ពលរដ្ឋ​ជាង​១០០​គ្រួសារ​សុំ​ឲ្យ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង​បែងចែក​ដី​ជូន​ពួកគាត់​

ដោយ ថា កិត្យា
2015-09-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ខេត្ត​ស្វាយរៀង​ ៦២០
រង្វង់​មូល​ខេត្ត​ស្វាយរៀង (RFA/Men Sothyr)


ចំណែក​នៅ​ខេត្ត​ស្វាយរៀង ប្រជាពលរដ្ឋ​ជាង ១០០​គ្រួសារ នៅ​ស្រុក​រមាសហែក ទទូច​អោយ​អាជ្ញាធរ​ខេត្ត​ជួយ​បែងចែក​ដី​ចំនួន ៣៥៩​ហិកតារ ជូន​ពួកគាត់​កាន់​កាប់​ដោយ​ស្រប​ច្បាប់​តាម​ការ​សន្យា។ សំណើ​សុំ​កាន់​កាប់​ដី​នេះ ដោយសារ​ពួកគាត់​ធ្លាប់​អាស្រ័យផល​នៅ​លើ​ដី​នោះ​តាំង​ពី​ឆ្នាំ​១៩៧៩ តែ​ត្រូវ​បាន​អាជ្ញាធរ​ដក​ហូត​ទុក​ជា​សម្បត្តិ​រដ្ឋ​កាល​ពី​ឆ្នាំ​២០១០។ ប្រជាពលរដ្ឋ​បាន​នាំ​គ្នា​តវ៉ា​ជំទាស់​ជា​បន្តបន្ទាប់ តែ​មក​ទល់​ពេល​នេះ ខាង​អាជ្ញាធរ​ខេត្ត​មិន​ទាន់​មាន​វិធានការ​ដោះស្រាយ​យ៉ាង​ណា​នៅ​ឡើយ​ទេ។

​វិបត្តិ​ដីធ្លី​នៅ​ភូមិ​ត្រពាំងស្មាច់ ឃុំ​អណ្ដូងត្របែក ស្រុក​រមាសហែក ខេត្ត​ស្វាយរៀង ចាប់​ផ្តើម​ផ្ទុះ​ឡើង​វិញ​ក្រោយ​ពី​ប្រជាពលរដ្ឋ​ចំនួន ១៣១​គ្រួសារ ចេញ​មុខ​ជា​ថ្មី​ទាមទារ​អោយ​អាជ្ញាធរ​ខេត្ត​ស្វាយរៀង ជួយ​ចុះ​ពិនិត្យ​បែងចែក​ដីធ្លី​ដែល​នៅ​សេសសល់​ជូន​ពួកគាត់។

តំណាង​ប្រជាពលរដ្ឋ ១៣១​គ្រួសារ លោក ខៀវ ថុ មាន​ប្រសាសន៍​ថា អាជ្ញាធរ​ដែនដី​ខេត្ត​ស្វាយរៀង មិន​បាន​គោរព​តាម​ការ​សន្យា​របស់​ខ្លួន ដែល​ថា​នឹង​ធ្វើ​ការ​បែងចែក​ដី​ជូន​ប្រជាពលរដ្ឋ​ចំនួន ៣០៩​គ្រួសារ ប៉ុន្តែ​ជាក់ស្ដែង​អាជ្ញាធរ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​បាន​តែ​ចំនួន ៧៨​គ្រួសារ​ប៉ុណ្ណោះ។

លោក ខៀវ ថុ អំពាវនាវ​អោយ​អាជ្ញាធរ​បន្ត​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ឲ្យ​បាន​គ្រប់ៗ​គ្នា៖ «សំណូមពរ​អោយ​អាជ្ញាធរ​ដែនដី​ចាប់ពី​ថ្នាក់​ស្រុក រហូត​ដល់​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង មេត្តា​ដោះស្រាយ​យ៉ាង​ណា​អោយ​ពួក​យើង​ខ្ញុំ​បាន​ដី​ធ្វើ​ផង។ ចុង​ក្រោយ​សំណូមពរ​ទៅ​សម្ដេច ហ៊ុន សែន និង​សម្ដេច ហេង សំរិន ចំណារ​របស់​លោក​នោះ គឺ​ពួក​យើង​ខ្ញុំ​មិន​ទាន់​ទទួល​បាន​ដី​នោះ​ទេ សូម​ជួយ​ពន្លឿន​ដោះស្រាយ​អោយ​ពួក​ខ្ញុំ​បាន​ដី​បង្កបង្កើនផល​ដូច​ពលរដ្ឋ​ដទៃ​ទៀត​ផង»

​តំណាង​ប្រជាពលរដ្ឋ​ដដែល​បញ្ជាក់​ថា ដី​ទំនាស់​នោះ​មាន​ទំហំ ៤៧៦​ហិកតារ ដែល​ប្រជាពលរដ្ឋ​ចំនួន ៣០៩​គ្រួសារ ធ្លាប់​កាន់កាប់​ធ្វើស្រែ និង​ដាំ​ដំណាំ​ផ្សេងៗ តាំង​ពី​ឆ្នាំ​១៩៧៩ ក៏ប៉ុន្តែ​នៅ​ឆ្នាំ​២០១០ រដ្ឋបាល​ព្រៃឈើ​ខេត្ត​ស្វាយរៀង បាន​ដក​ហូត​យក​ដី​នោះ​វិញ ដោយ​សំអាង​ថា ជា​ដី​របស់​រដ្ឋ។

​ក្រោយ​ការ​ទាមទារ​មិន​ដក​ថយ អាជ្ញាធរ​បាន​កាត់​ដី ១១៧​ហិកតារ ពុះ​ចែក​ជូន​ចំនួន ៧៨​គ្រួសារ​តាម​ការ​អន្តរាគមន៍​ពី​លោក ហេង សំរិន ប្រធាន​រដ្ឋ​សភា​នៅ​ឆ្នាំ​២០១២ ដោយ​បន្សល់​ទុក​ដី​ទំហំ ៣៥៩​ហិកតារ មិន​ទាន់​បែងចែក​ជូន​ប្រជាពលរដ្ឋ​ចំនួន ២៣១​គ្រួសារ​ទៀត។

​លោក ខៀវ ថុ បញ្ជាក់​ថា ដោយ​នឿយ​ណាយ​ក្នុង​ការ​រង់ចាំ​ដំណោះស្រាយ​ពី​អាជ្ញាធរ​នោះ មក​ទល់​ពេល​នេះ​មាន​ប្រជាពលរដ្ឋ​តែ ១៣១​គ្រួសារ​ប៉ុណ្ណោះ ដែល​មិន​ព្រម​បញ្ឈប់​ទាមទារ​សុំ​ចែក​ដី​នោះ។

ទាក់ទិន​បញ្ហា​នេះ អភិបាលរង​ខេត្ត​ស្វាយរៀង លោក រស់ ឆាយ មិន​ធ្វើ​អធិប្បាយ​អ្វី​ឡើយ​នៅ​ថ្ងៃ​ទី​៦ ខែ​សីហា ដោយ​គ្រាន់តែ​បញ្ជាក់​យ៉ាង​ខ្លី​ថា ចាំ​លោក​ផ្ដល់​ព័ត៌មាន​ពេល​ក្រោយ៖ «រឿង​បញ្ហា​ដីធ្លី​ ៧៨​គ្រួសារ​ហ្នឹង​វា​យូរ​ណាស់​ទៅ​ហើយ យើង​ចែក​បាន​ប៉ុន្មាន អី​ប៉ុន្មាន​កាល​ក្រុម​យុវជន​ចុះ​វាស់វែង​នុះ​ណា។ អធ្យាស្រ័យ ខ្ញុំ​ជាប់​ពិនិត្យ​សុខភាព​បន្តិច»

​កន្លង​ទៅ​អង្គការ​សិទ្ធិមនុស្ស​លីកាដូ បាន​រិះគន់​អាជ្ញាធរ​ពាក់ព័ន្ធ​នៅ​ក្នុង​ខេត្ត​ស្វាយរៀង ថា​ហាក់​ដូច​ជា​គ្មាន​ឆន្ទៈ​ដោះស្រាយ​ទំនាស់​ដីធ្លី​ជូន​ប្រជាពលរដ្ឋ​នោះ​ទេ ដោយ​អាជ្ញាធរ​នៅ​តែ​ធ្វើ​ការសន្យា​ដដែលៗ បើ​ទោះ​បី​ជា​ប្រជាពលរដ្ឋ​តស៊ូ​ប្ដឹង​ជា​ច្រើន​លើក​ច្រើន​សា ដោយ​អ្នកភូមិ​អះអាង​ថា ពួកគាត់​មាន​លិខិត​ចេញ​ពី​រដ្ឋសភា​ឲ្យ​ជួយ​អន្តរាគមន៍​យ៉ាង​ណា​ក្តី។

​តំណាង​ប្រជាពលរដ្ឋ​រៀបរាប់​ថា ការ​ធ្វើ​មិន​ដឹង​មិន​ឮ​របស់​អាជ្ញាធរ​នេះ បាន​ធ្វើ​អោយ​ពួកគាត់​ជួប​ប្រទះ​ការ​លំបាក​​ជា​ច្រើន​ក្នុង​ការ​ចិញ្ចឹម​ជីវិត​ប្រចាំ​ថ្ងៃ ដោយ​អ្នក​ខ្លះ​ទៅ​ធ្វើ​ជា​កម្មករ​នៅ​ប្រទេស​ថៃ ព្រោះ​គ្មាន​ដីធ្លី​បង្កបង្កើនផល៖ «ឥឡូវ​នេះ លុយ​ក៏​ជំពាក់​គេ អ្នក​ខ្លះ​ទៅ​ថៃ ទាំង​ខុស​ច្បាប់ គេ​ចាប់​ដាក់​គុក​ដាក់​ច្រវាក់​នៅ​ស្រុក​គេ វេទនា​ណាស់ ហើយ​ខ្លះ​ទៅ​បាន​ការងារ​ធ្វើ​ហើយ គេ​មិន​អោយ​លុយ​មិន​អោយ​អី​ទៀត»

​មន្ត្រី​ស៊ើបអង្កេត​នៃ​អង្គការ​លីកាដូ ប្រចាំ​ខេត្ត​ស្វាយរៀង លោក មុំ លីដា ដែល​ឃ្លាំមើល​ករណី​ជម្លោះ​ដីធ្លី​នេះ​មាន​ប្រសាសន៍​ថា ប្រជាពលរដ្ឋ​ទាំង​នោះ​រស់​នៅ​គឺ​ពឹងផ្អែក​ដី​កសិកម្ម ដូច្នេះ អាជ្ញាធរ​គួរ​ពន្លឿន​ដោះស្រាយ​បញ្ហា​នេះ​ដោយ​តម្លាភាព និង​យុត្តិធម៌​ត្រឹមត្រូវ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​ស្មារតី​ពួកគាត់។ ទន្ទឹម​គ្នា​នេះ មន្ត្រី​អង្គការ​លីកាដូ ក៏​គ្រោង​នឹង​ជួប​ជាមួយ​គណៈ​អភិបាល​ខេត្ត​ស្វាយរៀង នៅ​ពេល​ខាង​មុខ​ដែរ ដើម្បី​សួរ​នាំ​ពី​រឿង​ទំនាស់​ដីធ្លី​នេះ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles