ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ក្រចេះ​ព្រមាន​គ្រូបង្រៀន​រៃអង្គាស​ប្រាក់​សម្រាប់​ទូរទស្សន៍​ព្រះអាទិត្យ

ដោយ ម៉ែន សុធីរ
2015-09-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ផែនទី​ខេត្ត​ក្រចេះ ៦២០
ផែនទី​ខេត្ត​ក្រចេះ។ Photo: RFA


ប្រធាន​មន្ទីរ​អប់រំ​ខែត្រ​ក្រចេះ ព្រមាន​គ្រូបង្រៀន​ម្នាក់​ឲ្យ​បញ្ឈប់​ការ​ផ្សព្វផ្សាយ​ពី​ការ​រៃអង្គាស​ប្រាក់​ពី​សិស្សានុសិស្ស​សម្រាប់​វិភាគទាន​ជួយ​ដល់​ទូរទស្សន៍​ព្រះអាទិត្យ​របស់​គណបក្ស​សង្គ្រោះ​ជាតិ។

ប្រធាន​មន្ទីរ​អប់រំ​ខេត្ត ចាត់​ទុក​ថា ទង្វើ​នេះ​ជា​ការ​ឃោសនា​សម្រាប់​បក្ស​នយោបាយ ផ្ទុយ​ពី​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ។

គ្រួ​បង្រៀន​នៅ​សាលាបឋមសិក្សា​អនុវត្ត ក្រុង​ក្រចេះ​អះអាង​ថា ប្រធាន​មន្ទីរអប់រំ​ខែត្រ​ក្រចេះ តម្រូវ​ឲ្យ​លោក​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​សកម្មភាព​ផ្សព្វផ្សាយ និង​ការ​រៃអង្គាស​ប្រាក់​ពី​សិស្សានុសិស្ស​ដែល​គេ​អះអាង​ថា ផ្ទុយ​ពី​សារាចរ​ណែនាំ​របស់​ក្រសួង​អប់រំ និង​ផ្ទុយ​ពី​ក្រមសីលធម៌​វិជ្ជាជីវៈ​គ្រូបង្រៀន។

​គ្រូបង្រៀន​ថ្នាក់​ទី​៦ សាលា​បឋមសិក្សា​អនុវត្ត​ក្រុង​ក្រចេះ សុំ​មិន​បញ្ចេញ​ឈ្មោះ​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​៦ កញ្ញា ថា កាល​ពី​ចុង​ខែ​សីហា លោក​បាន​ផ្សព្វផ្សាយ និង​រាយ​អង្គាស​ប្រាក់​តាម​ការ​ស្ម័គ្រចិត្ត​ពី​សិក្សា​នៅ​ក្រៅ​ម៉ោង​សិក្សា ឬ​ម៉ោង​បង្រៀន​គួរ ដើម្បី​ចូល​រួម​វិភាគទាន​ដល់​ទូរទស្សន៍​ព្រះអាទិត្យ។ តែ​សកម្មភាព​នេះ ត្រូវ​បាន​ប្រធាន​មន្ទីរអប់រំ ខែត្រ​ក្រចេះ ចាត់​ទុក​ថា ជា​ការ​ឃោសនា​សម្រាប់​បក្ស​នយោបាយ ផ្ទុយ​ពី​សេចក្ដី​ណែនាំ​របស់​ក្រសួង​អប់រំ​ទៅ​វិញ។

លោក​យល់​ថា ការ​រឹតត្បិត​មិន​ឲ្យ​ផ្សព្វផ្សាយ និង​រៃអង្គាស​ប្រាក់​ដើម្បី​ចូលរួម​ទូរទស្សន៍​ព្រះអាទិត្យ​ថា ជា​ការ​បំបិទ​សិទ្ធិ​សេរីភាព​ចូល​រួម​អភិវឌ្ឍ​សង្គម​ជាតិ៖ «ឥឡូវ​ហ្នឹង​គេ​សម្របសម្រួល ប៉ុន្តែ​ខ្ញុំ​អត់​ចង់​បាន​ការ​សម្របសម្រួល បើ​សិន​ខ្ញុំ​ធ្វើ​ខុស​ខ្ញុំ​សុខចិត្ត​ទទួល​តាម​ច្បាប់ ឥឡូវ​គេ​ឲ្យ​យើង​ធ្វើ​កិច្ច​សន្យា​ថា ថ្ងៃ​ក្រោយ​ឈប់​រៃអង្គាស​ថវិកា​ក្រៅ​ផ្លូវការ ឬ​ក៏​ពុំ​មាន​ការ​អនុញ្ញាត សេចក្ដី​ណែនាំ​របស់​ក្រសួង​ហ្នឹង​គឺ​ត្បិតត្បៀត ក្នុង​ការ​ទទួល​បាន​ព័ត៌មាន​ក្នុង​ការ​ចូលរួម​អភិវឌ្ឍន៍​របស់​កុមារ»

ទាក់ទង​បញ្ហា​នេះ ប្រធាន​មន្ទីរអប់រំ​ខែត្រ​ក្រចេះ លោក ឡាយ បូរ៉ា ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​០៦ កញ្ញា ថា សារាចរ​ណែនាំ​របស់​ក្រសួង​អប់រំ ហាម​មិន​ឲ្យ​គ្រូបង្រៀន​ផ្សព្វផ្សាយ​ទាក់ទិន​នឹង​បក្ស​នយោបាយ​ក្នុង​ម៉ោង​រដ្ឋបាល​ក្របខ័ណ្ឌ​របស់​រដ្ឋ​នោះ​ឡើយ។

លោក​ថា មន្ទីរ​អប់រំ​គ្រាន់តែ​ហៅ​គ្រូបង្រៀន​ដែល​ប្រព្រឹត្ត​ទង្វើ​ដូច្នេះ មក​ធ្វើ​កិច្ចសន្យា​ដើម្បី​បញ្ឈប់​ទង្វើ​នេះ​កុំ​ឲ្យ​មាន​ជា​លើក​ទី​ពីរ មិន​មែន​ជា​ករណី​មាន​ទោសទណ្ឌ​ធ្ងន់ធ្ងរ​នោះ​ទេ៖ «ខ្ញុំ​មាន​ភស្តុតាង​ជាក់ស្ដែង ដោយសារ​គាត់​មាន​ប័ណ្ណ​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ហ្នឹង ផ្ដល់​ឲ្យ​សិស្ស​ដូច​ថា រាយ​ពី​សិស្ស​បាន​ប៉ុន្មានៗ យើង​មាន​ភស្តុតាង ប៉ុន្តែ​យើង​ប្រជុំ​ក្រុមប្រឹក្សា​ពិន័យ​របស់​មន្ទីរ​ដើម្បី​ណែនាំ​គាត់ ដើម្បី​ឲ្យ​គាត់​យល់​ពី​ភារកិច្ច​របស់​គាត់។ រឿង​ការងារ​បក្ស​នយោបាយ​ជា​រឿង​សាមី​ខ្លួន​គាត់​កុំ​ឲ្យ​ធ្វើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​របស់​រដ្ឋ»

​ទាក់ទង​បញ្ហា​នេះ ប្រធាន​ស្ដីទី​នៃ​សមាគម​សមាគម​គ្រូបង្រៀន​កម្ពុជា​ឯករាជ្យ អ្នកស្រី អ៊ុក ឆាយាវី មាន​ប្រសាសន៍​បញ្ជាក់​ថា គ្រូបង្រៀន​បាន​ផ្សព្វផ្សាយ​នៅ​ក្រៅ​ម៉ោង​រដ្ឋបាល​មិនមែន​ក្របខ័ណ្ឌ​រដ្ឋ មិន​មាន​អ្វី​ខុស​ឆ្គង​ដែល​ផ្ទុយ​ពី​សារាចរ​ណែនាំ​របស់​ក្រសួង​ឡើយ ព្រោះ​វា​ជា​សិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់ៗ​ដើម្បី​ចូលរួម​អភិវឌ្ឍ​សង្គម។

អ្នកស្រី​ចាត់​ទុក​ការ​ហាមឃាត់​មិន​ឲ្យ​គ្រូបង្រៀន​ចូល​រួម​ផ្សព្វផ្សាយ​ទាក់ទិន​ការ​រៃអង្គាស​ប្រាក់ ដើម្បី​ចូលរួម​ជា​វិភាគទាន​សម្រាប់​ទូរទស្សន៍​ព្រះអាទិត្យ​ក្រៅ​ម៉ោង​រដ្ឋបាល ថា​ជា​ការ​រឹតត្បិត​សេរីភាព​គ្រូបង្រៀន តាមរយៈ​ការ​ស្ម័គ្រ​ចិត្ត​របស់​សិស្សានុសិស្ស​ក្រៅ​ម៉ោង​រដ្ឋបាល៖ «ឲ្យ​តែ​កន្លែង​ណា​ដែល​មិន​មែន​ជា​ម៉ោង​រដ្ឋបាល​របស់​គ្រូ គឺ​អត់​ខុស​ទេ គាត់​អាច​ផ្សព្វផ្សាយ​បាន គឺ​ជា​ការ​បិទ​សិទ្ធិ​សេរីភាព​ក្នុង​ការ​តស៊ូ​មតិ ក្នុង​ការ​ផ្សព្វផ្សាយ​ព័ត៌មាន»

​គ្រូបង្រៀន​ឲ្យ​ដឹង​ថា មន្ត្រី​មន្ទីរ​អប់រំ​ខែត្រ​ក្រចេះ បាន​ចោទ​ប្រកាន់​លោក​ត្រង់​ចំណុច​ទី​៦ ស្ដីពី​គោលការណ៍​ណែនាំ​របស់​ក្រសួង​អប់រំ​លេខ ០១ ចេញ​កាល​ពី​ខែ​មករា ឆ្នាំ​២០១៤ បាន​ចែង​ថា ក្នុង​ករណី​បុគ្គលិក​អប់រំ​ធ្វើ​សកម្មភាព​ឲ្យ​ប៉ះពាល់​ដល់​អព្យាក្រឹតភាព​របស់​ស្ថាប័ន​អប់រំ និង​គ្រឹះស្ថាន​សិក្សា​ត្រូវ​ទទួល​ទណ្ឌកម្ម​តាម​មាត្រា​៥២ នៃ​ច្បាប់​ស្ដីពី​ការ​អប់រំ ដែល​កំណត់​ថា គ្រប់​សកម្មភាព​នយោបាយ ឬ​ការ​ឃោសនា​នយោបាយ​ឲ្យ​គណបក្ស​នយោបាយ​ណា​មួយ​នៅ​ក្នុង​ស្ថាប័ន​អប់រំ ឬ​គ្រឹះស្ថានសិក្សា​ដែល​ផ្ទុយ​នឹង​មាត្រា ៣៤ នៃ​ច្បាប់​នេះ ត្រូវ​ទទួល​ពិន័យ​អន្តរកាល​ជា​ប្រាក់​ពី ១​លាន​រៀល ទៅ ៥​លាន​រៀល៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles