ដោយ៖ បូ សាវី | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 04:36 PM
http://vodhotnews.com
ស្តាប់សំឡេង៖ |
ចម្លងទុក |
ប្រជាពលរដ្ឋប្រហែល៦០០នាក់ នៅស្រុកសង្គមថ្មី ខេត្ដព្រះវិហារ នៅរសៀលថ្ងៃចន្ទនេះ បានកាត់ផ្ដាច់ស្ពានមួយកន្លែងមិនឲ្យអភិបាលរងខេត្ដធ្វើដំណើរឆ្លងកាត់ ដោយពួកគេអះអាងថា មន្ដ្រីរូបនោះមករំដោះយកគ្រឿងចក្រពីពួកគេ ប្រគល់ឲ្យក្រុមហ៊ុនវិញ ដោយគ្មានដំណោះស្រាយរឿងដីធ្លី។
ករណីនេះកើតឡើង បន្ទាប់ពីអ្នកភូមិបានចាប់គ្រឿងចក្រមួយគ្រឿងរបស់ក្រុមហ៊ុន អ៊ែមភឺលហ្វខឺស មករក្សាទុកនៅក្នុងវត្ដមួយ ក្នុងឃុំស្ដៅ ស្រុកសង្គមថ្មី ដើម្បីទាមទារឲ្យអាជ្ញាធររកដំណោះស្រាយ ករណីជម្លោះដីធ្លីជាមួយក្រុមហ៊ុននោះ កាលពីចុងខែកក្កដា ឆ្នាំ២០១៥កន្លង។
ពលរដ្ឋមួយរូបនៅឃុំស្ដៅ ស្រុកសង្គមថ្មី លោក កែ ឡូត ប្រាប់ VOD ថានៅម៉ោង១២ ថ្ងៃទី៧ ខែកញ្ញានេះ អភិបាលរងខេត្ដព្រះវិហារ លោក ស៊ូ សិរី និងអភិបាលស្រុកសង្គមថ្មី បានមករំដោះយកគ្រឿងចក្រមួយគ្រឿងនោះ ប្រគល់ឲ្យក្រុមហ៊ុនអ៊ែមភឺលហ្វខឺសវិញ ដោយគ្មានសន្យាដោះស្រាយជម្លោះដីធ្លីជាមុននោះទេ។ លោកបន្ដថា បន្ទាប់ពីអភិបាលរងខេត្ដរូបនោះ ឲ្យកម្មករបើកគ្រឿងចក្រនោះទៅឲ្យក្រុមហ៊ុនវិញ អ្នកភូមិប្រហែល៦០០នាក់បានរារាំង ដោយពួកគាត់កាត់ផ្ដាច់ស្ពានមិនឲ្យធ្វើដំណើរត្រឡប់ទៅវិញ។
ទោះជាយ៉ាណា លោក កែ ឡូត បន្ដថា គ្រឿងចក្រនោះត្រូវបានពលរដ្ឋយកមករក្សាទុកនៅកន្លែងដដែល ចំណែកអភិបាលខេត្ដរង និងមន្ដ្រីមួយចំនួនក៏មិនអនុញ្ញាតឲ្យត្រឡប់ទៅវិញដែរ។
ពលរដ្ឋនៅភូមិតាបោះមួយរូបទៀត ដែលសុំមិនបញ្ចេញឈ្មោះឲ្យដឹងថា ពួកគាត់ទាមទារឲ្យអាជ្ញាធរផ្អាកសកម្មភាពគ្រឿងចក្រឈូសឆាយដី និងទាមទារឲ្យក្រុមហ៊ុន អ៊ែមភឺលហ្វខឺសនោះ ប្រគល់ដីជិតស្ទឹងឲ្យអ្នកភូមិវិញ។
ករណីនេះអភិបាលរងខេត្ដព្រះវិហារ លោក ស៊ូ សិរី មានប្រសាសន៍ថា លោកចង់រកដំណោះស្រាយមួយសមរម្យជូនគាត់ ប៉ុន្ដែក្រុមអ្នកភូមិមិនយល់ពីច្បាប់ និងមិនស្ដាប់ការបកស្រាយរបស់អាជ្ញាធរ។ លោកបន្ដថា ក្រុមហ៊ុនមិនបានឈូសឆាយដីដូចការលើកឡើងរបស់ពលរដ្ឋនោះទេ ប៉ុន្ដែលោកថាការតវ៉ានេះ ដោយសារមានអ្នកនយោបាយញុះញង់ពីក្រោយ។
កាលពីថ្ងៃទី៦ ខែកញ្ញាម្សិលមិញនេះ អ្នកភូមិប្រហែល៥០០ទៅ៦០០នាក់ មកពីស្រុកសង្គមថ្មី និងស្រុកគូលេន ខេត្ដព្រះវិហារ បាននាំគ្នាដុតកម្ទេចគ្រឿងចក្រមួយគ្រឿង ម៉ាស៊ីនភ្លើងមួយគ្រឿង ដុតរោងយាមក្រុមហ៊ុន និងផ្ទះកម្មករចំនួន១១ផ្ទះ ព្រមទាំងចាប់យកគោយន្ដមួយគ្រឿង ម៉ាស៊ីនអារឈើ៥គ្រឿង និងម៉ាស៊ីនភ្លើងយកទៅរក្សាទុក។ អ្នកភូមិអះអាងថា មូលហេតុដែលពួកគេធ្វើបែបនេះ ដោយសារក្រុមហ៊ុនអ៊ែមភឺលហ្វខឺសនោះឈូសឆាយរំលោភយកដីធ្លីរបស់ពួកគាត់ និងមិនអនុវត្ដតាមកិច្ចសន្យា ដែលថាបញ្ឈប់ឈូសឆាយដីស្រែ និងដីចម្ការរបស់អ្នកភូមិ៕
សូមសរសេរមកលោក បូ សាវី តាមរយៈ savy@vodhotnews.com