ដោយ៖ យ៉ា រសាត់ | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 05:23 PM
http://vodhotnews.com
សមាគមរោងចក្រកាត់ដេរកម្ពុជា (GMAC) លើកឡើងថា ការទាមទារឲ្យមានការកំណត់ក្នុងច្បាប់សហជីពថា កម្មករត្រឹម១០រូបអាចបង្កើតជាសហជីពមួយបាន និងការទាមទារដំឡើងប្រាក់ខែគោលសម្រាប់កម្មករ កំពុងធ្វើឲ្យអ្នកបញ្ជាទិញផលិតផលកាត់ដេរពីកម្ពុជាបាត់បង់ទំនុកចិត្ត។
សេចក្ដីថ្លែងការណ៍របស់សមាគមរោងចក្រកម្ពុជា ចេញផ្សាយនៅថ្ងៃចន្ទនេះឲ្យដឹងថា កាលពីពេលថ្មីៗនេះ ក្រុមអ្នកបញ្ជាទិញសម្លៀកបំពាក់ម៉ាកយីហោល្បីៗមកពីសហរដ្ឋអាមេរិក បានធ្វើទស្សនកិច្ចនៅកម្ពុជា តាមរយៈគណៈប្រតិភូដឹកនាំដោយសភាពាណិជ្ជកម្មសហរដ្ឋអាមេរិក ប្រចាំទីក្រុងហុងកុង។ គណៈប្រតិភូក៏បានធ្វើទស្សនកិច្ចនៅក្នុងប្រទេសមីយ៉ាន់ម៉ា បង់ក្លាដេស និងវៀតណាមផងដែរ ដើម្បីវាយតម្លៃពីស្ថានភាពឧស្សាហកម្មកាត់ដេរតាមបណ្ដាប្រទេសទាំងនេះ។
សេចក្ដីថ្លែងការណ៍បន្ថែមថា ក្រោយពេលទស្សនកិច្ច ថ្នាក់ដឹកនាំប្រតិភូទាំងនោះបានបង្ហាញក្ដីព្រួយបារម្ភមួយចំនួន អំពីការកំណត់ផ្សេងៗនៅក្នុងសេចក្ដីព្រាងច្បាប់សហជីព ដូចជាការកំណត់ឲ្យមានកម្មករ២០ភាគរយ ក្នុងរោងចក្រមួយទើបអាចបង្កើតសហជីពបាន តែក្រុមសហជីពបានទាមទារឲ្យបន្ថយកម្រិតកម្មករត្រឹម១០នាក់។ សេចក្ដីថ្លែងការណ៍នោះបញ្ជាក់ថា៖ “សំណើសុំឲ្យកម្មករ១០នាក់អាចបង្កើតបានសហជីពមួយ [នឹង]រឹតតែបង្កើននូវភាពភ័យខ្លាច ដោយសារតែមានសហជីពរាប់សិបស្ថាប័នដែលមានផែនការខុសៗគ្នានៅក្នុងរោងចក្រតែមួយ ក៏ដូចជាបង្កឲ្យលទ្ធភាព ក្នុងការចរចាស្វែងរកកិច្ចព្រមព្រៀងរួមកាន់តែទន់ខ្សោយថែមទៀត”។
សេចក្ដីថ្លែងកាណ៍ដដែលបន្តថា តាមការស្ទង់មតិពីម្ចាស់រោងចក្រកន្លងមក ម្ចាស់រោងចក្រក៏មានការព្រួយបារម្ភផងដែរ ជុំវិញការចរចាលើប្រាក់ឈ្នួលអប្បបរមាថ្មីដែលបានចាប់ផ្ដើមតែប៉ុន្មានខែប៉ុណ្ណោះ បន្ទាប់ពីកម្មករទទួលបានការដំឡើងប្រាក់ឈ្នួល២៨ភាគរយរួចហើយ។ សេចក្ដីថ្លែងការណ៍បន្តទៀតថា ការទាមទារនេះគឺនៅខណៈពេលដែលម្ចាស់រោងចក្រភាគច្រើនក្នុងការស្ទង់មតិលើកឡើងថា ការនាំចេញផលិតសម្លៀកបំពាក់របស់ពួកគេនឹងធ្លាក់ចុះចន្លោះពី១០ទៅ៣០ភាគរយ នៅឆមាសទីពីរនៃឆ្នាំ២០១៥នេះ។
សេចក្ដីថ្លែងការណ៍នោះបន្ដថា៖ “២ភាគ៣ នៃសមាជិកដែលបានចូលរួមក្នុងការស្ទង់មតិ បាននិយាយថា ពួកគេមិនមានលទ្ធភាពដំឡើងប្រាក់ឈ្នួលអប្បបរមាបន្ថែមទៀតបានទេ ពីព្រោះវាលឿនពេកបើធៀបនឹងការដំឡើងកាលពីពេលថ្មីៗ។ ២៧ភាគរយនៃសមាជិកដែលចូលរួមក្នុងការស្ទង់មតិបានឆ្លើយថា ការដំឡើងត្រឹម១ទៅ៥ដុល្លារ គឺជាការដំឡើងប្រកបដោយនិរន្តរភាព។ រោងចក្រចំនួន៧ភាគរយប៉ុណ្ណោះដែលឆ្លើយថា ពួកគេអាចដំឡើងលើសពី៥ដុល្លារបាន”។
អគ្គលេខាធិការសមាគមរោងចក្រកាត់ដេរ(GMAC) លោក ខេន លូ ប្រាប់ VOD បន្ថែមថា ការបង្ហាញពីការព្រួយបារម្ភរបស់អ្នកបញ្ជាទិញ គឺអ្នកបញ្ជាទិញចង់ឲ្យស្ថាប័នដែលពាល់ព័ន្ធនឹងឧស្សាហកម្មកាត់ដេរ ធ្វើការពិចារណាចំពោះផលប៉ះពាល់ដល់អ្នកទិញទាំងនោះ ក្នុងការទាមទារឲ្យមានការកែប្រែនៅក្នុងច្បាប់សហជីពនេះ។ លោក ខេន លូ មានប្រសាសន៍ថា៖ “គាត់អ្នកបញ្ជាទិញមែន ប៉ុន្ដែគាត់លើកដើម្បីឲ្យអ្នកពាក់ព័ន្ធខាងសហជីពក៏ដោយ កម្មករក៏ដោយ ខាងរោងចក្រក៏ដោយ រដ្ឋាភិបាលក៏ដោយ ឲ្យដឹងពីអ្នកបញ្ជាទិញថា អ្នកបញ្ជាទិញកំពុងគិតគូរពីចំណុចអ្វីខ្លះ ហើយប្រសិនបើគាត់គិតថានៅកន្លែងនោះមានសហជីពច្រើនពេក ហើយអាចប៉ះពាល់រោងចក្រមិនអាចដំណើរការបាន អញ្ចឹងគាត់លែងកម្មុង (បញ្ជាទិញ) ពីស្រុកខ្មែរ តម្លៃថ្លៃក៏ដូចគ្នាដែរគាត់លែងទិញ ពីស្រុកខ្មែរ អត់មានខ្សែដែលចងអ្នកបញ្ជាទិញឲ្យទិញពីស្រុកខ្មែរទេ”។
ប្រធានសហភាពការងារកម្ពុជា លោក អាត់ ធន់ មានប្រសាសន៍ថា លោកមិនគាំទ្រចំពោះការលើកឡើងរបស់សមគមរោងចក្រកាត់ដេរនៅកម្ពុជានោះទេ ដោយលោកថា អ្នកបញ្ជាទិញតែងគាំទ្រច្បាប់ណាគោរពសិទ្ធិសេរីភាពសហជីព និងកម្មករ។ លោកបន្ដថា នៅក្នុងប្រទេសកម្ពុជា ឧបសគ្គក្នុងវិស័យកាត់ដេរគឺករណីថៅកែរោងចក្រគាបសង្កត់ទៅលើកម្មករទៅវិញនោះទេ មិនមែនករណីច្បាប់សហជីព និងករណីប្រាក់ឈ្នួលកម្មករនោះឡើយ។
លោក អាត់ ធន់ មានប្រសាសន៍ថា៖ "បញ្ហាលក្ខខណ្ឌការងារនៅក្នុងស្រុកខ្មែរ មិនមែនបញ្ហាច្បាប់សហជីព បញ្ហាប្រាក់ឈ្នួលទេ គឺបញ្ហាថៅកែមិនគោរពច្បាប់ ថៅកែមិនគោរពសិទ្ធិកម្មករ នៅពេលដែលកម្មករតវ៉ា ទៅជាមិនគោរពសិទ្ធិគេ ឬមិនបង់ទូទាត់ឲ្យគេ ឬសងទៅតាមផ្លូវច្បាប់ បែរជាទៅស្នើឲ្យបង្កើតច្បាប់(សហជីព) ដើម្បីរឹតបណ្ដឹងកម្មករទៀត ហើយដល់ពេលយើង(សហជីព)ស្នើកុំឲ្យបង្កើតច្បាប់រឹតបណ្ដឹង ទៅជាថាអ្នកបញ្ជាទិញហ្នឹងមិនពេញចិត្ត”។
លោក អាត់ ធន់ បន្ដថា តាមឯកសាររបស់អង្គការអន្តរជាតិផ្នែកការងារ(ILO) ការនាំចេញរបស់ផលិតផលកាត់ដេរកម្ពុជានៅពេលបច្ចុប្បន្នមានការកើនឡើងជាង១០ភាគរយ ហើយចំនួននេះនឹងនៅតែបន្ដកើនឡើងទៀតនៅក្នុងឆមាសបន្ទាប់។
គួរបញ្ជាក់ថា កាលពីពាក់កណ្ដាលខែសីហា ក្រុមសហជីពជាង៣០បានយកលិខិតដាក់ទៅក្រសួងការងារជាថ្មីទៀត ដើម្បីស្នើសុំឲ្យស្ថាប័ននេះ បញ្ចេញសេចក្តីព្រាងច្បាប់ស្តីពីសហជីពចុងក្រោយ ដោយអះអាងថាមាត្រាមួយចំនួនមិនទាន់កែ ឬលុបចោលឲ្យស្របតាមច្បាប់ជាតិ និងអន្តរជាតិ។ សេចក្តីព្រាងច្បាប់ស្តីពីសហជីពនេះបានតាក់តែងឡើងតាំងពីឆ្នាំ២០០៨។ ច្បាប់នោះមាន១៧ជំពូក និង៩១មាត្រា ក្នុងនោះយ៉ាងតិច៣០មាត្រា ត្រូវបានសហជីពជំរុញឲ្យកែស្របតាមបទដ្ឋានអន្តរជាតិ ដែលមានស្រាប់ទើបអាចធានាសិទ្ធិសហជីពនិងកម្មករបាន។
ចំណែកកាលពីចុងខែសីហា សមាគមរោងចក្រកាត់ដេរនៅកម្ពុជាបានចេញសេចក្ដីថ្លែងការណ៍មួយដោយអះអាងថា វិស័យឧស្សាហកម្មកាត់ដេរកម្ពុជាកំពុងជួបប្រទះការលំបាកក្នុងការប្រកួតប្រជែងជាមួយប្រទេសជិតខាងនិងក្នុងតំបន់ ដោយសារតែផលិតភាពទាប ចលាចលការងារ និងសម្ពាធប្រាក់ឈ្នួល។ GMACក៏បានអះអាងថាកត្តាសំខាន់ៗដែលរាំងខ្ទប់ដល់ផលិតភាពឧស្សាហកម្មកាត់ដេរកម្ពុជានោះគឺកត្តាចំនួនថ្ងៃឈប់សម្រាកច្រើននិងតម្លៃថាមពលអគ្គិសនីខ្ពស់។ សមាគមបន្តថាការចំណាយលើថ្លៃថាមពលអគ្គិសនីសម្រាប់រោងចក្រនៅកម្ពុជាខ្ពស់ជាងវៀតណាម និងឥណ្ឌូនេស៊ី១៥០ភាគរយ និងខ្ពស់ជាងបង់ក្លាដេស៣៣ភាគរយ៕
សរសេរមកកាន់លោក យ៉ា រសាត់ តាមរយៈ rorsart@vodhotnews.com
