ដោយ ហង្ស សាវយុត
2015-09-07
RFA
អ្នកស្រុកនៅសៀមរាបប្រតិកម្មចំពោះក្រុមហ៊ុនវៀតណាមឈូសឆាយរំលោភដីធ្លី

ក្រុមប្រជាពលរដ្ឋភូមិសែនជ័យ ឃុំកន្ទួត និងឃុំស្វាយលើ ស្រុកស្វាយលើ នាំគ្នាជិះគោយន្តទៅសាលាខេត្តសៀមរាប ទាមទារឲ្យអភិបាលខេត្តដោះស្រាយទំនាស់ដីធ្លី កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៥។ RFA/Hang Savyouth
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋភូមិជប់រំដេង ស្រុកស្វាយលើ ខេត្តសៀមរាប ចំនួន ៣០គ្រួសារ ជាមួយក្រុមហ៊ុនឈ្មោះ សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម បានអូសបន្លាយរយៈពេល ៩ខែមកហើយ។
ស្របពេលដែលរឿងក្ដីក្ដាំ និងការចាប់ខ្លួនអ្នកភូមិខ្លះដាក់ពន្ធនាគារនៅមិនទាន់ដោះស្រាយនៅឡើយ ក្រុមហ៊ុននេះបានចាប់ផ្ដើមឈូសឆាយរំលោភចូលដីចំការរបស់ប្រជាពលរដ្ឋជាថ្មីទៀត។
ប្រជាពលរដ្ឋជាច្រើនគ្រួសារ នៅភូមិជប់រំដេង ឃុំកន្ទួត ស្រុកស្វាយលើ កំពុងសំដែងការព្រួយបារម្ភកាន់តែខ្លាំងឡើងៗ ខ្លាចបាត់បង់ដីភូមិ និងដីចម្ការ ដោយមិនអាចប្រើឆន្ទៈផ្លូវច្បាប់ការពារកម្មសិទ្ធិដីទាំងនោះបានតទៅទៀតទេ។
ការព្រួយបារម្ភបានកើតឡើងបន្ទាប់ពីពួកគេកើតមានទំនាស់ដីធ្លីជាមួយក្រុមហ៊ុនឯកជនឈ្មោះ សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម ដែលមានជនជាតិវៀតណាម ជាច្រើនបម្រើការនៅទីនោះ ហើយអាជ្ញាធរស្រុកស្វាយលើ និងខេត្តសៀមរាប ហាក់មិនសូវយកចិត្តទុកដាក់ និងដោះស្រាយ បណ្ដាលឱ្យក្រុមហ៊ុនចេះតែបន្តការឈូសឆាយរំលោភលើដីធ្លីអ្នកភូមិស្រេចតែអំពើចិត្ត។
ស្ត្រីអ្នកភូមិជប់រំដេង ម្នាក់ ក្នុងចំណោមអ្នកភូមិជាច្រើនទៀត គឺអ្នកស្រី យុង គឹមលាង។ អ្នកស្រីមានប្រសាសន៍ថា រយៈពេល ២ថ្ងៃមកនេះ សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម បាននាំយកគ្រឿងចក្រចំនួន ៤គ្រឿង ទៅឈូសឆាយរំលោភលើដីប្រជាពលរដ្ឋបន្តទៀត បន្ទាប់ពីទំនាស់កាលពីខែមករា កន្លងទៅ មិនទាន់បានដោះស្រាយរួចរាល់នៅឡើយផង។
អ្នកស្រី យុង គឹមលាង បញ្ជាក់ទៀតថា ចាប់តាំងពីថ្ងៃទី៥ រហូតមកដល់ថ្ងៃទី៦ ខែកញ្ញា គឺក្រុមហ៊ុនបានបញ្ជាគ្រឿងចក្រឈូសឆាយរំលោភចូលដីប្រជាពលរដ្ឋដោយបានបំផ្លាញដំណាំស្វាយ ដំឡូងមី ព្រមទាំងបង្គោលរបងកំណត់ព្រំដីអស់ជាច្រើន៖ «ថ្ងៃហ្នឹងភ្ជួរតាំងពីព្រលឹម រហូតដល់ថ្មើរហ្នឹងទើបតែហូបបាយ ឥឡូវចាប់ភ្ជួរទៀតនៅចំណុចភ្នំស្រង៉ាំ ហើយវៀតណាម ឈ្មោះ វ៉ា ឈ្មោះដាង និងខ្មែរម្នាក់ឈ្មោះ ញ៉ន គាត់ដើរគំរាមឱ្យប្រជាពលរដ្ឋដកបង្គោលរបងដីចេញ»។
ទោះយ៉ាងណា វិទ្យុអាស៊ីសេរី មិនអាចទាក់ទង លោក លី គឹមឃុន អ្នកគ្រប់គ្រងសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម ដើម្បីសុំការបំភ្លឺជុំវិញការចោទប្រកាន់របស់ប្រជាពលរដ្ឋនោះ បានថាយ៉ាងណានៅឡើយទេ នៅថ្ងៃអាទិត្យ ទី៦ ខែកញ្ញា។
ប្រភពពីប្រជាពលរដ្ឋឱ្យដឹងថា ម្ចាស់គ្រឿងចក្រដែលទទួលឈូសឆាយពង្រីកផ្ទៃសម្បទានសេដ្ឋកិច្ចឱ្យក្រុមហ៊ុននោះ គឺលោក អ៊ូច វណ្ណា ជាអនុប្រធានភូមិជប់រំដេង តែម្ដង។
មេភូមិជប់រំដេង ដែលទើបតែឡើងកាន់តំណែងថ្មី លោក អៀម អាន់ មានប្រសាសន៍ថា តាមលោកទទួលព័ត៌មានពីប្រជាពលរដ្ឋ គឺសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម បានឈូសឆាយដីជាថ្មីទៀត ចាប់តាំងពីថ្ងៃទី៥ រហូតដល់ថ្ងៃទី៦ ខែកញ្ញា ប៉ុន្តែរូបលោកមិនទាន់បានចុះពិនិត្យឱ្យជាក់ស្ដែងនៅឡើយ ពីព្រោះកំពុងរវល់ជាប់ប្រជុំ។
លោកមេភូមិដដែលបញ្ជាក់ថា បើសិនជាក្រុមហ៊ុននៅតែបន្តការឈូសឆាយ គឺបានរំលោភបំពានទៅលើកិច្ចសន្យារបស់អង្គប្រជុំកាលពីថ្ងៃទី៥ ខែកញ្ញា ដែលហាមឃាត់ឱ្យក្រុមហ៊ុននេះផ្អាកការឈូសឆាយទាំងអស់៖ «យោងតាមការចូលរួមប្រជុំពីម្សិលមិញនោះ ម្ចាស់គ្រឿងចក្រក៏បានទៅដែរ នៅទីស្នាក់ការបក្សឃុំកន្ទួត ខាងមេបក្ស គាត់បាននិយាយដែរ ថាដីមានទំនាស់ឃុំកន្ទួត ប៉ះពាល់ដល់ប្រជាពលរដ្ឋគឺហាមការឈូសឆាយ»។
ចំណែកមេឃុំស្ដីទីនៃឃុំកន្ទួត លោក ពៀត ណារ៉ន ទទួលស្គាល់ថា ក្រុមហ៊ុនពិតជាគឃ្លើនដោយមិនខ្លាចអាជ្ញាធរទេ។ មេឃុំស្ដីទីដដែលបញ្ជាក់ថា កាលពីថ្ងៃទី៥ ខែសីហា កន្លងទៅ រូបលោកនិងសមត្ថកិច្ចចម្រុះជាច្រើនទៀត មានអាជ្ញាធរស្រុកស្វាយលើ មន្ត្រីរដ្ឋបាលព្រៃឈើ ព្រមទាំងប៉ូលិស និងប៉េអឹម បានចុះទៅពិនិត្យហើយក៏បានបញ្ឈប់កុំឱ្យក្រុមហ៊ុនឈូសឆាយដីតទៅទៀត ពីព្រោះដីកន្លែងនោះកំពុងមានជម្លោះ ក៏ប៉ុន្តែក្រុមហ៊ុនមិនស្ដាប់តាមការណែនាំឡើយ៖ «ឥឡូវនេះគាត់បង្កអុកឡុក ធ្វើឱ្យខ្ញុំជាអាជ្ញាធរឃុំនេះ ឈឺក្បាល វិលមុខណាស់! ខ្ញុំមិនដឹងថា ត្រូវដោះស្រាយយ៉ាងម៉េចចេញទេ»។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅភូមិជប់រំដេង ជាមួយសហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម ដែលមានជនជាតិវៀតណាម ចូលទៅធ្វើការជាច្រើននោះ គឺកើតមានឡើងតាំងតែពីអំឡុងដើមខែមករា ឆ្នាំ២០១៥ មក។ កាលពីថ្ងៃទី៤ ខែមករា កន្លងទៅ មន្ត្រីតុលាការខេត្តសៀមរាប ធ្លាប់បានដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះទៅចាប់ខ្លួនអ្នកភូមិឈ្មោះ វ៉ែន ឡន និង បឿន សុខ ដាក់ពន្ធនាគារ ព្រមទាំងចេញដីកាតាមចាប់ខ្លួនអ្នកភូមិជាច្រើនទៀត ពីបទបំផ្លាញដំណាំរបស់ក្រុមហ៊ុន។ បញ្ហានេះ ធ្វើឱ្យក្រុមអង្គការសិទ្ធិមនុស្សក្រៅរដ្ឋាភិបាល ដែលចុះស៊ើបអង្កេតរកការពិតបានរកឃើញថា សហគមន៍តាខ្មៅអភិវឌ្ឍន៍កសិកម្ម និងឧស្សាហកម្ម មិនមែនជាម្ចាស់កម្មសិទ្ធិនៃដីដែលកំពុងមានទំនាស់ទេ ហើយក្រុមអង្គការក៏ជំទាស់យ៉ាងខ្លាំងចំពោះតុលាការខេត្តសៀមរាប ដែលបានចាប់ឃុំខ្លួនអ្នកភូមិជប់រំដេង ២នាក់នោះ។
អ្នកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក (ADHOC) ខេត្តសៀមរាប លោក ចាន់ ចំរើន បានហៅសកម្មភាពរបស់ក្រុមហ៊ុនដែលចាប់ផ្ដើមឈូសឆាយដោយបំពានមកលើដីរបស់ប្រជាពលរដ្ឋជាថ្មីទៀតនោះថា គឺជាការរំលោភធ្ងន់ធ្ងរ ហើយមិនគួរអាជ្ញាធរខេត្តសៀមរាប និងស្រុកស្វាយលើ បណ្ដែតបណ្ដោយឱ្យក្រុមហ៊ុនចេះតែធ្វើបានដូច្នេះទេ៖ «ខ្ញុំយល់ឃើញថា នេះជាការរំលោភធ្ងន់ធ្ងរណាស់ ពីព្រោះដីកំពុងតែមានទំនាស់។ ដីហ្នឹងជារបស់រដ្ឋបាលព្រៃឈើទេ»។
ទំនាស់ដីធ្លីរវាងប្រជាពលរដ្ឋនៅភូមិជប់រំដេង ជាមួយក្រុមហ៊ុនដែលមានជនជាតិវៀតណាម ធ្វើការជាច្រើននោះ បានធ្វើឱ្យសមាគមការពារសិទ្ធិមនុស្សអាដហុក ប្រឈមមុខដាក់គ្នាជាមួយនឹងព្រះរាជអាជ្ញារងម្នាក់ និងចៅក្រមស៊ើបសួររបស់តុលាការខេត្តសៀមរាប យ៉ាងតឹងតែងចាប់តាំងពីអំឡុងខែឧសភា រហូតមកដល់នេះ។
ប្រធានផ្នែកស៊ើបអង្កេតរបស់សមាគមការពារសិទ្ធិមនុស្សអាដហុក លោក នី ចរិយា បានដាក់ពាក្យប្ដឹងព្រះរាជអាជ្ញារងម្នាក់ និងចៅក្រមស៊ើបសួរម្នាក់របស់តុលាការខេត្តសៀមរាប ថាបានឃុំខ្លួនអ្នកភូមិមិនត្រឹមត្រូវតាមនីតិវិធីច្បាប់ ឯមន្ត្រីតុលាការខេត្តសៀមរាប ក៏បានប្ដឹងចោទប្រកាន់លោក នី ចរិយា វិញពីបទបរិហារកេរ្តិ៍ជាសាធារណៈ ពីបទបរិហារបង្កាច់កេរ្តិ៍ និងបទផ្សព្វផ្សាយនូវការអត្ថាធិប្បាយដើម្បីដាក់សម្ពាធលើយុត្តាធិការ (តុលាការ) តាមមាត្រា ៣០៥ មាត្រា ៣១១ និងមាត្រា ៥២២ នៃក្រមព្រហ្មទណ្ឌដែរ៕
កំណត់ចំណាំចំពោះអ្នកបញ្ចូលមតិនៅក្នុងអត្ថបទនេះ៖ដើម្បីរក្សាសេចក្ដីថ្លៃថ្នូរ យើងខ្ញុំនឹងផ្សាយតែមតិណា ដែលមិនជេរប្រមាថដល់អ្នកដទៃប៉ុណ្ណោះ។
អត្ថបទដែលទាក់ទង
- ពលរដ្ឋខេត្តកំពតជាង១០០នាក់ដាក់ញត្តិនៅសភាដើម្បីសុំអន្តរាគមន៍រឿងចេញប្លង់ដី
- អ្នកភូមិនៅព្រះវិហារប្រឆាំងអាជ្ញាធរមានសមត្ថកិច្ចការពារក្រុមហ៊ុនដីសម្បទានសេដ្ឋកិច្ច
- ពលរដ្ឋជាង១០០គ្រួសារសុំឲ្យអាជ្ញាធរខេត្តស្វាយរៀងបែងចែកដីជូនពួកគាត់
- ពលរដ្ឋខេត្តក្រចេះចោទក្រុមហ៊ុនវៀតណាមបន្តឈូសឆាយដីធ្លីអាស្រ័យផលពួកគាត់
- អាជ្ញាធរស្រុកស្ទោងឃាត់ខ្លួនពលរដ្ឋ២នាក់ពាក់ព័ន្ធរឿងដីជម្លោះជាមួយវត្ត
- អ្នកភូមិឡពាងគ្រោងប្ដឹងព្រះរាជអាជ្ញារងខេត្តកំពង់ឆ្នាំងចោទមិនចាត់ការបណ្ដឹង
- ជម្លោះរវាងអ្នកភូមិពីរក្នុងការជួសជុលផ្លូវលំមួយខ្សែនៅក្រុងដូនកែវខេត្តតាកែវ
- ពលរដ្ឋខេត្តត្បូងឃ្មុំនាំគ្នាការពារដីកប់សពមិនឲ្យអាជ្ញាធរបែងចែកជាដីឯកជន
- អតីតអភិបាលខេត្តស្ទឹងត្រែងរងការចោទថារំលោភយកដីព្រះរាជដំណាក់
HAS HAS HAS HA HA AHA Cambodia the leader of wonder. this ugly leader not even let thousand of Vietnamese come to live in this country freely . the VIET nation can do whatever they wanted looting Cambodian land along the border through friendship whit that ugly face leader HUN SEN. not even that deep in side Cambodia those Viet nation still can do it .