំពុងបន្តដំណើរទៅកាន់ប្រទេសនូវែលសេឡង់(New Zealand)ថែមទៀត។
អ្នកទាំងពីរបានចាកចេញពីប្រទេសកម្ពុជា កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០១៥ ហើយនៅថ្ងៃទី៩ ខែកញ្ញាលោក សម រង្ស៊ី នឹងវិលមកកម្ពុជាវិញ។
តែសូមរំឭកទៀតថា លោក សម រង្ស៊ី និងលោក កឹម សុខា តែងតែអះអាងថា ទូរទស្សន៍ព្រះអាទិត្យដែលជាទូរទស្សន៍គណបក្សប្រឆាំងធំជាងគេនៅកម្ពុជានេះ គឺជាក្ដីបំណងតែមួយគត់ សម្រាប់ពលរដ្ឋកម្ពុជាបានយល់បានឃើញអំពីទិដ្ឋភាពទាំងឡាយ ដែលកើតអំពើអយុត្តិធម៌ក្នុងសង្គម៕
