ព្រះមហាក្សត្របង្កើតអាជ្ញាធរអភិរក្សប្រាសាទសំបូរព្រៃគុក​

ដោយ៖​ មាឃ ចាន់ និង​ឆុង ស៊ីណាន​​ | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 05:43 PM
http://vodhotnews.com


តំបន់ប្រាសាទសំបូរព្រៃគុក (រូបថត​ដោយ​ប្រជា​ពលរដ្ឋ​អ្នកសារព័ត៌មាន​ពីខេត្តកំពង់ធំ)


ព្រះមហាក្សត្របានត្រាស់បង្គាប់ឲ្យបង្កើតអាជ្ញាធរ​​ចំណុះ​ដោយ​ក្រសួង​វប្បធម៌និង​វិចិត្រ​សិល្បៈ ដើម្បីការ​ពារ អភិរក្ស​​និងអភិវឌ្ឍរមណីយដ្ឋាននៃប្រាសាទសំបូរព្រៃគុកក្នុងខេត្តកំពង់ធំ។​

ព្រះរា​ជក្រឹត្យចុះថ្ងៃទី៣១ខែសីហា ឆ្នាំ២០១៥ ស្តីពីការរៀបចំនិងប្រព្រឹត្តទៅរបស់អាជ្ញាធរជាតិដើម្បីការពារនិងអភិ​វឌ្ឍរមណីយដ្ឋានវប្បធម៌នៃប្រាសាទសំបូរព្រៃគុកឲ្យដឹងថាអាជ្ញាធរនេះមានតួនាទីក្នុងការការពារ អភិរក្សនិង​​លើកតម្លៃឧទ្យានបុរាណវិទ្យា វប្បធម៌ បរិស្ថាននិងប្រវត្តិ​សាស្ត្រនៃរមណីយដ្ឋាន។ ព្រះរាជក្រឹត្យបន្តថាអា​ជ្ញា​​ធរនេះគ្រប់គ្រងនិងចាត់ចែងការប្រើប្រាស់​ដីធ្លីក្នុងតំបន់រមណីយដ្ឋាន ទប់ស្កាត់បទល្មើសព្រៃឈើនិងអំពើ​​អនាធិបតេយ្យនៅក្នុងតំបន់ប្រាសាទ។

បើ​តាម​ព្រះរាជក្រឹត្យ​ អាជ្ញាធរដើម្បីការពារនិងអភិវឌ្ឍរមណីយដ្ឋាននៃប្រាសាទសំបូរព្រៃគុកនេះ​នឹងសហការជាមួយ​ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដើម្បីផ្តល់ការអនុញ្ញាតឲ្យវិនិយោគនូវគម្រោងទាំងឡាយរបស់អាជ្ញាធរ ដោយ​សហការជាមួយក្រសួង ស្ថាប័ន មូលនិធិ អង្គការ សហគមន៍ជាតិនិងអន្តរជាតិ ព្រមទាំងស្ថាប័នរដ្ឋាភិបាល​។

បើតាមព្រះរាជក្រឹត្យដដែល អាជ្ញាធរក្រោមជាតិត្រូវចូលរួមសហការជាមួយអាជ្ញាធរក្នុងការទប់ស្កាត់ការសាងសង់​ខុស​ច្បាប់និងបទល្មើសផ្សេងៗដែលកើតឡើងក្នុងរមណីយដ្ឋាន។ ព្រះរាជក្រឹត្យ​បញ្ជាក់​បន្ថែម​ថា​អាជ្ញាធរដើម្បីការពារនិងអភិវឌ្ឍ​រ​មណីយដ្ឋាននៃប្រាសាទសំបូរព្រៃគុកមានសិទ្ធិទទួលនិងចាត់ចែង ប្រើប្រាស់គ្រប់នីតិវិធី​ដែលបានចែងជាធរមាននូវមូលនិ​ធិដែលបានមកពីដៃគូរអភិវឌ្ឍន៍​និងប្រភពផ្សេងៗទៀត។

អាជ្ញាធរនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងវប្បធម៌​និងវិចិត្រសិ​ល្បៈ។

អ្នកនាំពាក្យក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ លោក ថៃ នរៈសត្យា បដិសេធអត្ថាធិប្បាយលើបញ្ហានេះ ដោយបង្វែរ​សំណួរទៅក្រុមការងារខាងបេតិកភណ្ឌវិញ​។

អភិបាលខេត្តកំពង់ធំ លោក អ៊ុត សំអន ប្រាប់វីអូឌី(VOD)ថារហូត​មក​ដល់​ពេលនេះ ភូមិ​និង​ឃុំ​បាន​ជួយ​អភិរក្សតំបន់នេះ ដោយ​អះអាង​ថា​មិន​មាន​បញ្ហាអ្វី​នោះទេ រហូត​មក​ដល់ពេលនេះ។ លោក​បន្ត​ថា​លោកកំពុងតែបំពេញលិខិត ដើម្បីឆ្លើយតបបំពេញ​លក្ខខណ្ឌសុំ​ដាក់បញ្ចូល​ប្រាសាទ​សំបូរព្រៃគុកនេះ​ជា​បេតិកភណ្ឌពិភពលោក។ លោកបានបញ្ជាក់បន្ថែម​ថា៖ ”ដោយសារតែអាយុនិងប្រវត្តិគាត់គឺជាទីក្រុងចាស់មុនអង្គរ គាត់មានឥទ្ធិពលអាចទាញភ្ញៀវជាតិអន្តរជាតិទៅទស្សនា ហើយដោយសារតែវាមានសារៈសំខាន់អញ្ចឹងហើយបានជារដ្ឋាភិបាលដូចជាក្រសួងសាមី គឺបានរៀបចំហេដ្ឋារចនាសម្ព័ន ចាក់ក្រាលផ្លូវកៅស៊ូចូលទៅទីនោះ”

ប្រាសាទសំបូរព្រៃគុក ស្ថិតនៅឃុំសំបូរ ស្រុកប្រាសាទសំបូរ ខេត្តកំពង់ធំ ដែល​មាន​ចម្ងាយ​ប្រមាណ​៣៧គីឡូម៉ែត្រ​ពីទីរួមខេត្ត​កំពង់ធំ។ ប្រាសាទនេះកសាងឡើងដោយព្រះបាទឥសានវរ្ម័នទី១ នៅពាក់កណ្តាលសតវត្សរ៍​ទី៧(គ.ស ៦១៦-៦៣៥)  ដើម្បីឧទ្ទិសចំពោះព្រហ្មញ្ញសាសនា(ព្រះហរិហរៈ)។ ប្រាសាទនេះ​មានរចនាបថសំបូរព្រៃគុក គឺជារចនាបថស្ថាបត្យកម្មដំបូងបំផុត ដែលមាន​លក្ខណៈ​ជាខ្មែរ។

បើ​តាម​ឯក​សារ​ប្រវត្តិសាស្រ្ត ក្រុមប្រាសាទសំបូរព្រៃគុកនេះត្រូវបានបោះបង់ចោលតាំងពីឆ្នាំ១៩៧១ហើយត្រូវបានរៀបចំសារជាថ្មីនៅឆ្នាំ១៩៨០៕​

សរសេរមកកាន់លោក មាឃ ចាន់ តាមរយៈchanmeak981@gmail.com និង​លោក លោក ឆុង ស៊ីណាន តាមរយៈ Chhong.sinan@yahoo.com                                            

What Next?

Recent Articles