មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង​គ្រោង​បោះ​ពុម្ព​សៀវភៅ​មគ្គុទ្ទេសក៍​ទេសចរណ៍​២​ម៉ឺន​ក្បាល

ដោយ ជិន ជេដ្ឋា
2015-09-07
RFA

ស្ដាប់ ឬ ទាញ​យក​សំឡេង
ស្តាប់សំឡេង ថតសំឡេង

ក្អម កំពង់ឆ្នាំង ៦១០
៣-ឧសភា-២០១៤៖ ផលិតករ​និង​ជា​អ្នក​បោះ​ដុំ​ចង្ក្រាន អ្នកស្រី យឹម ពៅ កំពុង​រៀបចំ​វត្ថុ​អនុស្សាវរីយ៍​និង​សម្ភារៈ​ប្រើប្រាស់​អំពី​ដី​នៅ​រាន​មុខ​ផ្ទះ។ RFA/Chin Chetha


មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង ត្រៀម​ចេញ​ផ្សាយ​ព្រឹត្តិបត្រ​ព័ត៌មាន ឬ​សៀវភៅ​មគ្គទេសក៍​ទេសចរណ៍​​ប្រមាណ ២​ម៉ឺន​ក្បាល នៅ​អំឡុង​ខែ​វិច្ឆិកា ឆ្នាំ​២០១៥ ខាង​មុខ។ ប្រតិបត្ដិករ​ទេសចរណ៍ សណ្ឋាគារ និង​ផលិតករ​ក្អម​ឆ្នាំង ស្វាគមន៍​ចំពោះ​គម្រោង​ចេញ​ផ្សាយ​សៀវភៅ​មគ្គទេសក៍​នេះ។

គម្រោង ជី.អាយ.ហ្សិត (GIZ) របស់​ប្រទេស​អាល្លឺម៉ង់ និង​ប្រតិបត្ដិករ​ទេសចរណ៍​ក្នុង​ខេត្ត​កំពង់ឆ្នាំង នឹង​គាំទ្រ​ថវិកា​បោះពុម្ព​សៀវភៅ​នេះ​ចន្លោះ​ពី ១​ម៉ឺន ទៅ ២​ម៉ឺន​ក្បាល ដើម្បី​ផ្សព្វផ្សាយ​ដល់​ភ្ញៀវ​ទេសចរណ៍។ គេ​សង្ឃឹម​ថា តំបន់​ទេសចរណ៍​សំខាន់ៗ​ក្នុង​ខេត្ត​ដូច​ជា ភ្នំ​នាង​កង្រី តំបន់​ទឹក​ធ្លាក់ និង​ទីតាំង​ផលិត​ក្អម​ឆ្នាំង ឬ​កុលាលភាជន៍​ជា​ដើម នឹង​ដឹង​ដល់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ តាម​រយៈ​សៀវភៅ​នេះ។

ប្រធាន​មន្ទីរ​ទេសចរណ៍​ខេត្ត​កំពង់ឆ្នាំង លោក សេង សាលី ថ្លែង​នៅ​ថ្ងៃ​ទី​៦ ខែ​កញ្ញា ថា ក្រុម​ការងារ​ជំនាញ​នៃ​គម្រោង ជី.អាយ.ហ្សិត បាន​បោះពុម្ព​គំរូ​សៀវភៅ​ជូន​លោក​ពិនិត្យ និង​ឆ្លង​យោបល់​ចំនួន​បី​ដង​រួច​មក​ហើយ។

លោក​ថា តំបន់​ទេសចរ​សំខាន់ៗ និង​លេខ​ទូរស័ព្ទ​ផ្ដល់​សេវាកម្ម​ទេសចរ​ដូច​ជា​សណ្ឋាគារ​ក្នុង​ខេត្ត​បាន​ដាក់​បញ្ចូល​ក្នុង​សៀវភៅ ដោយ​បរិយាយ​ជា​ភាសា​អង់គ្លេស៖ «នៅ​ក្នុង​ខែ​៩ និង​ខែ ១០ នេះ អ្នក​សម្របសម្រួល​អន្តរជាតិ​ហៅ​ថា ជី.អាយ.ហ្សិត របស់​អាល្លឺម៉ង់ គាត់​ទៅ​វ៉ាកង​ពីរ​ខែ​នៅ​ប្រទេស​គាត់ ដល់​អ៊ីចឹង​ពេល​គាត់​មក​វិញ​បាន​ដំណើរការ​បន្ត។ បើ​សិន​មើល​ឃើញ​មាន​ការ​ជោគជ័យ​ហើយ យើង​នឹង​ជួប​ជី.អាយ.ហ្សិត ទៀត​ដើម្បី​រាយការណ៍​លទ្ធផល​ជូន​គាត់ ហើយ​គាត់​ជួយ​យើង​កម្រិត​ណា​ទៀត​ចាំ​មើល​ជាក់​ស្ដែង»

ម្ចាស់​អាហារដ្ឋាន និង​សណ្ឋាគារ​សុវណ្ណភូមិ​ខេត្ត​កំពង់ឆ្នាំង អ្នកស្រី មួង មុន្នី ថ្លែង​គាំទ្រ​ចំពោះ​គម្រោង​បោះពុម្ព​ផ្សាយ​សៀវភៅ​នេះ ហើយ​អ្នកស្រី​សង្ឃឹម​ថា ការ​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍ និង​សណ្ឋាគារ​បែប​នេះ​អាច​ធ្វើ​ឲ្យ​ភ្ញៀវ​ដឹង និង​ចូល​មក​លេង​ច្រើន​ជាង​មុន។ យ៉ាងណា​អ្នកស្រី​មិន​សង្ឃឹម​ថា មាន​ភ្ញៀវ​ទេសចរ​ចូល​សម្រាក​នៅ​ក្នុង​សណ្ឋាគារ​គាត់​ច្រើន​ដូច​បណ្ដា​ខេត្ត​ទេសចរ​ដទៃ​ទេ៖ «ខ្ញុំ​មិន​ទាន់​ប្រាកដ​ដែរ ដោយសារ​សេដ្ឋកិច្ច​ក្នុង​ខេត្ត​របស់​យើង​មិន​ទាន់​មាន​ស្ថិរភាព​ល្អ​ប៉ុន្មាន​ដែរ ព្រោះ​ដោយសារ​ខេត្ត​យើង​អត់​មាន​តំបន់​ទេសចរណ៍​ណា​ទាក់ទាញ​ភ្ញៀវ​មក​ដូច​ខេត្ត​គេ។ អ្នក​មក​ចូល​ស្នាក់​នៅ​ហ្នឹង វា​សម្រាប់​តែ អិន.ជី.អូ (NGO) គាត់​មក​ធ្វើ​ក្នុង​ខេត្ត​របស់​យើង»

ចំណែក​ជំនួយការ​ភូមិ​អណ្ដូងឫស្សី និង​ជា​អ្នក​ផលិត​កុលាលភាជន៍ ឬ​វត្ថុ​អនុស្សាវរីយ៍​អំពី​ដី គឺ​អ្នកស្រី កែវ ចន្ធា មាន​ប្រសាសន៍​ថា រូប​គាត់​និង​អ្នកភូមិ​ត្រេកអរ​ចំពោះ​ការ​ផ្សព្វផ្សាយ​ដែល​បង្ក​លក្ខណៈ​ឲ្យ​ផលិតផល​របស់​ពួកគាត់​មាន​ទីផ្សារ និង​ភ្ញៀវ​មក​ទស្សនា​ច្រើន។ ប៉ុន្តែ​អ្នកស្រី​ថា បច្ចុប្បន្ន​ភ្ញៀវ​ទេសចរ​បរទេស​មិន​និយម​ទិញ​វត្ថុ​អនុស្សាវរីយ៍ ឬ​កុលាលភាជន៍​របស់​អ្នកភូមិ​ទេ ព្រោះ​លំបាក​ដាក់​តាម​យន្តហោះ៖ «ខ្ញុំ​គិត​ថា បើ​មាន​សៀវភៅ​ផ្សព្វផ្សាយ​ពី​ផលិតផល​ហ្នឹង​ទៀត ក៏​សង្ឃឹម​ភ្ញៀវ​ទេសចរ​កាន់​តែ​ច្រើន​ជាង​មុន។ ប៉ុន្តែ​ភ្ញៀវ​គាត់​និយាយ​ទេ​ណា! គាត់​ថា ពេល​ទិញ​យក​ទៅ​ដាក់​តាម​យន្តហោះ ធម្មតា​មាន​គេ​បោះ​ទីណាត់ទីណែង​បែក ដល់​អ៊ីចឹង​គាត់​អត់​សូវ​ទិញ​ដូច​មុន​ទេ តែ​បច្ចុប្បន្ន​បោះ​ម៉ូយ​កាន់​តែ​រីកចម្រើន»

ទន្ទឹម​នឹង​ការ​បោះពុម្ព​សៀវភៅ​ផ្សព្វផ្សាយ​អំពី​តំបន់​ទេសចរណ៍​សំខាន់ៗ​នៅ​ក្នុង​ខេត្ត​កំពង់ឆ្នាំង ប្រធាន​មន្ទីរ​ទេសចរណ៍​ លោក សេង សាលី ក៏​ត្អូញត្អែរ​ពី​បញ្ហា​ពុំ​ទាន់​មាន​ផែនទី​ភូមិសាស្ត្រ​បង្ហាញ​តំបន់​ទេសចរ​នីមួយៗ និង​បញ្ហា​មួយ​ចំនួន​ទៀត​ដូច​បញ្ហា​សំរាម​នៅ​កំពង់​ផែ​ផ្សារ​ក្រោម ព្រោះ​ថា បញ្ហា​កង្វះ​អនាម័យ និង​បរិស្ថាន​មិន​ស្អាត​នេះ ​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​អារម្មណ៍​របស់​ភ្ញៀវ​ទេសចរ​ជាតិ និង​អន្តរជាតិ៕

កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បី​រក្សា​សេចក្ដី​ថ្លៃថ្នូរ យើង​ខ្ញុំ​នឹង​ផ្សាយ​តែ​មតិ​ណា ដែល​មិន​ជេរ​ប្រមាថ​ដល់​អ្នក​ដទៃ​ប៉ុណ្ណោះ។



អត្ថបទ​ដែល​ទាក់ទង


What Next?

Recent Articles