ដោយ៖ ស៊ុន ណារិន | ថ្ងៃចន្ទ ទី7 កញ្ញា 2015, 10:50 PM
http://vodhotnews.com
អាជ្ញាធរខណ្ឌមានជ័យឲ្យដឹងថាមនុស្សយ៉ាងតិច៣នាក់បានស្លាប់នៅក្នុងឧបទ្ទវហេតុឆេះក្លឹបមួយនៅយប់ថ្ងៃចន្ទនេះ នៅក្នុងភូមិទួលរកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ។
ហេតុការណ៍នេះបានកើតឡើងនៅម៉ោងជាង៨យប់ នៅក្នុងក្លឹបមួយឈ្មោះឃី តាមបណ្តោយផ្លូវជាតិលេខ២។
អ្នកយកព័ត៌មានវីអូឌីដែលបានចុះយកព័ត៌មាននៅទីនោះ ហើយអាជ្ញាធរបានឲ្យដឹងថារហូតមកដល់ពេលនេះ មនុស្ស៣នាក់ដែលត្រូវបានយកចេញពីក្លឹបនិងបញ្ជូនទៅមន្ទីរពេទ្យបានស្លាប់។ មនុស្សទាំង៣នាក់នោះជាបុគ្គលិកស្រីដែលបម្រើការនៅក្លឹបកំសាន្តនោះ។
ក្នុងហេតុការណ៍អគ្គិភ័យនោះ យ៉ាងតិចមនុស្សយ៉ាងតិច៧នាក់ត្រូវបានបញ្ជូនចេញពីក្លឹប ហើយរងរបួសធ្ងន់។ ប្រភពឲ្យដឹងថាការសន្និដ្ឋានដំបូងនៃអគ្គិភ័យនោះដោយសារឆ្លងចរន្តអគ្គិសនី។
គួររំឭកថា កាលពីខែវិច្ឆិកា ឆ្នាំ២០១៣ ក្លឹបកម្សាន្តឃីនេះបានឆេះម្តងរួចមកហើយ ដែលបណ្តាលឲ្យមនុស្ស៣នាក់ស្លាប់។
គួរបញ្ជាក់ថា កាលពីខែមីនា ឆ្នាំ២០១៥ មនុស្ស៥នាក់បានស្លាប់ដោយសារអគ្គិភ័យឆេះក្លឹបកំសាន្តមួយនៅក្រុងបាវិត ខេត្តស្វាយរៀង។ ចំណែកកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៤ អគ្គិភ័យមួយបានឆាបឆេះក្លឹបកម្សាន្តមានយីហោហ៊ីបហប នៅក្រុងសៀមរាប ដែលបណ្តាលឲ្យមនុស្ស៦នាក់ស្លាប់ និង២នាក់រងរបួស ៕ រាយការណ៍បន្ថែមដោយប្រជាពលរដ្ឋអ្នកសារព័ត៌មាន
សរសេរមកកាន់លោក ស៊ុន ណារិន តាមរយៈsun_narin@vodhotnews.com
