
បណ្តុំស្នាដៃរូបថតបញ្ឈររបស់សិស្សនិស្សិត Studio Images តាំងនៅវិទ្យាស្ថានបារាំងកម្ពុជា។ ផា លីណា
Thu, 3 September 2015
ប៉ាន់ រិទ្ធា
ភ្នំពេញប៉ុស្តិ៍
ភ្នំពេញៈ ល្ងាចថ្ងៃព្រហស្បតិ៍នេះ នឹងមានការបើកសម្ពោធនូវពិព័រណ៍ស្នាដៃថតរូបបញ្ឈរដែលមានចំនួន ៥៥ សន្លឹក ក្រោមចំណងជើងថា «អាថ៌កំបាំងនៃសិល្បៈរូបថតបែបបញ្ឈរ» របស់សិស្សនិស្សិត Studio Images ដែលដាក់តាំងនៅវិទ្យាស្ថានបារាំងកម្ពុជា (IFC) ចាប់ពីថ្ងៃទី ៣ ខែកញ្ញា រហូតដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៥ ដោយមានការគាំទ្រពីក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិកម្ពុជា។
បណ្តុំរូបថតទាំងនេះត្រូវបាន សិស្ស Studio Images របស់វិទ្យាស្ថានបារាំងកម្ពុជា បានចុះទៅថតរូបបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដោយមានសណ្ឋានជារូបបញ្ឈរ ស្ថិតនៅឯតំបន់អាកាសយានដ្ឋានអន្តរជាតិកម្ពុជាសៀមរាប និងនៅរាជធានីភ្នំពេញ ក្រោមការណែនាំ បង្ហាត់បង្ហាញដោយអ្នកជំនាញថតរូបបារាំងពីររូបគឺលោក Alban Lecuyer និងលោក William Ropp។
កញ្ញា សុផាន់ លក្ខិណា ជាបុគ្គលិកផ្នែកទំនាក់ទំនងរបស់វិទ្យាស្ថានបារាំងកម្ពុជា ប្រាប់ពីបំណងនៃការបើកសម្ពោធនូវពិព័រណ៍រូបថតនេះថា៖ «យើងមានបំណងចង់អញ្ជើញក្រុមអ្នកឯកទេសថតរូបជាតិបារាំង មកកម្ពុជា ហើយជួយបណ្តុះបណ្តាល សិស្ស និស្សិតខ្មែរនៅ Studio Images ក្នុងជំនាញការថតរូបឲ្យបានច្រើនដងក្នុងមួយឆ្នាំៗ ជាពិសេសនោះទៅលើទស្សនវិស័យនៃការថតរូបបញ្ឈរដែលប្រកបទៅដោយសិល្បៈផ្ទាល់ខ្លួនឯងតែម្តង»។
កាលពីខែមីនា ឆ្នាំ ២០១៥ នេះ លោក Alban Lecuyer ក៏ធ្លាប់បានចែករំលែកជាមួយសិស្ស និស្សិត ជាង ១០ នាក់លើទស្សនវិស័យនៃការថតរូបស្ថាបត្យកម្មតាមរយៈការធ្វើសិក្ខាសាលាចុះផ្ទាល់មួយមានរយៈពេលពីរសប្តាហ៍។ ការងាររបស់ពួកគេក៏ត្រូវបានរៀបចំជាការតាំងពិព័រណ៍មួយ ដែលបានដាក់ចំណងជើងថាការថតរូប «លំហ និងស្ថាបត្យកម្ម»។
រីឯលើកទីពីរនេះ [ទី ៣ កញ្ញា] គឺយើងមានការចូលរួមពីលោក William Ropp ដែលបានចុះផ្ទាល់ជាមួយសិស្សកម្រិតខ្ពស់របស់ Studio Images ដើម្បីបង្រៀនពួកគេឲ្យបានស្គាល់នូវបច្ចេកទេស និងអាថ៌កំបាំងនៃរូបថតបែបបញ្ឈរ។
តាមរយៈការស្នាក់នៅចាប់ពីថ្ងៃទី ១២ ខែសីហាដល់ថ្ងៃទី ២ ខែកញ្ញាឆ្នាំ ២០១៥ នេះ លោកបានដឹកនាំសិស្ស និស្សិត ទៅថតយករូបភាពបុគ្គលិកនៃក្រុមហ៊ុនអាកាសចរណ៍កម្ពុជា ដែលស្ថិតនៅឯតំបន់អាកាសយានដ្ឋានអន្តរជាតិកម្ពុជាសៀមរាប និងនៅរាជធានីភ្នំពេញ។
លោក William Ropp មានកំណើត និងបានរស់នៅក្នុងខេត្ត Nancy ប្រទេសបារាំង។ ដោយកើតចេញមកពីមជ្ឈដ្ឋានល្ខោន លោកក៏បានចាប់ផ្តើមប្រែក្លាយអាជីពខ្លួនជាអ្នកថតរូបក្នុងឆ្នាំ ១៩៨៨។ នាពេលចាប់ផ្តើមការងារលើស៊េរីរូបថតពណ៌ស និងខ្មៅ ដែលស្តីអំពីរង្វង់មុខមនុស្ស ដែលបានចាំងចេញពីផ្ទាំងកញ្ចក់មកបែរជាខុសទម្រង់ដើម។
ស្នាដៃនេះបានទទួលភាពជោគជ័យដ៏ធំធេង ហើយឆ្នាំ ១៩៩៣ លោកក៏ចាប់អារម្មណ៍ទៅលើឥរិយាបថបែបសេរីជ្រមុជនៅក្នុងភាពងងឹតនៃស្ទូឌីយោ និងសិល្បៈនៃការ«ផាត់ពណ៌»ជុំវិញដោយឆ្នូតពន្លឺមួយ និងការជ្រៀតចូលពន្លឺធ្វើឲ្យរូបថតមានសភាពខុសប្លែកពីទម្រង់ពិត។
កញ្ញា សុផាន់ លក្ខិណា ក៏បញ្ជាក់ដែរថា៖ «បទពិសោធនេះគឺជាឱកាសមួយសម្រាប់ជាការបង្ហាញស្នាដៃលើកដំបូងរបស់សិស្ស Studio Images បានបង្ហាញស្នាដៃការងាររបស់ពួកគេជាសាធារណៈ និងបានជំរុញឲ្យពួកគេមានឆន្ទៈដើម្បីក្លាយជាអ្នកជំនាញផ្នែកវិជ្ជាជីវៈក្នុងវិស័យនៃរូបភាព និងសិល្បៈនៃការថតរូប បើទោះបីជាពួកគេស្ថិតនៅក្នុងវ័យក្មេងខ្ចីក៏ដោយ»។
ដូច្នេះចាប់ពីថ្ងៃទី ៣ ខែកញ្ញាបន្តទៅដល់ថ្ងៃទី ៣០ ខែកញ្ញាឆ្នាំ ២០១៥ នេះ សាធារណជន នឹងអាចចូលទស្សនា មុខមាត់ក្រុមបុរស និងស្ត្រី ដែលកំពុងធ្វើការនៅឯព្រលានយន្តហោះកម្ពុជា តាមរយៈក្រសែភ្នែកលោក William Ropp និងសិស្សគាត់ ដែលយើងស្ទើរតែមិនដឹងថាពួកគាត់មានវត្តមាននៅទីនោះ។ ការយល់ឃើញតែមួយគត់ ដែលអាចឆ្លុះបញ្ចាំងបាននោះ គឺមានតែរូបថតប៉ុណ្ណោះ បន្ទាប់ពីបានផ្តិតចេញមក ហើយដាក់តាំងនៅក្នុងពិព័រណ៍នេះ៕