ដោយ៖ យ៉ា រសាត់ | ថ្ងៃចន្ទ ទី7 កញ្ញា 2015
http://vodhotnews.com
មន្រ្តីកម្ពុជាឲ្យដឹងថាជនភៀសខ្លួនជនជាតិមីយ៉ាន់ម៉ា(ភូមា)ដែលត្រូវបានបញ្ជូនពីអូស្ដ្រាលីមករស់នៅក្នុងប្រទេសកម្ពុជាបានមួយរយៈ នឹងអាចវិលទៅស្រុកកំណើតរបស់ខ្លួនវិញនៅពេលឆាប់ៗខាងមុខនេះ ក្រោយពីទទួលបានឯកសារឆ្លើយតបពីស្ថានទូតមីយ៉ាន់ម៉ាប្រចាំក្នុងប្រទេសកម្ពុជា។
កាលពីខែមិថុនា ឆ្នាំ២០១៥ ជនភៀសខ្លួនមកពីអូស្ត្រាលីដំបូងគេចំនួន៤នាក់បានស្ម័គ្រចិត្តមករស់នៅកម្ពុជា។ ជនភៀសខ្លួនទាំងនោះមាន៣នាក់ជាជនជាតិអ៊ឺរ៉ង់ និងម្នាក់ជាជនជាតិរូហ៊ីនយ៉ាមកពីប្រទេសមីយ៉ាន់ម៉ា។ រដ្ឋាភិបាលអះអាងថាសព្វថ្ងៃពួកគេកំពុងស្នាក់នៅផ្ទះវីឡា ក្នុងខណ្ឌច្បារអំពៅ ទីក្រុងភ្នំពេញ ក្រោមការឧបត្ថម្ភពីរដ្ឋាភិបាលអូស្ត្រាលី។
ប្រធាននាយកដ្ឋានជនភៀសខ្លួននៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ក្រសួងមហាផ្ទៃ លោក កែម សារិន មានប្រសាសន៍ថាប្រទេសកម្ពុជាមានតួនាទីដើរតួជាអ្នកទទួលជនភៀសខ្លួនពីប្រទេសអូស្ដ្រាលីដែលមានបំណងចង់មកនៅប្រទេសកម្ពុជាតែប៉ុណ្ណោះ ហើយការចង់វិលត្រឡប់ទៅនៅប្រទេសកំណើតរបស់ខ្លួនវិញ ជាសិទ្ធិរបស់ជនភៀសខ្លួនទាំងនោះ។ លោកបន្តថាករណីដូចជាជនភៀសខ្លួនអូស្ដា្រលីដើមកំណើតភូមាជាដើម គឺគេនឹងអាចវិលត្រឡប់ទៅស្រុកកំណើតរបស់គេវិញ ក្រោយពីជនរូបនោះដាក់លិខិតប្រហែលជាងពីរសប្ដាហ៍មុនទៅស្ថានទូតមីយ៉ាន់ម៉ាប្រចាំទីក្រុងភ្នំពេញ ដោយស្នើសុំវិលត្រឡប់ទៅស្រុកកំណើតរបស់វិញ។
លោកបញ្ជាក់បន្ថែមថានៅពេលនេះស្ថានទូតមីយ៉ាន់ម៉ាមិនទាន់ចេញលិខិតបើកផ្លូវតាមការស្នើសុំរបស់ជននោះនៅឡើយទេ។ លោកថាក្រោយពេលស្ថានទូតភូមាចេញលិខិតនោះរួចហើយក្រសួងការបរទេសកម្ពុជានឹងរៀបចំឯកសារផ្សេងៗជូនបុគ្គលនោះភ្លាម។
លោក កែម សារិន មានប្រសាសន៍ថា៖ “ការងារនេះយើងទទួលជនភៀសខ្លួនមក ក៏ប៉ុន្ដែការវិលត្រឡប់ទៅវិញគឺជាសិទ្ធិរបស់គាត់ ហើយការវិលត្រឡប់ទៅវិញកម្ពុជា យើងមិនអាចចេញឲ្យនូវលិខិតស្នាមទេ គឺសមីខ្លួនបានទំនាក់ទំនងជាមួយស្ថានទូតភូមាហើយ ហើយយើងនឹងរង់ចាំស្ថានទូតភូមាគាត់ហ្នឹងចេញលិខិតបើកផ្លូវឲ្យ នៅពេលស្ថានទូតភូមាគាត់នឹងចេញលិខិតបើកផ្លូវឲ្យហើយនោះកម្ពុជានឹងចេញទិដ្ឋាការជូន ហើយពេលនោះគាត់អាចវិលត្រឡប់ទៅកាន់ប្រទេសដើមរបស់ខ្លួនវិញបានហើយ”។
លោក កែម សារិន បានបញ្ជាក់ផងដែរថាការអនុញ្ញាតឲ្យជនភៀសខ្លួនរូបនេះវិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួនវិញ នឹងមិនបង្កឲ្យប៉ះពាល់ដល់កិច្ចព្រមព្រៀងទទួលជនភៀសខ្លួនស្ម័គ្រចិត្តរវាងកម្ពុជានិងអូស្ដា្រលីឡើយ។ លោកបន្ដថាកម្ពុជានឹងនៅតែបន្ដទទួលយកជនភៀសខ្លួនអូស្ដ្រាលីណាដែលព្រមស្ម័គ្រចិត្តមករស់នៅកម្ពុជា។
គួរបញ្ជាក់ថា ការទទួលយកជនភៀសខ្លួននេះធ្វើឡើងក្រោយពីកម្ពុជាបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងទទួលយកជនភៀសខ្លួនពីអូស្ត្រាលីមករស់នៅប្រទេសកម្ពុជាតាមគោល ការណ៍ស្ម័គ្រចិត្ត កាលពីថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៤ ដោយអូស្ត្រាលីបានផ្តល់ជំនួយជាទឹកប្រាក់ប្រហែលជា៣១លានដុល្លារអាមេរិក ។ ក្រោយមកទៀត អូស្ត្រាលីក៏បានផ្តល់ជំនួយបន្ថែមប្រហែល១២លានដុល្លារអាមេរិក ដើម្បីជួយគាំទ្រដល់សេវាសុខភាព ការអប់រំ និងការបណ្តុះបណ្តាលជំនាញ៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com