ដោយ ជិន ជេដ្ឋា
2015-09-03
RFA

កុមារាពីរនាក់គ្រងស្បង់ចីពរក្រោយពីបួសមុខភ្លើងសពម្ដាយ អង្គុយស្ដាប់មេភូមិសម្របសម្រួល នាភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៥។ RFA/Chin Chetha
មន្ត្រីការពារសិទ្ធិមនុស្ស និងពលរដ្ឋនៅខេត្តកំពង់ឆ្នាំង ថ្កោលទោសចំពោះជីដូនរបស់កុមារាពីរនាក់ ដែលរារាំងមិនឲ្យចៅបួសរៀនធម៌តាមបែបព្រះពុទ្ធសាសនា ក្រោយពេលម្ដាយស្លាប់។ ម្ដាយមីងរបស់កុមារទាំងពីរនាក់ ចោទជីដូននោះថាបានគំរាមកំហែង និងបង្ខំយកចៅទៅនៅជាមួយ ក្នុងចេតនាចង់បានទ្រព្យសម្បត្តិរបស់ចៅ ផ្ទុយពីបណ្ដាំរបស់ម្ដាយមុនពេលស្លាប់។
កញ្ញា វន សៅរិន ដែលបានចិញ្ចឹមបីបាច់កុមារា ធុច វារិន អាយុ ១៤ឆ្នាំ និងកុមារា ធុច វារ៉ុង អាយុ ១៣ឆ្នាំ ជាមួយម្ដាយរបស់ពួកគេជិត ៤ឆ្នាំកាលនៅរស់ កំពុងស្វែងរកអន្តរាគមន៍ពីអាជ្ញាធរមូលដ្ឋាន និងមន្ត្រីសិទ្ធិមនុស្ស ឲ្យជួយក្មួយបានបួសជាសង្ឃដូចបំណង និងមិនអនុញ្ញាតឲ្យជីដូនគ្រប់គ្រងទ្រព្យសម្បតិ្ត។
ម្ដាយមីងរបស់កុមារាទាំងពីរនាក់ គឺកញ្ញា វន សៅរិន ថ្លែងនៅថ្ងៃទី១ ខែសីហា ថា រូបនាងបានចេញពីផ្ទះនៅភូមិត្រពាំងធំ នៃឃុំពង្រ មករស់នៅភូមិថ្មី នៃឃុំពង្រ ជាមួយបងស្រីជីដូនមួយឈ្មោះ ស៊ន សារ៉ាត់ ដែលមានផ្ទុកមេរោគអេដស៍ ហើយលក់នំបញ្ចុកចិញ្ចឹមកូនប្រុសពីរនាក់។ កញ្ញាថា ក្រោយពីបងស្រីស្លាប់មិនទាន់ធ្វើបុណ្យចប់ស្រួលបួលផង ស្រាប់តែជីដូនមកដណ្ដើមចៅ និងយកប្លង់ដីទៅគ្រប់គ្រង៖ «ខ្ញុំមកដល់វត្តធម្មវ័ន្ដ សំពះសូមអង្វរលោកគ្រូធំ (ព្រះចៅអធិការ) លោកថាលោកព្រមទទួលហើយ តែលោកចៅអធិការវត្តក៏ពិបាកចិត្ដដែរ ពេលឃើញប្រទាញប្រទង់ក្មួយអ៊ីចឹង»។
ឆ្លើយតបនឹងការចោទប្រកាន់នេះ ជីដូនកុមារាទាំងពីរនាក់ គឺអ្នកស្រី ប៊ុត សារឿន មានប្រសាសន៍ថា រូបគាត់មិនចង់បានទ្រព្យសម្បត្តិរបស់ចៅទៅលក់ដូរអ្វីនោះទេ គឺគ្រាន់តែចង់បានចៅទៅរៀនសូត្រនៅភ្នំពេញក្រោយអត់ពីម្ដាយ។ អ្នកស្រីថា នឹងប្ដឹងទៅអាជ្ញាធរឃុំ ឬថ្នាក់លើទៀត ដើម្បីបានចៅ និងប្លង់ដីធ្លីមកគ្រប់គ្រងទុកឲ្យចៅពេលធំឡើង៖ «ខ្ញុំអត់យកទៅលក់ គឺយកទុកឲ្យចៅតែម្ដង។ ខ្ញុំអត់មានយកទុកលក់ចាយសម្រាប់ខ្ញុំអត់ទេប្អូន។ ហើយខ្ញុំអត់ឲ្យអ្នកខាងនេះ (ក្មួយជីដូនមួយ) យកទៅលក់ ឬដាក់ប្លង់យកលុយអី ខ្ញុំអត់ទទួលស្គាល់ អត់ទទួលដឹងឮ»។
មេភូមិថ្មី ឃុំពង្រ ស្រុករលាប្អៀរ លោក ជុំ គង្គារ ដែលទទួលភារៈសម្របសម្រួលរឿងរ៉ាវនេះ ថ្លែងថា អ្នកស្រី ស៊ន សារ៉ាត់ បានហៅរូបលោក និងសាក្សីក្នុងភូមិមួយចំនួនទៀតទៅផ្ដាំផ្ញើមុនពេលស្លាប់ គឺឲ្យកូនឈ្មោះ វារិន និង វារ៉ុង ទៅបួស ឬរស់នៅជាមួយប្អូនជីដូនមួយឈ្មោះ វន សៅរិន ដែលធ្លាប់ចិញ្ចឹមបីបាច់ដោយមិនឲ្យទៅនៅជាមួយជីដូនឡើយ ហើយបុណ្យសពគាត់ក៏មិនឲ្យញាតិក្នុងភូមិខ្វល់ដែរ៖ «ទ្រព្យសម្បត្តិទាំងអស់ដែលគាត់មាន គឺប្រគល់ទៅឲ្យឈ្មោះ វន សៅរិន ជាអ្នកចាត់ចែងដើម្បីចិញ្ចឹមក្មួយដែលជាកូនរបស់សពហ្នឹងបន្តទៅទៀត។ នេះគឺជាបណ្ដាំដែលខ្ញុំបានទៅទទួលផ្ទាល់មាត់ពីគាត់»។
ទាក់ទងបញ្ហានេះ មន្ត្រីសម្របសម្រួលនៃសមាគមអាដហុក (ADHOC) ខេត្តកំពង់ឆ្នាំង លោក សំ ច័ន្ទគា ថ្លែងថា បើជីដូនរូបនោះពិតជាបានគំរាម ឬសម្លុតទាមទារកាន់កាប់ប្លង់ដី និងមិនឲ្យចៅទៅបួសជាសង្ឃ តាមការចង់បានរបស់ក្មេងនោះពិតមែន គឺជារឿងរំលោភសិទ្ធិមនុស្ស និងខុសពីព្រះពុទ្ធសាសនា៖ «សមាគមអាដហុក នឹងពិនិត្យមើលសិន បើសិនជាជីដូននោះទៅរារាំង ឬអុកឡុកចៅអធិការ មិនឲ្យទទួលសាមណេរនោះ គឺយើងនឹងធ្វើអន្តរាគមន៍ទៅសមត្ថកិច្ច»។
ឪពុកម្ដាយរបស់កុមារាទាំងពីរនាក់បានស្លាប់ដោយសារមេរោគអេដស៍ ហើយក្រុមគ្រួសារនេះធ្លាប់មានជម្លោះរហូតដល់ផ្ដាច់មនោសញ្ចេតនារវាងម្ដាយឈ្មោះ ប៊ុត សារឿន និងកូនឈ្មោះ ស៊ន សារ៉ាត់ ដែលស្លាប់។ ខណៈកុមារាទាំងពីរនាក់ប្រកែកមិននៅជាមួយជីដូន ក្រុមសាច់ញាតិកុមារាបានស្ដីបន្ទោសជីដូន ដែលមើលឃើញតែទ្រព្យសម្បត្តិរបស់ចៅ ព្រោះនៅភ្នំពេញមិនដែលនឹងឃើញកូនចៅឡើយ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- សមត្ថកិច្ចខេត្តកោះកុងឃាត់ខ្លួនមន្ត្រីអង្គការ អ្នកកាសែត និងតំណាងសហគមន៍១៧នាក់
- ពលករខ្មែរក្នុងប្រទេសថៃចងក្រងគ្នាជាបណ្ដាញការពារសិទ្ធិការងារ
- មន្ត្រីសង្គមស៊ីវិលថាបញ្ហាជួញដូរមនុស្សនិងការធ្វើអាជីវកម្មផ្លូវភេទនៅតែជាក្ដីបារម្ភ
- ជនជាតិដើមភាគតិចមានសន្ទុះកាន់តែខ្លាំងក្នុងការតស៊ូមតិនៅឆ្នាំ២០១៥
- មន្ត្រីអាដហុកសង្ស័យប៉ូលិសក្រុងប៉ោយប៉ែតបាញ់សម្លាប់ជនសង្ស័យលួចម៉ូតូ
- សមត្ថកិច្ចមិនទាន់រកឃើញយុវជន ឃឹម សុផាត ដែលបាត់ខ្លួនក្នុងហេតុការណ៍នៅផ្លូវវ៉េងស្រេង
- សង្គមស៊ីវិលនិងបក្សប្រឆាំងស្វាគមន៍ជំហររដ្ឋាភិបាលដែលមិនទទួលជនភៀសខ្លួនបន្ថែម
- ស្ថានទូតខ្មែរនៅហ្វីលីពីនជួយសង្គ្រោះនាវិកខ្មែរ៤នាក់ពីការរំលោភសិទ្ធិការងារ
- ការទទួលបានយុត្តិធម៌សម្រាប់ស្ត្រី